32.5 C
Phnom Penh

ប្រធាន​នាយក​ប្រតិបត្តិ​លើក​ឡើង​ថា ប្រាក់​ជំពាក់​​ក្រុម​ហ៊ុន​ អឹមហ្វូន មាន​​តិច​​​ជាង​​ចំនួនអះអាង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាននាយក​ប្រតិបត្តិក្រុម​ហ៊ុន​ទូរគមនា​គមន៍​មួយ​ចំនួន​ដែល​ជំពាក់​ប្រាក់​ក្រុម​ហ៊ុន​ប្រតិបត្តិ​ករ​​ទូរស័ព្ទចល័ត​ក្ស័យ​ធន​ អឹមហ្វូន បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា ខ្លួន​ជំពាក់​ប្រាក់​ក្រុម​ហ៊ុន​នេះ​ក្នុង​ចំនួន​​តិច​ជាង​ចំនួន​ដែល​​ក្រុម​​ហ៊ុន​នេះ​បាន​អះ​អាង​ ហើយ​​ត្រៀម​ចរចា​​ជាមួយ​​អភិបាល​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​ ​អឹម​ហ្វូន​ ដើម្បី​រក​ឲ្យ​ឃើញ​ដំណោះ​ស្រាយ​​ណា​មួយ​ មុន​ពេល​មាន​ការ​ប្តឹង​ទៅ​តុលាការ​។

លោក​ អៀន វ៉ាត់សុន (Ian Watson) បាន​មាន​ប្រសាសន៍​ថា “ យើង​ពិត​ជា​ជំពាក់​ប្រាក់​ក្រុម​ហ៊ុន​ អឹមហ្វូន មែន ក៏​ប៉ុន្តែ ប្រាក់​ជំពាក់​ទាំង​នេះ​មាន​ចំនួន​តិច​ជាង​ចំនួន​ដែល​ពួក​គេ​បាន​អះ​អាង​។ យើង​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​លោកអភិបាល​ក្រុម​ហ៊ុន​នេះប៉ុន្មាន​ដង​ហើយ​ ដើម្បី​ចាត់​ចែង​ជម្រះ​បញ្ហា​បំណុល​របស់​យើង​ ក៏​ប៉ុន្តែ យើង​មិន​ទាន់​ទទួល​បាន​នូវ​ចម្លើយ​តប​ណាមួយ​នៅ​ឡើយ​ទេ”។

លោក អ៊ុក រី អភិបាល​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន អឹមហ្វូន ដែល​ទទួល​បន្ទុក​​ការ​លក់​ទ្រព្យ​សម្បត្តិ​​របស់​ក្រុម​ហ៊ុននេះ បាន​លើក​​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​មាន​ផែន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​​ភ្នំ​ពេញ​ ដើម្បី​ប្តឹង​ក្រុម​ហ៊ុន ម៉ូប៊ីថែល​​និង​ក្រុម​​ហ៊ុន​ទូរគមនាគមន៍​ប្រាំមួយ​ផ្សេង​ទៀត​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ទាំង​នេះ​មិន​បាន​ទូ​ទាត់​​ប្រាក់​ថ្លៃ​សេវាកម្ម​ ដែល​ខ្លួន​បាន​ផ្តល់​ឲ្យ​ ចំនួន​ជាង​១លាន​ដុល្លារ។

លោក​ អ៊ុក រី បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធថា ក្រុម​ហ៊ុន​ម៉ូប៊ីថែល​តែ​ឯង​ជំពាក់​ក្រុម​​ហ៊ុន​ អឹមហ្វូន ចំនួន​៣៥៩.០៥៣ដុល្លារ​។ លោក វ៉ាត់សុន បាន​បដិសេធ​មិន​ប្រាប់​ថា តើ​ក្រុម​ហ៊ុន​ម៉ូប៊ីថែល​ជំពាក់​តិច​ជាង​នេះ​ប៉ុន្មាន​ទេ​។ លោក អ៊ុក រី ​មាន​ប្រសាសន៍ថា “​ ពួក​គេ​​គួរ​តែ​មក​ជួប​ពិភាក្សា​ជាមួយ​យើង ប្រសិន​បើ​ពួក​គេ​មិន​ឯក​ភាព​នឹង​ចំនួន​នេះ​​… យើង​នឹង​​ដាក់​ពាក្យ​ប្តឹងក្រុម​ហ៊ុន​ទាំង​ប្រាំមួយ​នេះ​ទៅ​សាលា​ដំបូង​រាជ​ធានី​ យ៉ាង​យូរ​នៅ​សប្តាហ៍​ក្រោយ​ ប្រសិន​បើ​ពួក​គេ​មិន​សង​ទេ​នោះ​”។

ក្រៅ​ពី​ក្រុម​ហ៊ុន ម៉ូប៊ីថែល ក្រុម​ហ៊ុន​ មិត្ត​ហ្វូន​ ជំពាក់​៥៥២.៤៥២ដុល្លារ ក្រុមហ៊ុន​វីង ខេមបូឌា ជំពាក់​១៥៧.១៩១ដុល្លារ​ ក្រុម​ហ៊ុន តែលខូតិច ជំពាក់​៩៧.៩០០ដុល្លារ ក្រុម​ហ៊ុន​រ៉ូយ៉ាល់ តេលេខេម អីុនធើណេសិនណល ខូ អិលធីឌី ជំពាក់​៥៦.៤៥៣ដុល្លារ​ និង​ក្រុម​ហ៊ុន​​អេធូ ខំម្ញូនីខេសិន ខូ អិលធីឌី ជំពាក់​១.០០៤​ដុល្លារ​។

លោក អាន់ថូនី ភើគីន (Anthony Perkins) ប្រធាន​នាយក​ប្រតិបត្តិ ក្រុម​ហ៊ុនវីង បាន​លើក​​ឡើង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​របស់​លោក​​កំពុង​ចរចាជាមួយ​ក្រុម​ហ៊ុន អឹម​ហ្វូន អំពី​បំណុល​​ដែលក្រុម​ហ៊ុន​ទាំង​ពីរ​ជំពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​មុន​ពេល​ក្ស័យ​ធន​ ក្រុម​ហ៊ុន​ អឹម​ហ្វូន​ ​មិន​បាន​ប្រគល់​ឧបករណ៍​ដែល​ខ្លួន​បាន​ខ្ចី​ពី​ក្រុម​ហ៊ុន វីង ឲ្យ​ក្រុម​ហ៊ុន​វីង​ វិញទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ ទោះ​បី​ជា​​មាន​សំណើ​សំុ​ឲ្យ​ប្រគល់​ឧបករណ៍​ទាំង​នេះ​ជាច្រើន​លើក​ក៏​ដោយ ក៏​មិន​មាន​ការ​ឆ្លើយ​តប​មក​វិញ​ដែរ។ ដូច្នេះ​ ទំនាក់​ទំនង​របស់​យើង​​ជាមួយ​លោក​អភិបាល​ មាន​គោល​បំណង​​កាត់​​​ថ្លៃឧបករណ៍​ចេញពី​ចំនួន​ប្រាក់​ជំពាក់​។ នៅ​ពេល​ [ចំនួន​នេះ​ត្រូវ​បាន​] ឯក​ភាព​​ជាមួយ​អភិ​បាល​ ក្រុម​ហ៊ុន​ វីង​ នឹង​ទូទាត់​​សង​ពេញ​ចំនួន​”៕

ប្រែសម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស