29.6 C
Phnom Penh

​ស្ថាន​ភាព​ក្មេង​ប្រុស​នៅ​ខេត្ត​ព្រៃវែង​ជា​ករណី​ទី​១៤​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​​នៅ​ក្នុង​ឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ​ ក្រសួង​សុខាភិបាល​​បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ថា ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​​រស់​នៅ​ក្នុង​ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃ​វែង​ បាន​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​​ ជា​ជំងឺ​ដ៏​កាច​សាហាវ​​ដែល​បាន​ឆក់​យក​ជីវិត​កុមារ​ប្រាំពីរ​នាក់​ និង​បុរស​ពី​រ​នាក់​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ ​​​ជា​ការ​ផ្ទុះ​ឡើងនៃ​ជំងឺ​​ដ៏​អាក្រក់​​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​ជួប​។

លោក​ សាន់នី គ្រីសណាន (Sonny Krishnan) អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា “​ ក្មេង​ប្រុស​នេះ​ស្ថិត​​ក្នុង​ស្ថាន​ភាព​នឹងនរ​នៅ​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា​” ក្រោយ​ពី​ទទួល​បាន​ថ្នាំ​តាមីផ្លូ (Tamiflu) ជា​​ប្រភេទ​ថ្នាំ​តែ​មួយ​​ដែល​ត្រូវ​បាន​ណែ​នាំ​​​ឲ្យ​ប្រើ​ដើម្បី​ព្យាបាល​​មេរោគ​ H5N1 នេះ​។

លោក​បាន​និយាយ​ថា “​ យើង​បាន​បញ្ជូន​​ក្រុម​បង្កា​​បន្ទាន់​របស់​យើង​ទៅ​កាន់​ស្រុក​កំពង់​ត្របែក​ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​តា​ម​ដាន​ និង​ធ្វើ​តេស្ត​​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​​​ និង​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​នេះ​” ដើម្បី​ឲ្យ​ប្រាកដ​ថា គ្មាន​អ្នក​ផ្សេង​ឆ្្លង​ជំងឺ​នេះ​ទេ​។ ក្មេង​ប្រុស​នេះ​​បាន​ទទួល​កា​រ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ក្អក​​ចាប់​តាំង​ពី​ចេញ​រោគ​សញ្ញា​​កាល​ពី​សប្ដាហ៍​មុន​មក​ម្លេ៉ះ ហើយ​ត្រូវ​បាន​បញ្ជូន​មក​​កាន់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ក្នុង​ទី​ក្រុ​ង​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រោយ​ពី​​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​។

នេះ​ជា​រោគ​វិនិច្ឆ័យ​១៤​ករណី​​ដែល​ត្រូវ​បាន​អះអាង​នៅ​ក្នុង​ឆ្នាំ​នេះ​ និង​៣៥​ករណី​ក្រោយ​​ពី​មេរោគ​នេះ​ត្រូវ​បាន​អះអាង​ជា​លើក​ទី​១​​ថា ផ្ទុះ​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​​មក​។

អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​នេះ​បាន​ប៉ះពាល់​​បសុសត្វ​ឈឺ​ដែល​ចម្លង​មេរោគ​នេះ​ទៅ​មនុស្ស​ ជា​ពិសេស​គឺ​កុមារ​តែម្ដង​។
លោក គ្រីសណាន បាន​និយាយ​ថា “ មាន​ទា​​ និង​មាន់​ងាប់​ច្រើន​ណាស់​នៅ​តំបន់​នោះ​… ហើយ​ក្មេង​ប្រុស​នេះ​ស្ថិត​ក្នុង​តំបន់​ដែល​គេ​យក​មាន់​ឈឺ​ទៅ​ធ្វើ​ម្ហូប​”។

នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែ​មុន​ មហាវិទ្យាល័យ​អនាម័យ​ និង​វេជ្ជសាស្ត្រ​ត្រូ​ពិក ទី​ក្រុង​ឡុងដ៍ (London School of Hygiene and Tropical Medicine) បាន​រកឃើញ​ថា ប្រសិន​បើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​​បំពាក់​ទៅ​ដោយ​សម្ភារ​បរិក្ខា​រទំនើប​ ហើយ​ប្រសិន​បើ​បុគ្គលិក​សុខាភិបាល​មាន​ជំនាញ​ខ្ពស់​ អ្នក​ជំងឺ​ H5N1 ​តិច​នាក់​ណាស់​ដែល​ស្លាប់​។

លោក​បាន​ថ្លែង​ថា រោគ​សញ្ញា​ជំងឺ​ H5N1 មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធម្មតា​ គ្រុន​ឈាម​ និង​គ្រុន​ពោះ​វៀន​ ហើយ​មាន​ការ​ពិបាក​​​ធ្វើ​រោគ​វិនិច្ឆ័យ​​​ និង​​ឈាន​​ទៅ​រក​ស្ថាន​ភាព​ធ្ងន់​ ប្រសិន​បើ​​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​យឺត​។

លោក​ គ្រីសណាន បាន​និយាយ​ថា “ ក្រ​សួង​​​​​​​សុខាភិបាល​កំពុង​តែ​ដោះ​ស្រាយ​កង្វល់​ទាំង​នោះ​​តាម​រយៈ​​ការ​បណ្ដុះ​បណ្ដាល​​​បុគ្គលិក​សុខាភិបាល​តាម​គ្លី​និក​នានា​​ ដើម្បី​​កំណត់​រោគ​សញ្ញា​ឲ្យ​កាន់​តែ​ច្បាស់​”។ លោក​បាន​ថ្លែង​បន្ថែម​ថា ប្រសិន​បើ​វេជ្ជបណ្ឌិត​ ឬ​​​គិលា​នុបដ្ឋាក​សួរ​អ្នក​ជំងឺ​ ថាតើ​ពួក​គេ​បាន​ប៉ះពាល់​បសុសត្វ​ឈឺ​ ឬងាប់​​ដែរ​ឬអត់​នោះ​ ក៏​អាច​ឆាប់​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ដែរ​។

​រហូត​មក​ដល់​ពេល​នេះ ១៤​ករណី​​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ កំពត​ តាកែវ និង​ព្រៃវែង​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្នុង​រាជ​ធានីភ្នំពេញ​​ ដែល​សុទ្ធ​តែ​ស្ថិត​​នៅ​ក្នុង​តំបន់​ដែល​ប្រជា​ជន​ចិញ្ចឹម​មាន់​ឬទា​នៅ​ក្នុង​ទី​ធ្លា​​នៃ​បរិវេណ​លំនៅ​ដ្ឋាន​របស់​ពួក​គេ​។ បុគ្គលិក​សុខាភិបាល​នៅ​តាម​បណ្ដា​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ និង​មណ្ឌល​សុខភាព​នានា​​ដែល​ស្ថិត​ក្នុង​តំបន់​មាន​ការ​អះអាង​អំពី​​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​​នេះ​ បាន​និង​កំពុង​ទទួល​​ការ​បណ្ដុះ​បណ្ដាល​​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​ម្លេ៉ះ​៕

ប្រែសម្រួលដោយ ឌឿង សាវតា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស