30.4 C
Phnom Penh

ប្រាំ​​​ថ្ងៃ​​​បន្ទាប់ពី​​​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀងចេញ​​​សាល​​​ក្រម លោក ឈូក បណ្ឌិត នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រាំ​​​ថ្ងៃ​​​បន្ទាប់ពី​​​សាលាដំបូង​​​ខេត្ត​​​ស្វាយ​រៀង បាន​​​ផ្តន្ទាទោស​​​លោក ឈូក បណ្ឌិត ​អតីត​​​​អភិបាល​​​ក្រុង​​​បាវិត ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​ពេល​១៨ខែ​​​ចំពោះ​​​ការ​​​បាញ់ប្រហារ​​​កម្មកា​រិនី​​​​រោង​ចក្រកាត់​​​ដេរ​​​បី​​​នាក់​​​ឲ្យ​​​រង​​​របួស​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​នោះ នគរ​​​បាល​​​បាន​​​និយាយ​​​កាល​ពី​​​ម្សិល​​​មិញ​​​ថា ពួកគេ​​​មិន​​​ទាន់​​​បាន​​​ចាប់ខ្លួន​​​គាត់​​​នៅឡើយ​​​ទេ។

ទោះបី​​​ជា​​​តុលាការ​​​បានសម្រេច​​​ឲ្យ​​​លោក ​ឈូក បណ្ឌិត ជាប់ពិរុទ្ធភាព​ក្តី ក៏​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បានត្អូញត្អែរ​​​ដោយ​​​ការ​​​ខក​​​ចិត្ត​​​ចំពោះ​​​ការ​​​មិន​​​ដែល​​​បាន​​​ឃុំ​​​ខ្លួន​​​គាត់ ហើយ​​​បាន​លើក​​​ឡើង​​​ថា ការ​​​ផ្តន្ទាទោស​​​កាល​​​ពី​​​សប្តាហ៍​មុន​​​គឺស្រាល​​​ពេក​​​ បើ​​ធៀប​​​ទៅ​​​នឹង​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ដែល​​​គាត់​​​បាន​​​ប្រព្រឹត្ត។
លោក កឹង កន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​កំពុង​​​​ធ្វើ​​​ការ​​ទាក់​​​ទិន​​​នឹង​​​សំណុំ​​​រឿង​​​នេះ ប៉ុន្តែ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​យើង​​​មមាញឹក​​​ពេក​​​ជាមួយ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត”។

លោក កែវ គង់ អធិការ​​​នគរ​បាលក្រុង​​​បាវិត ​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​សេច​​​ក្តី​​​លម្អិត​ស្តី​ពី​​​​កិច្ច​​​ខិត​​​ប្រឹង​​​ប្រែង​​​ក្នុង​​​ការ​​​តាម​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​លោក ​ឈូក បណ្ឌិត​​​ ទេ ដោយ​​​គ្រាន់​​​តែ​​​​​មាន​​​ប្រ​​​សា​សន៍​​​ថា “ ប្រសិន​​​បើ​​​ខ្ញុំ​​​ដឹង​​​ពីតម្រុយ​​​របស់​​​លោក​ ឈូក បណ្ឌិត ខ្ញុំ​​​នឹង​​​ចាប់​​​ខ្លួន​​​គាត់”។

លោក ឈូក បណ្ឌិត មាន​​​ពិរុទ្ធ​​​ភាព​​​ បន្ទាប់​ពី​​​នាយរង​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់ប្រាសាទ ​ក្រុង​​​​បាវិត ​​​បានឡើង​​​ផ្តល់​​​សក្ខី​​​កម្ម​​​ថា ​​​បានឃើញ​​​អតីត​​​អភិបាល​​​ក្រុង​​​រូប​​​នេះ​​ប្រើ​​​កាំ​​​ភ្លើង​​​របស់​​​ខ្លួន​​​បាញ់​​​​ទៅ​​​កម្ម​​​ករ​​​កម្មការិនី​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​តវ៉ា​​ទាំង​​​​កំហឹងដើម្បី​​​ទាមទារ​​​សុំដំឡើង​​​ប្រាក់​​​ឈ្នួល​​​នៅ​​​ក្នុង​​​រោងចក្រ​​​មួយ​​​ក្នុង​​​តំបន់​​សេដ្ឋ​​​កិច្ច​​​ពិសេស ដែល​​​ផលិត​​​ស្បែក​​​ជើង​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​លក់សម្លៀក​​​បំពាក់​​​កីឡាពូម៉ា (Puma) ដ៏​​​ល្បី​​​​របស់​​​អាល្លឺម៉ង់៕

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស