កាលពីថ្ងៃពុធ ប្រទេសថៃ និងប្រទេសកម្ពុជាបានចាប់ផ្តើមដើរល្បាតរួមគ្នានៅតាមព្រំដែនរបស់ខ្លួនដោយសង្ឃឹមថា នឹងជួយទប់ស្កាត់ការជ្រៀតចូលរបស់កម្មករចំណាកស្រុកខុសច្បាប់ និងពលរដ្ឋខ្មែរ ដែលលបចូលក្នុងទឹកដីប្រទេសថៃ ដើម្បីលួចកាប់ឈើគ្រញូង ដែលជានិច្ចកាលបង្កឲ្យមានមនុស្សស្លាប់។
ប្រទេសកម្ពុជាអះអាងថា កងកម្លាំងថៃបានបាញ់ជនជាតិរបស់ខ្លួនស្លាប់ចំនួន៤៥នាក់កាលពីឆ្នាំមុន ដោយសារពួកគេឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកឈើប្រណីត ដែលអាចមានតម្លៃរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប ហើយជារឿយៗ អំពាវឲ្យភាគីថៃឈប់បាញ់ពួកគេទៀត។ ទោះជាយ៉ាងណា ការអំពាវនាវបែបនេះត្រូវភាគីថៃអនុវត្តបានតិចតួចណាស់ក្នុងការទប់ស្កាត់ការបាញ់ប្រហារដូចនេះ ព្រោះថៃនៅតែទទូចថា ក្រុមអ្នកកាប់ឈើ ដែលគេបាញ់ប្រហារមានអាវុធ និងអាចបង្កគ្រោះថ្នាក់ផងដែរ។
ក្នុងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាដោយទ្វេភាគីនាពេលថ្មីៗនេះ លោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេសបានជួបជាមួយលោក ជូលឡាពង់ ណុនស្រុីឆៃ(Jullapong Nunsrichai) អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃពុធ។ លោក ឡុង វីសាលោ បានបដិសេធមិនធ្វើ
អត្ថាធិប្បាយអំពីជំនួបប្រជុំនេះទេ។
លោកឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរភូមិន្ទ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនសម្រាប់យោធា និងបានចូល
រួមក្នុងកិច្ចប្រជុំនេះដែរ បានមានប្រសាសន៍កាលពីម្សិលមិញថា ភាគីទាំងពីរបានព្រមព្រៀងគ្នាឲ្យមានការដើរល្បាតរួមតាមព្រំដែន
និងអនុញ្ញាតឲ្យគណៈកម្មការរួមមួយ សម្រាប់ស៊ើបអង្កេត បើសិនមានករណីបាញ់សម្លាប់ណាមួយកើតឡើងនាពេលខាងមុខ។
លោកឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា បានបន្តថា “ យើងនឹងបង្កើតគណៈកម្មការមួយសម្រាប់ការងារដើរល្បាតរួមនៅតាមព្រំដែន ដើម្បីទប់ស្កាត់កម្មករចំណាកស្រុក និងជនជាតិខ្មែរដែលលួចចូលក្នុងដឹកដីថៃដោយខុសច្បាប់ ដើម្បីរកកាប់ឈើគ្រញូង។យើងនឹងបង្កើតគណៈកម្មការមួយទៀត ដើម្បីស៊ើបអង្កេតការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលស្លាប់នៅក្នុងទឹកដីថៃ។
លោកបានបន្ថែមថា “ យើងនឹងបង្កើតគណៈកម្មការនេះ ពីព្រោះប្រជាជនរបស់យើងបានស្លាប់យ៉ាងច្រើន។ យើងបានស្នើឲ្យអាជ្ញាធរថៃជាយូរមកហើយឲ្យឈប់បាញ់សម្លាប់ប្រជាជនខ្មែរ ប៉ុន្តែវានៅតែកើតឡើងដដែលៗ”។
ផែនការនេះបានរៀបចំឡើងស្របគ្នានៅពេលរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់ជនជាតិរបស់ខ្លួនបន្ថែមទៀត ឲ្យរកការងារធ្វើក្នុងប្រទេសដែលកំពុងតែជួបបញ្ហាខ្វះកម្លាំងធ្វើការ ជាជាងស្វែងរកការងារនៅក្នុងប្រទេសថៃ ដែលជារឿយៗឆ្លងដែនតាមរយៈបណ្តាញ
ខុសច្បាប់នានា។
លោកឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា បានមានប្រសាសន៍ថា កងល្បាតនឹងមានទាំងនគរបាល និងទាហានមកពីប្រទេសទាំងពីរ ប៉ុន្តែគ្មានសេចក្តីលម្អិតផ្សេងទៀតឡើយ។លោកបានបន្ថែមថា ផែនការនេះក៏នឹងត្រូវមានការសម្រេចយល់ព្រមពីរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ មុនពេលចូល
ជាធរមាន។
លោក ម៉ាណាស្វី ស្រុីសូដាពល(Manasvi Srisodapol) អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ បានលើកឡើងថា ខ្លួនមិនមានដំណឹងអំពីជំនួបប្រជុំទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ លោក ប៉ាកឌី ទូឆាយុត ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា មិនអាចទាក់ទងបានទេ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី