32.5 C
Phnom Penh

គណបក្ស​ប្រជា​ជន​កម្ពុជា​ចាត់​ប្អូន​ប្រុស​លោក កឹម​ សុខា ឲ្យ​និយាយ​បង្ខូច​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ស្រុក​ពាម​ជរ, ខេត្តព្រៃ​វែង- ខណៈ​ពេល​ដែល​លោក កឹម សុខា​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​​ដើម្បី​ស្វែង​រក​សំឡេង​​គាំ​ទ្រ​សម្រាប់​គណបក្ស​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ខាង​មុខ​នេះ ឧត្តម​សេនីយ៍​ទោ ​​​កឹម​ សុខុន ត្រូវ​ជា​​ប្អូន​ប្រុស​បង្កើត​របស់​លោក​​​ដែល​បាន​ផ្ដាច់​ខ្លួន​ពី​គណបក្ស​ប្រឆាំង​ ក៏កំពុង​​ធ្វើដំណើរ​ក្នុង​នាម​ជា​តួឯក​តំណាង​ឲ្យ​គណ​បក្ស​កាន់​អំណាច​​​ដែរ ដើម្បី​បង្ខូច​កេរ្ដិ៍​ឈ្មោះ​​បក្ស​សង្គ្រោះ​ជាតិ​របស់​បង​ប្រុស​លោក។

​នៅ​ក្នុងពិធីជួប​ជុំមួយ​ក្នុង​ខេត្ត​ព្រៃ​វែង​កាល​ពី​ម្សិល​មិញ ឧត្តម​សេនីយ៍ទោ កឹម សុខុន ​ដែលពី​មុន​ជា​អ្នក​នយោបាយ​គណ​បក្ស​​ប្រឆាំង​ ប៉ុន្ដែ​ពេល​នេះ​មាន​ឋានៈជា​ឧត្តម​សេនីយ៍​ផ្កាយ​​ពីរ​ក្នុង​ជួរ​នគរ​បាល​ជាតិ​នោះ ​បាន​ចូល​រួម​ជា​មួយ​បេក្ខ​ជន​​គណបក្ស​កាន់​អំណាច​ដើម្បី​ថ្លែង​សុន្ទរកថា​រយៈពេល​ជិត​បួន​ម៉ោង​ទៅ​កាន់អ្នក​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រហែល៧០០​នាក់​នៅ​ក្នុង​ឃុំ​ស្វាយ​ភ្លោះ​។

​ឧត្តម​សេនីយ៍​ទោ កឹម សុខុន ​មាន​ប្រ​សាសន៍​​ទៅ​កាន់​អ្នក​ចូល​រួម​ថា គោល​នយោ​បាយ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​សន្យា​​​ដំឡើង​ប្រាក់​ខែ និង​ផ្ដល់​ប្រាក់​ឧបត្ថម្ភដល់​ចាស់​ជរា ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​នោះ គឺ​ជា​ការ​សន្យា​ខ្យល់​ ហើយ​លោក​បាន​ព្រមាន​ថា ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា​ ​ដែល​ជា​បង​ប្រុស​របស់​លោក និង​លោក សម រង្ស៊ី ស្វែង​រក​ផល​ប្រយោ​ជន៍​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក​ឧត្តម​សេនីយ៍​ទោ កឹម​ សុខុន​ ​មាន​ប្រសាសន៍​ថា“ គណបក្ស​សង្គ្រោះ​ជាតិ​ សង្គ្រោ​ះ​តែ​​ កឹម សុខា និង​ សម រង្ស៊ី ប៉ុណ្ណោះ”។​​​​​​​​​​ លោក​បានមានប្រសាសន៍​ថា “ គ្មាន​នរ​ណា​​​ម្នាក់​ដឹង​ច្បាស់​ជាង កឹម សុខុន​ ដែល​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គណ​បក្ស​ប្រ​ឆាំង​នោះ​ទេ​”។ ឧត្តម​សេនីយ៍​ទោ កឹម សុខុន បាន​មាន​ប្រសា​សន៍​បន្ថែម​ថា កាល​ពីមុន​លោក​ធ្លាប់​ធ្វើ​ការ​ឲ្យ​​គណបក្ស​ សម រង្ស៊ី ក្នុង​នាម​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​​ក្នុង​ខេត្ត​ព្រៃ​វែង មុន​ពេល​​​ចូល​រួម​ក្នុង​​គណបក្ស​សិទ្ធិ​មនុស្ស​​ជា​មួយ​បង​ប្រុស​របស់​លោក​​ក្នុង​ឆ្នាំ​២០០៧។ គណ​បក្ស​ ​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​​បញ្ចូល​គា្ន​បង្កើត​បានជា​​​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​បាន​លើក​ឡើង​​ថា “ អ្នក​នៅ​ក្នុង​​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ប្រាប់​ខ្ញុំថា ពួកគេ​ដឹង​​ថា ពួកគេ​មិន​អាច​យក​ឈ្នះ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ទេ…ពួកគេ​ដឹង​ថា ពួកគេ​គ្មាន ​[ប្រាក់​គ្រប់គ្រាន់ ដើម្បី​អនុវត្ត​គោល​នយោ​បាយ​របស់​ពួកគេ​ទេ​]​” ពេល​លោក​មាន​ប្រសា​សន៍​សំដៅ​ដល់គោល​នយោ​បាយ​ប្រជា​និយម​​ប្រាំ​ពីរ​ចំណុច​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​មាន​ទាំង​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​​រាជការ​ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ចាស់​ជរា​។ “ យើង​មិន​ចង់​បាន​គណបក្ស​​ប្រឆាំង​ទេ​។ យើង​ត្រូវ​តែ​រួម​គ្នា​បោះ​ឆ្នោត​គាំ​ទ្រ​គណ​បក្ស​​​ប្រជាជន​កម្ពុជា​ ហើយ​យើង​នឹងគាំ​ទ្រ​សម្ដេច​ ​ហ៊ុន សែន​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​រហូត​”។

បន្ទាប់​ពីសុន្ទរកថា ​​ជា​បន្ដដោយ​លោក ជាម យៀប សមា​ជិក​សភាមក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​ព្រៃ​វែង​​ជា​ថ្មីម្តង​ទៀត​នោះ​​​​​​​​ មេ​ឃុំ​មក​ពី​ទូទាំង​ខេត្តនេះ​ត្រូវ​បានគេ​ឲ្យ​មក​​ជួប​ជុំ​គ្នា​ និង​ប្រគល់ឲ្យ​​​ខ្សែ​អាត់​សំឡេងនៃ​សុន្ទរ​កថា​របស់​លោក កឹម សុខុន ​​អម​ជា​មួយ​នឹង​បទ​បញ្ជា​ឲ្យ​ចាក់​ផ្សាយខ្សែ​អាត់​សំឡេង​នោះ​​តាម​ឧគ្ឃោសន​ស័ព្ទនៅ​តាម​ដង​ផ្លូវនិង​នៅ​តាម​ទី​សាធារណៈ​នានា នៅ​ក្នុង​ខេត្ត​នេះ។

​លោក ញ៉ែម បុញ្ញឫទ្ធិ​ អ្នក​​នាំ​ពាក្យ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​​និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃ​វែង​បាន​មានប្រសា​សន៍​ថា លោក កឹម សុខុន បាន​ចាក​ចេញ​បី​គណ​បក្ស​សិទ្ធិ​មនុស្ស​តាំងពី​ឆ្នាំ២០០៩​មក​ម៉្លេះ ប៉​ុន្ដែ​ថ្មី​ៗ​នេះ​ទើប​តែ​ចាប់​ផ្ដើម​យុទ្ធ​នា​ការ​ឃោស​នា​ជា​សារ​ធា​រណៈ​សម្រាប់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។​​​​​​​

លោក​ យ៉ែម បុញ្ញឫទ្ធិ​ បាន​មានប្រសាសន៍​ថា “ ខ្ញុំ​ហៅ​ជន​ផ្ដាច់​ខ្លួន​ទាំង​នេះ​ថា ជា​ក្រុម​ក្បត់​មនសិការ​ ព្រោះ​កាល​នៅជាមួយ​យើង​ ពួកគេ​តែង​តែ​និយាយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ជន​អន្ដោ​ប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​វៀតណាម​ច្រើន ហើយ​ថា រដ្ឋា​ភិបាល​ពុក​រលួយ​​។ ប៉ុន្ដែ​​​​​​​ ពេល​ពួកគេ​​ចុះចូល​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ពួកគេ​បែរ​ជា​និយាយ​​អ្វី​​​ដែល​​​​ពួកគេ​​​​​​​មិនធ្លាប់​​​​​​​​និយាយ​​​​ពី​​​មុន​​​មក​​​ទៅវិញ​​​​​​​​​”។

​លោក​បន្ថែម​ថា “ នេះ​គឺ​ជា​​​​ឧបាយកល​​​របស់​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​តែង​តែ​ប្រើ​ប្រាស់​មនុស្ស​ដូច​ជា [ជន​ផ្ដាច់​ខ្លួន​]​ ទាំង​​​នេះ​ ដើម្បី​វាយ​ប្រហារ​គណ​បក្ស​ប្រឆាំង​”។​ ​គួរ​​​រំឭក​ថា ឧត្តម​សេនីយ៍​​​ទោ​​​​ កឹម សុខុន បាន​ឡើង​ឋានៈ​យ៉ាង​ឆាប់​រហ័សក្នុ​​​ង​​​ជួរ​​​​កង​កម្លាំង​​សន្ដិសុខ​ជាតិ​​​​​​​ចាប់​​​តាំង​ពីលោក​​​​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធ​នា​ការ​​ប្រឆាំង​បង​ប្រុស​​​របស់​​​​ខ្លួន​ឯង ​​​និង​​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​​ ជា​​​​លើក​ដំបូង​​​កាល​ពី​ដើម​ឆ្នាំ​នេះ​​​​មក​​​។

នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា គឺ​​​រយៈពេល​​​ប៉ុន្មាន​ថ្ងៃ​​​​បន្ទាប់​ពី​​​​បាន​​​បង្ហាញ​​​​​​មុខ​​​តាមរយៈ​​​​កញ្ចក់​ទូរទស្សន៍​បាយ័ន​​​​​​​​​​របស់​​​​​​លោកស្រី ហ៊ុន ម៉ាណា ដែល​​​ត្រូវ​​​ជា​​​កូន​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​​ដោយ​​​បាន​​​​​​​ក្រើន​​​រំឮក​​​​​​អ្នក​បោះ​​ឆ្នោត​មិន​ឲ្យ​ជឿ​ជាក់​លើ​លោក កឹម សុខា  និង​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​​ជាតិ​​​​នោះ​​​ លោក​​​ ហ៊ុន​​​ សែន​​​ ​​​ចុះ​​​ហត្ថ​លេខា​​​​​លើ​​​អនុក្រឹត្យ​​​​មួយ​​​​​​​​​ស្តីពី​​​ការ​​​​បង្កើត​តំណែង​ ថ្មី​មួយ​ក្នុង​ជួរ​នគរបាល​ជាតិ​ សម្រាប់​ឧត្តម​សេនីយ៍​​​​ទោ​​​ កឹម សុខុន​​​​ ជា​​​ពិសេស​​​តែ​​​ម្តង​​​​​​។​

​យោង​តាម​អនុ​ក្រឹត្យ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​​លោក​ ហ៊ុន សែន និង​ឡាយ​ព្រះហស្ត​​​លេខា​​ដោយ​ព្រះ​មហា​ក្សត្រ​​​ នរោត្តម សី​ហមុនី នេះ​​​ ឧត្តម​សេនីយ៍​ទោ​​​ កឹម សុខុន ត្រូវ​បាន​តែង​​តាំង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​​​​កណ្ដាល​​​សន្ដិសុខ​​នៃ​​​​ក្រសួង​​​មហាផ្ទៃ​​​។​ ពី​មុន​​​​​​លោក​​​​ធ្លាប់​​​​មាន​​​តួនាទី​​​ជា​ទី​ប្រឹក្សា​​​​រដ្ឋាភិបាល និង​ជា​ឧត្តម​សេនីយ៍​​​​ត្រី​​​​​​​នៅ​​​រដ្ឋ​លេខា​ធិការ​ដ្ឋាន​នៃ​ក្រសួង​មហា​ផ្ទៃ៕

​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស