42.2 C
Phnom Penh

សមត្ថកិច្ចចាប់​ខ្លួន​មន្ត្រី​នគរបាល​បាញ់​បុរស​ម្នាក់ ដែលមិន​ព្រមសូក​លុយឲ្យ​នគរ​បាល​ចរាចរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​រងគ្រោះ​ និងមន្ត្រី​នគរបាល​បាន​ឲ្យ​ដឹងកាល​ពី​ម្សិលមិញថាមន្ត្រី​នគរបាល​ពីរ​​​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ កាលពីម្សិលមិញពី​បទ​បាញ់​​បុរស​អាយុ២៩ឆ្នាំ​ម្នាក់​ ឲ្យ​រង​របួស​​ធ្ងន់​ដោយសារ​តែ​បុរស​នេះ​មិន​ព្រម​សូក​លុយ​​ពួកគេ​​​នៅ​ឯបុ៉ស្តិ៍ត្រួត​ពិនិត្យ​តាម​ចិញ្ចើម​ផ្លូវ​នៅក្នុងខណ្ឌ​​​ឫស្សីកែវរាជធានី​ភ្នំពេញកាល​ពីយប់​ថ្ងៃអាទិត្យ​។

នៅពេលកំពុង​សម្រាក​លើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែតដែល​នៅ​ទី​នោះ​គ្រូពេទ្យ​បាន​វះ​យក​ក្បាល​គ្រាប់​កាំ​ភ្លើង​ចេញ​ពី​ទ្រូង​ខាង​ឆ្វេង​ ខាង​លើ​បេះ​ដូងបន្ដិចនោះលោកឌីវិចិត្របាន​រៀប​​​​រាប់​ពីព្រឹត្តិការ​ណ៍​​ ដែល​នាំ​ឲ្យ​នគរ​បាល​ខឹង​ និង​​បាញ់គាត់​។

លោក​ វិចិត្របាន​និយាយ​ថាលោក​កំពុង​បើកបរ​រថយន្ដ​វែ៉ន​​ ដោយមាន​ប្រពន្ធ​ និង​ប្អូន​ប្រុស​ជិះជាមួយដើម្បីដឹក​ម្ទេស​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពង់​ឆ្នាំ​ងនៅ​ប្រហែល​ម៉ោង​​១១ និង​​​​៤៥​នាទីយប់ស្រាប់តែពេល​នោះ​នគរ​​​បាល​ដែល​​ដាក់​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​តាម​បណ្ដោយ​​​​ផ្លូវ​លេខ​៥៩៨​ ក្នុង​សង្កាត់ស្វាយប៉ាកបាន​ទារ​លុយ​សំណូក​ ជាថ្នូរឲ្យ​គាត់អាច​​បន្ដ​ដំណើរ​ទៅ​មុខ​ទៀតបាន​។

លោក​ វិចិត្របាន​និយាយ​ថា “នគរ​បាល​បាន​ជេរ​ម្ដាយ​ខ្ញុំដូច្នេះ​ខ្ញុំ​ក៏​មិន​​ឲ្យ​លុយ​ទៅ​ពួក​គេទេហើយ​មន្ត្រី​នគរបាល​ពីរនាក់​ក៏​បាន​ដេញ​​​​តាម​រថយន្ដ​របស់​ខ្ញុំ​ ហើយ​មន្ត្រី​នគរ​​​បាល​ម្នាក់​ក៏​បាន​យក​​ដុំ​ថ្ម​វាយ​កញ្ចក់​ចំហៀង​សម្រាប់​​​​មើល​ក្រោយ​របស់​ខ្ញុំ​”។

លោកវិចិត្រ ​បានមាន​​​ប្រសាសន៍​​​​បន្ដ​ទៀត​​​ថា “ពេល​ខ្ញុំ​ចេញ​ពី​រថយន្ដ​ ដើម្បី​ពិនិត្យ​​​មើល​ [ការ​ខូច​ខាត​] មន្ត្រី​នគរ​​​បាល​​​​ម្នាក់​​​​ក៏​បាញ់​ខ្ញុំ​មួយ​គ្រាប់​។ ​ពេល​នេះខ្ញុំ​ឈឺ​ខ្លាំង​ណាស់ដូច្នេះ​ខ្ញុំ​មិន​អាច​រៀប​រាប់​លម្អិត​បានទៀត​​​​ទេក៏​ប៉ុន្ដែខ្ញុំ​ស្គាល់មុខ​មន្ត្រី​នគរបាល​ ដែល​បាន​បាញ់​ខ្ញុំ​នោះ​​​ហើយ​​​”។

អ្នកស្រីវ៉ាតស្រីលក្ខណ៍អាយុ​២០​ឆ្នាំ​ ត្រូវ​​​ជាប្រពន្ធ​របស់​លោកវិចិត្រដែល​បាន​ឃើញ​មន្ត្រី​នគរ​បាល​បាញ់​ប្ដី​របស់​ខ្លួន​នៅ​​​ពេលនោះ​បាន​រៀប​រាប់​ពី​របៀប​ ដែល​មន្ត្រី​នគរ​បាល​ទាំង​ពីរ​នាក់​បាញ់​ប្រហារ​រួច​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ដោយ​ទុក​ប្ដី​អ្នក​ស្រីដែល​រង​របួស​នៅលើ​ផ្លូវថា“មន្ត្រី​នគរបាលបាន​ប្រើ​កាំ​ភ្លើង​ខ្លី​បាញ់​ប្ដី​របស់​ខ្ញុំ​ នៅ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ បន្ទាប់​មក​ពួក​គេ​ក៏​បើក​ម៉ូតូចេញ​ទៅ​​ ហើយ​ប្អូន​ថ្លៃ​របស់​ខ្ញុំ​ និង​ខ្ញុំ​ក៏​បាន​ដឹកប្ដី​របស់​ខ្ញុំ​មក​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​”។

កាល​ពីល្ងាច​ម្សិល​មិញលោក​ឧត្តម​សេនីយ៍​​​​ឯកជួនសុវណ្ណស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ដោយ​​មិន​លម្អិត​ថា“យើង​បានចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​​​ហើយ។ពួកគេ​គឺជា​នគរ​បាល​។ ពេល​នេះ​យើង​កំពុង​តែ​សួរ​ចម្លើយ​ពួកគេ”។

លោកឧត្ដម​សេនីយ៍ឯកសុខផលអគ្គ​​​ស្នង​​​​ការ​រង​នគរបាល​ជាតិ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រហារដ៏​ឃោរ​ឃៅ​នេះ​ទេ៕

(រាយការ​ណ៍​បន្ថែម​ដោយ Ben Woods)

ប្រែ​សម្រួល​ដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស