32.5 C
Phnom Penh

សម្ពោធ​​រូបសំណាកលោក ជា វិជ្ជា ដែលត្រូវ​ឃាតករ​បាញ់​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់ញាតិ មិត្តភក្តិ និង​កម្មករ​រោង​ចក្រ​កាត់ដេរ​ប្រហែល​១០០នាក់​រួម​ជា​មួយ​នឹង​ព្រះសង្ឃ​៥០អង្គ បាន​ជួប​ជុំគ្នា​នៅ​ជិត​វត្ត​លង្កា​
កាល​ព្រឹក​ថ្ងៃ​សុក្រ​ ដើម្បី​សម្ពោធដាក់​តាំង​រូប​សំណាកជាផ្លូវការ​​ដែល​សាង​សង់​ឡើង​ ដើម្បី​​រំឭក​ដល់​លោក ជា វិជ្ជា អតីត​មេដឹក​នាំ​​សហ​ជីព​សេរី​កម្ម​ករ​ដែល​ត្រូវ​​ឃាតករ​បាញ់​ស្លាប់​។

រូបសំណាកកម្ពស់​១,៦៨ម៉ែត្រ​ដែល​ភ្ជាប់​នៅ​លើ​ជើ​ងទម្រ​នេះ​ត្រូ​វបាន​គ្របក្រណាត់​ក្រហម​នៅ​មុន​ការសម្ពោធ​​ដាក់​តាំងបង្ហាញ​ជា​ផ្លូវ​ការ​ហើយ​បន្ទាប់​ពី​​នោះ​មក​អ្នក​កាន់ទុក្ខ​​បាន​តុប​តែង​លម្អ​ដោយ​កម្រង​ផ្កាម្លិះ។

រូបសំណាក​នេះ​​គឺ​ជា​រូប​​អតីត​មេ​ដឹក​នាំ​សហជីព​ដ៏មានប្រជាប្រិយ​ភាព​ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ចម្ងាយតែ​​
ប៉ុន្មានម៉ែត្រ​ប៉ុណ្ណោះ​ កាលពី​ថ្ងៃ​ទី​២២ខែ​មករា ឆ្នាំ​២០០៤ ដោយ​ដៃ​ស្តាំ​កាន់​ក្បាល​ីក្រូ ហាក់​ដូច​ជា​លោក​និយាយ​ទៅ​កាន់​អ្នក​ចូលរួមអ៊ីចឹង។

​ដោយ​សារ​រូប​សំណាក​ដែលធ្វើពី​ថ្មនេះ​​មិន​​សូវ​ដូច​លោក ជា វិជ្ជា នោះ​ ​គេ​បាន​ព្យាយាមជាលើក​ទី​២​​ដើម្បី​​សាងសង់​រូប​សំណាកនេះ​ឲ្យ​ដូចរូបលោក​ ជា វិជ្ជា ​ព្រោះ​​រូប​សំណាក​​លើក​ទី​១​ឆ្លាក់​ដោយ​ជាង​ចម្លាក់​នៅ​ខេត្ត​សៀម​រាប ត្រូវ​បាន​​ដូរ​​ចេញ​វិញ បន្ទាប់​ពី​សហជី​ព​សេរី​កម្មករ​បាន​លើក​ឡើង​ថា​ ខ្លួន​មិន​ពេញ​ចិត្តនឹង​រូប​សំណាកនេះ​។

លោក​ ជា មុនី ដែល​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សហជីព​សេរី​កម្មករ ​បន្ទាប់​ពី​ការ​ស្លាប់​បង​ប្រុស​របស់​លោក​កាលពី​ឆ្នាំ​២០០៤នោះ ​មាន​ប្រសាសន៍ថា​ “ ថ្ងៃ​នេះ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដោយ​បាន​ចូល​រួម​ក្នុង​ពិធី​ប្រោះព្រំ​ និង​​សម្ពោធ​ដាក់​តាំង​ជា​ផ្លូវការ​នូវ​រូបសំណាក​លោក ជា វិជ្ជា​ អតីត មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ប្រទេស​កម្ពុជា”។

អ្នកដែល​បាន​ចូលរួមពិធី​រំឭក​នៅថ្ងៃ​នោះ​​បាន​លើកឡើង​ថា រូបសំណាក​ដែល​សាងសង់​អស់ទឹកប្រាក់​ចំនួន​៧.០០០​ដុល្លារ​ ហើយ​ដែល​សាលា​រាជ​ធានី​ភ្នំពេញ​បានចេញ​​​ចំនួន​៥.០០០ដុល្លារ​នោះ ជា​និមិត្ត​រូប​នៃ​ភាព​ក្លាហាន​និង​មេត្តាករុណា​ ដែល​លោក​ ជា វិជ្ជា
បាន​ធ្វើ​ក្នុង​ការ​ទាមទារសិទ្ធិសម្រាប់​កម្មករ​ ជា​ការ​ទាម​ទារ​ដែល​លោក​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​​​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដែល​មាន​ជា​លើក​ដំបូង​សម្រាប់កម្មករ​កាត់​ដេរ។

អ្នក​ស្រី យន់ ចាន់ អាយុ៤០ឆ្នាំមក​ពី​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ឈប់​ធ្វើការ​មួយ​ព្រឹក​នៅ​រោង​ចក្រកាត់​ដេរ​ ដើម្បី​មក​ចូលរួម​ពិធីនេះ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍ថា​ “ ខ្ញុំ​ចង់​មកគោរព​ដល់​រូបសំណាកនេះ ពីព្រោះ​ [លោក ​ជា វិជ្ជា]​ បាន​ជួយ​យើង​ក្នុង​ការ​ទាម​ទារ​សុំ​ដំឡើង​ប្រាក់​ខែ”។

កម្មករ​ម្នាក់ទៀត​ ឈ្មោះ ពួន​ ស្រីមុំ អាយុ​៤១ឆ្នាំ បាន​និយាយ​ថា លោក ជា វិជ្ជា ជា​មនុស្ស​ក្លាហាន​និង​ស្លូតបូត ដែល​បាន​ពុះពារ​តស៊ូធ្វើឲ្យ​អនាគត​កម្មករ​ខ្មែរ​បាន​ប្រសើរ​ជាងមុន។

អ្នក​ស្រី ស្រីមុំ​ បាន​និយាយ​ខណៈអ្នក​ស្រី​បាន​ដឹកដៃកូនប្រុសអាយុ​៣ឆ្នាំថា “ ខ្ញុំ​នៅ​តែ​ចងចាំ​ក្នុង​ចិត្ត​ជានិច្ច​តាំងពី​ខ្ញុំ​បាន​ជួបគាត់​លើក​ដំបូង​។ ​គាត់​បាន​ហុច​ខិត្ត​ប័ណ្ណ​ឲ្យ​ខ្ញុំ​ដែល​​ខិត្ត​ប័ណ្ណ​នោះ​អំពាវ​នាវ​ឲ្យ​​ផ្តល់​ផល​ប្រយោជន៍​បន្ថែមទៀត​ដល់​កម្មករ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​គាត់​ណាស់”។

ហើយខណៈដែល​បុរស​ពីរនាក់​ ឈ្មោះ​ ប៊ន សំណាង អាយុ​៣២ឆ្នាំ និង​ សុខ សំអឿន អាយុ៤២ឆ្នាំ ដែល​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុងអំពើ​ឃាតកម្ម​នេះ​ អង្គការ​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ និង​ក្រុម​គ្រួសារ​ផ្ទាល់​របស់​​
លោក​ ជា វិជ្ជា បាន​អះអាងថា បុរស​ទាំង​ពី​រ​នាក់​នេះ​ត្រូវ​គេ​ទម្លាក់​កំហុសពី​បទ​សម្លាប់​នេះ​ ហើយ​ថា ឃាតករ​ពិត​ប្រាកដ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។

អ្នកស្រី ស្រីមុំ ​និយាយ​ដល់ ប៊ន សំណាង​និង​ សុខ សំអឿន ថា “ ពួកគេ​ទាំង​ពីរ​នាក់​គឺ​ជា​ជន​រងគ្រោះ​”។ លោក ជា មុនី បាន​យល់​​
ស្រប​អ៊ីចឹង​ដែរ។

លោក ជា មុនី បាន​មាន​ប្រសាសន៍​នៅ​​ពិធី​សម្ពោធ​ដាក់​តាំង​រូបសំណាកនេះ​ថា“ សហ​ជីពសេរី​កម្មករ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​ស្នើឲ្យ​រដ្ឋា​ភិបាល​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ឃាតករ​ពិត​ ដែលបាន​សម្លាប់​លោក​ ជា វិជ្ជា ឲ្យ​មក​ទទួលទោស​តាម​ច្បាប់ ពីព្រោះ​ ប៊ន សំណាង​ និង​ សុខ សំអឿន មិន​មែន​ជា​ឃាតករ​ពិត​ដែល​​បាន​សម្លាប់​លោក ជា វិជ្ជា ឡើយ”៕

    ប្រែសម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស