26 C
Phnom Penh

​គ.ជ.ប. នឹង​ប្រកាស​លទ្ធផល​សវនកម្ម​លើ​បញ្ជី​អ្នក​បោះ​ឆ្នោត​របស់​ខ្លួន ចំពេល​មាន​ក្តីបារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅកាត់ថា គ.ជ.ប. នឹង​ចេញ​ផ្សាយ​លទ្ធផល​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​របស់​ខ្លួន​ផ្ទាល់​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​សវនកម្ម​ឯក​រាជ្យ​​ពីរ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា បញ្ជី​ឈ្មោះ​នេះ​មាន​ភាព​មិន​ប្រក្រតី​ ដែល​អាច​នាំ​ឲ្យ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​រហូត​ដល់​ទៅ​មួយ​លាន​នាក់​ មិន​អាច​បោះ​ឆ្នោត​បាន​ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក​ ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ជួល​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ក្នុង​តំបន់​ឈ្មោះ​​ Business and Marketing Research Solutions Asia (BMRS) ឲ្យ​ធ្វើ​សវន​កម្ម​ដើម្បី​​​ “ បញ្ជាក់​​លើបញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​នេះ​”។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា “ រឿង​​សំខាន់​គឺ​ត្រូវ​​បញ្ជាក់​ឲ្យ​បាន​ច្បាស់ លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដើម្បី​ចង់​ដឹង​ថា តើ​​​​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​របស់​យើង​មាន​​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​ឬយ៉ាង​ណា​ ពីព្រោះ​ ​[គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុមហ្វ្រែល​)] និង​ [វិទ្យាស្ថាន​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ​(NDI)] ​បាន​លើក​ឡើង​ថា គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បាន​ធ្លាក់​ចុះ​”។

វិទ្យាស្ថាន​ជាតិ​ ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​រក​ឃើញ​ថា ក្នុងចំណោម​មនុស្ស​១០​នាក់​ ​ដែល​បាន​ចុះ​ឈ្មោះ​​រួច​​សម្រាប់​​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា មានលើស​ពី​​ម្នាក់​ដែល​ទំនង​ជា​មិន​​​មាន​​​ឈ្មោះ​​នៅ​ក្នុង​បញ្ជីបោះ​ឆ្នោតទេ ហើយ​​​ថា ៩​ភាគរយ​​នៃ​អ្នក​បោះ​ឆ្នោត​លើក មុនៗ​ ត្រូវ​​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​នៅ​តាម​​មូល​ដ្ឋាន​ដោយ​​​មិន​ត្រឹម​ត្រូវ​។

យោង​តាម​ការ​ស្ទង់​មតិ​គំរូ​របស់​ខុម​ហ្វ្រែល​ ​បាន​ឲ្យ​ដឹង​ថា អ្នក​បោះ​ឆ្នោត​ចំនួន​១,២៥​លាន​​នាក់​អាច​បាត់​បង់​សិទ្ធិ​​បោះ​ឆ្នោត​​ក្នុង​ពេល​ខាង​​មុខ​នេះ​។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​បាន​ជំទាស់​ និង​ច្រាន​ចោល​លទ្ធផល​នៃ​ការ​ស្ទាប​ស្ទង់​មតិ​ទាំង​ពីរ​នេះ​។

នៅ​ពេល​សួរ​ថា តើ​លោកគិត​​ថា សវនកម្ម​​​តាម​អុីនធើណិត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ អាច​ជឿជាក់បាន​ និង​មាន​​អព្យាក្រឹតភាព​​ឬ​អត់​នោះ​ លោក​បាន​មាន​​​ប្រសាសន៍​ថា “ យើង​បាន​សិក្សា​​រួច​ហើយ​ មុន​​ពេល​យើង​ធ្វើ​រឿងនេះ​។ ក្រុមហ៊ុនបានធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់”។

លោក ភួង វុទ្ធី នាយក​ក្រុមហ៊ុន​ BMRS បាន​មាន​ប្រ​សាសន៍​ថា ក្រុម​ហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ បាន​មក​ដល់​​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១០​ និង​បាន​​បញ្ជូន​អ្នក​ស្ទាប​ស្ទង់​មតិ​របស់​ខ្លួន​ទៅ​តាម​ភូមិ​ចំនួន​១០០​ក្នុង​២៤​ខេត្ត​រាជធានី ដើម្បី​​សម្ភាសអ្នក​ភូមិ​ចំនួន​២.៤៧២​នាក់​។

លោក​ ភួង វុទ្ធី បាន​​​មាន​ប្រសាសន៍​បន្ថែម​​​ទៀត​​​ថា “ ​វិធី​សាស្ត្រ​របស់​យើង​ គឺយើង​បាន​​​ប្រើ​វិធី​ព្រាវ​ៗ​ ដើម្បី​ជ្រើស​រើស​អ្នក​ភូមិ។ យើង​បាន​សួរ​ឈ្មោះ​​និង​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ពួក​គាត់​។ បន្ទាប់​មក​យើង​សួរ​ថា តើ​ពួក​គាត់​បាន​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ឬ​នៅ។ ប្រសិន​បើ​ពួក​គាត់​និយាយ​ថា បាន​ចុះ​ឈ្មោះ​រួចហើយ មន្ត្រី​មក​ពី​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ នឹង​រក​ឈ្មោះ​របស់​ពួក​គាត់តាម​អុីនធើណិត​។ ហើយ​ប្រសិន​បើ​ពួកគាត់និយាយ​ថា មិន​បាន​ចុះ​ឈ្មោះ​ទេ គេ​នឹង​កត់​ត្រា​ទុក”។

ទោះ​បី​ជា​លទ្ធផល​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ក្តី ក៏​លោក គល់​ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​​ខុម​ហ្វ្រែល​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ប្រាកដ​ថាវា​ល្អ​អ្វី​​ឡើយ​ដែល​សវនកម្ម​បែប​នេះ​ធ្វើ​ឡើង​​មុន​ពេល​បោះ​ឆ្នោត​តែ​ពីរ​សប្ដាហ៍​នោះ។

លោក​ ភួង វុទ្ធី បាន​​​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា វា​​គ្រាន់​​តែ​ជា​ប្រតិកម្ម​តប​ចំពោះ​អ្វី​ដែល​យើង​​បាន​សិក្សា​ប៉ុណ្ណោះ​។ ពួក​គេ​គួរ​តែ​ធ្វើ​ឲ្យ​បាន​​មុន​នេះ​​ ដើម្បីឲ្យ​ដឹង​ថា តើ​គណៈ​​​កម្មាធិ​ការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​កែ​លម្អ​​ដោយ​របៀប​ណា ​ចំណាយ​ប្រាក់ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួក​គេ​អាច​​កែ​លម្អ​ប្រព័ន្ធ​នេះបាន​ដោយ​របៀប​ណា​”។

លោក​បន្ត​ថា “ ​ពួក​គេ​គួរ​តែ​​​បាន​ចេញ​​ផ្សាយ​​លទ្ធផល​សវនកម្ម​ ចាប់​តាំង​ពី​ខែ​មករា មក​​​​​ម៉្លេះ ជា​ពេល​ដែល​ពួក​គេ​​ចេញ​ផ្សាយ​​​​​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​។ សវន​កម្ម​​នេះ​គ្រាន់​តែ​ជា​ប្រតិកម្ម​មួយ​​ដើម្បី​ប្រឆាំង​​ទៅ​នឹង​អ្វី​ដែល​សវនកម្ម​ឯករាជ្យ​ទាំង​នោះ​បាន​រក​ឃើញ​ប៉ុណ្ណោះ​។ពេល​នេះ​​វា​យឺត​ណាស់​​ហើយ​ ព្រោះ​​ការ​បោះ​ឆ្នោត​​ជិត​មក​ដល់​ហើយ​”។

លោក​ស្រី ឡូរ៉ា ថនតុន ​​​​​(Laura Thornton) នាយក​ប្រចាំ​ប្រទេស​​កម្ពុជានៃ​វិទ្យាស្ថាន​ជាតិដើម្បីប្រជាធិបតេយ្យ​​ ដែល​មាន​មូលដ្ឋាន​​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​​មាន​ប្រសាសន៍​ថា “ ​គោល​បំណង​នៃ​សវន​កម្ម​មួយ​គួរ​តែ​ធ្វើ​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​គោល​បំណង​វាយ​តម្លៃ​គុណភាព​នៃ​បញ្ជី​ឈ្មោះ​ កែ​តម្រូវត្រង់​ចំណុច​ដែល​ចាំ​បាច់លើ​​បញ្ជី​ឈ្មោះ​ និង​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​​ មិន​មែន​ដើម្បី​បង្ហាញ​ថា ខ្លួន​ឯង​ត្រូវ​ ឬ​ខុស​នោះ​ទេ”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស