28.4 C
Phnom Penh

អ្នក​គាំ​ទ្របក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​​ទាម​ទារ​ឲ្យ​លោក សម រង្ស៊ី​ វិល​មក​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មូលនិធិ​សង្គ្រោះ​​ជាតិ​កម្ពុជា​(Cambodia National Rescue Foundation) ជា​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក សម្រាប់​​ផ្តល់​​ថវិកា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រ​ឆាំង​​នៅ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ នៅ​មុខ​សេតវិមាន​ដើម្បី​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា​ ដាក់​សម្ពាធ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច​​ឲ្យ​ធានា​ថា​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​នេះ​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌​ និង​​អនុញ្ញាត​​ឲ្យ​មេដឹក​នាំ​​គណបក្ស​របស់​ខ្លួន​គឺ​លោក សម រង្ស៊ី​ វិល​ត្រឡប់​​មក​​កម្ពុជា​វិញ​ដោយ​​សុវត្ថិភាព​។

លោក ទូច វិបុល ស្ថាបនិក​មូលនិធិ សង្គ្រោះ​​ជាតិ​កម្ពុជា ថ្លែងថា​ ប្រជា​​ពលរដ្ឋ​​ចំនួន​​១.០០០​​នាក់​​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​។
លោក វិបុល បន្ត​ថា “ យើង​ដាក់​ញត្តិ​ជូន​ប្រធានាធិបតី លោក​អូបាម៉ា​ដើម្បី​ឲ្យ​លោក​បញ្ជូន​សារ​ដ៏​ខ្លាំង​និង​ឥត​ងាក​រេ​ជូន​រដ្ឋាភិ​បាល​​កម្ពុជា​ឲ្យ​គោរព​ច្បាប់​និង​​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយសេរី​និង​យុត្តិធម៌​។​ជា​ពិសេស​យើង​ស្នើ​ឲ្យលោក  ​សម ​រង្ស៊ី វិល​​មក​​កម្ពុជា​វិញ​ប្រកប​ដោយ​​​សុវត្ថិភាព”។

លោក សម រង្ស៊ី​ ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា  លោកអាច​នឹង​វិល​ត្រឡប់​មក​កម្ពុជា​​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ទោះបី​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១១​ឆ្នាំ​ក៏​ដោយ ដែល​ការ​ចោទ​ប្រកាន់​នេះ ​គេ​ដឹង​ជា​ទូទៅ​ថា​ជា​រឿង​នយោបាយ។

កាល​ពី​ម្សិលមិញ​ លោកស្រី​​​ មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ការ​តវ៉ា​នៅមុខ​សេតវិមាន គឺ​គាប់​ជួន​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។លោកស្រី​បន្ត​ថា “ យើង​ជឿជាក់​​ថា​ការ​តវ៉ា​នេះ នឹង​ធ្វើ​ឲ្យ​លោក សម​ រង្ស៊ី​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​សន្តិភាព​និង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌”។ លោក សម រង្ស៊ី បាន​ថ្លែង​តាម​រយៈអុី​ម៉េល​កាលពី​ម្សិល​មិញ​ថា​ លោកនឹង​ប្រកាស​​ថ្ងៃ​វិល​ត្រឡប់​របស់​លោក​​ឆាប់ៗ​​​នេះ ៕

 ប្រែ​សម្រួល​ដោយ ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស