32.5 C
Phnom Penh

មេធាវីស្នើសុំឲ្យ​តុលាការ​​ពន្យារ​ពេល​ការ​កោះ​ហៅ​លោក កឹម​ សុខា មក​សាកសួរ​ជាលើក​ទី​៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជូង ជូងី មេធាវី របស់​លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា​ លោក កឹម​ សុខា មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ មិន​​បាន​បង្ហាញ​ខ្លួន​នៅ​សា​លាដំបូង​រាជ​ធានី​​​ភ្នំពេញ​ដើម្បី​ឲ្យ​តុលាការ​សាកសួរ​ទេ​កាលពី​ថ្ងៃ​សុក្រ​ ហើយ​ផ្ទុយទៅវិញ​បាន​ស្នើ​សុំ​ពន្យារ​ពេល​ការ​សាកសួរ​នេះ​ជាលើក​ទី​២រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក ជូង​ ជូងី​ បាន​មាន​ប្រសាស​ន៍​ថា សាលាដំបូង​រាជ​ធានី​បាន​ទទួលយក​លិខិត​ដែល​លោក​បាន​ដាក់​ជូន​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​​ស្នើ​សុំ​ឲ្យ​ពន្យារ​ពេល​​សាក​សួរ​លោក កឹម សុខា ពីព្រោះ​លោក​ជាប់​រវល់​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត។

ដោយ​សំដៅ​ដល់​ការដែលតុលាការ​​ទទួល​យក​លិខិត​របស់​លោក​នោះ​ លោក ជូង ជូងី បាន​​មាន​ប្រសាសន៍ថា “ ខ្ញុំ​គិត​ថា ប្រសិន​បើ​ពួក​គេ​មិន​យល់​ព្រម​ទេ ពួកគេ​នឹង​ច្រាន​ចោល​លិខិត​នេះ​ភ្លាម”។ ឥឡូវនេះ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក កឹម សុខា មក​សាកសួរ​បី​លើក​ហើយ​ពាក់​ព័ន្ធនឹង​ពាក្យ​​សម្តី​ដែល​លោក​បាន​និយាយថា វៀត​ណាម​បាន​ប្រឌិត​សោកនាដកម្មនៅ​គុក​ទួល​ស្លែង​​សម័យ​ខ្មែរ​ក្រហម។

លោក គួយ ធុនណា​ មេធាវី​ការពារក្តី​លោក ជុំ​ មុី ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក​ កឹម សុខា នោះ បាន​ចោទ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូបនេះ​ថា មិន​គោរព​ច្បាប់​។ លោក​ គួយ ធុនណា បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​លោក កឹម សុខា មិន​បង្ហាញ​ខ្លួន​ឲ្យ​តុលាការ​សាកសួរ​ទេ​នោះ តុលាការ​មាន​សិទ្ធិ​កោះ​ហៅ​លោក ម្តង​ទៀត​ ​មិន​ចាត់​ការ​រឿង​ក្តី​នេះ​​ ឬ​ចោទប្រកាន់​លោក​ដោយ​គ្មាន​ការ​សាក​សួរ​ ហើយ​បញ្ជូន​រឿង​ក្តីនេះ​ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត​​”។

អ្នក​គាំទ្រ​លោក កឹម សុខា បាន​និយាយ​ថា ពាក្យ​បណ្តឹង​នេះ​គឺ​ជា​រឿង​នយោបាយ និង​​បាន​គាំទ្រ​រដ្ឋាភិបាល​របស់លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ គេ​មិន​អាច​ទាក់​ទង​មន្ត្រី​តុលាការ​ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃ​សុក្រ៕

  ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស