28.5 C
Phnom Penh

មនុស្ស៦០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារឧស្ម័នអាម៉ូនីញាក់ចេញពីរោង​​​ចក្រ​​​ទឹកកក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​សាលាខណ្ឌបាន​​​និយាយ​ថា ​ប្រជា​ពល​​​រដ្ឋ​​​ជាង៦០​​​នាក់ក្នុង​​​សង្កាត់​​​គីឡូ​ម៉ែត្រ​លេខ៦​​​ ក្នុង​​​ខណ្ឌឫស្សីកែវ ត្រូវបាន​​​បញ្ជូន​ទៅ​​​មន្ទីរ​​​ពេទ្យ​​​កាល​​​ពីថ្ងៃសុក្រ ដោយ​មាន​អាការ​​​ពិបាក​​​ដក​​​ដង្ហើម​​​ដោយសារតែ​​​ក្លិន​​​ស្អុយ​​​អាក្រក់​​​ភាយ​​​ចេញពី​​​រោង​​ចក្រផលិតទឹក​​​កក​​​មួយ​​​ដែល​​​នៅក្បែរ​​​នោះ​​​​ដោយធ្វើឲ្យអ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ពិបាកដកដង្ហើមរាប់​​​ខែ​​​មក​​​ហើយ។

យោងតាម​​លិខិត​​​មួយច្បាប់​​​ចុះ​​​ហត្ថ​​លេខា​​​ដោយ​​​លោក ឃ្លាំង ហួត អភិបាល​​​ខណ្ឌ​​​ឫស្សី​កែវកាល​​​ពី​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បាន​​​ឲ្យ​​​ដឹងថា ​ដើម្បី​បំបាត់ក្លិន​​​ស្អុយ​​​អាក្រក់​​​នេះ​​​ អាជ្ញាធរ​​​​​​បាន​សម្រេច​បិទជា​​​បណ្តោះ​​​អាសន្ននូវអាជីវកម្ម​ផលិត​​​ទឹក​​​កក​របស់​រោងចក្រ​ដែល​​​ជា​​​របស់​លោក​​​ តុង សេង អភិបាល​​​រង​​​ខេត្ត​​​កំពង់ស្ពឺ។

លិខិត​​​នោះមានខ្លឹមសារ​​​ដូច្នេះ​ថា “ ខណ្ឌ​ឫស្សីកែវ បានបញ្ជាឲ្យ​​​ម្ចាស់រោង​​​ចក្រ​​​ផលិត​ទឹកកកនេះផ្អាកដំណើរ​​​ការជា​​​បន្ទាន់ ​ដើម្បី​រក​ដំណោះស្រាយ​​​ជា​​​មួយ​​​ប្រ​​​ជាពលរដ្ឋ​​​ដែល​​​រស់នៅជុំវិញរោងចក្រ​​​នេះ”។

អ្នកស្រី ស៊ិន ចំរើន អ្នកភូមិ​​​ម្នាក់មកពី​​​សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបានទ្រាំនឹង​​​ក្លិនឧស្ម័ន​
អាម៉ូនីញាក់ប្រើ​​​សម្រាប់​​បង្កក​​​ទឹកកក​​​​​​ បាន​និយាយ​​​ថា “ ស្ត្រី​​​មានផ្ទៃពោះ​​​និងកុមារស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ។សុំ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះរើចេញ​ពី​តំបន់​​​នេះ។ប្រសិនបើមិនរើ​​​ចេញ​ទេ ​យើង​​​នឹង​​​តវ៉ា​​​ទៀត”។

អ្នកស្រី សុិន ចំរើន ​​​បាន​​​បន្ថែម​​​ទៀតថា“ ​កាល​​​ពីព្រឹកមិញ មនុស្ស​​​ប្រហែល៣០​​​នាក់​ត្រូវ​​​បាន​​​បញ្ជូនទៅ​​​មន្ទីរ​​​ពេទ្យបង្អែក​ខណ្ឌ​ឫស្សីកែវ។ ក្នុង​​​ចំណោម​អ្នក​​​ទាំង​​​នោះ​​​មាន​ប្រាំបួននាក់​​​បាន​ឈឺ​​​ធ្ងន់។ ​​​ចំណែកមនុស្ស​​​ជាង​​​​៣០នាក់​​​ផ្សេង​ទៀត​​​ក៏ត្រូវបាន​​​បញ្ជូនទៅ​​​មន្ទីរពេទ្យដែរ”។

កាលពីល្ងាច​​​ថ្ងៃ​​ពុធ ​ប្រជាពលរដ្ឋ​ប្រហែល​​​​១០០នាក់​​​បានតវ៉ា​​​ប្រឆាំង​​​រោង​​​ចក្រ​​​នេះ​​​ហើយ​​​កាល​​​ពីខែវិច្ឆិកា ប្រជាពលរដ្ឋ​​​ប្រហែល​៧០គ្រួសារ​ បានជួបជា​​​មួយ​​​អភិបាលរង​ខណ្ឌ​ឫស្សីកែវ គឺលោក​ស្រី លី រ៉ូហ្សាមី អភិបាល​​​រង​​​ខណ្ឌ​​​ និងតំណាង​​​រោង​​​ចក្រ​​​  ដើម្បី​​​ព្យា​យាម​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ។​​​ប៉ុន្តែក្លិន​​​ស្អុយ​​​នោះ​មិន​​​បាន​​​ថយ​​​ចុះទេ ហើយ​​​អ្នក​​​ភូមិ​​​កាន់តែបាត់​​​បង់ភាព​​​អត់ធ្មត់ខ្លាំង​​​ឡើងៗ។

យោងតាមលោក ផាន់ ភារ័ត្ន នាយក​មន្ទីរ​ពេទ្យបង្អែក​​​សម្តេចឪ​​​បានឲ្យដឹងថា អ្នក​​​ជំងឺ​​​ទាំង​​​អស់​​​កំពុង​​​សម្រាកព្យា​​​បាល​​​នៅក្នុង​មន្ទីរ​ពេទ្យនៅឡើយ បើគិតមក​​​ទល់នឹង​​​យប់ថ្ងៃ​សុក្រ ​ហើយពេទ្យកំពុង​​​ធ្វើ​​​តេស្ត​​​ដើម្បី​​​កំណត់​​​​ឲ្យ​​​ដឹងថា តើ​​​ឧស្ម័ន​​​​​​ពួកគេ​​​បានស្រូបសារ​ធាតុ​អាម៉ូនីញាក់ចូលក្នុងខ្លួនប៉ុន្មានដែរ។

លោក ជា សារ៉េត តំណាង​​​របស់​​​ម្ចាស់​រោង​​​ចក្រ​​​នេះ ​​​បដិសេធមិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​ទេ​​​កាល​​​ពីថ្ងៃ​​​សុក្រ។ គិត​​​រហូត​​​មក​​​ទល់​​​នឹង​​​ល្ងាច​​​ថ្ងៃសុក្រ​​​ រោង​​​ចក្រ​​​នេះ​​​នៅ​​​តែ​​​ដំណើរ​​​ការ​​​នៅឡើយ​​​ ហើយ​​​អ្នក​​​តវ៉ា​​​ កំពុងជួប​ជុំគ្នា​នៅខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នៅឡើយដែរ។

ប្រជា​​​ពល​​​រដ្ឋ​​​ម្នាក់​​​ឈ្មោះ​​​ ព្រាប ប៊ុន្នី បាន​​​និយាយ​​​ថា “ រោង​​​ចក្រ​​​នេះ​​​កំពុង​​​ដំណើរ​​​នៅ​ឡើយ ដូច្នេះ​​​ខ្ញុំមិន​​​ដឹង​​​ថា តើ​​​ម្ចាស់រោង​​​ចក្រ​​​នេះ​​​គោរព​​​តាម​​​លិខិត​​​ចេញពី​​​អភិបាល​​ខណ្ឌ​ឬ​​​យ៉ាង​​​ណានោះទេ”៕

ប្រែសម្រួលដោយ តែម សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស