កាលពីម្សិលមិញ រថយន្តពន្លត់អគ្គិភ័យនៅក្នុងរាជធានីភ្នំពេញបានប្រើទុយោបាញ់ទឹកដែលមានកម្លាំងខ្លាំងដើម្បីបំបែកក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីដីធ្លី ដែលបានព្យាយាមចង់ជួបលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនោះ ហើយបានធ្វើឲ្យស្ត្រីម្នាក់សន្លប់។

អ្នកតវ៉ាប្រមាណ៤០នាក់ ដែលពួកគាត់ភាគច្រើនត្រូវបានបណ្តេញចេញពីដី ឬប្រឈមនឹងការបណ្តេញចេញពីតំបន់បឹងកក់ និងបុរីកីឡានោះ បានចាប់ផ្តើមនាំគ្នាបិទផ្លូវនៅមុខសាលារាជធានីដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនៅម៉ោងប្រហែល៩ព្រឹក។ រថយន្តពន្លត់អគ្គិភ័យបីគ្រឿងបានមកដល់ កន្លែងនោះប្រហែល៣០នាទីក្រោយមក។
អ្នកតវ៉ាមួយចំនួនបានលើកឡើងថា ពួកគាត់បានឃើញ និងឮថាលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំរថយន្តពន្លត់អគ្គិភ័យនេះដោយផ្ទាល់ ហើយរថយន្តទាំងនោះបានធ្វើការបាញ់ទឹកដាក់អ្នកតវ៉ានៅម៉ោង ប្រហែល៩ និង៤៥នាទីព្រឹកអស់រយៈពេលជាច្រើននាទី និងបានធ្វើឲ្យអ្នកតវ៉ាមួយចំនួនដួល។
ស្ត្រីម្នាក់ឈ្មោះ ខេន ចាន់រស្មី អាយុ៣២ឆ្នាំទំនងជាសន្លប់ ហើយត្រូវបានដឹកទៅកាន់ការិយាល័យអង្គការសិទ្ធិមនុស្សលីកាដូ ដើម្បីព្យាបាល។ អ្នកតវ៉ាម្នាក់ទៀតឈ្មោះ ង៉ែត ឃុន អាយុ៧២ឆ្នាំ ហាក់ដូចជាសន្លប់បន្ទាប់ពីត្រូវរថយន្តបាញ់ទឹកដាក់។ ស្ត្រីទាំងពីរនាក់មិនបានរងរបួសធ្ងន់ទេ ហើយបានត្រឡប់ទៅផ្ទះវិញនៅម៉ោងប្រហែល១រសៀល។
អ្នកស្រី ទេព វន្នី អ្នកភូមិបឹងកក់បានមានប្រសាសន៍ថា “ ពួកគេប្រើអំពើហិង្សាមកលើយើងដោយយករថយន្តពន្លត់អគ្គិភ័យបាញ់ទឹកដាក់យើង ហាក់ដូចជាពួកគេចង់សម្លាប់ខ្មែរអ៊ីចឹង”។
អ្នកស្រីបានមានប្រសាសន៍ថា ពួកគាត់ធ្វើការតវ៉ា ពីព្រោះពួកគាត់ជឿថា លោក ប៉ា សុជាតិវង្ស មិនបានគោរពពាក្យសន្យា ដែលលោកបានសន្យាចំពោះពួកគាត់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៩ ខែឧសភាថា នឹងរកដំណោះស្រាយចំពោះវិវាទដីធ្លីជូនពួកគាត់នៅចុងខែនេះទេ។
កាលពីម្សិលមិញ អ្នកតវ៉ាបានបន្តបិទផ្លូវមួយផ្នែក ប៉ុន្តែក្រោយមកបានបើកឲ្យធ្វើចរាចរវិញ ហើយបានចាកចេញពីផ្លូវនោះនៅម៉ោង១១និង៣០នាទីថ្ងៃត្រង់។
ដោយត្រូវបានទាក់ទងតាមទូរស័ព្ទ នៅពេលក្រោយមក លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា លោកមិនដែលសន្យាជាមួយអ្នកតវ៉ាថា លោកនឹងដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់នៅចុងខែឧសភានេះទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំបានសុំពេលវេលាបន្ថែមដើម្បីពិនិត្យមើលឯកសារសិន។ ក្នុងរយៈពេលបីសប្តាហ៍ យើងមិនអាចធ្វើអ្វីៗចប់ឡើយ។ ខ្ញុំត្រូវពិនិត្យមើលកិច្ចការរដ្ឋបាលនិងបច្ចេកទេសជាច្រើន”។
លោក ប៉ា សុជាតិវង្ស ដែលបានចូលកាន់តំណែងកាលពីដើមខែឧសភា បានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានធ្វើការងារច្រើនណាស់ដើម្បីរកដំណោះស្រាយសម្រាប់គ្រួសារទាំងនេះ ប៉ុន្តែបានបដិសេធមិនបកស្រាយលម្អិតឡើយ។
លោក ជួន សុវណ្ណ បាននិយាយការពារការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនេះ។ លោកបានមានប្រសាសន៍ថា “ ពួកគាត់បានបិទផ្លូវ។ យើងគ្រាន់តែសុំកុំឲ្យពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។យើងបានសុំពួកគាត់មួយដងជា ពីរដង តែពួកគាត់នៅតែបិទផ្លូវដដែល។ តើមានជម្រើសអ្វីដែលយើងត្រូវដោះស្រាយបញ្ហានេះដើម្បីជួយដល់សាធារណជននោះ?។ យើងមិនហ៊ានប្រើកម្លាំងនគរបាលទេ ពីព្រោះ ខែល [នគរបាល] និងវត្ថុផ្សេងៗទៀត អាចធ្វើឲ្យពួកគាត់រងរបួស ដូច្នេះយើងបានប្រើទឹកវិញ”។
មកដល់ល្ងាចម្សិលមិញនេះ អ្នកត្រូវបណ្តេញចេញពីបឹងកក់មួយក្រុម ដែលបានស្នើសុំសំណងបន្ថែមទៀតពីរដ្ឋាភិបាលនោះ នៅតែបោះតង់នៅមុខសាលារាជធានីនៅឡើយ ដើម្បីបង្ខំឲ្យលោកអភិបាលក្រុងចេញមកជួបពួកគាត់៕
(រាយការណ៍បន្ថែមដោយ ស៊ីវ ចាន់ណា)
ប្រែសម្រួលដោយ សោម សារុន