កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបន្ធូរបន្ថយបទចោទប្រកាន់លើកូនប្រុសរបស់អ្នកជំនួញស្ដុកស្ដម្ភម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត មកត្រឹមបទគំរាមធ្វើឃាតវិញ ហើយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ។
គួររំឭកថា ជនត្រូវចោទឈ្មោះ ចាន់ ប៉ាវថេង អាយុ២៣ឆ្នាំ បានធ្វើឲ្យនិស្សិតម្នាក់ឈ្មោះ វុត វឌ្ឍនា រងរបួសកាលពីខែកុម្ភៈ បន្ទាប់ពីខ្លួនបានជិះរថយន្ដមា៉ក មែរសឺដែសដេញបុកជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរបស់ខ្លួននៅលើផ្លូវលេខ៥១ ក្នុងរាជធានីភ្នំពេញ។
ចាន់ ប៉ាវថេង ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីឆ្នាំមុន ហើយត្រូវបានកាត់ទោសកំបាំងមុខកាលពីម្សិលមិញ នៅពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កោ វណ្ឌី ប្រកាសសាលក្រម។
លោកចៅក្រម កោ វណ្ឌី បានប្រកាសសាលក្រមដែលមានខ្លឹមសារថា“ តុលាការសម្រេចប្ដូរបទចោទប្រកាន់លើឈ្មោះ ចាន់ ប៉ាវថេង និងផ្ដន្ទាទោសជននេះដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន១.០០០ដុល្លារ”។ លោកបានបន្ថែមថា ឈ្មោះ ចាន់ ប៉ាវថេង បានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេលមួយខែ និង២៧ថ្ងៃរួចមកហើយ។
គួររំឭកផងដែរថា ក្រោយពេលកើតមានហេតុការណ៍កាលពីថ្ងៃទី១២ ខែកុម្ភៈនោះនគរបាលចរាចរបានចាប់ខ្លួន ចាន់ ប៉ាវថេងហើយបានបញ្ជូនរូបគេទៅពន្ធនាគាររង់ចាំការកាត់ក្តី។ ក្រោយមក ជននេះបានបង់ប្រាក់
សំណងជំងឺចិត្តទៅឲ្យលោក វឌ្ឍនា ចំពោះការបង្ករបួសស្នាម និងការធ្វើឲ្យខូចខាតម៉ូតូរបស់គាត់។
នៅតុលាការ លោកចៅក្រម កោ វណ្ឌី មិនបានធ្វើការពន្យល់អ្វីឡើយអំពីការបន្ធូរបន្ថយបទចោទប្រកាន់លើជនត្រូវចោទនេះ ហើយក្រោយមកមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។លោក ណាច ទ្រី មេធាវីរបស់ឈ្មោះ ចាន់
ប៉ាវថេង បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ព្រោះលោកពុំមានវត្តមាននៅតុលាការទេកាលពីម្សិលមិញ។
លោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារង ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។លោកស្រីបន្តថា “ នេះជាសេចក្ដីសម្រេច
របស់តុលាការ ក្នុងការប្ដូរបទចោទប្រកាន់”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង