42.2 C
Phnom Penh

តុលាការ​ម៉ាឡេស៊ីផ្ដន្ទាទោស​ប្ដី​ប្រពន្ធ​ជន​ជាតិ​ម៉ាឡេស៊ី​ពី​បទ​បង្អត់​អាហារ​ស្ត្រី​បម្រើ​ខ្មែរ​​រហូត​ដល់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទី​ភ្នាក់​ងារព័ត៌មាន​បារាំង (AFP)​ បាន​រាយការណ៍​ថា កាល​ពី​ម្សិលមិញ តុលាការ​ម៉ាឡេស៊ី​ បាន​ផ្ដន្ទាទោស​ប្ដី​ប្រពន្ធ​មួយ​គូ​ឲ្យ​ជាប់​ពន្ធ​នាគារ​​​រយៈពេល​២៤​ឆ្នាំ​ ពី​បទ​មនុស្ស​ឃាត​​ បន្ទាប់​ពី​ស្ត្រី​ខ្មែរ​ ដែល​​ជា​អ្នក​បម្រើពួក​គេ​ ត្រូវ​បាន​បង្អត់​អាហារ​ឲ្យ​ស្លាប់​ ខណៈ​កំពុង​ធ្វើ​ការ​ឲ្យ​ពួក​គេ​ ក​្នុង​លំនៅ​ដ្ឋាន​​របស់​ពួក​គេ​ នៅ​ភាគ​ពាយព្យ​​នៃ​ឆ្នេរ​សមុទ្រ​​ប៉េណាង (Penang)។

ស្ត្រី​បម្រើ​តាម​ផ្ទះ​ម្នាក់​នេះ​ មាន​ឈ្មោះ​ម៉ី ស៊ីចាន់​ អាយុ​២៣​ឆ្នាំ​ បម្រើ​ការ​ងារ​ ​នៅក្នុង​ផ្ទះ​ និង​ហាង​លក់​​ហាត​វែ (Hardware)​របស់​ប្ដី​ប្រពន្ធ​នេះ អស់​រយៈ​ពេល​ប្រាំបី​ឆ្នាំ​មុន​ពេល​ស្លាប់​ កាល​ពី​ឆ្នាំ​មុន។ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​ បាន​ឲ្យ​ដឹង​ថា ជំនួយ​ការ​គ្រូពេទ្យ​​​ បាន​រក​ឃើញ​​សាក​សព​របស់​ ម៉ី ស៊ីចាន់ នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​ប្រពន្ធ​នេះ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១២ ដោយ​​មាន​ទម្ងន់​ត្រឹម​តែ​២៦​គីឡូក្រាម និង​មាន​ស្នាម​ជាំ​ពេញ​រាងកាយ​។ នគរបាល​ម៉ាឡេស៊ី ​និយាយថា នាង​បាន​ស្លាប់​ដោយ​សារ​តែជំងឺ​​រលាក​ក្រពះ និង​ជំងឺ​ម​ហារីក​ ដែលបណ្ដាល​មក​ពី​ការ​អត់​អាហារ​រយៈ​ពេល​យូរ។

ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​ ក៏​បាន​រាយការណ៍​ផងដែរ​ថា ប្ដី​ប្រពន្ធ​ពីរនាក់​នេះ មាន​ឈ្មោះ សោះ ជីវតុង (Soh Chew Tong) អាយុ​៤៤​ឆ្នាំ និង​​ប្រពន្ធ​ឈ្មោះ ជិន ជីវ​លីង (Chin Chui Ling) អាយុ​៤២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ ម៉ី ស៊ីចាន់ និង​ត្រូវ​បាន​ចោទ​ប្រកាន់​​តាំង​ពី​ដំបូង​ពី​បទ​មនុស្ស​ឃាត​ ដែល​​​មានទោស​​​ប្រហារ​ជីវិត​ដោយ​ការ​​ព្យួរក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ព្រះ​រាជ​អាជ្ញា​បាន​សម្រាល​ការ​ចោទ​ប្រកាន់​មក​ត្រឹម​បទ​មនុស្ស​ឃាត​វិញ​។

កាល​ពី​ម្សិលមិញ លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ និងជា​​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ បាន​ស្វាគមន៍​ចំពោះ​ការ​ផ្ដន្ទាទោស​នេះ ដោយ​បាន​លើក​ឡើង​ថា វា​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​​ ពីព្រោះ​នេះ​គឺ​ជា​លើក​ទី១​ហើយ​ ដែល​អាជ្ញាធរ​ម៉ាឡេស៊ី បាន​ផ្តន្ទា​​ទោស​ជន​ល្មើស​ បន្ទាប់​ពី​មាន​ការ​រំលោភ​ ឬក៏​ការ​ស្លាប់​ស្ត្រី​ខ្មែរ​ ដែល​​ជា​អ្នក​​បម្រើ​តាម​ផ្ទះ​ ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោកស្រី មូរ សុខហួរ ​បាន​មាន​ប្រសាសន៍​ថា កាល​ពី​មុន​ មិន​ដែល​មាន​ការ​ចាប់​ខ្លួនទេ​ ហើយ​សូម្បី​តែ​ការ​ស៊ើប​អង្កេត​ក៏​គ្មាន​ដែរ​។ ក្នុង​ករណី​នេះ​ ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ម៉ាឡេស៊ី និង​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ និង​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ហើយ​ខ្ញុំ​ចង់​ឃើញ​ [ជន​ល្មើស​] ទាំង​អស់​ត្រូវ​គេ​នាំ​មក​កាត់​ទោស​”។

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១១ លោ​ក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​បម្រាម​មិន​ឲ្យ​​ស្ត្រី​ខ្មែរ​​ដែល​ធ្វើ​ការ​ជា​អ្នក​​បម្រើ​​​តាម​ផ្ទះ​ ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ទេ បន្ទាប់ពី​ទទួល​បា​ន​​សេចក្តី​រាយការណ៍​​ជា​ច្រើន​ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​​ និង​លក្ខខណ្ឌ​ការងារ​ដ៏​ពិបាក​ និង​គ្មាន​មនុស្ស​ធម៌​ ដែល​បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ខ្មែរ​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំបួន​នាក់​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ភាគ​ច្រើន​ ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​។ ចាប់​តាំង​ពី​មាន​ការ​ផ្អាក​មិន​ឲ្យ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​មក​ ប្រទេស​ទាំង​ពី​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​ ដើម្បី​ការ​ពារ​ពលករ​ខ្មែរ​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

សេចក្ដី​​ព្រាង​​​កិច្ច​ព្រម​ព្រៀង​ដំបូង​របស់​​​​ម៉ាឡេស៊ី​ បាន​ទទួល​ការ​រិះ​គន់​យ៉ាងខ្លាំង​ ចំពោះ​ការ​​មិន​បាន​បញ្ចូល​​វិធាន​​ស្ដី​ពី​ប្រាក់​ខែ​អប្ប​បរមា​។ កម្ពុជា​ក៏​បាន​ពិនិត្យ​សេចក្ដី​ព្រាង​នោះ​ដែរ កាល​ពី​ចុង​ឆ្នាំ​មុន​ ហើយ​បាន​​ធ្វើ​ការ​កែ​ប្រែ​ ហើយ​បញ្ជូន​ត្រឡប់​​ទៅ​ម៉ាឡេស៊ី​វិញ​។

លោក ហូ វុទ្ធី អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋានការងារ​​​នៃ​ក្រសួង​ការងារ​ បាន​ថ្លែង​កាល​​ពី​ម្សិលមិញ​ថា កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​វិញ​យូរ​ហើយ​​។
លោក​ ហូ វុទ្ធី បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា “ ​ពេល​នេះ​វា​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​​ពួក​គេ​ទើប​តែ​បោះ​ឆ្នោត​ជ្រើស​រើស​រដ្ឋា​ភិបាល​ថ្មី ដូច្នេះ​គេ​​​ត្រូវ​ការ​ពេល​ខ្លះ​ទៀត​​… ខ្ញុំ​មិន​ប្រាកដ​​ថា ពេលណា​យើង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា ប្រហែល​ជា​​​ក្នុង​ឆ្នាំ​២០១៤”៕

(រាយការណ៍​បន្ថែម​ដោយ ជិន ចន្ទ)
ប្រែសម្រួល​ដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស