សហចៅក្រមអន្តរជាតិនៅសាលាក្ដីខ្មែរក្រហម លោក ម៉ាក ហាម៉ុន (Mark Harmon) កំពុងតែដំណើរការសំណុំរឿង០០៣និងសំណុំរឿង០០៤ ដោយចុះហត្ថលេខាតែងតាំងមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីពីររូបថែមទៀត ដែលនឹងចូលរួមការស៊ើបអង្កេតដែលរដ្ឋាភិបាលបានលើកឡើងថា មិនគួរប្រព្រឹត្តទៅឡើយ។
ឯកសារតែងតាំងមេធាវីទាំងពីររូបនេះដែលចុះហត្ថលេខាដោយចៅក្រម ហាម៉ុន កាលពីថ្ងៃច័ន្ទ ហើយប្រកាសជាសាធារណៈកាលពីថ្ងៃសុក្រ ទទួលស្គាល់មេធាវី គង់ ផលលក្ស និងលោក ម៉ាដេវ មូ៉ហាន់ (Mahdev Mohan) ជាមេធាវីតំណាងភាគីដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងទាំងពីរនេះ ហើយផ្ដល់សិទ្ធិឲ្យពួកគេពិនិត្យឯកសារក្នុងសំណុំរឿងទាំងនេះ។
ការតែងតាំងមេធាវីទាំងពីររូបនេះ គឺជាដំណើរឆ្ពោះទៅមុខចុងក្រោយបំផុតដែលលោក ហាម៉ុន បានជំរុញឲ្យការស៊ើបអង្កេតរបស់ខ្លួនដំណើរការបានលឿនក្នុងសំណុំរឿងទាំងពីរនេះ ប៉ុន្តែ ភាគីជាតិរបស់លោក គឺសហចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង បានលើកឡើងម្ដងហើយម្ដងទៀតថា លោកនឹងមិនអាចស៊ើបអង្កេតបន្តទៀតទេ។
រហូតមកដល់ថ្ងៃទី១៩ខែមិថុនានេះ របាយការណ៍របស់តុលាការបានបង្ហាញថា ពាក្យបណ្ដឹងរដ្ឋប្បវេណីសរុបទាំងក្នុងសំណុំរឿង០០៣ និង០០៤មានចំនួន១.១៣១ករណី។
ប្រជាពលរដ្ឋ៣០នាក់បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និងប្រជាពលរដ្ឋ៨០២នាក់ បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៤ ហើយប្រជាពលរដ្ឋ៣១៦នាក់ផ្សេងទៀតកំពុងស្វែងរកការទទួលស្គាល់ជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងទាំងពីរនេះ។
លោកចៅក្រម ហាម៉ុន ក៏បានជំរុញឲ្យសាក្សីរដ្ឋប្បវេណីផ្សេងទៀតមកដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេមានព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងទាំងពីរនេះ។
ប៉ុន្តែ ខណៈពេលការស៊ើបអង្កេតនៃសំណុំរឿង០០៣ និងសំណុំរឿង០០៤កំពុងតែដំណើរការនោះ សាលាក្ដីខ្មែរក្រហមក៏កំពុងប្រឈមនឹងបញ្ហាកង្វះមូលនិធិផងដែរ។ ការបើកសវនាការតូចៗក្នុងសំណុំរឿង០០២ជាលើកដំបូងនឹងនៅតែប្រព្រឹត្តទៅ ប៉ុន្តែតុលាការមិនមានថវិកាសម្រាប់បើកប្រាក់ខែឲ្យបុគ្គលិកជាតិទេ ហើយបុគ្គលិកជាតិចំនួន១០ភាគរយ គឺស្មើនឹង៣០នាក់មិនត្រូវបានបន្តកិច្ចសន្យាការងារថ្មីទេរហូតមកដល់ថ្ងៃទី១ ខែកក្កដានេះ។
ការវិវឌ្ឍនៃសំណុំរឿង០០៣ និងសំណុំរឿង០០៤ក៏ត្រូវបានរារាំងដោយសារជនសង្ស័យមានវ័យចំណាស់ផងដែរ។ ជនសង្ស័យក្នុងសំណុំរឿង០០៣ឈ្មោះ ស៊ូ ម៉េត ជាអតីតមេបញ្ជាការកងទ័ពអាកាសខ្មែរក្រហម បានស្លាប់កាលពីខែមុន ដោយបន្សល់ទុកជនសង្ស័យតែម្នាក់គត់ គឺលោក មាស មុត ជាមេបញ្ជាការកងទ័ពខ្មែរក្រហមក្នុងសំណុំរឿងនេះ។ ហើយជនសង្ស័យនៅក្នុងសំណុំរឿង០០៤បីនាក់ផ្សេងទៀត គឺឈ្មោះ តា អាន តា ទិត្យ និង អុឹម ចែម គឺសុទ្ធតែមានវ័យចំណាស់ទៅហើយ។
លោក ឡុង បញ្ញាវុធ មន្ត្រីកម្មវិធីប្រចាំអង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌កម្ពុជាមានប្រសាសន៍ថា ការទទួលស្គាល់មេធាវីពីររូបនេះ គឺជាសញ្ញាមួយល្អ ប៉ុន្តែមានការអភិវឌ្ឍតិចតួច។
លោក បញ្ញាវុធ បានលើកជាសំណួរថា “ តើការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤គួរឲ្យទុកចិត្តបាន ហើយសិទ្ធិរបស់ជនសង្ស័យត្រូវបានគោរពឬទេ?”។
លោកថ្លែងបន្តថា “ ការស្លាប់របស់ ស៊ូ ម៉េត និង អៀង សារី ហើយ អៀង ធីរិទ្ធ ត្រូវបានតុលាការប្រកាសថា មិនអាចយកមកជំនុំជម្រះបាន និងបញ្ហាកង្វះមូលនិធិនោះ វាគឺការល្អបំផុតសម្រាប់សាធារណជន និងជនរងគ្រោះក្នុងការដឹងនូវអ្វីដែលកំពុងតែកើតមាននៅក្នុងសំណុំរឿង០០៣ និង០០៤”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាយូរមកហើយជំទាស់នឹងសំណុំរឿង០០៣ និង០០៤នេះ ដោយអះអាងថា ប្រទេសកម្ពុជានឹងធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ប្រសិនបើសាលាក្ដីខ្មែរក្រហមធ្វើការចោទប្រកាន់ថែមទៀតពីបទឧក្រិដ្ឋដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម៕
ប្រែសម្រួលដោយ ឃិន ណៃ