ដោយសារការខ្វះមូលនិធិ និងបណ្ដាញអ្នកស្ម័គ្រចិត្តដែលគណបក្សប្រជាជនកម្ពុជាមានមិនខ្វះសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត គណបក្សសង្គ្រោះជាតិកំពុងងាកទៅរកធនធានមួយដែលខ្លួនអួតថា កំពុងមានចំនួនកើនឡើង នោះគឺស្ត្រីវ័យក្មេង។
កាលពីថ្ងៃព្រហស្បតិ៍ នៅពេលគណបក្សសង្គ្រោះជាតិកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ អ្នកស្ម័គ្រចិត្តវ័យក្មេងជាច្រើនបានទៅប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងនោះ មានស្ត្រីបង្ហាញម៉ូតវ័យក្មេងមួយចំនួនដែលបាននាំគ្នាចងទង់បក្សយ៉ាងញាប់ដៃញាប់ជើង។
ខណៈពួកគេកំពុងអង្គុយធ្វើការយ៉ាងយកចិត្តទុកដាក់ សមាជិកបក្សម្នាក់បានថតរូបពួកគេ ហើយបន្ទាប់មកបានបង្ហោះរូបភាពសហការីទាំងនោះលើគេហទំព័រភ្ជាប់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ។
សារមួយនៅក្បែររូបភាពដែលបង្ហាញសកម្មភាពរបស់ស្ត្រីវ័យក្មេងក្នុងឯកសណ្ឋានគណបក្សសង្គ្រោះជាតិ មានខ្លឹមសារថា“ យើងគឺជាស្ត្រីដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសង្គ្រោះជាតិខ្មែរនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។ ចុះអ្នកវិញ តើបានត្រៀមខ្លួនសម្រាប់ការសង្គ្រោះជាតិហើយឬនៅ?”។
រូបភាពដែលមានចំណងជើងថា “ អ្នកណាក៏ដឹងថា ស្ត្រីសង្គ្រោះជាតិសុទ្ធតែក្មេងៗស្អាតៗ និងសុភាពរាបសានៅពេលអ្នកជួបពួកគេ” បានទទួលការចុចឡែក (likes) បញ្ជាក់ពីការពេញចិត្តពីមនុស្សជាង៧០០នាក់នៅលើគេហទំព័រហ្វេសប៊ុក ហើយត្រូវបានចេញរំលែកជាង១៣៥ដងនៅលើទំព័រហ្វេសប៊ុកនេះ។
ខណៈនៅសល់តែជាងមួយខែទៀតដល់ថ្ងៃបោះឆ្នោតនោះ ពេលនេះគណបក្សសង្គ្រោះជាតិកំពុងសង្ឃឹមថា នឹងអាចទទួលបានប្រជាប្រិយភាពបន្ថែមទៀតតាមរយៈការបញ្ចូលស្ត្រីវ័យក្មេងវាងវៃ និងគួរឲ្យទាក់ទាញទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ នៅក្នុងប្រទេសមួយដែលប្រជាពលរដ្ឋជាងពាក់កណ្ដាលមានអាយុក្រោម៣០ឆ្នាំនោះគណបក្សសង្គ្រោះជាតិក៏កំពុងព្យាយាមប្រកួតប្រជែងជាមួយចលនាយុវជនដ៏ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
លោក លី សុវិជ្ជា ប្រធានផ្នែកយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលបានបង្ហោះរូបភាពស្ត្រីវ័យក្មេងទើបជ្រើសចូលថ្មីបំផុត កាលពីសប្ដាហ៍មុននោះ បានឲ្យដឹងថា ចាប់តាំងពីមានការបង្ហោះរូបភាពទាំងនេះតាមអ៊ីនធើណិតមក គណបក្សសង្គ្រោះជាតិទាក់ទាញបានមនុស្សជាច្រើននាក់ឲ្យមកចូលរួមក្នុងយុទ្ធនាការរបស់ខ្លួន។
លោក សុវិជ្ជា មានប្រសាសន៍ថា“ ស្ត្រីក្មេងៗ ស្អាតៗ តែងតែមានមិត្តភក្តិច្រើន ជាពិសេសគឺបុរសៗ ដែលកំពុងសិក្សាជាមួយពួកគេ។ ហើយខ្ញុំបានប្រាប់ពួកគេថា អ្នកត្រូវតែនាំមិត្តភក្តិរបស់អ្នកឲ្យមកចូលរួមជាមួយយើង តើបានទេ?”។ លោកបានបន្ថែមថា ចាប់តាំងពីពេលលោកបង្ហោះរូបភាពទាំងនេះកាលពីថ្ងៃព្រហស្បតិ៍មក គណបក្សសង្គ្រោះជាតិបានទទួលសមាជិកជាយុវជនប្រមាណ២០០នាក់មកចូលរួមជាមួយគណបក្សនេះក្នុងនាមជាអ្នកស្ម័គ្រចិត្ត។
កាលពីថ្ងៃសៅរ៍ ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ បានក្លាយជាកន្លែងដ៏មមាញឹកមួយ ដោយយុវជនខិតខំកាត់និងពុះច្រៀកឫស្សីនៅលើទីធ្លាក្នុងអគារ ខណៈនៅជាន់ខាងលើ យុវជននិងយុវតីមួយក្រុមដែលស្លៀកពាក់យ៉ាងស្អាតបាតនាំគ្នាដំភ្ជាប់កម្មវិធីគោលនយោបាយបក្សទៅនឹងឫស្សី។
ក្រុមអ្នកស្ម័គ្រចិត្តទាំងនេះសម្រាកតែនៅពេលពួកគេប្រមូលភេសជ្ជៈដែលបានបញ្ជាទិញពីហាងក្បែរនោះមកទុក និងនៅពេលឈរថតរូបខណៈលោក សុវិជ្ជា យកទូរស័ព្ទដៃស្មាតហ្វូនមកថតរូបបន្ថែមទៀតប៉ុណ្ណោះ។
ខណៈការទាក់ទាញបុរសកាន់តែច្រើនមកចូលរួមក្នុងបុព្វហេតុនេះមានប្រយោជន៍ដល់ការលើកតម្កើងសមាជិកបក្សជាស្ត្រីវ័យក្មេងនោះ លោកស្រី មូរ សុខហួរ បេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បានលើកឡើងថា យុទ្ធនាការបែបនេះក៏ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់ឥទ្ធិពលដល់ស្ត្រីវ័យក្មេងនៅទូទាំាងប្រទេសផងដែរ។
លោកស្រីបានលើកឡើងថា“ ធម្មតាស្ត្រីមិនងាយចេញមកធ្វើយុទ្ធនាការទេ ដូច្នេះនៅពេលដែលបុរសៗឃើញពួកគេមកចូលរួម ពួកគេក៏មកចូលរួមដែរ”។ លោកស្រីបានបន្ថែមថា“ ធម្មតាវាមិនមែនអ៊ីចឹងទេ ដោយបុរសតែងដើរតួនាទីជាអ្នកដឹកនាំយុទ្ធនាការ ប៉ុន្តែតាមរយៈបណ្តាញភ្ជាប់ទំនាក់ទំនងសង្គម ក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីអាចចេញមុខដោយគ្មានការភ័យខ្លាចអ្វីឡើយ”។
លោកស្រី មូរ សុខហួរ ក៏បានធ្វើការកត់សម្គាល់អំពីការងាររបស់គណបក្សប្រឆាំងអំឡុងការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំមុនផងដែរ គឺពេលគណបក្ស សម រង្ស៉ី ព្យាយាមប្រមែប្រមូលពលរដ្ឋវ័យក្មេងមកចូលរួមក្នុងយុទ្ធនាការរបស់ខ្លួនឲ្យបានកាន់តែច្រើន ហើយបានឃើញស្ត្រីវ័យក្មេងមកចូលរួមជាមួយគណបក្សនេះក្នុងចំនួនច្រើនមិនធ្លាប់មានពីមុនមក ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា “ ស្ត្រីវ័យក្មេង នៅពេលធ្វើយុទ្ធនាការ គឺយកចិត្តទុកដាក់ចំពោះសាររបស់គណបក្សណាស់ ពួកគេសុខចិត្តធ្វើការពី១០ ទៅ១២ម៉ោងក្នុងមួយថ្ងៃ”។ ម្នាក់ក្នុងចំណោមស្ត្រីមានមុខក្នុងរូបភាពដែលត្រូវបានបង្ហោះតាមអ៊ីនធើណិត គឺសិស្សវិទ្យាល័យម្នាក់ឈ្មោះ ធី វណ្ណថា អាយុ១៨ឆ្នាំ ។ នាងនិយាយថា ខ្លួនរីករាយនឹងឲ្យគេថតរូបពេលកំពុងធ្វើយុទ្ធនាការ ទោះបីជាការធ្វើបែបនេះមានន័យថា នាងកំពុងជួយទាក់ទាញសមាជិកថ្មីៗឲ្យចូលរួមជាមួយគណបក្សនេះក៏ដោយចុះ។
យុវសិស្ស ធី វណ្ណថា បាននិយាយកាលពីថ្ងៃសុក្រថា“ ពេលខ្លះ គេបង្ហោះរូបថតរបស់ខ្ញុំតាមហ្វេសប៊ុក ហើយក្រោយមកក៏មានមនុស្សជាច្រើនមកចូលរួមដែរដោយសារពួកគេឃើញខ្ញុំមិនខ្លាច។ ពួកគេមើលឃើញថា ខ្ញុំគ្រាន់តែជាសិស្សវិទ្យាល័យម្នាក់ប៉ុណ្ណោះប៉ុន្តែ ខ្ញុំមិនទាំងខ្លាចផង។ ខ្ញុំគិតថា ពួកគេឃើញថា ខ្ញុំនៅក្មេង ហើយមានភាពក្លាហានក្នុងការចេញមកជួយ ដូច្នេះពួកគេត្រូវឆ្លៀតពេលហើយបង្ហាញភាពក្លាហានដែរ។
លោក គឹម សុភា លេខាធិការនៃគណៈ កម្មាធិការប្រតិបត្តិទទួលបន្ទុកយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការបង្ហាញរូបភាពសមាជិកបក្សជាស្ត្រីវ័យក្មេងទាំងនោះគឺមិនមែនផ្តោតជាសំខាន់លើការទាក់ទាញអ្នកបោះឆ្នោតជាបុរសទេ ប៉ុន្ដែ តាមពិតគឺផ្តោតជាសំខាន់ទៅ លើការទាក់ទាញយុវវ័យឲ្យចាប់អារម្មណ៍លើគណបក្សនេះ។
លោកមានប្រសាសន៍ថា “ ពលរដ្ឋមួយចំនួន ជាពិសេសគឺបុរសៗ ប្រាកដជានិយាយថា អីយា! ស្រី្តទាំងនោះស្អាតៗណាស់។ ស្រីស្អាតចូលរួមជាមួយគណបក្សសង្គ្រោះជាតិអស់ហើយ។ តើយើងគួរទៅមើលស្រីស្អាតទាំងអស់នោះនៅក្នុងទីស្នាក់ការបក្សឬអត់ហ្នឹង?”។លោកពន្យល់ថា“ ប្រការសំខាន់គឺនៅត្រង់ថា យុវវ័យមានឆន្ទៈហើយ” ប៉ុន្ដែលោកបន្ថែមថា ជាដំបូង គេត្រូវមានចិត្តចង់ចូលរួមជាមួយគណបក្សសង្គ្រោះជាតិសិន។
កញ្ញា ប្រណម្យ កល្យាណី និស្សិតសាកលវិទ្យាល័យឆ្នាំទី១ដែលកំពុងចូលរួមក្នុងការត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែរនោះ បាននាំមិត្តភក្តិរបស់ខ្លួនម្នាក់ទៅចុះឈ្មោះចូលរួមជាមួយបក្សសង្គ្រោះជាតិ កាលពីថ្ងៃសោរ៍។ កញ្ញាបាននិយាយថា“ ខ្ញុំគិតថា ប្រសិនបើយើងមានស្ត្រីចូលរួមកាន់តែច្រើន បុរសៗនឹងមានចិត្តចង់ចូលរួមដែរ”។
កិច្ចប្រឹងប្រែងលើកស្ទួយស្រ្តីវ័យក្មេងក្នុងយុទ្ធនាការរបស់គណបក្សប្រឆាំងជៀសមិនផុតពីការរិះគន់ទេ។ លោក សុវិជ្ជា ដែលជាអ្នករៀបចំរបស់គណបក្ស នេះ បានឲ្យដឹងថា ប្រធានផ្នែកយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញត្រូវបានសមាជិកគណបក្សប្រជាជនកម្ពុជារិះគន់រួចទៅហើយថា បានប្រើវិធីសាស្ត្រមិនស្មោះត្រង់ ហើយថែមទាំងត្រូវបានចោទថា បានជួលស្ត្រីវ័យក្មេងឲ្យទៅបង្ហាញមុខនៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដើម្បីធ្វើយុទ្ធនាការទៀតផង។
យុទ្ធសាស្ត្រនេះមិនមែនប្រើផ្តាច់មុខតែនៅក្នុងចង្កោមគណបក្សសង្គ្រោះជាតិទេ។ ទំព័រហ្វេសប៊ុកមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (UFFC) ប្រចាំរាជធានីភ្នំពេញដែលមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក៏មានបង្ហាញរូបភាពនៃព្រឹត្តិការណ៍របស់ខ្លួនដែលមានការចូលរួមពីស្ត្រីវ័យក្មេងយ៉ាងច្រើនដែរ។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានអះអាងថា ការបង្ហោះរូបភាពបែបនេះមិនមែនជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាទេ ហើយថា រូបភាពណាក៏ដោយដែលត្រូវបានបង្ហោះតាមហ្វេសប៊ុកស្តីពីស្ត្រីមានសម្រស់គួរឲ្យទាក់ទាញដែលបានចូលរួមក្នុងព្រឹត្តិការណ៍ឧបត្ថម្ភដោយគណបក្សនេះគឺជាការស្ម័គ្រចិត្តរបស់សមាជិកវ័យក្មេងប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ វាមិនមែនជាគោលការណ៍របស់គណបក្សទេ។យើងមិនមែនធ្វើការដើម្បីវ័យនិងសម្រស់ទេ យើងធ្វើការដើម្បីយុវជន និងគោលការណ៍”។
លោកបន្ថែមថា លោកមិនបារម្ភខ្លាចរូបភាពស្ត្រីស្អាតៗដែលបានចូលរួមធ្វើយុទ្ធនាការឲ្យគណបក្សសង្គ្រោះជាតិ ទាក់ទាញសមាជិកវ័យក្មេងឲ្យដើរចេញពីគណបក្សប្រជាជនកម្ពុជាទេ ព្រោះថា ភាគច្រើននៃពលរដ្ឋវ័យក្មេងនៅក្នុងប្រទេសកម្ពុជាមិនយល់ស្របនឹងការប្រើវិធីសាស្ត្របែបនេះឡើយ។
លោកមានប្រសាសន៍ថា “ ខ្ញុំមិនគិតថាការយកស្ត្រីស្អាតៗវ័យក្មេងមកជួយឃោសនាឲ្យបក្សគឺជាគំនិតល្អទេ។ វាមិនជួយគណបក្សនោះ [គណបក្សសង្គ្រោះជាតិ] ឡើយ ព្រោះយុវវ័យកម្ពុជានៅមានការអភិរក្សខ្លាំងណាស់។ នៅតាមហ្វេសប៊ុក យុវជនតែងតែលើកឡើងពីបញ្ហាជាតិ ពួកគេមិននិយាយពីសម្បកក្រៅរបស់មនុស្សទេ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង