39.4 C
Phnom Penh

គណបក្ស​តូច​មួយ​ចង់​យក​ព្រះ​សង្ឃ​មកកាន់អំណាច ហើយ​មក​អង្គុយ​នៅ​វិមាន​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិន​បើ​គណ​បក្ស​សញ្ជាតិ​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ដូចដែល​ប្រធាន​ស្តី​​​​​ទី​និង​អ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ​របស់​គណ​បក្ស​នេះ​ព្យាករ​ដោយសុ​ទិដ្ឋិ​និយម​មែន​នោះ ព្រះ​តេជ​គុណ តា​ហង្ស ដែល​ជា​ប្រធាន​​គណ​បក្ស​នេះនឹង​លា​ចាក​សិក្ខា​បទ ហើយ​នឹង​ក្លាយ​ជា​ព្រះ​សង្ឃ​ដំបូង​គេដែល​​និមន្ត​ចេញ​ពី​វត្ត​ដោយ​ផ្ទាល់ទៅ​​ធ្វើ​ការនៅ​វិមាន​សន្តិភាព។

អ្នក​គាំទ្រ​គណ​បក្ស​សញ្ជាតិក​ម្ពុជា​ប្រហែល​​១.០០០​នាក់​មក​ពី​ទូទាំង​ប្រទេសកម្ពុជា​​ បាន​ជួប​ជុំ​គ្នា​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ ហើយ​ទោះ​​បី​ជា​អវត្ត​មានមិន​បាន​ចូល​រួម​​ក៏​ដោយ ក៏​រូប​ថតរបស់​ព្រះ​តេជ​គុណ តាហង្ស ​ត្រូវ​បាន​​ដាក់​​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​គ្នាឃើញ​ដែរ។

ក្បួន​រថយន្ត​ធុន​ធំ​ និង​រថ​យ​ន្ត​តួរីសជាង​៥០គ្រឿងដែល​​តុប​តែងដោយ​រូប​ថត​ព្រះ​តេជ​គុណ តាហង្ស​ ដាក់​ក្នុង​ស៊ុម​ ដែល​ដឹកនាំ​ដោយ​លោក សេង សុខហេង ​ប្រធាន​ស្តីទី​គណ​បក្សនេះ ​​បាន​បើក​កាត់​តាម​តំបន់​ជាយ​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​គណបក្ស​។ ទិស​ដៅ​គោល​នយោបាយ​របស់​គណ​បក្ស​នេះ​​មាន​ភាព​ច្បាស់​​លាស់ ប៉ុន្តែ​​មិន​មាន​ព័ត៌មាន​លម្អិតទេ។

លោក​ សុខហេង បាន​មាន​ប្រ​សាសន៍​ថា “ យើង​យក​ច្បាប់​ព្រះ​ពុទ្ធសាសនា​មក​​ធ្វើជា​គោល​នយោ​បាយ​របស់​យើង។ យើង​អនុវត្ត​​តាម​គោល​នយោបាយ​នោះ”។ លោក​បាន​មាន​ប្រសាសន៍​​អំពី​គណ​បក្ស​ ដែល​ទើប​តែ​​បង្កើត​ឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០នេះថា “ យើង​ផ្តោត​តែ​​លើ​អនាគត​​ប៉ុណ្ណោះ​​ ដែល​នឹង​ឃើញ​​ប្រទេស​ជាតិ​យើង​ត្រូវ​បាន​គ្រប់​គ្រង​ក្នុង​ផ្លូវ​សន្តិភាព”។

លោក​ សុខហេង បាន​មាន​​ប្រ​សា​ស​ន៍​ថា ព្រះ​តេជ​គុណ តាហង្ស​ បាន​បួស​ជា​ព្រះ​សង្ឃ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​កាល​ពី​ឆ្នាំ​២០០៣ ហើយ​​នឹង​លាចាក​សិក្ខា​បទនៅ​ពេល​​គណ​បក្ស​​របស់​ព្រះ​តេជ​គុណឈ្នះ​ឆ្នោត ដែល​នេះ​ទំនង​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​របស់​លោក​តែ​ប៉ុណ្ណោះ។ តាហង្ស ពំុមាន​បទ​ពិសោធនយោ​​បាយ​ក៏​ពិត​មែន​ តែ​អនុ​ប្រធាន​របស់​លោក​បាននិយាយ​ថា ប្រធាន​របស់​ខ្លួន​មាន​មហិទិ្ធ​ឫទ្ធិ​​ពិសេស​។
លោក​បាន​មានប្រសាសន៍ថា “ ប្រធាន​របស់​យើង​ លោក​អាច​ទស្សន៍​ទាយ​ដឹង​ពី​អនាគត ហើយ​លោក​អាច​ចរ​ចា​គ្នា​បាន​រវាង​មនុស្សនិង​ទេវតា”។

លោក​មាន​ប្រ​សាសន៍​ទៀត​ថា “ យើង​មាន​សកម្ម​ជន​៣០.០០០​នាក់​​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រាប់​ប្រជា​ពលរដ្ឋ​អំពី​គណបក្ស​របស់​យើង។ ​យើង​សង្ឃឹម​ថា យើង​អាច​ទទួល​បាន​៨០​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើយ​ពេល​នោះ​ [ព្រះ​តេជគុណ តាហង្ស] នឹងលា​ចាក​សិក្ខា​បទ ហើយដឹកនាំ​ប្រទេស”។

អ្នក​គ្រវី​ទង់​​គណ​បក្ស​ដែល​ភាគ​ច្រើន​មក​ពីតាម​ជន​បទ និង​​ដែល​បាន​ចូលរួម​ជាមួយ​អ្នក​​គាំទ្រ​គណបក្ស​សញ្ជាតិ​កម្ពុជា​នោះ មាន​ជំនឿ​​ស្រ​ដៀង​គ្នា​លើ​មេ​ដឹក​នាំ​របស់​ខ្លួន​ បើ​ទោះ​បី​ជា​​មាន​ការ​រំពឹង​ទុក​ថា កម្លាំ​ង​របស់​គណបក្ស​​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច និង​វត្ត​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ប្រឆាំ​ង​ដ៏​ធំ​នឹង​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​សភា​ក៏ដោយ។

លោក គឹម សុងហេង អាយុ​៤៥ឆ្នាំ មក​ពី​ខេត្ត​កំពង់​ចាម​បាន​និយាយ​ថា លោក​ធ្លាប់​គាំទ្រ​​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ប៉ុន្តែ​បាន​ងាក​មក​គាំទ្រ​គណបក្ស​សញ្ជាតិ​កម្ពុជា​វិញ ពីព្រោះ​គណ​បក្ស​​នេះ​ដើរ​តាម​មាគ៌ា​ព្រះ​ពុទ្ធសាស​នា។

គាត់​​និយាយ​ថា “ ខ្ញុំ​បាន​ប្តូរ​មក​គាំទ្រ​គណ​បក្ស​សញ្ជាតិ​កម្ពុជា​វិញ​ ពីព្រោះ​គណបក្ស​នេះ​​នឹង​នាំមក​នូវ​សាមគ្គីភាព និង​សម​ភាព​ដល់​យើង។ គណបក្ស​សញ្ជាតិកម្ពុជា ​នឹង​មិន​ចាប់​យក​ដី​ពី​ប្រជា​ពល​រដ្ឋ​ដូច​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ឡើយ”៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស