33.2 C
Phnom Penh

ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​សម្ដី​​របស់លោក កឹម​ សុខា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្វី​​ដែល​ត្រូវ​បាន​ចាត់​ទុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្ដាហ៍​​នេះថា ​ជា​​ការ​កើន​ឡើង​​នៃ​កំហឹង​ពី​ប្រជាជន​​ប្រឆាំង​លោក កឹម សុខា មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ចំពោះ​​ពាក្យ​សម្ដី​​ ដែល​លោក​បាន​និយាយ​​ថា ខ្មែរ​ក្រហម​មិន​​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​នៅ​គុក​​ទួល​ស្លែង​នោះ​ បាន​ប្រែ​ក្លាយ​ទៅ​​ជា​ការ​​ជួប​ជុំ​ផ្នែក​នយោ​បាយ​​របស់​មនុស្ស​រាប់​ពាន់​នាក់​​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ កាលពី​ម្សិលមិញ ​ដែល​​មាន​ការ​គាំ​ទ្រ​យ៉ាង​ច្បាស់​​ពី​អាជ្ញាធរ​មូលដ្ឋាន។

លោក ជុំ មុី អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង កាលពី​ដំបូង​បាន​ប្រកាស​ថា លោក​គ្រោង​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាក់​ផ្សាយ​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ដែល​ចោទ​​ប្រទេស​វៀតណាម​​ថា បាន​ប្រឌិត​ឧក្រិដ្ឋ​​កម្ម​របស់​​​ខ្មែរ​ក្រហម​នៅ​ឯ​គុក​ទួល​ស្លែង ដែល​នៅ​​ទីនោះ​មនុស្ស​ក្មេង​ ចាស់ ប្រុស​ ស្រី ប្រហែល​​​១២.០០០​នាក់ បាន​ត្រូវ​គេ​ធ្វើ​ទណ្ឌកម្ម​ និង​សម្លាប់​ចោល​។

លោក កឹម សុខា ប្រធាន​ស្ដីទី​​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​​ជា​គូប្រជែង​យ៉ាង​សំខាន់​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​នោះ​ ផ្ទុយ​ទៅ​វិញ​​បាន​ចោទ​រដ្ឋាភិបាល​ថា បាន​​កាត់​ត​ខ្សែ​អាត់​សំឡេង​របស់​លោក​​ និង​​ប្រើប្រាស់​​លោក ជុំ មុី  ឲ​្យ​ធ្វើ​ជា​អ្នក​​រៀប​ចំ​ការ​តវ៉ា​កាល​ពី​ម្សិលមិញ​នេះ​។

លោក ជុំ មុី បាន​ប្រើ​ឧគ្ឃោសនសព​្ទ​​និយាយ​​​ទៅ​​កាន់​ក្រុម​អ្នក​តវ៉ា​នៅ​ឯ​សួន​សេរីភាព​ពី​លើ​រថយន្ត​​មួយ​ថា “ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​លោក​ កឹម សុខា សូម​អភ័យ​ទោស​នៅ​ឯ​សារមន្ទីរ​ទួល​ស្លែង​ប៉ុណ្ណោះ​។ ហេតុអ្វី​បាន​ជា​លោក កឹម សុខា មិន​អាច​អុជ​ធូប​បី​សរសៃ​នៅ​ទី​នោះ? ​តើ​វា​ធ្ងន់​ស្រាល​​ប៉ុណ្ណា​​ ក្នុង​ការ​សូម​អភ័យ​ទោស​ចំពោះ​អ្វី​ដែល​គាត់​បាន​និយាយ​នោះ? ប្រសិន​បើ​យើង​និយាយ​នៅ​ឯ​ទួល​​ស្លែ​ង​​​ប្រជា​ពល​រដ្ឋ​នឹង​មាន​អារម្មណ៍​ល្អ ហើយ​វិញ្ញាណ​ក្ខន្ធ​​របស់​​​​ជន​រង​គ្រោះ​ក៏ស្ងប់​ដែរ។​

ទោះជា​យ៉ាង​ណា​មុន​ពេល​បញ្ចប់​លោក ជុំ មុី ​មាន​ប្រសាសន៍​ហាក់​ដូច​ជា​ធ្វើ​យុទ្ធនា​ការ​​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​អ៊ីចឹង។

លោក ជុំ មុី ​សួរ​ក្រុម​អ្នក​តវ៉ា​ថា “ តើ​​បង​ប្អូន​​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​លោក កឹម សុខា  បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ? តើ​​បង​ប្អូន​​ដឹង​ទេ​ តើ​គាត់​ចង់​បាន​អ្វី? តើគាត់​​ចង់​សង្គ្រោះ​ជាតិ​ឬ? [លោក​នាយក​រដ្ឋមន្ត្រី] ហ៊ុន​សែន [លោក​ប្រធាន​ព្រឹទ្ធសភា​] ជា ស៊ីម និង [លោក​ប្រធាន​រដ្ឋ​សភា​] ហេង សំរិន បាន​បង្កើត​​រណសិរ្ស​​រួប​រួម​ ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា​”។

លោក​បាន​បន្ត​ថា ពេល​នេះ​ពួក​គាត់​បាន​អភិវឌ្ឍ​ប្រទេស​ជាតិ។​ បងប្អូន​​អាច​មើល​​ឃើញ​។ គ្រប់​ទីកន្លែង​មាន​សាលា​រៀន​ មន្ទីរ​ពេទ្យ​ ស្ពាន​ ផ្លូវ​ថ្នល់ និង​អ្វីៗ​គ្រប់​យ៉ាង​​។ តើ [លោក កឹម សុខា] ចង់​បាន​អ្វី​ទៀត? លោក កឹម សុខា អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ ផ្លាស់​ប្ដូរ ផ្លាស់ប្ដូរ។ តើ​ផ្លាស់​ប្ដូរ​អ្វី​ទៅ? ពួកគាត់​ [មេដឹកនាំ​គណបក្ស​ប្រជា​ជន​] បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ។​ ហេតុអ្វី​យើង​ត្រូវ​ផ្លាស់​ប្ដូរ​ទៀត។

ទោះបី​ជា​លោក ជុំ មុី បាន​​​​សន្យា​ថា​នឹង​មាន​ក្រុម​អ្នក​តវ៉ា​ប្រហែល​២០.០០០​នាក់ ក៏​ដោយ ​ក៏​មាន​មនុស្ស​មិន​ដល់​ពាក់​កណ្ដាលទេ ដែល​បាន​​មក​ចូល​រួម​។​ ចំណែក​​មនុស្ស​រាប់​ពាន់​នាក់​ដែល​​ខឹង​នឹង​សម្ដី​របស់​លោក កឹម សុខា នោះ​ ក៏​មាន​សភាព​ស្ងប់​ស្ងាត់ដែរ។ គ្មាន​​​នរណា​ម្នាក់​ អបអរសាទរ​លោក ជុំ មុី​ ទេ ហើយ​មាន​តែ​ការ​ទះដៃ​រប៉េះ​រប៉ោះ​ ឬ​លើក​ដៃ​ពី​របី​​ដង​​ប៉ុណ្ណោះ។

នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​នោះ លោក​ប៊ិន សុធី កំពុង​កាន់​បដា​យ៉ាង​វែង​ផ្នែក​ខាង​ឆ្វេង​ដែល​និយាយ​ថា“ លោក កឹម សុខា កំពុង​តែ​​ប្រឆាំង​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម​”។

លោក ប៊ិន សុធី ប្រជាជន​មក​ពី​​សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​សង្កាត់​បាន​ធ្វើ​បដា​នេះ​ឲ្យ​យើង​”។

ទោះបីជា​រដ្ឋាភិបាល​ បាន​លូក​ដៃ​ក៏ដោយ​ក៏លោក ប៊ិន សុធី ​អះអាង​ថា ពុំមាន​នរណា​ម្នាក់​​ជំរុញឲ្យ​​រូប​លោក​​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​ទេ។

លោក​បាន​បន្ត​ថា“ខ្ញុំ​ឈឺចាប់​​ណាស់​ពេល​បាន​ឮ​គាត់ [លោក កឹម សុខា​] និយាយ​ដូច្នេះ ពីព្រោះ​ខ្ញុំ​គឺ​ជា​ជន​រង​គ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម។ ខ្ញុំ​គិត​ថា គាត់​មិន​មែន​ជា​ខ្មែរ​ទេ។

លោក ម៉ាត់ សាឡេស អ្នក​តវ៉ា​​ម្នាក់​ផ្សេង​ទៀត​បាន​និយាយ​ថា គាត់​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ ប៉ុន្តែ​សោ​ហ៊ុយ​​ធ្វើ​ដំណើរ​ពី​ខណ្ឌ​ឫស្សីកែវ មក​សួន​សេរីភាព​នេះ​ រដ្ឋា​ភិបាល​ជា​អ្នក​ចេញ​ឲ្យ​។

លោក​បាន​បន្ត​ថា “ ខ្ញុំ​ជិះ​រថយន្ត​ជា​មួយ​មនុស្ស​៧០​នាក់​ផ្សេង​ទៀត ហើយ​អាជ្ញាធរ​ខណ្ឌ​បាន​ចេញ​ថ្លៃ​រថយន្ត​ឲ្យ ហើយ​អ្នក​ខ្លះ​ទៀត​បាន​នុំ​ប៉័ង និង​ទឹក​សុទ្ធ​ទៀត​ផង​”។

នៅ​ឯ​សួន​សេរីភាព បន្ទាប់​ពី​ម៉ោង​៩​ព្រឹក​បាន​កន្លង​ផុត​ភ្លាម​ លោក ជុំ មុី បាន​ដឹកនាំ​ក្បួន​រថយន្ត​ និង​ម៉ូតូ ដែល​មាន​អ្នក​តវ៉ា​ប្រហែល​២.០០០​នាក់ ឆ្ពោះ​ទៅ​ទី​ស្នាក់ការ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។

បន្ទាប់​ពី​ចរចា​ជាមួយ​នឹង​អ្នក​សម្រប​សម្រួល​​​រួច​ លោកស្រី មូរ សុខហួរ បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​​ជា​មួយ​លោក ជុំ មុី នៅ​ខាង​ក្រៅ​ទ្វា​របង​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​រយៈ​ពេល​ប៉ុន្មាន​នាទី​ដោយ​ភាព​រួស​រាយ​រាក់​ទាក់ ដែល​នៅ​ទីនោះ​លោកស្រី​ មូរ​ សុខហួរ បាន​ទទួល​យក​ញត្តិ​របស់​លោក ជុំ​ ម៉ី ​ដែល​ស្នើសុំ​ឲ្យ​លោក​ កឹម សុខា សូម​អភ័យ​ទោស​។​​​​​​​

លោកស្រី ណាលី ពីឡូក (Naly Pilorge )​ នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែង​ថា ​​រដ្ឋាភិបាល​លូក​ដៃ​ក្នុង​ការ​តវ៉ា​ទាំង​អស់​។ បុគ្គលិក​របស់​លោកស្រី​បាន​ជួប​ជាមួយ​អ្នក​តវ៉ា​មួយ​ចំនួន​ដែល​និយាយ​ថា ពួកគាត់​ត្រូវ​គេ​ជួល​​ឲ្យ​ម​ក​​ចូល​រួម​ការ​តវ៉ា​នេះ​​។

លោកស្រី​បាន​បន្ត​ថា “ ពួកគាត់​មួយ​ចំនួន​​មិនទាំង​ដឹង​ថា ​នេះ​គឺ​ជាការ​តវ៉ា​អំពី​អ្វី​ផង។ ពួកគេ​គ្រាន់​តែ​ដឹង​ថា ត្រូវ​បង្ហាញ​មុខ​ប៉ុណ្ណោះ។​អ្នក​ខ្លះ​និយាយ​ថា ពួកគាត់​​ទទួល​បាន​ប្រាក់​ពី​៣០.០០០​រៀល ទៅ​៥០.​០០០​រៀល”។

នៅ​ខាង​ក្រៅ​រាជធានី​ភ្នំពេញ​វិញ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ពាន់​នាក់​ទៀត បាន​ចូល​រួម​ការ​តវ៉ា​ និង​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ នៅ​ទូទាំង​ប្រទេស​។ យោង​តាម​បុគ្គលិក​ចុះ​ផ្ទាល់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ឲ្យ​ដឹង​ថា មាន​ប្រជា​ពល​រដ្ឋ​ជាង​១៣.០០០​​នាក់ ចូល​រួម​ការ​តវ៉ា​ប្រឆាំង​នឹង​លោក កឹម សុខា នៅ​ក្នុង​ខេត្ត​យ៉ាង​ហោច​ណាស់​ចំនួន​១៤​ ដោយ​រាប់​ទាំង​ខេត្ត​បាត់​ដំបង និង​ខេត្ត​កំពង់​ឆ្នាំង​ផង។

អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​កំណត់​ចំនួន​​អ្នក​តវ៉ា​នៅ​ទូទាំង​ប្រទេស រួម​​ទាំង​រាជ​ធានី​​ភ្នំពេញ​ផង មាន​​ប្រហែល​៣០.០០០​នាក់។

លោកស្រី ណាលី ពីឡូក ​មាន​​ប្រសាសន៍​​ថា អ្នក​តវ៉ា​មួយ​ចំនួន​​ក្នុង​ចំណោម​នោះ ក៏​មាន​ពាក់​សញ្ញា​របស់​រដ្ឋាភិបាល​ដែរ។

លោកស្រីបាន​បន្ត​ថា“ ពួកគេ​​ស្រដៀង​​គ្នា​​នឹង​អ្នក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ដោយ​ដឹង​ថា រថយន្ត​ និង​សម្ភារ​ [ របស់​រដ្ឋាភិបាល​] ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ ហើយ​មេភូមិ និង​មន្ត្រី​​ថ្នាក់​ស្រុក​ជាអ្នក​រៀប​ចំ​​មនុស្ស​។

ប៉ុន្ដែ មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ថា មិន​​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​តវ៉ា​នេះ​ទេ។

លោក ផៃ សុីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា “ បញ្ហា​នេះ [គឺ​] គ្មាន​អ្វី​ពាក់​ព័ន្ធ​ជាមួយ​​រដ្ឋាភិបាល​នោះ​ទេ។ វា​​ពាក់​ព័ន្ធ​តែ​​ជា​មួយនឹង​​​ប្រជា​ពល​រដ្ឋ​​ប៉ុណ្ណោះ។ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ធ្វើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល។ ពួកគាត់​សម្ដែង​សិទ្ធិ​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់​​”។

លោក ឈាង វុន តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រសាសន៍​ថា ទំហំ​នៃ​អ្នក​តវ៉ា​ដែល​បាន​ចូល​រួម​ធ្វើ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​នោះ​បង្ហាញ​ថា រដ្ឋាភិបាល​​​មិន​បាន​ពាក់​ព័ន្ធ​នោះ​ទេ។

លោក​​បន្ត​ថា “ តើ​យើង​អាច​មាន​ក្រមា​និង​លុយ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​អ្នក​តវ៉ា​​ដោយ​របៀប​ណា? យើង​មិន​បាន​សុំ​​ឲ្យ​នរណា​ម្នាក់​មក​ធ្វើ​ការ​តវ៉ា​នោះទេ”។

លោកស្រី មូរ​ សុខហួរ ដែល​បាន​ជួប​លោក ជុំ មុី នៅ​ខាង​ក្រៅ​ទីស្នាក់ការ​គណ​បក្ស​​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា គោល​ជំហរ​របស់​គណបក្ស​មិន​បាន​ផ្លាស់​ប្ដូរ​ទេ ហើយ​លោក កឹម សុខា ក៏​នឹង​មិន​សូម​អភ័យ​ទោស​ចំពោះ​​ពាក្យ​សម្តី​​ ដែល​គាត់​អះអាង​​ថា​គាត់​មិន​ដែល​បាន​និយាយ​ដែរ​។

លោកស្រី​បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្នុង​​ទីស្នាក់ការ​គណបក្ស​ភ្លាម​ៗបន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បានជិះ​រថយន្ដ​​ចេញទៅ​អស់​ថា វា​ច្បាស់​​​ណាស់​​​នូវ​​អ្វីដែល​​លោក​ កឹម សុខា បាន​និយាយ ហើយ​​យើង​បាន​រួប​រួម​គ្នា​នៅ​ពីក្រោយ​​​គាត់។ សារ​យ៉ាង​ច្បាស់​​មួយ​ចេញ​ពី​យើង​ គឺ​ជា​សារ​សន្តិ​ភាព​សម្រាប់​កម្ពុជា​។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ថា យើង​​គោរព​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ ​ក្នុង​ការ​និយាយ​​​អ្វី​ដែល​ពួក​ចង់​​និយាយ​នៅ​ក្នុង​ញត្តិ​របស់ពួកគាត់​​”៕
ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស