29.6 C
Phnom Penh

ក្រុម​ហ៊ុន​វៀត​ណាម​បដិសេធ​របាយការណ៍​អង្គការ​ក្លូបល​ វីតណេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​​តម្លៃ​ភាគ​ហ៊ុន​របស់​ខ្លួន​ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ហួងអាញ់ យ៉ាឡៃ (Hoang Anh Gia Lai) បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ក្លូបល​ វីតណេស (Global Witness) ដែល​ថា ខ្លួន​​​បាន​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​ចាប់​យក​ដី​
ធ្លីនៅ​ក្នុង​ប្រទេស​កម្ពុជា​។

របាយការណ៍​របស់​អង្គការ​​ក្លូបល វីតណេស​ដែល​មាន​ចំណង​ជើង​ថា “ ឈ្មួញ​ជ័រ​កៅស៊ូៈ​ វិធីសាស្ត្រ​​ដែល​​​ក្រុមហ៊ុន​វៀតណាម​ និង​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​អន្ដរជាតិកំពុង​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ទន្ទ្រាន​យក​ដី​ ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​” បាន​ភ្ជាប់​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្ដរជាតិ (International Finance Corporation) របស់​ធនាគារ​ពិភព​លោក និង​ធនាគារ​ដចឈើ(Deutsche Bank) របស់​អាល្លឺម៉ង់​ទៅ​នឹង​ក្រុម​ហ៊ុន​ចម្ការកៅស៊ូ​ ហួងអាញ់ យ៉ាឡៃ និង​ក្រុមហ៊ុន​ ដុង ភូ (Dong Phu) ដែល​មាន​​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចម្ការកៅស៊ូ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ (Vietnam Rubber Group) ហើយ​របាយការណ៍​នេះ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ចម្ការកៅស៊ូ​​ទាំង​នេះ​មិន​គ្រាន់​តែ​រំលោភ​បំពាន​ច្បាប់​ព្រៃ​ឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ថែម​ទាំង​មិន​បាន​ពិគ្រោះ​​ជាមួយ​សហគមន៍​មូល​ដ្ឋាន​​ទៀត​ផង ​មុន​ពេល​កាប់​រាន​ដី​របស់​ពួក​គាត់។

អង្គការ​ក្លូបល​ វីតណេស ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូទាំង​ពីរ​នេះ​ និង​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​អន្ដរជាតិ​របស់ខ្លួន​ បាន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ការ​ការ​ពារ​សុវត្ថិភាព​សង្គម​ និង​បរិស្ថាន​​  ខណៈ​ពេល​មាន​​ការ​​ចុះ​ទៅ​ត្រួត​ពិនិត្យ​​ការ​កាប់​បំផ្លាញ​ព្រៃ​​ធម្ម​ជាតិ​ដែល​មាន​តម្លៃ​ខ្ពស់​ និង​ព្រៃ​ពាក់​កណ្តាល​ធម្ម​ជាតិ​​ ព្រម​ទាំង​ការ​ចាប់​យក​ដី​ធ្លី​របស់​ប្រជាជន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​​ពួក​គាត់​ទៀត​ផង​។

ចាប់​តាំង​ពី​ព័ត៌មាន​នៃ​ការ​ចោទ​ប្រកាន់​បាន​រីក​សាយ​ភាយមក ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ ហួងអាញ់ យ៉ាឡៃ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​​នៅ​​ក្នុង​ផ្សា​រមូលបត្រ ក្នុង​ទី​ក្រុង​ហូជីមីញ​ បាន​ធ្លាក់​ចុះ​ពី​តម្លៃ​បិទការ​​ជួញ​ដូរ​ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ពី​២២.៨០០​ដុង​ ឬក៏​ប្រហែល​១.០៩​ដុល្លារ​មក​ត្រឹម​២០​.៧០០​ដុង​ នៅ​ពេល​ការ​ជួញ​ដូរ​បាន​បើក​ឡើង​វិញ​ កាល​ពី​ព្រឹក​ម្សិលមិញ​។ ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ បាន​ងើប​ឡើ​ង​បន្ដិច​កាល​ពី​ម្សិលមិញ​ នៅ​ពេល​បិទ​​ការ​​ជួញ​ដូរ​​ក្នុង​តម្លៃ​​២១.៤០០​ដុង​ ដោយ​បាន​ធ្លាក់​ចុះ​៧ភាគរយ​ពី​ការ​បិទ​​ការ​ជួញ​ដូរ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ច័ន្ទ ពេលដែល​អង្គការ​ក្លូបល​ វីតណេស ​ចេញ​របាយការណ៍​​របស់​ខ្លួន​​។

កាសែត​​​ថាញ់នៀន (Thanh Nien) របស់​​​វៀតណាម​​​បាន​​​ចុះ​​​ផ្សាយ​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា​លោក ដូន ង្វៀនស៊ុក (Doan Nguyen Duc) ប្រធាន​​​ក្រុមហ៊ុន​​​ ​​​ហួងអាញ់ ​​​យ៉ាឡៃ ដែល​​​មាន​​​ភាគ​​​ហ៊ុ​​​ន​​​ជិត​​​ពាក់​​​កណ្ដាល​​​នៃ​​​ក្រុមហ៊ុន​​​នេះ បាន​​​ខាត​​​បង់​​​ជិត​​​២០​​​លាន​​​ដុល្លារ ​ដោយ​សារ​​​ការ​​​ធ្លាក់​​​ចុះ​​​នៃ​​​តម្លៃ​​​ហ៊ុន​​​​នេះ​។សេចក្ដី​​​រាយការណ៍​​​របស់​​​កាសែត​​​ថាញ់នៀន​​​ រួម​ជា​មួយ​​​នឹង​​​អត្ថបទ​​​នៅ​លើ​​​គេហទំព័រ​​​ព័ត៌មាន​​​ជាភាសា​​​អង់គ្លេស​​​ផ្សេងៗ​​​ទៀត​​​ ក្នុង​​​ប្រទេស​​​វៀតណាម​​​ បាន​​​ដក​​​ស្រង់​​​សម្តី​លោក​​​ ដូន ​ង្វៀនស៊ុក ដែល​បាន​​​ច្រាន​​​ចោល​​​ការ​​​អះអាង​​​របស់​​​អង្គការ​​​ក្លូបល​​ វីតណេស។

​​​លោក​​​ ដូន ង្វៀនស៊ុក ​ត្រូ​វ​បាន​ដក​ស្រង់​សម្តី​នៅ​​​​ក្នុង​​​កាសែត​​​ថាញ់នៀ​ន​​​ថា “ គ្មាន​​​​វិធី​​​​ណា​​​ដែល​​​ក្រុមហ៊ុន​​​ ហួង​​​អាញ់​​​ យ៉ាឡៃ ធ្វើ​​​ឲ្យ​​​​​​ប្រជាពល​​​រដ្ឋ​​​មូល​​​ដ្ឋាន​​​ជួប​​​ភាព​​​​​​ក្រីក្រ​​​នោះទេ​​​ពី​​​ព្រោះ​​​យើង​​​បាន​​​បង់​​​ពន្ធ​​​ និង​​​បង្កើត​​​ការ​​​ងារ​​​ដ៏​​​មាន​​​ស្ថិរភាព​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​១០.០០០​​​នាក់​​​”។

លោក ដូន ង្វៀនស៊ុក បាន​​​​អះអាង​ដែរ​​​ថាក្រុមហ៊ុន​​​ ហួងអាញ់​​​ យ៉ាឡៃ និង​​​សាខា​​​របស់​​​ខ្លួន​​​​ពិត​​​ជា​​​បាន​​​​អនុវត្ត​តាម​​​ច្បាប់​​​​របស់​​​​​កម្ពុជា​​​ “ រួម​​ទាំង​​​​ច្បាប់​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​ផង​​​ដែរ​​​”។ សេចក្តី​រាយ​ការណ៍​មួយ​​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​របស់​​​គេហទំព័រ​​​ព័ត៌មាន​​​​​​ឈ្មោះ​​​ វៀតណាម​ណិត ប្រ៊ីច (VietnamNet Bridge) ​​​លើក​​​ឡើង​​​ថា
ក្រុមហ៊ុន ហួងអាញ់ យ៉ាឡៃ បាន​​​សរសេរ​​​លិខិត​​​ទៅ​​​កាន់​​​ក្រសួង​​​ការ​​​បរទេស​​​វៀត​ណាម​​​​និង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ដើម្បី​ច្រាន​​​ចោល​​​​​នូវ​​​ការ​​​អះអាង​​​នេះ​​​។

គេហទំព័​​​រព័ត៌មាន​​​វៀតណាម​​​ណិត ​ប្រ៊ីច​បាន​​​ចុះ​​​ផ្សាយ​​​ថា ក្រុមហ៊ុន​​​ ហួងអាញ់ ​យ៉ាឡៃ​មិន​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​កាប់​​​ឈើ​​​ ដោយ​​​ខុស​​​ច្បាប់​ រួម​​​​ទាំង​ឈើ​​​មាន​​​តម្លៃនៅ​​​ក្នុង​​​ដី​​​សម្បទាន​​​​​សេដ្ឋកិច្ច​​​​​​របស់​​​ខ្លួន​​​ឡើយ​​​។ រដ្ឋាភិបាល​​​ឡាវ ​និង​​​កម្ពុជា បាន​​​គ្រប់​​​គ្រង​​​ និង​​​ធ្វើ​​​ជា​​​ម្ចាស់​​​យ៉ាង​​​ពេញ​​​លេញ​​​ លើ​​​ព្រៃ​​​ឈើ​​​របស់​​​ខ្លួន​​​”។

អត្ថបទ​​​ដដែល​​​ ដែល​​​បាន​​​ដក​​​ស្រង់​​​សម្ដី​​​របស់​​​តំណាង​​​ក្រុមហ៊ុន ហួងអាញ់ ​យ៉ាឡៃ ​ដែល​​​គេ​​​មិនបញ្ចេញ​​​ឈ្មោះ​​​ បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​បាន​​​ឆ្លើយ​​​គ្រប់​​​សំណួរ​​​ទាំង​​​អស់​​​​​​របស់​​​អង្គការ​​​ក្លូបល វីតណេស មុន​​​ពេល​​​មាន​​​ការ​​​​ចេញ​ផ្សាយ​​​​​​របាយការណ៍​​​នេះ​​​ ហើយ​​​​​បាន​​សុខ​ចិត្ត​ធ្វើ​​ទង្វើ​ណា​មួយ ​ប្រសិនបើ​​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​អង្គការ​​​នេះ​​​ បាន​​​ផ្ដល់​​​ភ័ស្ដុតាង​​​ពិត​​​ប្រាកដ​​​នោះ​​​។

គេ​​​បាន​​​ដក​​​ស្រង់​​​សម្ដី​​​របស់​​​តំណាង​​​រូប​​​នេះ​​​ថា “ អង្គការ​​​ក្លូបល​​​ វីតណេស ដែល​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ចម្ការកៅស៊ូ​​​វៀត​ណាម​​​​ថា បា​​​ន​​​ផ្ដល់​​​ប្រាក់​​​សំណូក​​​ទៅ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ និង​​​ឡាវ ដើម្បី​​​យក​​​ដីដោយ​​​ខុស​​​ច្បាប់​​​គឺ​​​ជា​​​ការ​​​ប្រមាថ​​​ដល់​​​មន្ត្រី​​​របស់​​​ប្រទេស​​​ទាំង​​​ពីរ​​​​​នេះ​”។

​​​របាយការណ៍​​​របស់​​​អង្គការ​​​ក្លូបល​​​វីតណេសបាន​​​អះអាង​​​ថា ក្រុមហ៊ុន​​​ ហួងអាញ់ ​​​យ៉ាឡៃ ​​​ដំបូង​​​ឡើយ​​​បាន​​​ទាក់​​​ទង​​​ជាមួយ​​​នឹង​​​ការិយា​​​ល័យ​​​របស់​​​ខ្លួន ដោយ​​​ទទួល​​​ស្គាល់​​​ថា ខ្លួន​​​មិន​​​បាន​​​ដឹង​​​អំពី​​​ច្បាប់ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​​នោះ​​​ឡើយ​​​។

​ទោះ​​​ជាយ៉ាង​​​ណា​​​ ក៏ដោយ ក្រោយ​​​មក​​​ “ ការ​​​ពិភាក្សា​​​រវាង​​​អង្គការ​​​ក្លូបល​​​ វីតណេស និង​​​ក្រុមហ៊ុនចម្ការ​​​កៅស៊ូ ហួងអាញ់ ​​​យ៉ាឡៃ ​​​ត្រូវ​​​បាន​​​ផ្អាក​​​ ដោយ​​​ក្រុមហ៊ុន​​​​នេះ​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​គ្មាន​​​បំណង​​​ចង់​​​បង្ហាញ​​​ឯក​​​សារ​​​នានា​​​ទៅ​​​ឲ្យ​​​អង្គការ​​​ក្លូបល​​​ វីតណេស ​​​​​​ឬក៏​​​​​​ចាត់​​​វិធាន​​​ការ​​​ណាមួយ​​​ ដើ​​​ម្បី​​​ដោះ​​​ស្រាយ​​​ពី​​​ស្ថាន​​​​​​ភាព​​​នេះ​​​ឡើយ”។

លោកស្រី មីហ្គែន ម៉ាក​​​អិនណេស​​​ (Megan ​​​MacInnes) ដែល​​​ដឹក​​​នាំ​​​ក្រុម​​​ឃ្លាំ​​​មើល​​​បញ្ហា​​​ដី​​​ធ្លី​​​
របស់​​​អង្គការ​​​ក្លូបល វីតណេស បាន​​​លើក​​​ឡើង​​​​​​ថា  ការ​​​ឆ្លើយ​​​តប​​​របស់​​​ក្រុមហ៊ុន ​​​ហួងអាញ់​​​យ៉ាឡៃ ចំពោះ​​​​របាយការណ៍​​​នេះ នៅ​​​ក្នុង​​​អត្ថបទ​​​​​​ព័ត៌មាន​​​ជា​​​ភាសា​​​វៀតណាម​​​ “ មិន​​​ត្រូវ​​​​គ្នា​​​ទៅ​​​នឹង​​​ភ័ស្ដុតាង​​​ ដែល​​​យើង​​​មាន​​​ពិត​​​ប្រាកដ​​​នោះ​​​ឡើយ​​​”។

លោក​​​ស្រី ម៉ាកអិនណេស បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​ក្លូបល​​​ វីតណេស បាន​​​ប្រមូល​​​សក្ខីកម្ម​​​ ខ្សែ​វីដេអូ និង​​​រូប​​​ភាព​​​នានា ​​​ដែល​​​បញ្ជាក់​​​ថា ក្រុមហ៊ុន ​​​ហួងអាញ់ ​​​យ៉ាឡៃ ​​​ពិត​​​ជា​​​បាន​​​កាប់​​​រាន​​​ព្រៃ​​​ដោយ​​​ខ្លួន​​​ឯង​​​ និង​​​បាន​​​​​​ចុះ​​​កិច្ច​​​សន្យា​​​ជាមួួយ​​​ពាណិជ្ជករ​​​ក្នុង​​​ស្រុក​​​ដើម្បី​​​ឲ្យ​​​កាប់​​​រាន​​​ព្រៃ​​​ទាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ឡាវ។

លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា“ ដោយសារតែ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ និង​​​ប្រទេស​​​កម្ពុជា ​ត្រៀម​​ខ្លួន​​​​ផ្ដល់​​​អាជ្ញាប័ណ្ណ​ឲ្យ​​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដោយ​​​មិនគោរព​​​​តាមច្បាប់​​​របស់​​​ខ្លួននោះ​​​​ ​​​វា​​​គ្មាន​​​ផ្លូវ​​​ចេញ​​​ផ្សាយ​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​ (Vietnam Rubber Group) និង​​​ក្រុមហ៊ុន ​​​ហួងអាញ់ ​​​យ៉ាឡៃ ​​​ចំពោះ​​​ការ​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​​ថា ​​​ប្រតិ​​​បត្តិការ​​​​​​របស់​​​ក្រុមហ៊ុន​​​ទាំង​​​ពី​​​រនេះ​ស្រប​​​​តាម​​​ច្បាប់​​​នោះ​ទេ​​”។

នៅ​​​ក្នុង​​​របាយការណ៍​​​នេះ អង្គការ​​​ក្លូបល​​​វីតណេស បាន​​​ចាត់​​​ទុ​​​ក​​​លោក ដូន ង្វៀនស៊ុក​ដែល​​​ជា​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​អ្នក​​​​មាន​​​បំផុត​​​ នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​ជា​​​​​​​ឈ្មួញ​ជ័រ​​​​កៅស៊ូ​​​ ដ៏​​ល្បី​​​”។ របាយការណ៍​​​នេះ ក៏​​​បាន​​​ដក​​​ស្រង់​​​ឯកសារ​​​​​​ផ្លូវ​​​ការ​​​ និង​​​​ការ​សម្ងាត់​​​​របស់​​​ក្រុមហ៊ុន​​​ ដើម្បី​​​បង្ហាញ​​​ថា សាខា​​​ទាំង​​​ប្រាំមួយ​​​របស់​​​ក្រុមហុ៊ន​​​ហួងអាញ់ យ៉ាឡៃ បាន​​​កាន់​​​កាប់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទំហំ​​​៤៧​​​.៣៧០​​​ហិកតា​​​ នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ​​​គឺ​​​បាន​​​កាន់​​​កាប់​​​៥​​​ភាគរយ​​​នៃ​​​ទំហំ​​​ដី​​​សរុប​​របស់​​​​ខេត្ត​​​នេះ​​​ ដោយ​​​វា​​​ប្រាស់​​​ចាក​​​ទៅ​​​នឹង​​​ច្បាប់​​​ដែល​​​បា​​​ន​​​កំណត់​​​ថា ក្រុមហ៊ុន​​​មួយ​​​អាច​​​កាន់​​​កាប់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​បាន​​​ត្រឹម​​​តែ​​​១០.០០០​​​ហិកតា​​​ប៉ុណ្ណោះ​​​​។
យោង​​​តាម​​​អង្គការ​​​ក្លូបល​​​ វីតណេស បាន​​​ឲ្យ​​​ដឹង​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​​បួន​​​កន្លែង​​​ ក្នុង​​​ចំណោម​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នោះ​​​ មាន​​​ទំហំ​​​សរុប​​​ប្រហែល​​​២៨.០០០​​​ហិកតា​​​ នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វព្រៃ​​​លំផាត់​​​ និង​​​ឧទ្យាន​​​ជាតិ​​​វីរជ័យ៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស