39.4 C
Phnom Penh

ចរាចរណ៍​ទំនិញ​ឆ្លង​កាត់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​បានកើន​ឡើង​ក្នុង​រយៈ​ពេលមួយ​ឆមាស​ដំបូងនៃ​ឆ្នាំ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ចេញ​ផ្សាយ​កាល​ពី​ម្សិល​​មិញ​បាន​បង្ហាញ​ថា ទម្ងន់​សរុប​នៃ​ទំនិញ​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​​កាត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដំបូង​នៃ​​ឆ្នាំ​នេះបាន​កើន​ឡើង​១៥​ភាគ​រយ​ បើ​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ តួ​លេខ​នេះ​បង្ហាញ​​ថា ​ទំនិញ​ប្រហែល​១,៥១​លាន​​តោន​​បាន​ចរាចរ​និង​ឆ្លង​កាត់​កំពង់​ផែ​នេះ​ ក្នុង​រយៈ​ពេល​ពី​ដើម​ឆ្នាំ​រហូត​ដល់​ដំណាច់​ខែ​មិថុនា​ ពោល​គឺ​ច្រើន​ជាង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុនដែលមាន​១,៣១​លាន​តោន​។​ 

មន្ត្រី​​មួយ​រូប​បាន​ឲ្យ​ដឹង​ថា តួលេខ​នេះ​ឆ្លុះ​​បញ្ចាំង​ឲ្យ​ឃើញ​ថា សេដ្ឋ​កិច្ច​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​ការ​សម្ភារ​អគារ​យ៉ាង​​ច្រើន​។ ភាគ​ច្រើន​នៃ​ទំនិញ​ទាំង​នេះ​​ជា​ទំនិញ​​នាំ​ចូល​ ដែល​មាន​ទម្ងន់​សរុប​១,១៦​លាន​​តោន ពោល​គឺ​បាន​កើន​ឡើង​ជិត​១២​ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១២។

លោក លូ គឹមឈុន អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុបាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​សេដ្ឋ​កិច្ច​កំពុង​រីក​ចម្រើន​ បរិមាណ​​ទំនិញ​​នៅ​ផ្នែក​ដឹក​ជញ្ជូន​បាន​កើន​ឡើង។ មាន​តម្រូវ​ការ​ខ្ពស់​នៅផ្នែក​គ្រឿង​សំណង់​”។

តួលេខ​ទាំង​នេះ​ ក៏​បាន​បង្ហាញ​ពី​សញ្ញា​​វិជ្ជ​មានសម្រាប់​វិស័យ​កសិកម្ម​ផង​ដែរ ពី​ព្រោះ​​អត្រា​កំណើន​នៃ​បរិមាណ​ទំនិញ​គ្រឿង​ចក្រ​នាំ​ចូល​បាន​កើន​ឡើង​១៥​ភាគ​រយ​ ហើយ​បរិមាណ​នាំ​ចេញ​អង្ករ​ ក៏​បាន​កើន​ឡើង​ជិត​ទ្វេដង​ដល់​ជាង​១៤០.០០០តោនក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ប្រាំ​មួយ​ខែដំបូង​នៃ​ឆ្នាំ​មុន ដែល​មាន​បរិមាណ​នាំ​ចេញ​អង្ករ​៧៣.០០០តោន​។

លោក គឹមឈុន បាន​មាន​ប្រសាសន៍​ថា “ អង្ករ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ផ្គត់​ផ្គង់​​​នៅ​លើ​ទី​ផ្សារ​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប”។
លោក ច័ន្ទ សាវុធ ប្រធាន​នាយក​ដ្ឋាន​គ្រឿង​​ចក្រ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទបាន​លើក​ឡើង​ថា កសិករ​កាន់​តែ​​ច្រើន​កំពង់​តែ​ប្រើ​ប្រាស់​បច្ចេក​ទេស​គ្រឿង​ចក្រ ហើយ​ប្រជា​ជន​ជា​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ទីក្រុង​នានា​ ទើប​ធ្វើ​ឲ្យ​បរិមាណ​ទំនិញ​គ្រឿង​ចក្រ​​កើន​ឡើង។ លោក​​បានមាន​​ប្រសា​សន៍ថា “​ មូលហេតុ​មួយ​ទៀត​គឺ​ថា ​កសិករ​​យើង​បច្ចុប្បន្ន​កំពុង​បង្កើន​ពេល​វេលា​​ដាំ​ដុះ ម្តង​ ពីរដង ឬក៏បីដង​ក្នុង​មួយឆ្នាំៗ”៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស