32.5 C
Phnom Penh

រដ្ឋាភិបាល​​​ស្នើ​​​សុំ​​​ជំនួយ​​​ពី​​​ធនាគារ​​​អភិវឌ្ឍ​​​ន៍​​​អាសុី​​​​សម្រាប់​គម្រោង​​​​ជួស​ជុល​ផ្លូវ​​​ដែក​​​នៅ​​​ភាគ​​​ខាង​​​ជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ រដ្ឋាភិបាលបាន​​​ស្នើ​​​​សុំ​ឲ្យ​​ធនាគារ​​​​​​អភិវឌ្ឍន៍​​​អាសុី (ADB) ​​​បន្ត​​​ផ្ដល់​​​ជំនួយ​​​​ដល់​គម្រោង​​​​ជួស​ជុល​​​​ផ្លូវ​​​ដែក​របស់​​​កម្ពុជា​​​​ ដែល​​ត្រូវការមូល​និធិបន្ថែម​ទៀត​​ដើម្បី​បញ្ចប់​​បណ្តាញ​ផ្លូវ​ដែក​នៅ​ភាគ​​ខាង​ជើង​នេះ​។

លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ បាន​​​ជួប​​​លោក អេរិច សុីដវុីច ​​​(Eric Sidgwick) នាយក​ប្រចាំ​ប្រទេស​ ​ដែល​​​ទើប​​​តែង​​​តាំង​​​​ថ្មី​​​​​​​នៅធនាគារ ADB ប្រចាំ​រាជ​ធានី​​​​ភ្នំពេញ។បន្ទាប់​​​ពី​​​កិច្ច​​​ប្រ​​​ជុំ​​​នេះ​​ លោក ​កុយ ​គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស បាន​​​ថ្លែង​​​ប្រាប់​​​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា លោក ហោ ណាំ​​​ហុងបាន​​​លើក​​​ឡើង​​​អំពី​​​គម្រោង​​​​​​ផ្លូវ​​​ដែក​​​ ដែល​​​​ធនាគារ ADB ​​​បាន​​​​ជួយ​​​​ជា​​​ទឹក​​​ប្រាក់​​​ចំនួន៨៤​​​លាន​​​ដុល្លារ​​​រួច​​​​​​ហើយ ដែល​​​ធ្វើ​​​ឲ្យ​ធនាគារ​នេះ​​​ក្លាយ​ជា​អ្នក​ផ្តល់​​​​ហិរញ្ញ​​​វត្ថុ​​​ធំជាង​គេ​ដល់​​គម្រោង​នេះ​។

លោក កុយ គួង បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក ហោ​​​ ណាំ​​​ហុង ចង់​​​ឲ្យ​​​ធនាគារ​ ADB ជួយ​​​ជួស​​​ជុល​​​ផ្លូវ​​​ដែក​​​នេះ ឲ្យ​​​បាន​​​ល្អ​​ សម្រាប់​​​ដឹក​​​ទំនិញ​ពី​​​រាជធានី​​​ភ្នំពេញ​​​ទៅ​​​​​​ក្រុង​​​ប៉ោយ​​​ប៉ែតនិង​​​ពី​​​ក្រុង​​​ប៉ោយប៉ែត មក​​​រាជ​​​ធានី​​​ភ្នំពេញ”។

លោកបាន​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​​ថា “ លោក​អេរិច សុីដវីច បាន​​​​​​ប្រាប់​​​លោក​​​ ហោ​​​ណាំ​​​ហុង ថា លោកនឹង​​​​ពិចារណាពី​​វិស័យ​អាទិភាព​​​​របស់​​​រដ្ឋា​​​ភិបាល”។ ផ្លូវ​​​ដែក​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​ ដែល​​​ត​​​​​​ភ្ជាប់​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​​​​ទៅ​​​​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​នេះ​ គឺ​ជា​ជម្រើស​លឿន​និង​​មាន​​​​តម្លៃ​​ថោក សម្រាប់​​​​​​ដឹក​​​ជញ្ជូន​​​ទំនិញ​​​ពាណិជ្ជកម្ម​​​ចេ​​​ញ​​​ចូល​​​ប្រទេស​​​ថៃ។

លោក កុយ គួង បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ផ្លូវ​​​ដែក​​​នេះ គឺ​​​មាន​​​សារ​​​ៈសំខាន់​​​ខ្លាំង​​​ណាស់​សម្រាប់​​​ធ្វើ​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ទំនិញ​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​ ពី​​​ព្រោះ​​​ពាណិជ្ជកម្ម​​ កំពុង​​​កើន​​​ឡើង​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ”។

ប៉ុន្តែ គម្រោង​​​ផ្លូវ​​​ដែក​​​ ដែល​​​បាន​​​ទទួល​​​​ទឹក​​ប្រាក់​ចំនួន​​​១៤១,៦លាន​​​ដុល្លារ​​​រហូត​​​មក​​​ទល់​​​​ពេល​​​នេះ ​​រួម​​​​ទាំង​​​ទឹក​​​ប្រាក់​​​បន្ថែម​​​ចំនួន​​​២១,៥​​​លាន​​​ដុល្លារ​ដែល​ធនាគារ​ ADB ​​​បាន​យល់​ព្រម​ផ្តល់​កាល​​​ពី​​​ខែ​​​មេសា ​​​ឆ្នាំ​​​២០១២​​​នោះ បាន​​​ជួប​​​បញ្ហា​​​ជា​​​ច្រើន និង​​​ខ្វះ​​​ខាត​​​ថវិកា​​​។

ការ​​​ចំណាយ​​​លើស​​​របស់​​​ក្រុម​​​អ្នក​​​ម៉ៅ​​​ការ និង​​​ស្ថាន​​​ភាព​​​​ទ្រុឌ​​ទ្រោម​នៃ​​​ស្ពាន​​​មួយ​​​ចំនួន​​​នៅ​​​តាម​​​​​​​ផ្លូវ​​​ដែក​​​នេះ ​ធ្វើ​​​​ឲ្យ​​​ខ្វះ​​​​ថវិកា​​​​​​សម្រាប់​​​បញ្ចប់​​​​ការ​​ជួស​ជុល​​​​ផ្លូវ​​​ដែក​​​នេះ។ក្រុម​​​មន្ត្រី​​​ធនាគារ​​​ ADB បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ថា ​ធនា​គារ​​​​មិន​​​អាច​​​ផ្ដល់​​​​​​មូល​​​និធិ​​​បន្ថែម​​​​ទៀត​ដល់​​​​គម្រោង​​​ផ្លូវ​​​ដែក​​​នេះ​​​បាន​​​​​​​​​​ទេ។

លោក អេរិច សុីដ​​​វីច ​​​បញ្ជាក់​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក ហោ​​​ ណាំ​​​ហុង  មិន​​​បានស្នើ​​​សុំ​​​មូល​​​និធិ​​​បន្ថែម​​​ពី​​​ធនាគារ​​​ ADB ​​​ទៀត​​​ទេ ​ហើយ​​​លោករដ្ឋ​​​មន្ត្រីគ្រាន់​​​តែគូស​​​បញ្ជាក់​​​ថាផ្លូវ​​​ដែក​​​នេះគឺ​ជា​​​​គម្រោង​​​ដ៏​​​សំខាន់​​​សម្រាប់​​​ប្រទេស​​​កម្ពុជា និង​​​អនុតំបន់​​​នេះ”។

លោក ប៉ូល ផៅ​​​វ័រ (Paul Power) ទី​​​ប្រឹក្សា​​​មួយ​​​រូប​​​នៅ​​​ក្រសួង​​​សាធារណ​​​ការ និង​​​ដឹក​​​ជញ្ជូន បាន​​​មាន​​​​​​ប្រសាសន៍​​​ថា កង្វះ​​​មូល​​​និធិ​​​នេះ ត្រូវ​​​បាន​​​ប៉ាន​​​ស្មាន​​​ថា ​​​មាន​​​​ចំនួន​ចន្លោះ​​​​ពី​​​៧៥​​​លាន​​​ដុល្លារ ទៅ១២៥​​​លាន​​​ដុល្លារ។

លោក​​​​ ប៉ូល ផៅវ័រ បាន​មាន​​​​​​ប្រសាស​​​ន៍​​​បន្ថែម​ទៀត​ថា “នៅ​​​មាន​​​ប្រាក់​​​មួយ​​​ចំនួន​​​ទៀត​​សម្រាប់​ចំណាយ” ហើយ​លោកបាន​​​ពន្យល​​​់​​​ថា ​​នៅ​មាន​ការ​​​ងារ​​​មួយ​​​ចំនួន​​​​​​ទៀត​​​​ដែល​ត្រូវ​​​ធ្វើ​​​នៅ​​​​តាម​ផ្លូវ​​​ដែក​​​ភាគ​​​ខាង​​​ត្បូង ហើយ​​​​​ផ្លូវ​ដែក​ ដែល​​​​ត​​​ភ្ជាប់​​​​​​ពី​​​ក្រុង​​​ប៉ោយ​ប៉ែត ទៅ​​​​​ក្រុងសេរីសោភ័ណនឹង​​​ត្រូវ​​​បង្ហើយ​​​​​​ដោយ​​​​ប្រើ​​​មូល​​​និធិ​​​ ដែល​​​មាន​​​ស្រាប់​​​របស់​​​គម្រោង​​​ផ្លូវ​​​ដែក​​​នេះ​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស