39.4 C
Phnom Penh

បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​ចេញ​ពី​វេទិកា​ដេញ​ដោល​ស្តី​ពី​ការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ បេក្ខ​ជន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ពហិកា​មិន​ចូល​រួម​ក្នុង​​វេទិកា​​​​ពិភាក្សា​​​ដេញ​ដោល​ផ្នែក​នយោបាយ​នៅ​ក្នុង​ខេត្ត​កណ្ដាល ដែល​ទាក់​ទាញ​អ្នកចូល​រួម​ប្រហែល​៥.០០០នាក់​ និង​​​ដែល​​​​ត្រូវ​​​​បាន​​​​​​ចាក់​​​ផ្សាយ​​​​ផ្ទាល់​តាម​វិទ្យុ​ ​​​ព្រោះ​​​អ្នក​​​ចូលរួម​​​​មួយ​ក្រុម​​​ដែល​​​អះអាង​​​ថា​​​ ​ខ្លួន​​​ជា​អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​ មាន​គម្រោង​ធ្វើ​ឲ្យ​វេទិកា​នេះ​មាន​បញ្ហា​​​​តាម​​​រយៈ​​​​​​ការ​ផ្ដាច់​ខ្លួន​ចុះ​​​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​​​​កំពុង​កាន់​អំណាច។

លោក អ៊ូ ចាន់រិទ្ធ បាន​​​​ឲ្យ​​​ដឹង​​​ថា​​​ ខ្លួន​​​បាន​​​ទៅ​​​​ចូល​រួមនៅ​​​​ក្នុង​វេទិកា​នេះ​​​​​​ដែល​ស្ថិត​​ក្នុង​វត្ត​មួយ​​ក្នុង​ឃុំ​ស៊ីធរ ក្នុង​​បំណង​ចូល​រួម​​​នៅ​​​ក្នុង​វេទិកា​​​​ពិភាក្សា​​​ដេញ​​​ដោល​​​នេះ​​​​ ប៉ុន្តែ​​​ក្រោយ​​​​​​​ពី​​​​បាន​ដឹង​ពី​គម្រោង​​​​​​បង្ក​​​បញ្ហា​​​​​​នេះ លោក​ក៏​បាន​ដើរ​ចេញ​ពី​វេទិកា​​​​ ​ដោយ​ទុក​​​​នាទី​​​នេះ​​​ជូន​​​​​​​លោក អូន ព័ន្ធមុនី​រ័ត្ន ជាបេក្ខជន​តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក មាស​ ឆាយ៉ាណា បេក្ខ​ជន​តំណាង​រាស្ត្រ​មកពី​គណ​​​បក្ស​ហ៊្វុន​​​ស៊ិន​ប៉ិច​​​។

លោក  អ៊ូ ចាន់រិទ្ធ​​​ ​​​​ ​​​​​​មាន​​​ប្រសាសន៍​​​​​​​ថា “ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ពហិកា​មិន​ចូល​រួម​​​នៅ​​​​ក្នុង​ព្រឹត្តិការណ៍​នោះ​ដោយ​​​​សារ​មាន​​​ការ​​​​រៀប​ចំ​​​​​​គម្រោង​​​អុកឡុក​​​​វេទិកា​​នៅ​ចំពោះ​មុខ​​​ម៉ាស៊ីន​​​ថត​​​​​​របស់​​​អ្នក​យក​​​ព័ត៌​​​មាន​​​ឲ្យ​ស្ថានីយ​ទូរទស្ស​ន៍”​​​ដោយ​​​​លោក​​​​​​អះអាង​​​ថា អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​​​​​ត្រូវបាន​​​​គេ​ជួល​​​ឲ្យ​​​​ស្លៀក​ពាក់​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​និង​​​ឲ្យ​​​​​​​ក្រោក​​​ឈរ​នៅ​​​​ពេល​​​ណាមួយ​​​​អំឡុង​​​​​កិច្ច​​ពិភាក្សា​នោះ​​​ដើម្បី​​​ប្រកាស​ផ្ដាច់​ខ្លួន​ចុះ​​​ចូល​​​​ជាមួយ​គណបក្ស​ប្រជា​​​ជន​កម្ពុជា​។

លោក ចាន់​រិទ្ធ​ បាន​ចោទ​ប្រកាន់​ថា “  ក្រុម​​នោះ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ប្តូរ​សម្លៀក​បំពាក់​របស់​ពួកគេ​។ យើង​បាន​និយាយ​ជាមួយ​ពួក​​​គេ​ខ្លះ​​​​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​ ហើយ​ពួកគេ​បាន​និយាយ​​ថា ខ្លួន​​​​ត្រូវ​បាន​គេ​ផ្ដល់​​​​ប្រាក់​​​​ឲ្យ​​​ចំនួន​​​ ៣០.០០០រៀល​ និង​​​​អាវ​យឺត​​​​និង​​​​​​​មួក​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​​ ដើម្បី​​​​បង្ក​​​ការ​​​រំខាន​​​​​​នៅ​​​ក្នុង​​​វេទិកា​​​នេះ”។

លោកស្រី​​​ ឡូរ៉ា ថនតុន (Laura Thornton) នាយក​វិទ្យាស្ថាន​ជាតិ​​​​ប្រជាធិ​​​ប​​​តេយ្យ​ ​​​ហៅ​​​កាត់ថា​​​ NDI​​​ ដែល​បាន​​រៀប​ចំ​វេទិកា​នេះ​​​ឡើង​​​​ បាន​​​​​​ឲ្យ​​​ដឹង​​​​​​​ថា លោក អ៊ូ​​​ ចាន់​រិទ្ធ បាន​​​​ដើរ​​​ចេញ​​​​​​ពី​​​វេទិកា​​​នេះ​​​​ បន្ទាប់​ពី​វិទ្យា​ស្ថាន​​​ NDI​​​ បាន​​​​​បដិ​​​សេធ​មិន​​​​បណ្តេញ​​​​មនុស្ស​មួយ​ក្រុម ឬ​​​​​បង្ខំ​ឲ្យ​ពួក​​​គេ​​​​ដោះ​សម្លៀក​បំពាក់​គណបក្ស​សង្គ្រោះ​​​​ជាតិ​ចេញ​​​។

លោកស្រី ថនតុន មាន​ប្រសាសន៍​បន្ត​ថា “ វិទ្យាស្ថាន​ជាតិ​​​​ប្រជា​ធិប​តេយ្យ​មិន​អាច​ស្នើ​ឲ្យ​នរណា​ម្នាក់​ចាក​ចេញ​ពី​វេទិកា​របស់​យើង​បាន​​​ឡើយ​​​  ​​​លុះត្រា​​​តែ​​​​ពួកគេ​បាន​រំ​លោភ​​​​​​​​ក្រម​​​​ប្រតិបត្តិ​​​ ​ឬ​​​​បំពាន​​​​ច្បាប់​​​​។ដូច្នេះ​​​វិទ្យា​​​ស្ថាន​ជាតិ​​​​NDI​​​ ​មិន​អាច​ចាត់​វិធានការ​ណា​មួយ​​​​​ចំពោះ​ប្រជា​​​ពលរដ្ឋ​​​​នៅ​​​ក្នុង​ខេត្ត​កណ្ដាល​​​​ដោយ​ផ្អែក​​​​លើ​ការ​ចោទ​ប្រកាន់​​​ពី​​​​​​​បេក្ខជន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​​​អំពី​​​អ្វី​​​ដែល​​​គាត់​​​​គិត​ថា ពួកគេ​​​អាច​​​ធ្វើ​​​ឡើយ”។ លោកស្រីបាន​​​​​បន្ថែម​ថា “ អ្នក​​​​ចូល​រួម​​​​ក្នុង​​​វេទិកា​​​នេះ​​​មាន​សិទ្ធិ​សេរីភាព​​​​​​​ក្នុង​ការ​ស្លៀក​សម្លៀក​​​បំពាក់​​​​​​អ្វី​​​​ក៏​​​ដោយ​​​ដែល​ពួក​​​គេ​​​​បាន​​​ជ្រើស​រើស​​​​ ក្នុង​​​នោះ​​​​រួម​​​មាន​​​​ទាំង​អាវ​យឺត​ដែល​​​មាន​ស្លាក​សញ្ញា​គណ​​​បក្ស​ ​​​ផងដែរ​​​ ហើយ​​​​ត្រង់​​​ថា តើ​​​ពួកគេ​ជា​អ្នក​គាំ​ទ្រពិត ​ឬ​មិន​ពិត​​​នោះ​​​ គឺ​​​ជា​​​រឿង​​​មួយ​​​ផ្សេងទៀត”។

លោកស្រី​​​ ថនតុន ក៏​បាន​លើក​​​ឡើងថា ​​​​ការ​​​​សម្រេច​ចិត្ត​​របស់​លោក​ ចាន់​រិទ្ធ ក្នុង​ការ​ធ្វើ​ពហិកា​​​​​​​​​​ព្រឹត្តិការណ៍​​​​មុន​ការ​បោះ​ឆ្នោត​​​​នេះ​​​គឺ​​​ ជា​ការ​ខាត​បង់​​យ៉ាង​ធំ​​​​មួយ​​​និង​ជា​ការ​​​​បាត់​បង់​​​ឱកាស​សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ ទោះ​ជា​យ៉ាង​ណា​ លោក ចាន់រិទ្ធ​ ​​​​ឆ្លើយ​​​​​​តប​​​​​​​ថា ​​​ហានិភ័យ​​​នៃ​​​ការ​​​បន្ត​​​ស្ថិត​​​​​​​​​ក្នុង​​​វេទិកា​​​​​​ដែល​​​នឹង​​​មាន​​​ការ​​​​ចាក់​​​​​​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​​ការ​ផ្ដាច់​ខ្លួន​​​នេះ​​​ គឺ​​​​​​​​​​​​ធំធេង​​​ជាង​​​ផល​​​​ប្រយោជន៍​​​​​​​សម្រាប់​​​​គណបក្ស​សង្គ្រោះ​ជាតិ​​​​ទៅ​​​ទៀត​​​។

លោក​​​​បាន​​​មាន​​​ប្រសាសន៍​​​​បន្ត​ថា “ យើង​មិន​អាច​ទទួល​បាន​​​​ប្រយោជន៍​​​អ្វី​​​​ពី​វេទិកា​​​​នេះ​ទេ។ ​​​ពិតណាស់​​​ថា​​​ វា​​​នឹង​​​ត្រូវ​បាន​​​​​​​ចាក់​​​​​​ផ្សាយ​​​​ដោយ​​​នឹង​​​បាន​​​ឮ​​​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ​​​ប៉ុន្តែ​​​យើង​​​​ពុំ​​​មាន​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ដើម្បី​​​ឆ្លើយតប​​​វិញ​​​មុន​ការ​បោះ​ឆ្នោត​​​​​​​  ដើម្បី​​​ជៀស​​​វាង​​​ការ​​​ខូច​​​​​​មុខមាត់​​​គណបក្ស​​​ដោយសារ​​​មាន​​​អ្នក​​​បន្លំ​​​​​​ខ្លួន​​​​ធ្វើ​​​​​​​​ជា​​​​​​​​​​​​​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​​​​​ រួច​​​ចុះចូល​​​ជា​​​មួយ​​​បក្ស​​​ប្រជាជន​​​ទេ”៕

ប្រែសម្រួលដោយ ឃិន   ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស