28.5 C
Phnom Penh

អង្គការ​ UNPO អំពាវ​នាវ​​ឲ្យ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ខ្មែរ​ក្រោម​ និង​សិទ្ធិ​​របស់​ជន​ភៀស​ខ្លួន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ UNPO ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​ បាន​លើក​ឡើង​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋា​ភិបាល​​កម្ពុជា​​គួរ​តែ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​ឋានៈ​របស់​ប្រជា​​ពល​រដ្ឋ​ខ្មែរ​ក្រោម​ ព្រម​ទាំង​ពិចារណា​ឡើង​វិញ​នូវ​​របៀប​ដែល​ខ្លួន​​​ជួយ​ជន​ភៀស​ខ្លួន​។

សេចក្ដី​ថ្លែងការណ៍​​ដែល​​បាន​ផ្ញើ​ជូន​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​​ប្រទេស​កម្ពុជា ​កំពុង​តែ​​ត្រៀម​​បញ្ជូន​របាយ​ការណ៍​​​​​វិវឌ្ឍ​លើក​ដំបូង​របស់​ខ្លួន​ ​​ទៅ​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​ នៅ​ខែ​តុលា​ខាង​មុខ​នេះ​ ហើយ​នៅ​ពេល​នោះ​ប្រទេស​កម្ពុជា​នឹង​ប្រកាសថា​​អនុសាសន៍​​ប៉ុន្មាន​​​​​ក្នុង​ចំណោម​អនុសាសន៍​​ទាំង​​៩១​ចំណុច​ស្តី​ពី​សិទ្ធិ​មនុស្ស​​​ដែល​កម្ពុជា​បាន​ទទួល​យក​កាល​ពី​ឆ្នាំ​២០០៩ និង​ដែល​ខ្លួន​​​បាន​​យក​មក​អនុវត្ត​​។

សេចក្ដី​ថ្លែងការណ៍​នេះ បាន​លើក​ឡើង​ដោយ​សំដៅ​ដល់​ជន​ជាតិ​ភាគ​តិច​កម្ពុជា ដែល​​រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ និង​ប្រជា​ពល​រដ្ឋ​កាន់​សាសនា​គ្រិស្ដ​​មក​ពី​តំបន់​ខ្ពស់​រាប​ភាគ​​កណ្ដាល​ប្រទេស​វៀតណាម​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​តែ​ “ ទទួល​ស្គាល់​ និង​បញ្ជាក់​អំពី​ឋានៈ​របស់​ជន​ជាតិ​ភាគ​តិច​ខ្មែរ​កម្ពុជា​ក្រោម​ ព្រម​ទាំង​ឋានៈ​របស់​​កុលសម្ព័ន្ធ​កាន់​សាសនា​គ្រិស្ដ​ ដេហ្គា ម៉ុងតាញ៉ា (Degar Montagnards)”។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ត​ទៀត​ថា “នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការិយាធិបតេយ្យ​​​បាន​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ ឬ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​​កុលសម្ព័ន្ធ​ ​ដេហ្គា ម៉ុងតាញ៉ា ស្ទើរ​តែ​មិន​អាច​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ ឬ​អត្ត​សញ្ញាណ​​​ប័ណ្ណ​។ការ​តម្រូវ​ឲ្យ​មាន​​លក្ខ​ណៈ​វិនិឆ្ឆ័យ​​មិន​​​ពិត​ប្រាកដ ​​ដូច​ជា​ (​ទី​លំនៅ​​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា​ជាដើម​) រារាំង​មិន​ឲ្យ​ទទួល​បាន​​ឋានៈ​​បែប​​នេះ​។ ហើយ​នៅ​ពេល​ជន​ភៀស​ខ្លួន​​អាច​បំពេញ​លក្ខខណ្ឌ​ដ៏​តឹង​រឹុង​ទាំង​នេះ​បាន​ ​អាជ្ញាធរ​តែង​តែ​បង្ខំ​ខ្មែរ​ក្រោម​ឲ្យ​ដាក់​ឈ្មោះ​​​ខ្មែរ​ ហើយ​ឲ្យ​និយាយ​កុហក​អំពី​​​ទី​កន្លែង​កំណើត​របស់​ខ្លួន​”។

ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​គឺ​ជា​គោល​ដៅ​សម្លាប់​អំឡុង​របប​ខ្មែរ​ក្រហម​ ហើយ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​​ជាតិ​ដើម​ពី​សំណាក់​រដ្ឋា​ភិបាល​​នោះ​ទេ​។ កាល​ពី​ដើម​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចប់​អនុស្សរណៈ​នៃ​ការ​យោគ​យល់​​គ្នា​ ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​​កម្ពុជា​ ប្រទេស​វៀតណាម​ និង​អង្គការ​សហ​ប្រជាជាតិ​ ដែល​ឃ្លាំ​មើល​ការ​ប្រព្រឹត្ត​​ចំពោះ​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ម៉ុងតាញ៉ា ហើយ​បាន​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​របស់​អង្គការ​​សហប្រជាជាតិ​ ដែល​ជន​ជាតិ​ម៉ុងតាញ៉ា​ជា​ច្រើន​នាក់​កំពុង​តែ​រស់​នៅ​។

ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​បញ្ជូន​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជន​ជាតិ​ភាគ​តិច​​​វី​ហ្គួ (Uighur) ​ចំនួន​២០​នាក់​ទៅ​ប្រទេស​ចិន​វិញ​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០០៩​ បើ​ទោះ​បី​ជា​ក្រុម​នេះ​​បាន​ដាក់​ពាក្យ​សុំ​ការ​គាំពារ​ក៏ដោយ​។ នៅ​ពេល​ជន​ជាតិ​ភាគ​តិច​ទាំង​នេះ​​ទៅ​ដល់​ប្រទេស​ចិន​វិញ ពួក​គេ​ចំនួន​១៦​នាក់​​ត្រូវ​បាន​​ចាប់​ដាក់​ពន្ធនាគារ​៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស