42.2 C
Phnom Penh

អាវ​យឺត​​មាន​ស្លាក​សញ្ញា​ហាង​កាហ្វេ Starbucks​ ត្រូវ​បាន​គេ​ឃើ​ញ​ពាក់​ព្រោង​ព្រាត​នៅក្នុង​រាជ​ធានី​ភ្នំ​ពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទី​ផ្សារ​ហាង​កាហ្វេ​បាន​រីក​ព្រោង​ព្រាត​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​នេះ។ ​ក៏​ប៉ុន្តែ ​ហាង​កាហ្វេ​ដ៏​ល្បី​ដែល​មិន​បាន​​ចូល​មក​ប្រកួត​ប្រជែង​នោះ​ គឺ​ហាង​កាហ្វេ​ ស្តាបាក់ (Starbucks) ដែល​ជា​ហាង​កាហ្វេ​ដ៏​ធំ​របស់​សហ​រដ្ឋ​អាមេរិក​។

ក៏ប៉ុន្តែ  ការ​មិន​បាន​ចូល​មក​ប្រកួត​ប្រ​ជែង​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​មិន​បាន​បញ្ឈប់​ពល​រដ្ឋ​វ័យ​ក្មេង​មិន​ឲ្យ​នាំ​គ្នា​ទៅ​ផ្សារ​ក្នុង​​ប្រទេស​កម្ពុជា​ ​ដើម្បី​ទិញ​អាវ​យឺត​​ដែល​មាន​ស្លាក​សញ្ញា​របស់​ហាង​កាហ្វេ​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ឡើយ។

ភាគ​ច្រើន​គេ​មិន​សូវ​ដឹង​ថា​ ស្តាបាក់​ ជា​អ្វី​នោះ​ទេ​ ប៉ុន្តែ​ គេ​ឃើញ​យុវវ័យ​ និង​មនុស្ស​ពេញ​វ័យ​ក្មេងៗ​នៅក្នុង​រាជ​ធានី​នាំ​គ្នា​ទិញ​អាវ​​យឺត​នេះ​ ដែល​បាន​ក្លាយ​ជា​​សម្លៀក​បំ​ពាក់​ដ៏​ពេញ​និយម​បំផុត​ដែល​គេ​ឃើញ​ក្មេងៗ​ពាក់​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។ យុវ​ជន​អាយុ​១៦​ឆ្នាំ​ម្នាក់​ ឈ្មោះ​ ហែម​ សុវណ្ណារិទ្ធ​ ដែល​កំពុង​ឈរ​នៅ​ ក្រៅ​វិទ្យា​ល័យ​​ព្រះ​ស៊ីសុវត្ថិ​ តាម​បណ្តោ​យ​ម​ហា​វិថី​ព្រះ​នរោត្តម​បាន​និយា​យ​ថា “ នៅ​ពេល​ខ្ញុំ​ពាក់​វា​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ឡូយ​ ហើយ​សង្ហា​ ពី​ព្រោះ​វា​ស្អាត​សម្រាប់​ខ្ញុំ​ មាន​សិស្ស​ពាក់​អាវ​យឺត​នេះ​​ច្រើន​ណាស់​នៅ​ក្នុង​សាលា​របស់​ខ្ញុំ​។​ ខ្ញុំ​មិន​ដឹង​ថា​ ស្តាបាក់​ ជា​អ្វី​នោះ​ទេ​ ក៏​ប៉ុន្តែ​ វា​ពេញ​​និយម​ណាស់​”។

ក្មេង​ជំទង់​អាយុ​១៤​ឆ្នាំ​ម្នាក់​ឈ្មោះ​ មឿន​ ថាន់​រ័ត្ន​ ជា​សិស្ស​នៅ​អនុ​វិទ្យា​ល័យ​ចតុមុខ​បាន​​និយាយ​ថា ​អាវ​យឺត​នេះ​ធ្វើ​ឲ្យ​ខ្លួន​គេ​មាន​​អារម្មណ៍ថា​ ទាន់​សម័យ​។ ​គេ​បាន​និយាយ​ថា “ ខ្ញុំ​មាន​អារម្មណ៍​ថា​ ឡូយ​ជាង​មុន​ នៅ​ពេល​ខ្ញុំ​ពាក់​វា”។ ក្រុម​ហ៊ុន​ហាង​កាហ្វេ​ ស្តាបាក់​ មាន​ហាង​រាប់​រយ​កន្លែង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​ជា​ នៅ​ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាម​ជា​ដើម​ ប៉ុន្តែ​ ក្រុម​ហ៊ុន​នេះ​មិន​មាន​ហាង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​នោះ​ទេ​ ហើយ​តំណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​គ្មាន​គម្រោង​បើក​ហាង​កាហ្វេ ស្តាបាក់ ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នោះ​ទេ​។

លោក​ បាវណា​ ចាធានី​ (Bhavna Jagtiani)​ អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​ ស្តាបាក់ បាន​និយាយថា​ “ ក្រុម​ហ៊ុន​ ស្តា​បាក់​ មាន​គម្រោង​បន្ត​បង្កើន​​ការ​ពង្រីក​ហាង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏​ប៉ុន្តែ​ នៅ​ពេល​នេះ​ យើង​មិន​មាន​គម្រោង​​ចូល​​ទៅ​ក្នុង​ទី​ផ្សារ​ថ្មីៗ​នៅ​តំបន់​អាស៊ី​នោះ​ទេ​។

​រូបារម្មណ៍​ ដែល​គេ​គិត​ចំពោះ​អាវ​យឺត​ ស្តាបាក់​ គឺ​ស្លាក​សញ្ញា​រាង​រង្វង់​មូល​​ដែល​មាន​ពណ៌​បៃ​តង​ ខ្មៅ​ និង​ស​ ដោយ​មាន​រូប​នាង​សុវណ្ណមច្ឆា​កន្ទុយ​ពីរ​ ឬ​នារី​ស្រស់​ស្អាត​នៅ​កណ្តាល​រង្វង់​ ព្រម​ទាំង​មាន​ពាក្យ​ “Starbucks​ Coffee” នៅ​ព័ទ្ធ​ជំុ​វិញ​ស្លាក​សញ្ញា​នេះ​។

នៅ​ផ្សារ​ធំ​ថ្មី​កាល​​ពី​ម្សិល​​មិញ​ គេ​ឃើញ​អាវ​យឺ​ត​នេះមាន​លក់​ស្ទើរ​តែ​គ្រប់​តូប​។ គេ​ឃើញ​អ្នក​ដើរ​ផ្សារ​មួយ​ចំនួន​កំពុង​តែ​ពាក់​អាវ​យឺត​នេះ។ អាជីវ​ករ​ម្នាក់​អាយុ​៥៦​ឆ្នាំ ​ឈ្មោះ គុម ​ចន្នី ​​បាន​ឲ្យ​ដឹង​ថា​ “ វា​ទើប​តែ​ចាប់​ផ្តើម​កាល​ពី​ខែ​​មុន​ប៉ុណ្ណោះ​ ហើយ​កាល​ពី​ខែ​មុន​ ខ្ញុំ​លក់​អាវ​យឺត​នេះ​ដាច់​អស់​៥០អាវ​ ក្នុង​មួយ​ថ្ងៃ​។ ភាគ​ច្រើន​គឺ​យុវវ័យ។ ​ពួក​គេ​នាំ​គ្នា​មក​ទិញ​អាវ​យឺត​នេះ​ ពី​ព្រោះ​វា​ជា​ម៉ូត​ថ្មី​”។

អាជីវករ​ម្នាក់​ទៀត​ អាយុ២៣​ឆ្នាំ ឈ្មោះ​ អុ៊ក​ ពៅ បាន​និយាយ​ថា ​នាង​លក់​អាវ​យឺត​ ស្តា​បាក់​ ពីរ​ប្រភេទ​ មួយ​ផលិត​នៅ​ថៃ ​ហើយ​មួយ​​ទៀត​ផលិត​នៅ​កម្ពុជា​។ ស្លាក​សញ្ញា​ដែល​​​​គេ​បោះ​ពុម្ពនៅ​លើ​អាវ​យឺត​នេះ​ គឺ​ដូច​គ្នា​។ ​អាជីវ​ករ​រូប​នេះ​និយាយថា​ “ ខ្ញុំ​អាច​លក់​​ដាច់​អស់​១០​អាវ​ក្នុង​មួយ​ថ្ងៃ ភាគ​ច្រើន​គឺ​លក់​ទៅ​ឲ្យ​​សិស្ស​។ ​វា​មាន​តម្លៃ​៥​ដុល្លារ​សម្រាប់​អាវ​យឺត​​​ថៃ​ ហើយ​៣​ដុល្លារ​សម្រាប់​អាវ​យឺត​ខ្មែរ​”។

ខណៈ​ដែល​អាវ​យឺត​នេះ​កំពុង​តែ​មាន​ការ​​និយម​ចូល​ចិត្ត​ អា​ជីវករ​ គុម​ ចន្នី និង​ អ៊ុក ​ពៅ ​បាន​និយាយ​ថា ​អតិ​ថិ​ជន​បាន​ប្រាប់​ពួក​គាត់​ថា ​វា​គឺ​ជា​រឿង​ធម្ម​តា​នោះ​ទេ​​។

អ្នក​ស្រី ​គុម ​ចន្នី ​បាន​និយាយ​ថា “ ​ក្មេងៗ ​ចូល​ចិត្តអាវ​យឺត​ទាន់​សម័យ​។ ​ពួក​គេ​បង្ហោះ​រូប​ថតរបស់​ខ្លួន​ដែល​មាន​ពាក់​អាវ​យឺត​នេះ​នៅ​លើ​បណ្តាញហ្វេស​ប៊ុក​(Facebook) ឲ្យ​មិត្ត​ភក្តិ​របស់​ពួក​គេ​មើល​ដើម្បី​ឲ្យ​មិត្ត​ភក្តិ​របស់​គេ​ទិញ​វា​ពាក់​ដែរ​”​៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស