យោងតាមស្ថាប័នជំនាញមួយបានឲ្យដឹងថា ដោយមានសក្តានុពលអាចទាញយកប្រាក់
ចំណូលជូនរដ្ឋបានយ៉ាងច្រើនពីការជីកយកប្រេង និងរ៉ែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ បច្ចុប្បន្ន ប្រទេសកម្ពុជាមិនអាចគ្រប់គ្រងឧស្សាហកម្មទាញយកផលពីធនធានធម្មជាតិ ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះបានទេ។
កាលពីម្សិលមិញ វិទ្យាស្ថានឃ្លាំមើលចំណូល(Revenue Watch Institute) ដែលមានមូលដ្ឋាននៅបុរីញូវយ៉ក បានចេញសន្ទស្សន៍ស្តីពីការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ២០១៣របស់ខ្លួន ដែលបានដាក់បញ្ចូលប្រទេសកម្ពុជាជាលើកដំបូង។ វិទ្យាស្ថានឃ្លាំមើលនេះបានវាយតម្លៃប្រទេសចំនួន៥៨ ដោយវាយតម្លៃលើការអនុវត្តខាងការរាយការណ៍ ការគ្រប់គ្រងអំពើពុករលួយ និងវិធាននៃច្បាប់ខាងវិស័យរ៉ែ និងឧស្ម័ន។
ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ថា “ មិនអាចគ្រប់គ្រងបាន” ហើយឈរនៅលំដាប់ថ្នាក់ទី៥២នៅក្នុងសន្ទស្សន៍នេះ ដោយនៅពីក្រោយតែប្រទេស ស៊ីមបាវ៉េ ស៊ូដង់ខាងត្បូង និងប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍មួយពីសំណាក់សម្ពន្ធកម្ពុជា ដើម្បីតម្លាភាពចំណូល ជាអង្គការឃ្លាំមើល ដែលជាដៃគូរបស់វិទ្យាស្ថានឃ្លាំមើលចំណូលបានបង្ហាញថា “ ខណៈដែលប្រទេសកម្ពុជាទទួលបានពិន្ទុខ្ពស់គួរសមខាងបរិយាកាសផ្លូវច្បាប់ និងស្ថាប័ននោះ ពិន្ទុយ៉ាងទាបរបស់ប្រទេសនេះគឺមានខាងការអនុវត្តលើការរាយការណ៍ និងបរិយាកាសលើកទឹកចិត្ត ដែលរួមចំណែកដល់ការចាត់ចំណាត់ថ្នាក់ទាបរបស់ប្រទេសកម្ពុជាលើការគ្រប់គ្រងធនធានធម្មជាតិ”។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងទៀតថា “ រដ្ឋាភិបាលមិនបានផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់អាជ្ញាប័ណ្ណ ហើយលក្ខខណ្ឌកិច្ចសន្យាមិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ។យន្តការរាយការណ៍មិនគ្រប់គ្រាន់របស់រដ្ឋាភិបាល ព្រមទាំងកង្វះការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើការផ្តល់អាជ្ញាប័ណ្ណ និង
ដំណើរការរៀបចំខ្ទង់ថវិកា ក៏ជាការរារាំងដល់គណនេយ្យភាព និងតម្លាភាពផងដែរ”។
រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណរុករករ៉ែជាច្រើន និងអាជ្ញាប័ណ្ណជីកយករ៉ែមួយចំនួនតូច ក៏ប៉ុន្តែ វិស័យរ៉ែនៅប្រទេសកម្ពុជានៅមិនទាន់បានចាប់ផ្តើមធ្វើក្នុងទ្រង់ទ្រាយធំនៅឡើយទេ។
សមាគមអាជីវកម្មមួយ ដែលដឹកនាំដោយក្រុមហ៊ុន ឆេវរ៉ុន ជាក្រុមហ៊ុនប្រេងអាមេរិកដ៏ធំមួយ បានរកឃើញប្រេង និងឧស្ម័ននៅក្នុងតំបន់រុករកមួយក្នុងតំបន់ឈូងមុទ្រថៃ ដែលគ្រប់គ្រងដោយប្រទេសកម្ពុជា។ ការជជែកពិភាក្សាគ្នា ដើម្បីចាប់ផ្តើមការជីកយកសារធាតុ អុីដ្រូកាបូន (Hydrocarbons) ទំនងជាបានជាប់គាំង ហើយរដ្ឋាភិបាលកំពុងតែរៀបចំការគ្រប់គ្រងពន្ធមួយសម្រាប់គម្រោងទាំងនេះនៅឡើយ។
សេចក្តីថ្លែងការណ៍ដដែលបានបង្ហាញទៀតថា “ ទោះបីជាវិស័យឧស្សាហកម្មទាញយកផលប្រយោជន៍ពីធនធានធម្មជាតិរបស់ប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ហើយការរកកំពុងតែដំណើរការ ដោយអាចផ្តល់ប្រាក់ចំណូលបានតែមួយភាគតូចប៉ុណ្ណោះនៃប្រាក់ចំណូលរបស់រដ្ឋាភិបាលក៏ដោយ ក៏ក្រុមសង្គមស៊ីវិលបានអំពាវនាវឲ្យទាញយកប្រាក់ចំណូលឲ្យបានច្រើនជាងនេះ ដោយបន្តផ្តោតលើការលើកយកមកអនុវត្ត និងការបង្កើតការអនុវត្តខាងអភិបាលកិច្ចល្អនៅក្នុងវិស័យជាយុទ្ធសាស្ត្រនេះ”៕
ប្រែសម្រួលដោយ ហួង កុកទៀន