30.4 C
Phnom Penh

លោក សុន ឆ័យ ពិនិត្យ​​​​​​ក្រុម​​​ហ៊ុនចម្ការកៅស៊ូ​​​ដែល​រង​ការ​​​​​ចោទ​​​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុន ឆ័យ ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណ​បក្ស​​​ប្រ​​​ឆាំង​​​បាន​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​នឹង​​​សំុ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​លុបចោល​​​​​ដី​​​សម្បទាន​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូ​​​វៀត​​​ណាម​​​មួយ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ដែល​​​លោក​​​បាន​​​ចោទ​​​​​ថា​​បាន​​​​​កាប់​​​ឈើ​​​និង​​​​​​នាំ​​​ឈើ​​​ចេញ​​​ដោយ​​​ខុស​​​ច្បាប់​​​​បន្ទាប់​​​ពី​​​ការ​​​ទៅ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​តំបន់​​​នោះ​​។

លោក​​​ សុន​​​ ឆ័យ បេក្ខជន​​​មួយរូប​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នាត​​​ជាតិ​​​នៅ​​​ខែ​​​កក្កដាខាង​​​មុខ​​​នេះ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​បញ្ចប់​​​ដំណើរ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​នៅ​​​ក្រុម​ហ៊ុន​​​ចម្ការ​កៅ​​​ស៊ូ​​​​​​៧២​​​នៅ​​​ស្រុក​​​អូរយ៉ាដាវ​​​កាល​​​​​ពី​​​ម្សិល​​​មិញ​​ ដែល​នៅ​ពេល​នោះ​ ​​​លោក​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ឃើញ​បុគ្គលិក​​​ក្រុមហ៊ុន​​​នេះ​​​កំពុង​​​កាប់​​​ឈើ​​​ក្នុង​​​ព្រៃ​​​ក្រាស់​​​។

ច្បាប់ព្រៃ​​​ឈើ​​​របស់​​​​កម្ពុជា​​​​អនុញ្ញាតឲ្យ​​​អ្នក​​​កាន់​​​កាប់​​​ដី​​​សម្បទាន​​​កាប់​​​ព្រៃ​​​ឈើ​​​តែនៅក្នុង​​​ព្រំ​​​ដី​​​របស់​​​ខ្លួន​​​តែ​​​ប៉ុណ្ណោះ​​​ប្រសិន​​​បើ​​​ព្រៃ​​​ឈើ​​​​​នោះ​មាន​​​ការ​​​រេចរឹល។

លោកបាន​​​មាន​​ប្រសាសន៍ថា “ យើង​​​នឹង​យក​​​ភ័ស្តុតាង​​​នេះ​​​ទៅ​​​​បង្ហាញ​រដ្ឋសភា​​​ និង​​រដ្ឋា​ភិបាល​​​ដើម្បី​​​​ឲ្យ​ចាត់​​​វិធានការ​​​​​លើ​​​ក្រុមហ៊ុន​​​នេះ​​​ពីព្រោះពួក​​​គេ​​​កំពុង​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្រាស់​​​”។

លោក​​​ សុន ឆ័យ ​​​ដែល​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ទី​​​តាំង​នោះ​ជា​មួយ​​​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ចា​​រ៉ាយ ​ដែល​បាន​ចោទ​​​​ក្រុម​ហ៊ុន​​​នេះថា​​​​បាន​​​​ទន្ទ្រាន​​​យកដី​​​ស្រែ​​​ និង​​​ដី​​​ព្រៃ​​​ដូនតា​​​របស់​​​ពួក​​​គាត់​​​ ​​​មាន​​​ប្រសាសន៍​​​​ថា​​​ កម្មករ​​​​ក្រុម​ហ៊ុន​​​​​​៧២​​​បាន​​​និយាយ​​​ប្រាប់​​​លោក​​​ថា​​​​​​ ក្រុមហ៊ុន​​​នេះ​​​បាន​​​ដឹក​​​ឈើ​​​តាម​​​រថយន្ត​​​៣០​​​គ្រឿង​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​ឈើ​​​មិន​​​ទាន់កែ​ច្នៃក្នុង​​​មួយ​​​ថ្ងៃ​​ឆ្លង​​​​កាត់​​​ព្រំ​​​ដែន​​​ចូល​​​ទៅ​​​ប្រ​​​ទេស​​​វៀត​​​ណាម​​​។ ច្បាប់បច្ចុប្បន្ន​​​​​​អនុញ្ញាត​ឲ្យ​​​នាំ​​​​ចេញ​តែ​​​ឈើ​​​កែ​​​ច្នៃ​​​រួច​​​ប៉ុណ្ណោះ​​​។

លោក​​​ រម៉ាស​​​ ស្វាត​​​ អ្នក​​​នាំ​​​ផ្លូវ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​នាំ​​​ផ្លូវ​​​ជា​​​ច្រើន​​​នាក់​​ដែល​បាន​នាំ​​​​លោក​​​ សុន​​​ ឆ័យ ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​នេះ​​​និង​​​ជា​​​ប្រធាន​​​សហគមន៍​​​ព្រៃ​​​ឈើ​​​មូល​​​ដ្ឋាន​​​បាន​​​និយាយ​​​ថា​​​ ដំណើរ​​​ទស្សនកិច្ច​​​នេះ​​​បាន​រក​​ឃើញ​ឈើ​​​ប្រ​​​ហែល​​​៣០០ដើម​​​ដែល​​​ត្រូវ​​​បាន​​​កាប់​​​​រំ​លំ​​​កាល​​​ពី​​​ប៉ុន្មាន​​​ខែ​​​មុន​​​នេះ។

លោក រម៉ាស ​​​ស្វាត​​​ ​​​និយាយ​​​ថា​​​ “ យើង​​​បាន​​​ឃើញ​​​ឈើ​​​រាប់​​​រយ​​​ដើម​​​ត្រូវ​​​បាន​​​កាប់​​​រំលំ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ ហើយ​​​ឈើ​​​មួយ​ចំនួន​​​ត្រូវ​​​បាន​​​កាត់​​​ជា​​​កំ​​​ណាត់​​​និង​​​ដឹក​​​ទៅ​​​ប្រ​​​ទេស​​​វៀត​​​ណាម​​​”។

លោក ម៉ា វិចិត្រ​​​ អធិការ​​​នគរ​​​បាល​​​ស្រុក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ចំ​​​ពោះ​​​ការ​​​ចោទ​​​ប្រ​​​កាន​​​់​​​អំ​​​ពី​​​ការ​​​កាប់​​​ឈើ​​​និង​​​ការ​​​នាំ​​​ឈើ​​​ចេញ​​​ទាំង​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ទេ​​​​។ លោក ម៉ា​​​ វិចិត្រ​​​ បាន​​​បង្វែ​​​រ​​​សំណួរ​​​ទាំង​​​នេះ​​​ទៅ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​។​​​ លោក​​​ វង្ស ​សុខ​​​សេរី ​នាយ​ខណ្ឌ​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​និងអនុ​ប្រធាន​របស់លោក​​​​គឺ​លោ​ក​ ផាន់ ​ភឿន​​​ សុទ្ធ​តែ​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​ពេល​​​អ្នក​​​យក​​​ព័ត៌មាន​ទាក់​ទង​​​។ ​​​តំណាង​​​ក្រុមហ៊ុន​​​៧២​​​មិន​​​អាច​​​​ទាក់​ទង​​​​បាន​ទេ។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​សហគម​​​ន៍មូល​​​ដ្ឋាន​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​​​​ក្រុមហ៊ុន​​​ចម្ការ​កៅ​​​ស៊ូ​​​​​​នៅ​​​ក្នុងខេត្ត​​​រតនគិរី​​​​​​ជា​​​យូរ​​​មក​​​ហើយ​ថា​បាន​​​​ទន្ទ្រាន​​​យកដី​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ដោយ​​​ខុស​​​ច្បាប់​​​ និង​​កាប់​​​​រាន​​​ព្រៃ​សហគមន៍ដែល​មាន​សារៈសំខាន់​ដល់​​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​។

រដ្ឋាភិបាល​​​បាន​​​សន្យា​​​ជា​​​ច្រើន​​​លើក​​​​​ច្រើន​​​​សាថា​​ ​នឹង​​​ចាត់​​​វិធាន​​​ការ​​​​ចំពោះ​​​​ក្រុម​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូ​​​​ណា​ ដែល​​​​​បំពាន​​​ច្បាប់​​​របស់​​​​កម្ពុជា​ ​​​ប៉ុន្តែ​​​​អ្នក​​រិះគន់​​​បាន​​​ចោទ​​​រដ្ឋា​​​ភិបាល​​​ថាធ្វើ​​​មិនដឹង​​​មិនឮចំ​​​ពោះ​​​បញ្ហា​​​នេះ​​​៕​​​​​​​​​

 ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស