សេចក្តីព្រាងបញ្ជីសំណួរទទួលបានក្នុងសប្តាហ៍នេះបានបង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំផែនការចុះស្ទង់មតិ ដើម្បីសិក្សាពីទំនាក់ទំនងរវាងការសិក្សារបស់និស្សិតសាកលវិទ្យាល័យ និងក្តីរំពឹងបានការងារធ្វើរបស់ពួកគេ។ បញ្ជីសំណួរនេះមានខ្លឹមសារថា “ គម្រោងសិក្សាស្រាវជ្រាវនេះ នឹងផ្តោតសំខាន់ទៅលើទីផ្សារការងារ និងរបៀបដែលទីផ្សារនេះឆ្លើយតបទៅនឹងជំនាញ និងចំណេះដឹងដែលនិស្សិតរៀន”។
បញ្ជីសំណួរនេះមានខ្លឹមសារបន្តទៀតថា “ គម្រោងសិក្សាស្រាវជ្រាវនេះនឹងមានសារៈសំខាន់ សម្រាប់លើកកម្ពស់គុណភាពអប់រំ”។ ព័ត៌មានដែលនិស្សិតសាកលវិទ្យាល័យនឹងត្រូវបានស្នើឲ្យផ្តល់ឲ្យនោះរួមមានឯកទេសរបស់ពួកគេ និងការងារដែលពួកគេចង់ធ្វើ ការរៀបចំខ្លួនតាមរយៈការសិក្សារបស់ពួកគេ ក្នុងការស្វែងរកការងារធ្វើ និងកម្រិតទំនុកចិត្តថា នឹងទទួលបានការងារធ្វើនៅពេលរៀនចប់។
អ្នកស្រី សាន់ដ្រា ដាមីកូ (Sandra D’amico) នាយិកាគ្រប់គ្រងក្រុមហ៊ុន អេជអា អុីង ខេមបូឌា (HR Inc. Cambodia) មានប្រសាសន៍ថា “ វា ជាគម្រោងមួយដ៏ល្អ មិនមែនមានតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ផ្សេងៗទៀតផងដែរ ពីព្រោះកម្មវិធីសាលារៀនត្រូវស្របតាមទីផ្សារការងារ និងតម្រូវការក្នុងវិស័យនានា”។ទោះបីជាអ្នកស្រីលើកឡើងថា សាលារៀនមានភាពរីកចម្រើនជាងមុន ក្នុងការរៀបចំខ្លួននិស្សិត សម្រាប់ចូលទៅក្នុងទីផ្សារការងារក៏ដោយ ក៏“ និស្សិតមើលទៅមិនមានភាពប្រាកដនិយម ចំពោះទីផ្សារការងារទេ”៕
ប្រែសម្រួលដោយ កង សុធា