30.4 C
Phnom Penh

អ្នក​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ឲ្យបក្ស​ប្រជា​ជន​ចូល​រួម​ក្នុង​ពិធី​ចែក​អំណោយ​របស់​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​របស់​ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​វៀត​ណាម​មួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ពាក់​​​ព័ន្ធ​ក្នុង​ការ​កាប់​បំផ្លាញ​​ព្រៃឈើ​នៅ​លើ​ផ្ទៃ​ដី​ដ៏​​ធំ​ល្វឹង​ល្វើយ​នៅ​ភាគ​ខាង​ជើង​​កម្ពុជា​​នោះ បាន​ចូល​រួម​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​របស់​បក្ស​ប្រជា​ជន​ក្នុង​មូលដ្ឋាន​នៅ​ខេត្ត​​រតន​គិរី កាលពី​ថ្ងៃ​សុក្រ ដើម្បី​ចែក​​អង្ករ ​អំបិល​ ​និង​ស្ករ​ស​​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​៤០០​គ្រួសារ​នៅ​​ទីនោះ។

ទោះបី​ជា​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ស្ដី​បន្ទោស​ដល់​អាជ្ញាធរ​​មូលដ្ឋាន​ដែល​បាន​ពាក់​មួក​មាន​រូប​​សញ្ញា​​គណបក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ឯ​ពិធី​នោះ​ក៏ដោយ​ ក៏​លោក​ មិន ស្រ៊ីម មេឃុំ​សេរីមង្គល ស្រុក​កូនមុំ​បាន​មាន​ប្រសា​សន៍​ថា ពិធី​នោះ​គ្មាន​បំណង​ប្រមូល​សំឡេង​គាំទ្រ​ឲ្យ​គណបក្ស​កាន់​អំណាច​មុន​ពេល​បោះ​ឆ្នោត​ក្នុង​ខែ​នេះទេ។

លោក មិន ស្រុម បាន​មាន​ប្រសាសន៍​ថា “ យើង​​ពុំ​បាន​អំពាវនាវ​ឲ្យ​អ្នក​ភូមិ​បោះ​​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​​នោះទេ យើង​គ្រាន់​តែ​ប្រាប់​ពួកគាត់​ថា ឲ្យ​មក​ទទួល​អំណោយ​​​ប៉ុណ្ណោះ។ អំណោយ​នេះ​មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​​នយោបាយ​ទេ ព្រោះ​យើង​មិន​បាន​ណែនាំ​​​​ពួកគាត់​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ទេ”។

ក្រុមហ៊ុន​ ហុងអាញ់យ៉ាឡៃ ដែល​ផ្ដល់​អំណោយ​ត្រូវ​បាន​អង្គការ​គ្លូបល​វីតណេស (Global Witness) ដែល​ជា​អង្គការ​ការពារ​បរិស្ថាន​មាន​ទីស្នាក់ការ​ក្នុង​ចក្រភព​អង់គ្លេស​ បាន​កត់​ត្រា​​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ដែល​បង្ហាញ​ថា លោក ដូន ង្វៀនឌុក (Doan Nguyen Duc) ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​នេះ​បាន​​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​១៨០.០០០​ហិកតា។

​​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​ឧសភា​នេះ បង្ហាញ​ថា​ ច្បាប់​ក្នុង​ប្រទេស​​កម្ពុជា​ជាច្រើន ​ត្រូវ​បាន​រំលោភ​ដោយ​ក្រុម​ហ៊ុន​​​មួយ​ចំនួន ​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ ហុង​អាញ់យ៉ាឡៃ ដែល​ទទួល​បាន​ការ​វិនិ​យោគ​​​ពី​សាជីវកម្ម​​អន្តរជាតិ​ និង​ធនាគារ​ Deutsche។

យោង​តាម​លោក ជួន ភិនដារ៉ាអ្នក​អង្កេត​​ការណ៍​​​មកពី​គណៈកម្មការ ​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុម​ហ្វ្រែល​) បាន​ឲ្យ​ដឹង​ថា ពិធី​នោះ​​បាន​រំលោភ​ច្បាប់​បោះ​ឆ្នោត​កម្ពុជា​ច្បាស់​ណាស់ ដែល​ច្បាប់​នេះ​ចែង​ថា រាល់​ប្រាក់​ចំណាយ​សម្រាប់​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ត្រូវ​តែ​ចំណាយ​ដោយ​គណបក្ស​នយោបាយ ឬ​បេក្ខ​ជន​របស់​គណបក្ស​នោះ និង​ហាម​មិន​ឲ្យ​មន្ត្រី​រាជការ​ពាក់​ព័ន្ធ​ជា​មួយ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ទេ។​

លោក ជួន ភិនដារ៉ាបានមាន​ប្រសាសន៍​បន្ត​ថា “ យើង​ឃើញ​យ៉ាង​ច្បាស់​ថា ការ​ចែក​អំណោយ​ក្នុង​ករណី​នេះ​ គឺ​ដើម្បី​ទិញ​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត​តាម​វិធី​​មួយ​ដែល​ហាម​ឃាត់​ដោយ​ច្បាប់​បោះ​ឆ្នោត​”។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ពាក់​មួក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ខណៈ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ចំនួន​៤៤៧​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​៥០គីឡូក្រាម ស្ករស​២គីឡូក្រាម និង​អំបិល​២គីឡូក្រាម។

លោក​​មាន​ប្រសាសន៍​ផង​ដែរ​ថា “ ក្រុម​​ហ៊ុន ហុងអាញ់យ៉ាឡៃ គួរតែ​ចែក​អំណោយ​ទាំង​នេះ​មុន​ ឬ​ក្រោយ​ពេលធ្វើ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។​​ហេតុអ្វី​បាន​ជា​ពួកគេ​ជ្រើស​រើស​យក​ពេល​នេះ​ទៅវិញ?”។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតបាន​​​មាន​ប្រសាសន៍​ថា “ ក្នុង​ករណី​ដែល​អាជ្ញាធរ​ចូល​រួម​ពិធី​ចែក​អំណោយ​ដោយ​ពាក់​មួក​មាន​រូប​​សញ្ញា​គណបក្ស​នយោបាយ​ គឺ​ត្រូវ​បាន​ហាម​ឃាត់​បើ​យោង​តាម​ច្បាប់​បោះ​ឆ្នោត​”។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ពិនិត្យ​នៅ​ឯពិធី​ចែក​អំណោយ​នៅ​ក្នុង​ខេត្ត​រតនគិរី​នោះ លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ពួកគេ​មិន​បាន​រំលោភ​ច្បាប់​បោះ​ឆ្នោត​ណាមួយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ទើប​តែ​បាន​ត្រួត​ពិនិត្យ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ដែល​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ជា​អ្នក​ពាក់​​មួក​ដែល​មាន​​រូប​​សញ្ញា​គណបក្ស ​មិន​មែន​អាជ្ញាធរ​​ជា​អ្នក​ពាក់​នោះទេ”៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស