29.6 C
Phnom Penh

អង្គការ​​ក្រៅ​​រដ្ឋា​ភិបាល​​ទប់​ស្កាត់​​​ការ​​ជួញ​​ដូរ​​សត្វ​ព្រៃ​​​ខុស​​ច្បាប់​​គ្រប់​​ប្រភេទ​​នៅ​​តាម​​អាកាស​​យាន​ដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខ្លាំ​ធំ​មួយ​ក្បាល​​​ និង​សត្វរញី​ប្រផេះ​តូច​មួយ​ក្បាល​កំពុង​តែ​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​ដាក់​តាម​វ៉ាលិស​អូស​មួយ​ ខណៈ​ដែល​ក្មេង​ម្នាក់​កំពុង​តែ​យំ​ នោះ​គឺ​ជា​​វីដេអូឃ្លីបខ្លី​មួយ ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ឯ​អា​កាស​យាន​អន្តរជាតិ​ភ្នំពេញ នៅ​ឆ្នាំ​ក្រោយ​នេះ​។

រួម​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិ​ជ្ជកម្ម​ព្រម​ទាំង​ការ​តាំង​ពិព័រណ៍បង្ហាញ​អំពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ វីដេ​អូឃ្លីប​នេះមាន​គោល​បំណង​អប់​រំទេសចរ​អន្តរជាតិ​ឲ្យ​យល់​ដឹងអំពី​​​​ការ​ជួញដូរ​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ ដែល​បាន​ក្លាយ​ជា​ទីផ្សារ​ងងឹត​ដ៏​ធំបំផុត​​​​មួយ​នៅ​លើ​ពិភពលោក​ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ជួញ​ដូរ​ប្រមាណ​ជា​១០លាន​ទៅ​២០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​សម្ពន្ធសត្វ​ព្រៃ​ (Wildlife Alliance) បាន​ឲ្យ​ដឹង​នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​មួយ​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃសុក្រថា តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​ជម្រក​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ  ព្រមទាំង​​តែង​តែ​មាន​ច្បាប់​ទន់​ខ្សោយ​ និង​ការ​អនុវត្ត​ច្បាប់​មិន​បាន​តឹង​រឹុង​ ហើយ​តំបន់​នេះ​ និង​អាកាស​យាន​ដ្ឋាន​នានា​នៅ​ក្នុង​តំបន់​នេះ​បាន​ក្លាយ​ជាគោល​ដៅ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​។

អ្នក​ស្រី អាមុី វ៉ាន់ នីស (Amy van Nice) ប្រធាន​គ្រប់​គ្រង​ខាង​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៅ​អង្គការ​សម្ពន្ធ​សត្វ​ព្រៃ​​​មាន​ប្រសាសន៍ថា “ យើង​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​តែ​ធ្វើការ​ងារ​ជាមួយ​គ្នា​ ដើម្បី​ការពារ​សត្វ​ព្រៃ​នៅ​កម្ពុជា​…. និង​ដើម្បី​ធ្វើ​ឲ្យ​អាកាស​យាន​ដ្ឋាន​ក្លាយ​ជា​តំបន់ជួរ​មុខ​សម្រាប់​ការ​ការពារ​”។

អ្នកស្រី វ៉ាន់នីស បាន​ឲ្យ​ដឹង​ថា ស្លាក​សញ្ញា​​​ជាច្រើន​ ដែល​មាន​ព័ត៌មាន​អប់​រំ​អំពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ ក៏​ត្រូវ​បាន​ដាក់​នៅ​តាម​តំបន់​ឆ្លង​កាត់​ព្រំដែន​សំខាន់​មួយ​ចំនួន​ផង​ដែរ ដូច​ជា ច្រក​បាវិត ប៉ោយ​ប៉ែត ជាដើម​។

កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ អ្នក​ជួញដូរ​សត្វ​ព្រៃ​កាន់​តែមាន​វិធីសាស្ត្រ​ជា​លក្ខណៈ​ប្រព័ន្ធ​ ដើម្បី​គេច​វេះ​ពី​ទោស​ទាន់​តាម​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០១ ដែល​មាន​ចែង​អំពី​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈពេល​១០ឆ្នាំ​ ចំពោះ​ការ​ជួញ​ដូរ​សត្វ​ព្រៃ។

លោក ហេង គឹមឆាយ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ បាន​មាន​ប្រសាសន៍ថា “ នៅ​ពេល​យើង​​ចាប់​ផ្តើម​ កាល​ពី​ឆ្នាំ​២០០១ ​អ្នក​ជួញដូរ​បាន​ដឹក​ជញ្ជូន​សត្វ​ព្រៃ​ជា​ទ្រង់​ទ្រាយ​ធំ​ ពោល​គឺ​រហូត​ដល់​១តោន​។ ឥឡូវ​នេះ​ ពួកគេ​ជួល​អ្នក​​បើក​បរ​ដែល​ដឹក​ជញ្ជូន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហេតុដូច្នេះ​​​លំបាកនឹង​ចាប់ពួកគេ​​​​ណាស់”។

ទោះ​បី​ជា​មិន​មាន​តួលេខ​ពិត​ប្រាកដ​​អំពី​បរិមាណ​សត្វ​ព្រៃ​ដែល​កំពុង​ត្រូវ​បាន​ជួញ​ដូរក៏ដោយ​ ក៏​សត្វ​ព្រៃ​កម្រ​ជាច្រើន​ប្រភេទ​ ដូចជា សត្វពង្រូល ឆ្មាព្រៃ ព្រម​ទាំង​បក្សី​ និង​ស្វា​ជាច្រើន​ប្រភេទ ត្រូវ​បាន​គេ​ឃើញ​ថា កំពុង​មាន​ការ​ថយ​ចុះ​ ភាគ​ច្រើន​ដោយ​សារ​តែ​មាន​តម្រូវ​ការ​យក​ជា​ធ្វើ​ជា​ថ្នាំ​បុរាណ​ចិន​។ គេ​បាន​ប៉ាន់​ស្មាន​ថា មាន​ខ្លា​ធំ​មិន​ដល់​ទៅ​២០០ក្បាល​ផង​ ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា​ ចំណែក​ឯអង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះថា ចំនួន​នេះ​ស្ទើរ​តែ​មាន​កម្រិត​សូន្យ​។

លោក ហេង  គឹមឆាយ បាន​មាន​ប្រសា​សន៍ថា ដោយ​សារ​តែ​តម្លៃ​សត្វ​ព្រៃ​នៅ​បរទេស​តែង​តែ​ថ្លៃ​ជាង​នៅ​ទី​ផ្សារ​ក្នុង​ស្រុក​ដល់​ទៅ​១០ដង​ ទើប​​ការ​ជួញដូរ​ទំនិញ​ខុស​ច្បាប់​របស់​ពួកគេ​ឆ្លង​កាត់​តាម​ព្រំ​ដែន និង​តាម​យន្ត​ហោះបាន​ក្លាយ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​សំខាន់​។

លោក​បាន​មាន​ប្រសាសន៍ថា “ ប្រសិន​បើ​អ្នក​អាច​ទទួល​បាន​តម្លៃ​១០ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ​អ្នក​នឹង​អាច​ទទួល​បាន​តម្លៃ​១០០ដុល្លារ​នៅ​ប្រទេស​វៀតណាម ហើយ​​ជាង​១.០០០​ដុល្លារ​នៅ​សហ​រដ្ឋ​អាមេរិក​”។

សរីរាង្គ​សត្វព្រៃ​ ដូច​ជា​ ស្នែង​ និង​ស្បែក​ជាដើម​ ភាគច្រើន​ត្រូវ​បាន​គេ​រត់​ពន្ធ​យ៉ាង​ងាយ​ស្រួល​ គេច​ពី​គយ​នៅ​តាម​អាកាស​​យាន​ដ្ឋាន​។ ស៊ុត​ជារឿយ​ៗ​ត្រូវ​បាន​រុំ​ភ្ជាប់​នឹង​ខ្លួន​ ហើយ​សម្រាប់​សត្វ​ព្រៃតូចវិញ​  ត្រូវ​បានគេ​ធ្វើ​ឯកសារ​ក្លែង​បន្លំ​ថា ជា​សត្វ​ចិញ្ចឹម​។

អ្នកស្រី វ៉ាន់នីស​ បាន​មាន​ប្រសាសន៍​ថា “ សត្វ​រស់​មាន​ភាព​លំបាក​ជាង ​ពួកវា​ត្រូវ​បាន​គេ​ចាក់​ថ្នាំ​ឲ្យសន្លប់​ ហើយ​ជួន​កាល​ត្រូវ​បាន​គេ​ដាក់​ទឹកកក​ ដើម្បី​កុំ​ឲ្យ​វា​រើ” ក្នុងវ៉ា​លិស​​។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​តែ​ការ​ផ្ទុះ​ឡើង​នៃការ​ជួញ​ដូរ​សត្វ​ព្រៃ​សំខាន់​ៗមួយ​ចំនួន​ប៉ុណ្ណោះ​ នៅ​តាម​អាកាសយាន​ដ្ឋាន​របស់​ប្រទេស​កម្ពុជា​។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍ថា “ គេ​ជឿថាវា​មាន​ភាព​ងាយ​ស្រួល​នៅ​តាម​អាកាស​យាន​​ដ្ឋាន​នៅ​ទីនេះ​ គ្មាន​នរណាម្នាក់​អាច​ចាប់​ពួកគេ​បាន​ទេ​ ហើយ​ប្រសិន​បើ​គេ​អាច​ចាប់​បាន​ពួកគេ​ឲ្យ​ប្រាក់​​ដើម្បី​កុំ​ឲ្យ​ចាប់​”។

ជាផ្នែក​នៃការ​ផ្តួច​ផ្តើម​នេះ បុគ្គលិក​គយ​ អ្នក​ត្រួត​ពិនិត្យ​ទំនិញ និងវ៉ាលិស​​ព្រម​ទាំង​សន្តិសុខ​ប្រមាណ​ជា​៤០នាក់ នៅ​ឯអាកាស​យានដ្ឋាន​ភ្នំពេញ​ និង​អាកាស​យាន​ដ្ឋាន​សៀមរាប ត្រូវ​បាន​បណ្តុះ​បណ្តាល​ ដើម្បី​កំណត់​រក​សត្វ​ព្រៃ​ខុស​ច្បាប់ ហើយ​សង្ឃឹម​ថា ការ​បណ្តុះ​បណ្តាល​នេះ​ និង​អាច​ឈាន​ទៅ​រក​ការ​រក​ឃើញ​ និង​ការ​ចាប់​ខ្លួន​បាន​កាន់​តែ​ច្រើន​នៅ​ពេល​ខាង​មុខ៕
ប្រែសម្រួលដោយ ហួង កុកទៀន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស