29.6 C
Phnom Penh

គណបក្ស​ប្រឆាំងមាន​​​​​​សង្ឃឹម​​​​ប្រសិន​​​​​​បើ​​​លោក កឹម សុខា អាច​​​ទាក់​​​ទាញ​​​ប្រជា​​​ជន​​​នៅ​​​ជន​​​បទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​វាយ​បំបាក់​ ហើយ​ចុង​ក្រោយ​យក​ឈ្នះ​​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មកហើយ​។

ប៉ុន្ដែ អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​​​កាល​ពី​ម្សិលមិញ​ថា លោក​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ថ្មី​ពី​ប្រធាន​ស្ដី​ទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ទើប​តែ​បង្កើត​ថ្មី គឺ​លោក កឹម សុខា ដែល​​មិន​ដូច​​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​បារាំង​នោះ​ មាន​​សមត្ថ​ភាព​ច្រើន​ជាង​។

អ្នក​វិភាគ​លើក​ឡើង​ថា ទោះ​បី​ជាលោក​​​សម រង្ស៊ី គឺ​ជា​បេក្ខជន​​នាយក​រដ្ឋ​មន្ត្រី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​​លោក ​កឹម សុខា ប្រធាន​ស្ដី​ទី​របស់​គណបក្ស​នេះ​ដែល​​កំពុង​ដឹក​នាំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ​ហើយ​​​អ្នក​វិភាគ​និយាយថា ជោគ​ជ័យ​របស់​លោក​​នឹង​កំណត់​​អនាគត​របស់​គណបក្ស​ប្រឆាំង​​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​ថា តួនាទី​​ថ្មី​របស់​លោក​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ដែល​ទើប​រួប​រួម​​គ្នា បន្ទាប់​ពី​គណបក្ស​ សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​រួ​ម​បញ្ចូល​គ្នា​កាល​ពី​ឆ្នាំ​មុន​ គឺ​​ជា​វត្តមាន​​គួរ​ឲ្យ​ភ័យ​ខ្លាច​​​ចំពោះ​លោក ហ៊ុន​ សែន។

យោង​តាម​លោក ឡៅ ម៉ុងហៃ បាន​ឲ្យ​ដឹង​ថា មិន​ដូច​លោក សម រង្ស៊ី ដែល​គេ​ចាត់​ទុក​ថា​ជាវរជន​មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ ធំធាត់​និង​មាន​ការ​សិក្សា​នៅ​​អឺរ៉ុប​មុន​ពេល​លោក​ត្រឡប់​​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ លោក កឹម សុខា ត្រូវ​បាន​​ចាត់​ទុក​​ថា ជា​​មនុស្ស​មួយ​រូប​​ដែល​​បាន​បង្កើន​ការ​គាំទ្រ​ក្នុង​ចំណោម​​អ្នក​បោះ​ឆ្នោត​នៅ​ជន​បទ​​ ​ដែលធ្លាប់​គាំទ្រ​​លោក​ ហ៊ុន សែន​។

យោង​តាម​លោក ឡៅ ម៉ុងហៃ បាន​ឲ្យ​ដឹង​ថា មិន​ដូច​លោក សម រង្ស៊ី ដែល​គេ​ចាត់​ទុក​ថា​ជាវរជន​មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ ធំធាត់​និង​មាន​ការ​សិក្សា​នៅ​​អឺរ៉ុប​មុន​ពេល​លោក​ត្រឡប់​​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ លោក កឹម សុខា ត្រូវ​បាន​​ចាត់​ទុក​​ថា ជា​​មនុស្ស​មួយ​រូប​​ដែល​​បាន​បង្កើន​ការ​គាំទ្រ​ក្នុង​ចំណោម​​អ្នក​បោះ​ឆ្នោត​នៅ​ជន​បទ​​ ​ដែលធ្លាប់​គាំទ្រ​​លោក​ ហ៊ុន សែន​។
លោក​បាន​មានប្រសាសន៍​ថា “ ​​វិនិច្ឆ័យ​​តាម​​សំឡេ​ង​ និង​ការ​លើក​ឡើង​របស់​លោ​ក​នាយក​រដ្ឋ​មន្ត្រី និង​ជា​មេដឹក​នាំ​គណបក្ស​កាន់​អំណាច​ វា​ហាក់​ដូច​ជា​ គណបក្ស​កាន់​អំណាច​គ្មាន​​ទំនុក​​ចិត្ត​ដូច​មុន​​ទៀត​ឡើយ​”។

លោក ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា “​ រវាង​មេដឹក​នាំ​ទាំង​ពីរ [គឺ​លោក សម រង្ស៊ី និង​លោក កឹម ​សុខា ] លោក កឹម សុខា ហាក់​ដូចជា​មាន​លក្ខណ​ៈ​សម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ច្រើន​ជាង​។ លោក​និយាយ​ភាសា​​របស់​​មនុស្ស​​​សាមញ្ញ​ ហើយ​លោក​បាន​បង្កើន​​បណ្ដាញ​ស្រដៀង​​គ្នា​នឹង​បណ្តាញ​របស់​​គណបក្ស​កាន់​អំណាច​​”។ លោក​បាន​បន្ថែម​ថា តួនាទី​របស់​លោក កឹម​ សុខា ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​ចន្លោះ​​ពី​ឆ្នាំ​២០០២​ដល់​​២០០៧ ដែល​នៅ​ពេល​​នោះ លោក​បាន​ជួប​​ប្រជាជន​មូល​ដ្ឋាន​នៅ​តាម​បណ្ដាខេត្ត​ បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​អ្នក​នយោបាយ​ដែល​​មាន​ប្រជា​ប្រិយភាព​។

លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​​កម្ពុជា​ ក៏​បាន​យល់​ស្រប​ដែរ​ថា របៀប​ទាក់​ទាញ​ប្រជាពល​រដ្ឋ​តាម​បណ្ដា​ខេត្ត​​របស់​លោក កឹម សុខា ក៏​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​​មាន​​សំឡេ​ងដ៏​ខ្លាំង​ផង​ដែរ ពេល​ខ្លួន​ប៉ុន​ប៉ង​​តទល់​នឹង​ការ​​វាយ​ប្រហារ​តាម​ទូរ​ទស្សន៍​​ទូទាំង​ប្រទេស​​ពី​​សំណាក់​លោក ហ៊ុ​ន សែន។
លោក គល់​ បញ្ញា ​លើក​ឡើង​ថា “ លោក​បាន​ប្រើ​ពាក្យ​សាមញ្ញៗ​ជា​ច្រើន ដែល​ងាយ​យល់ ​ជាពិសេស​ក្នុង​ចំណោម​​ប្រជា​ពល​រដ្ឋ​​តាម​ទី​ជន​បទ​។ លោក​មិន​ប្រើ​ពាក្យ​បញ្ញវន្ត​ទេ ប៉ុន្ដែ ប្រើ​ពាក្យ​ដែល​ប្រជា​ពល​រដ្ឋ​ងាយ​យល់​។ លោក​គឺ​ជា​មនុស្ស​និយាយ​​​ឥត​សំចៃ​ ហើយ​ខ្ញុំ​គិត​ថា លោក​គឺ​ជា​មនុស្ស​ដែល​មាន​សម្ដី​​ដូច​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ងាយ​ស្រួល​យល់​​”។

លោក​បាន​បន្ថែម​ថា “ សម្ដី​សំដៅ​ និង​​លក្ខណៈ​​​សម្បត្តិ​​ ​ស្ទើ​រតែ​ដូច​​ [ លោក ហ៊ុន សែន ] ទៅ​ហើយ​”។

លក្ខណៈ​ទាក់​ទាញ​របស់​លោក ហ៊ុន សែន​​ក្នុង​​កិច្ចការ​នយោបាយ ដូច​ជា​ការ​អភិវឌ្ឍ​​ហេដ្ឋារចនា​សម្ព័ន្ធ​​ និង​​ការ​ធានា​នូវ​ស្ថិរភាព​នោះ​បាន​ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន​ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​​ច្រើន​។ គណបក្ស​ប្រជា​ជ​ន​កម្ពុជា​សព្វថ្ងៃ​មាន​អាសនៈ​ចំនួន​៩០​អាសនៈ​ក្នុង​ចំណោម​អាសនៈ​១២៣​។

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​លើក​ឡើង​ថា ថ្វី​បើ​លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​បោះ​ឆ្នោត​ជាតិ​នាខែ​កក្កដា គឺ​អាច​សន្និដ្ឋាន​ទុក​ជា​មុន​បាន​​ក្ដី​​​ លោក​ហាក់​បី​ដូចជា​មិន​អាច​ទទួល​បាន​ជ័យ​ជម្នះ​​ពី​​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ​។

លោក​បាន​បន្ថែម​ថា “ ​ខ្ញុំ​គិត​ថា ដោយ​សារ​ការ​រួម​បញ្ចូល​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​នេះ​ ហើយ​ដោយសារ​លោក នាយក​រដ្ឋ​មន្ត្រី​អាច​ធ្វើ​ឲ្យ​អំណាច​របស់​លោក សម រង្ស៊ី ធ្លាក់​ចុះ​​នោះ គោល​ដៅ​ដ៏​សំខាន់​ក្នុង​ពេល​​នេះ​​ គឺ​លោក កឹម សុខា”។

ការ​វាយ​ប្រហារ​របស់​លោក ហ៊ុន សែន ទៅលើ​លោក កឹម សុខា ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​ នៅពេល​លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏ធំមួយ​ប្រឆាំង​នឹង​លោក កឹម សុខា ​ចំពោះ​ការ​លើក​ឡើង​របស់​លោក កឹម សុខា ដែល​ថា វៀតណាម​បាន​ប្រឌិត​មន្ទីរ​ឃុំ​ឃាំង​ និង​ការ​​ធ្វើ​ទារុណកម្ម​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ នៅ​ឯ​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​ ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក ហ៊ុន សែន បាន​​មាន​​ប្រសាសន៍​ថា ការ​តវ៉ា​នេះ ដែល​នឹង​គ្រោង​ធ្វើ​​នៅ​ថ្ងៃ​អាទិត្យ អាច​ទាក់​ទាញ​មនុស្ស​ប្រមាណ​​ពីរម៉ឺននាក់​ឲ្យ​ចូល​រួម​។​នេះ​ជា​លើក​ដំបូង​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ ដែល​នៅ​ពេល​​នោះ លោក​បាន​អំពាវ​នាវ​ឲ្យ​​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​លើក​ឡើង​​​របស់​តួកុន​ថៃ​ ដែល​អះអាង​ថា ប្រាសាទ​អង្គរ​វត្ត​ជារបស់​ថៃ​ ដោយ​នៅពេល​នោះ​ លោក ហ៊ុន​សែន បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចេញ​មក​តវ៉ា​តាម​ផ្លូវ​ ហើយ​វា​ក៏​ជា​លើក​ដំបូង​ផង​ដែរ​ ដែល​លោក​បាន​វាយ​ប្រហារ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​តវ៉ា​បែប​នេះ​។

ចាប់​តាំង​ពី​លោក​បាន​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ​ក្នុង​ឆ្នាំ​១៩៩៣​ ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា ដែល​ឥឡូវ​បាន​បាត់​ឈ្មោះ​ទៅហើយ​មក​ លោក កឹម សុខា បាន​សុាំ​នឹង​ការ​ការ​ពារ​ខ្លួន​ដើម្បី​ទប់​ទល់​​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រួច​ទៅ​ហើយ។

កាល​ពី​ឆ្នាំ​១៩៩៨​ ​លោក កឹម សុខា ត្រូវ​បានដាក់​បម្រាម​​មិន​​ឲ្យ​ធ្វើ​ដំណើរ បន្ទាប់​ពី​លោក​បាន​ថ្លែង​សុន្ទរកថា​​ជា​ច្រើន​ដង​ នៅ​ក្នុង​ពិធី​ជួប​ជុំ​របស់​គណបក្ស​ប្រឆាំង​​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ឲ្យ​កើត​មាន​អំពើ​​ហិង្សា​ ក្នុង​ចលនា​ប្រឆាំង​វៀតណាម ដែល​បាន​ធ្វើ​ឲ្យ​​មាន​ការ​វាយ​សម្លាប់​ជន​ជាតិ​វៀត​ណាម​​ចំនួន​បួននាក់​​។

លោក កឹម សុខា ដែល​មិន​បាន​ឈ្នះ​អាសនៈ​​​ក្នុង​រដ្ឋ​សភា​ នៅ​ពេល​ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ​​របស់​គណបក្ស​លោក សឺន សាន ដែល​ដំណើរ​ការ​បាន​ត្រឹម​មួយ​រយៈពេល​ខ្លី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ឆ្នាំ​​នោះ​បាន​បង្ហាញ​ខ្លួន​​នៅ​ក្នុង​តុលាការ​ ហើយ​លោក​បាន​បដិសេធ​ថា មិន​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ និង​បាន​រួច​ផុត​​ពីការ​កាត់​ទោស​។

ក្នុងឆ្នាំ​​២០០៦លោក កឹម សុខា ​ដែល​​ពេល​​នោះ​​ជា​ប្រធា​ន​​​​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​​កម្ពុជា​​ត្រូ​វ​បា​ន​​កោះ​ហៅ​ឲ្យ​ទៅ​​តុ​លាការ​​ម្ត​ងទៀត​ ​រួ​មជាមួយ​នឹង​សកម្ម​ជ​ន​សិទ្ធិ​មនុស្ស​​ចំ​នួន​​បួ​ន​នាក់​​ទៀត​ និង​ត្រូ​វ​​បា​ន​​ចោទ​​ប្រ​កាន់​​​ពី​បទ​បរិ​ហា​រកេរ្តិ៍​ចំ​ពោះ​​​កា​រ​​​​ធ្វើ​អត្ថា​​ធ​ិ​ប្បាយ​រិះ​គន់​​កា​រ​​ចុះ​​​ហត្ថ​លេខា​​​​របស់​លោក ​​ហ៊ុន សែន ​លើ​កិច្ចព្រ​ម​ព្រៀង​ព្រំ​ដែន​ដ៏​ចម្រូ​ង​​ចម្រាស​មួ​យ​​​​ជា​មួ​យ​វៀត​ណា​ម​។ ក្រុ​ម​នេះ​ ដែល​រួម​មាន​​​លោក​ ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុ​​​​សម្បុក​ឃ្មុំ​ឯក​រាជ្យ និង​លោក រ៉ុង ឈុន​ ប្រធាន​សហ​ភាព​សហ​ជីពកម្ពុជា​ ត្រូ​វ​បា​ន​​ឃុ​ំ​​ខ្លួន​​​ជា​បណ្តោះ​អា​សន្ន​​អស់​រយ​ៈ​​​ពេល​ប្រហែល​​មួយ​ខែ​ មុ​ន​ពេល​លោក ហ៊ុន សែន ​​ប្រ​កាស​ពី​​​​កា​រ​ដោះ​លែង​​​​ពួ​ក​គាត់​។

​​ទោះ​​​ជាយ៉ាង​​ណា ​ប្រវត្តិ​​​​របស់​លោក កឹម សុ​ខា ជា​​អ្នក​ប្រ​ឆាំ​ង​​​​ដ៏​ខ្លាំង​​​របស់​​លោក ហ៊ុន សែន នោះ ស្ថិត​ក្រោម​​កា​រ​​ពិនិត្យ​ពិ​ច័យ​ក្នុង​ឆ្នាំ​​២០១១ ដែល​នៅ​ពេល​​នោះ ខ្សែ​​​អា​ត់​​​សំឡេង​​នៃ​​កា​រ​​សន្ទ​នា​​​តា​ម​ទ​ូ​​រ​ស័ព្ទ​​ក្នុង​ឆ្នាំ​​២០០៧ រវា​ង​​លោក​ទាំ​ង​ពី​រ​​​បា​ន​លេច​ធ្លាយ​។ ​​ក្នុង​ខ្សែ​​អាត់​​ ដែល​​​ជា​កត្តា​សំ​ខាន់​មួ​យ​​ក្នុ​ង​កា​រ​​បំ​បែក​ការ​​ចរចាពី​កា​ររួ​ម​បញ្ចូ​លគ្នា​​​របស់​​គណ​បក្ស​ប្រ​ឆាំ​ង​​​នៅ​ឆ្នាំ​នោះ គេ​ឮ​​ លោក កឹម សុ​ខា ​បា​ន​​សួ​រ​លោក​ ហ៊ុន សែ​ន ថា​​ត្រូ​វ​ទាញ​​យ​ក​​សមា​​ជិក​​ពី​គណ​បក្ស​​​ សម រង្ស៊ី​ យ៉ាង​​ម៉េច។

លោក សឺន ស៊ូបែរ្តិ៍ ​ដែល​​ជំ​នួស​លោក កឹម សុខា ​ជា​ប្រធា​ន​​គណ​បក្ស​សិទ្ធិ​មនុស្ស​ ​​​ថ្លែ​ង​ថា ទោះ​ជា​យ៉ាង​ណា​ ដោ​យ​​មាន​​​ប្រវត្តិ​​ចុះ​ជួប​​​​​​​អ​្នក​ភូមិ​នៅ​តាម​ខេត្ត​ ​​​ក្នុង​ឋា​នៈ​​ជា​ប្រធា​ន​​មជ្ឈ​មណ្ឌ​លសិទ្ធិ​​មនុស្ស​កម្ពុជា ហើយ​ក្រោ​យ​មក​​ជា​ប្រធា​ន​​គ​ណ​បក្សសិទ្ធិ​មនុស្ស​ លោក កឹម ​សុ​ខា​​ធ្វើ​ឲ្យ​គណ​បក្ស​​ប្រ​ឆាំ​ង​​មា​ន​ជ​ំហរ​ដ៏​​រឹង​មាំ​​​​ជា​ង​មុន​ក្នុង​ចំណោម​ប្រជា​​​​​ពល​រដ្ឋ​ខ្មែរ​​​​ភាគ​ច្រើន​​នៅ​តា​ម​​​ជ​ន​បទ​​ដាច់​ស្រយាល។

លោកបាន​បន្ត​ថា “ ​ខណ​ៈ​ដែល​លោក​​​ជា​មេដឹក​នាំ​​គណ​បក្ស​​សិទ្ធិ​មនុស្ស កា​រ​​ងារ​​របស់​លោក​មា​ន​ប្រសិទ្ធ​​​ភាព​ណាស់​។ លោក សម រង្ស៊ី ជា​មនុស្ស​​មា​ន​​​ចំណេះ​ដឹង​ច្រើន ហើយ​អាច​​និ​យាយ​​​​​ជា​មួ​យ​​បញ្ញវន្ត និង​​អ្នក​មា​ន​ចំ​ណេះ​​ដឹង​ជ្រៅ​ជ្រះ​​ ចំ​ណែក​ឯ​លោក កឹម សុខា ​​អា​ច​និយា​យ​​​​​ជាមួ​យ​​អ្នក​មាន​ចំណេះ​​​តិច​​តួច​”។

គណ​បក្ស​​សិទ្ធិ​មនុស្ស​​បាន​ធ្វើ​ឲ្យ​មា​ន​កា​រ​ភ្ញាក់​ផ្អើល​​តិច​តួច​​ពេល​ខ្លួន​ចូល​រួម​​កា​រ​បោះ​ឆ្នោត​ជ្រើស​តាំ​ង​​តំ​ណា​ង​​រាស្ត្រ​​ជា​លើក​ដំ​បូ​ង​​ក្នុងឆ្នាំ​២០០៨ ​និង​បា​ន​​ទទួល​អា​ស​នៈ​ចំ​នួន​​បី​ក្នុង​​រដ្ឋសភា ប៉ុន្តែ​បា​ន​បង្ហាញ​​​ពី​កម្លាំង​​​នៅ​ថ្នាក់​មូ​ល​ដ្ឋាន​​​របស់​ខ្លួន​​​នៅ​ក្នុង​កា​រ​បោះ​ឆ្នោត​​​ឃុំ​​-​សង្កាត់​ឆ្នាំ​​២០១២ ​ដែល​ពេល​នោះ​​ទទួល​បាន​​​អា​សន​​ៈ​មេឃុំ​​​ចៅ​សង្កាត់​ចំ​នួន​១៨​ ​គឺ​ស្ទើរ​​​តែ​ស្មើ​​គ​ណ​បក្ស​​ សម រង្ស៊ី​ ​ដែល​​ទទួល​​​បា​ន​​​តំ​ណែ​ង​ជា​មេ​ឃុំ​​ចំ​នួន​២២។ គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជាទទួល​​​បា​ន​​១.៥៩៣​​អាសនៈ​ ​ដោ​យ​បង្ហាញ​​ថា ​​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជានៅតែ​ឈ្នះ​លើស​លប់​នៅ​ទូ​ទាំង​​ប្រទេ​ស​​។

លោក មឿន​ ឈាន​ណា​​រិទ្ធ មាន​ប្រសាសន៍​​​​ថា ​ប៉ុន្តែ ទោះ​​បី​​​​លោក កឹម សុ​ខា ​​អាច​​ទាក់​ទាញ​​​អ្នក​​បោះ​ឆ្នោត​​នៅ​ជ​ន​បទ​​ ដែល​​ជា​មូ​ល​ដ្ឋាន​​គាំ​ទ្រ​​លោក ហ៊ុន សែន និង​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​​អស់​រយៈ​ពេល​​ជា​ង​​ពីរ​ទស​វត្ស​រ៍​​​​​​មក​ហើយ នោះ​ បាន​ច្រើន​​ក៏​ដោយ​ ក៏បរិយា​កាស​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​បច្ចុប្បន្ន​​ធ្វើ​ឲ្យ​​គ​ណ​បក្ស​ប្រឆាំ​ង​​​មាន​ការ​លំ​បាក​​​ក្នុង​កា​រផ្សព្វ​ផ្សាយ​ប្រជា​​ប្រិយ​ភាព​​ដ៏​ខ្លាំង​​​​របស់​លោក​​​ដែរ។
លោក​​​​បន្តថា ប្រសិ​ន​បើ​គាត់​​​មាន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ច្រើន​​​​ដូចលោក ហ៊ុន សែ​ន ​មិន​ដឹង​​ខុ​ស​គ្នា​​យ៉ាង​​​ណា​​​ទេ​​។ ប៉ុន្តែ​​បញ្ហា​ត្រង់​ថា ​គណ​បក្ស​សង្គ្រោះ​​​ជាតិ​មិន​​មា​ន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ទេ​”៕
(រាយ​កា​រ​​ណ៍​បន្ថែម​ដោ​យ ផន បុប្ផា)
ប្រែ​សម្រួលដោយ​ ស៊ា ស៊ុយឈាង
និង ចេវ ប៊ុននី
​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស