32.5 C
Phnom Penh

វរសេនីយ៍ត្រី​កង​ទ័ព​​​​អា​មេរិក​​​ជាប់ទោស​​​ពីបទ​​​ធ្វើ​ឲ្យ​​លេចធ្លាយ​​ទិន្នន័​យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋាភិបាល​​​កម្ពុជា​​​​បាន​​​អះអាង​​​​កាល​ពី​​ម្សិលមិញ​ថា ខ្លួន​​​​មិន​ដឹង​រឿង​​​​វរសេនីយ៍ត្រី​កង​ទ័ព​អាមេរិក​​ដើម​​​កំណើត​​​​​​​កម្ពុជា​​​ម្នាក់​​​ ដែល​​ត្រូវ​បាន​កាត់ឲ្យ​​​ជាប់​​​ទោស​នៅអាមេរិក​​​កាល​​ពី​ថ្ងៃ​សុក្រ​​​ ពីបទ​រក្សា​​​ទុក ​​​​និង​បញ្ជូន​​​​បន្ត​​​នូវ​​​ឯក​សារ​​​​​​ចារកម្ម​​​​​​​​​សម្ងាត់​​​របស់​​​ជាតិ​​​ដោយ​ខុស​ច្បាប់ និង​ពីបទ​​​មាន​​​ទំនាក់ទំនង​​​ដោយ​គ្មាន​ការ​អនុញ្ញាត​​ជាមួយ​មន្ត្រី​កម្ពុជា​​​ទេ​​​​។

យោង​តាម​សេចក្ដី​រាយការណ៍​​​​​​​របស់​​​​ទីភ្នាក់​ងារ​ព័ត៌មាន​អាប៉េ (Associated Press) និង​ទីភ្នាក់​ងារ​​​​ព័ត៌មាន​​​ផ្សេងៗ​​​ទៀត​បាន​ឲ្យ​ដឹង​ថា វរសេនីយ៍​ត្រី​ សេវីរៈ អុីនសុន (Seivirak Inson)​ត្រូវ​បាន​​​កាត់​​​ឲ្យ​​​ជាប់ទោស​​​និង​​​​ផ្ដន្ទាទោស​ដាក់​​​​ពន្ធ​នាគារ​រយៈ​ពេល​១០​ឆ្នាំ​ដោយ​គណៈ​វិនិច្ឆ័យ​យោធា​ ដែល​​​ក៏​​​បាន​​​​ដក​​​ប្រាក់​​​បៀវត្សរ៍​​​​​​​​របស់​ជន​នេះ​ និង​​បណ្ដេញ​រូបគេ​​​ចេញ​ពី​ជួរ​​​កង​ទ័ព​​​​​​​ក្រោយការ​​​បំពេញ​​​កាតព្វកិច្ច​​​​​​យោធា​​​អស់​​​​រយៈ​ពេល​២០​ឆ្នាំ​។

ឧត្ដមសេនីយ៍​​​ ហុីង​​​ ប៊ុនហៀង​​​ មេបញ្ជា​ការ​​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​ប្រធាន​​​កង​អង្គរក្ស​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​ បាន​អះអាង​​​​ថា​​​ លោក​មិន​​​ដឹង​​​រឿង​​​​​​នេះ​​​​​​ទេ​​​ ហើយ​​​ក៏​​​គ្មាន​ទំនាក់​ទំនង​ជាមួយ​​វរ​សេនីយ៍​ត្រី អុីនសុន​ នោះ​ដែរ​​​។

លោក​បាន​មាន​​​ប្រសាសន៍​​​​ដោយ​មិន​បាន​​​បរិយាយ​​​លម្អិត​​​​ថា“ យើង​​​គ្មាន​​​អ្វី​​​ជាប់​​​​ពាក់​ព័ន្ធ​ជាមួយ​​​គាត់​ទេ​។ ខ្ញុំ​មិន​ស្គាល់​គាត់​ឡើយ​”។  លោក ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈ​​​រដ្ឋ​មន្ត្រី​ ក៏​​អះអាង​​​​ផងដែរ​ថា លោក​មិន​​ដឹង​រឿង​​​​នេះ​ទេ​ ប៉ុន្ដែ​​​​​បាន​សម្ដែង​ក្តី​​​សង្ឃឹម​​ថា​​​ រឿង​​​នេះ​នឹង​​​មិន​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​​​រវាង​​​​​​​​​​កម្ពុជា​​​​ និង​​​សហរដ្ឋ​​​​អាមេរិក​​​ឡើយ​​​។

លោក​បាន​មានប្រសាសន៍​ថា “ ពលរដ្ឋ​​​​ខ្មែរ​​​សញ្ជាតិ​អា​មេ​រិក​ ទោះជា​​​អ្នកណា​​​ក៏​​​ដោយ​​​ គឺ​​​គួរ​តែ​គោរព​ច្បាប់​។ មិន​ថា​ពួក​គេ​ជា​នរណា​ទេ​ប្រសិន​បើ​​ពួក​​​គេ​​​​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​បរទេស​​[ អាមេរិក​​​] ពួក​គេ​ត្រូវ​តែ​បម្រើ​​​​ផល​ប្រយោជន៍​​អាមេរិក​។យើង​​មិន​​​ចង់​ឲ្យ​រឿង​នេះ​​​បង្កើត​​​​​​ភាព​​​ល្អក់​​​កករ​​​​រវា​ង​ប្រទេស​ទាំង​ពី​រឡើយ​​​”។

លោក​ឧត្ដមសេនីយ៍​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​មន្ត្រី​ផ្សេងៗ​​​​ទៀត​នៅ​ក្រសួង​នេះ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​​​។ យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌​មាន​​​នៅ​​​​​​​អាមេរិក​​​ ​​​ឲ្យ​​​ដឹង​​​ថា​​​ ក្នុង​ចំ​ណោម​ឯកសារ​ដែល​​វរសេនីយ៍​ត្រី​ អុីន​សុន បាន​​​រក្សា​​​ទុក​​​ដោយ​ខុស​ច្បាប់​នោះ​ គឺ​​ “ឯកសារ​​​សម្ងាត់​​​ស្តីពី​​​យុទ្ធសាស្ត្រ​​​ដែន​សមុទ្រ​​របស់​​បញ្ជា​ការ​ប៉ាស៊ីហ្វិក​អាមេរិក​​​​” ដែល​ “​គាត់​​​ជឿ​ថា អាច​ប្រើ​ដើម្បី​ធ្វើ​ឲ្យខូច​​​ប្រយោជន៍​​​របស់​​​​សហ​រដ្ឋ​អាមេរិក​”។

សារព័ត៌មាន​ Honolulu Star-Advertiser បាន​ធ្វើសេចក្តី​​​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា វរ​សេនីយ៍ត្រី​ អុីន​សុន ក៏​ត្រូ​វ​បាន​​​កាត់ឲ្យ​​​ជាប់​ទោស​ពីបទ​មិន​រាយការណ៍​អំពី​ទំនាក់​ទំនង​ដែល​ខ្លួន​​​​មាន​​ជាមួយ​មន្ត្រី​យោធា​ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ និង​ពី​បទ​ផ្តល់​​ឯកសារ​​​វាយ​តម្លៃ​​​​ព័ត៌មាន​​​​​ចារកម្ម​​​​សម្ងាត់​អំពី​​​​ប្រទេស​​​កម្ពុជា​ទៅឲ្យ​បុគ្គល​ដែល​គេ​មិនបញ្ចេញ​​​អត្ត​សញ្ញាណ​​​​​ម្នាក់​​​​នៅ​ចន្លោះ​ឆ្នាំ​២០០៩​ ​​​ដល់​ឆ្នាំ​​​​២០១២​​​ផងដែរ​​​។

ប៉ុន្តែ​​​​​​ គណៈវិនិច្ឆ័យ​​​​យោធា​​​អាមេរិក​​​ តាម​សេចក្ដី​រាយ​ការណ៍​ថា មិន​​​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​​​របស់​​​វរសេនីយ៍ត្រី​ អុីនសុន ​​​​ពាក់ព័ន្ធ​​​នឹង​​​ការ​ប្រមូល​ព័ត៌មាន​អំពី​ជន​កម្ពុជា​ផ្សេង​​​​ៗ​​​ទៀត​​ដែល​​​​បម្រើ​ការ​ងារ​​​​ក្នុងជួរ​​​​កង​ទ័ព​អាមេរិក​ ក្នុង​​​​​បំណង​បញ្ជូន​ព័ត៌មាន​​​សម្ងាត់​​​​បន្ត​​​ទៅ​ឲ្យ​យោធា​កម្ពុជា​ឡើយ​។

ទោះ​ជា​យ៉ាងណាក្តី​​ យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​​របស់​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​អាមេរិក​បានឲ្យ​ដឹង​ថា ​​វរសេនីយ៍ត្រី​ អុីន​សុន ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​​​​​​​​ផិតក្បត់​​​និង​​​ពីបទ​​​ចុះ​ហត្ថ​លេខា​​ក្លែង​បន្លំ​​​លើ​ឯកសារ​ធនា​គារ​​មួយ​ច្បាប់​​​ បន្ទាប់​ពី​ភរិយា​របស់ខ្លួន​​​បាន​ផ្ដល់​ភ័ស្ដុតាង​ឲ្យ​កងទ័ព​អាមេរិក​។

លោក​​​ ស៊ាន មឹុក​​​អុីនតូស (Sean Mclnthosh) អ្នកនាំ​ពាក្យ​​​​​ស្ថាន​ទូត​​​​សហរដ្ឋ​​​អាមេរិក​ប្រចាំ​ប្រទេស​​​កម្ពុជា​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ករណី​​​នេះ​ទេ​ ពី​ព្រោះ​វា​ជារឿង​របស់​“តុលាការ​យោធា​” ហើយ​បាន​បង្វែរ​សំណួរ​ទាំង​អស់​ទៅ​​​បញ្ជា​ការ​ប៉ាស៊ីហ្វិក​អា​មេ​រិក​​នៅ​រដ្ឋហាវ៉ៃ ដែល​មិន​អាច​ទាក់​ទង​​​​សុំ​​​ការ​​​អត្ថាធិប្យាយ​​​បាន​ភ្លាមៗ​។

សំណួរ​​​​ផ្ញើ​​​ជូនបញ្ជាការ​​​ដ្ឋាន​​​​​​ Theater Sustainment Commandទី​៨​របស់​កង​ទ័ព​អាមេរិក ​ដែល​​​​​​​ជា​​​អង្គភាព​​​របស់​​​លោក អុីន​សុន​ នៅ​​​​ក្នុង​​​រដ្ឋហាវ៉ៃ​​​​ដែរ​​​នោះ​​​​ មិន​បាន​​​ទទួល​​​ការ​​​ឆ្លើយ​តប​ភ្លាម​ៗ​​​​ឡើយ​​​។

រឿងនេះ​​​បែកធ្លាយ​​​ ខណៈ​​​ជំនួយ​យោធា​អាមេរិក​​​សម្រាប់​​​​កម្ពុជា​​​មានការ​​​​កើន​​​​ឡើង​​​​ ដោយ​​​​ស្ថាន​ទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​​​​មាន​​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១។
សហរដ្ឋ​​​អាមេរិក​បាន​​​ផ្តល់​ថវិកា​​​​សម្រាប់​សម​យុទ្ធ​យោធា​រួមគ្នា​​​​ជាមួយ​​​​​អង្គភាព​កង​យោធពល​ខេមរភូមិន្ទ​ក្នុង​ប្រទេស​កម្ពុជា​ ​​​ជា​​​ប្រចាំ​​​ ហើយ​​​ក៏​​​បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​​​​ការ​ហ្វឹក​ហ្វឺន​​​​ផ្នែក​យោធា​សម្រាប់​កូន​ប្រុស​​​​ទាំង​​​បី​​​រូប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ផងដែរ​​​។

លោក ហ៊ុន ម៉ាណែត ដែល​​​ជា​កូនប្រុស​ច្បង​ បាន​​​ទទួល​​​អាហារូបករណ៍​​​​សម្រាប់​ការ​​ការ​សិក្សា​​របស់​​ខ្លួន​​​​​នៅ​​​​សាលា​​​បណ្ឌិត្យ​សភា​​​​យោធា​​​អាមេរិក​ នៅ​ West Point។

ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​បានចំណាយ​ប្រាក់​១៧៥.០០០​​ដុល្លារ​ ដើម្បី​បញ្ជូន​លោក ហ៊ុន ម៉ានី ដែល​​​ត្រូវ​​​​ជា​កូនពៅ​​​​​​​ ទៅ​សិក្សា​​​នៅ​​​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​អាមេរិក​នៅ​​​​ក្នុង​​​ក្រុង​វ៉ាស៊ីន​តោន​​​រយៈ​ពេលមួយ​ឆ្នាំ។ យោង​តាម​សារ​ទូរលេខ​ការទូត​​​សម្ងាត់​​​​របស់​អាមេរិក​ដែល​ទទួល​បាន​​​​និង​ផ្សព្វផ្សាយ​​​ដោយ​គេហទំព័រ​ប្រឆាំង​ការ​សម្ងាត់​​វីគីលិក​(WikiLeaks) បាន​ឲ្យ​ដឹង​ថា ​​​សហ​​​រដ្ឋ​​​អាមេ​រិក​ក៏​​​​បាន​​​បញ្ជូន​លោក ហ៊ុន ម៉ានិត ដែល​ជា​កូន​ប្រុស​កណ្ដាល​ ទៅ​ចូល​រួម​​​​ក្នុង​​​កម្មវិធី​​​​​​​បណ្តុះបណ្តាល​​​ស្តីពី​​​ការ​​​ប្រឆាំង​ភេរវ​កម្ម​ក្នុង​ប្រទេស​អាល្លឺម៉ង​ផង​ដែរ​។

សមាជិក​សភា​គណបក្ស​ប្រឆាំង និង​អង្គ​ការ​​​សិទ្ធិមនុស្ស​​​នានា​​​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​​​ឲ្យ​​​​អាមេរិក​បញ្ឈប់​​​ការ​​​ផ្ដល់​ជំនួយ​យោធា​ឲ្យ​​​​​​​កម្ពុជា​ ដោយសារ​​​មាន​​​​ការ​ចោទ​ប្រកាន់​​​​​​ជាច្រើន​​​ អំពី​​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពីសំណាក់​​​​យោធា​កម្ពុជា​។ ក៏​​​ប៉ុន្ដែ​​​ អាមេរិក​​​​​​​បាន​​​និយាយ​​​​​​ការ​ពារ​ទំនាក់​ទំនង​​​​នេះ​​​ ដោយ​បាន​​​លើក​​​ហេតុផល​​​​ថា ​ការ​​​រួមចំណែក​​​របស់​ខ្លួនគឺ​​​សំដៅ​​​​​​ពង្រឹង​​​​សមត្ថភាព​វិជ្ជាជីវៈ​​​​របស់កង​យោធពល​ខេមរ​​ភូមិន្ទ​ ហើយ​​​ការ​​​រួមចំណែក​​​នេះ​​​គឺ​​​​អនុលោម​​​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ​​​​​​​ទាំង​អស់​​​របស់សហ​រដ្ឋ​​អាមេរិក​​។

​​​គួរ​​​រំឭក​​​ថា​​​ អាមេរិក​​​​ធ្លាប់​​​បា​ន​ផ្អាក​ជំនួយ​យោធា​​ឲ្យ​​​​​​​កម្ពុជា​​​​ម្តង​​​ បន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​​​​ដែល​​​ស្មោះស្ម័គ្រ​​​នឹង​អតីត​​​នាយក​​​​​​​រដ្ឋ​មន្ត្រី​ទី​២ ហ៊ុន សែន ​បាន​​​ទម្លាក់​​​អតីត​​​​​​នាយក​រដ្ឋ​មន្ត្រី​ទី១​​​គឺ​​​​​​ព្រះ​អង្គ​ម្ចាស់​ នរោត្ដម រណឫទ្ធិ ​អំឡុង​​​​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ​១៩៩៧​​​ ប៉ុន្ដែ​​​បា​ន​បន្ដ​ជំនួយ​​វិញ​ក្នុង​ឆ្នាំ​២០០៦៕

(រាយការណ៍​បន្ថែម​ដោយ ឆន ចាន់ស៊ី)
ប្រែសម្រួលដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស