កាលពីល្ងាចថ្ងៃពុធ អ្នកភូមិប្រហែល១០០នាក់បាននាំគ្នាតវ៉ានៅខាងក្រៅរោងចក្រទឹកកកមួយកន្លែងក្នុងរាជធានីភ្នំពេញដែលជាកម្មសិទ្ធិរបស់កូនស្រីលោក តុង សេង អភិបាលរងខេត្តកំពង់ស្ពឺ ដោយត្អូញត្អែរថា រោងចក្រស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវនេះជះក្លិនស្អុយខ្លាំងពេក ហើយក្លិនស្អុយនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ រស់នៅក្បែរនោះ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវបានជួបជាមួយអ្នកតវ៉ា និងបានអំពាវនាវឲ្យមានការស្ងប់ស្ងាត់។ លោកបានមានប្រសាសន៍ដោយមិនបកស្រាយលម្អិតថា “ ខ្ញុំបានប្រាប់អ្នកភូមិថា សូមកុំបារម្ភអំពីបញ្ហានេះអី ព្រោះខ្ញុំនឹងដោះស្រាយជូនពួកគាត់”។ប៉ុន្ដែ អ្នកភូមិចង់ឲ្យម្ចាស់រោងចក្ររើរោងចក្រទឹកកកនេះចេញពីសង្កាត់នេះតែម្ដង។
លោក ឃ្លាំង ហួត បានមានប្រសាសន៍ថា មន្ត្រីមកពីក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានចុះទៅពិនិត្យដល់រោងចក្រ
នេះដែរ កាលពីម្សិលមិញ និងបានសន្យាថាពួកគេនឹងជួយដោះស្រាយបញ្ហាក្លិនស្អុយ និងបំបាត់សំឡេងរំខាន។
ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលអ្នកភូមិបានដាក់ពាក្យបណ្ដឹងប្រឆាំងរោងចក្រនេះ។ គួររំឭកថា កាលពីខែវិច្ឆិកា អ្នកភូមិប្រហែល
៧០គ្រួសារបានជួបជាមួយនឹងតំណាងរបស់រោងចក្រនេះនិងបានជួបជាមួយលោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌឫស្សីកែវ ដែលលោកស្រីបានមានប្រសាសន៍ថា ប្រសិនបើម្ចាស់រោងចក្រមិនសង់របងព័ទ្ធជុំវិញរោងចក្រទេ គេនឹងចាត់វិធានការបន្ដទៀត។ ប៉ុន្ដែ តាំងពីពេលនោះមក គេមិនបានឃើញគេសង់របងទេ។
លោក ជា សំរិទ្ធ តំណាងភាគីរោងចក្រទឹកកក ដែលកាលពីម្សិលមិញបានអះអាងថារោងចក្រនេះជាកម្មសិទ្ធិរបស់អ្នកស្រី សេង កញ្ញា កូនស្រីរបស់លោក តុង សេង បាននិយាយថា “យ៉ាងយូររយៈពេលមួយខែទៀតយើងនឹងសហការជាមួយក្រសួង ដើម្បីធ្វើឲ្យរោងចក្រនេះដំណើរការស្របតាមបទដ្ឋាន
ហើយយើងនឹងបំបាត់ក្លិនស្អុយនេះ”។
ប៉ុន្ដែ តំណាងអ្នកភូមិម្នាក់ឈ្មោះ ព្រាប ចយ អាយុ៦៣ឆ្នាំ បាននិយាយថា គេមិនបានពិភាក្សាជាមួយអ្នកភូមិទេ អំពីផែនការលុបបំបាត់ក្លិនស្អុយនេះ។ លោកបាននិយាយថា “ អ្នកភូមិភាគច្រើនមិនយល់ព្រមទេ តែចង់ឲ្យរើរោងចក្រចេញពីទីនេះ បើមិនដូច្នេះទេ ពួកគេនឹងនាំគ្នាតវ៉ាម្ដងទៀតនៅយប់នេះ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា