28.4 C
Phnom Penh

ទោះបីជា​បាត់បង់​ដីធ្លីអស់ច្រើន​ប៉ុណ្ណា​ក៏ជន​ជាតិភាគតិច​នៅ​តែ​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ រមុំា ហ្វិន​​​ អាច​​​​​​ចាត់ទុក​​​ថា​​​ ជា​​​​​​អ្នក​​​បោះឆ្នោត​​​​​​ម្នាក់​​​ដែល​​​​​​​​​​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​​​​យ៉ាង​​​ចម្លែក​​​ហួស​​​ពី​​​ការ​​​ស្មាន​​​​​​​​​​។​​​ ប្រសិន​​​បើ​​​អ្នក​​​ដឹង​​​រឿង​​​គាត់​​​ ​​​​​​​​​អ្នក​​​ប្រហែល​​​​​​ជា​​​​ជឿ​​​ថា​​​ គាត់​​​ប្រាកដ​​​ជា​​​បន្ទោស​​​​​​រដ្ឋា​​​ភិបាល​​​ចំពោះ​​​ការ​បណ្ដោយ​​​ឲ្យ​​​គាត់​​​​​បាត់បង់​​​ដី​​​​​​ដោយ​​​សារ​​​ក្រុមហ៊ុន​​​ចម្ការកៅស៊ូ​​​វៀតណាម ​​​ដែល​​​បច្ចុប្បន្ន​​​នេះ​​​​​​​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​​​​ដី​​​​​ធ្លី​​​ឆ្ងាយ​​​ដាច់​​​កន្ទុយ​​​ភ្នែកក្នុង​​​ឃុំ​​​​​​​ តាឡាវ ​​​​​​​​​ដាច់​​​ស្រយាល​​​។​​​

ផ្អែកទៅ​​​​​​លើ​​​ហេតុ​​​ផល​​​ដដែល​​​នេះ​​​ អ្នក​​​ប្រហែល​​​​​​ជា​​​គិត​​​ថា​​​ គាត់​​​នឹង​​​បោះឆ្នោត​​​​​​ផ្លាស់​​​ប្តូរ​​​រដ្ឋមន្ត្រី និងមន្ត្រីការិយា​ធិប​តេយ្យ​ថ្នាក់​មូល​ដ្ឋាន​ ដែល​លោក​​​​ចោទ​​​ថា ជា​អ្នក​​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​កូនក្មេង​​​ៗ​ប្រាំពីរ​នាក់នៅ​​​​ក្នុង​បន្ទុក​របស់​ខ្លួន​​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​។

ប្រសិន​បើ​អ្នក​គិត​បែប​នេះ​មែន អ្នក​គិត​ខុស​ហើយ។​ លោក ហ្វិន ដែល​ជា​សមាជិក​ជន​ជាតិ​ភាគ​តិច​ កាចក់ ក្នុង​វ័យ​៣៥​ឆ្នាំ​ នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ។ មូល​ហេតុ? ព្រោះ​លោក ហ្វិន ជឿ​លើ​អ្វី​ដែល​លោក​មើល​ឃើញ​​ជាក់​ស្ដែង​​ មិន​មែន​លើ​ការ​សន្យា​ទេ​។

លោក​បាន​​​និយាយ​កាលពី​សប្ដាហ៍​មុន​ខណៈ​ចោល​ភ្នែក​សម្លឹង​មើលក្រុម​​កម្មករ​ចម្ការ​កៅ​ស៊ូ​វៀតណា​​​​មជិះ​ទោចក្រយាន​យន្ត​ឆ្ពោះ​ទៅ​ចម្កា​រ​​កៅស៊ូ​ដែល​ធ្លាប់​ជា​ព្រៃ​ក្រាស​់​​​​ថា “ យើង​នឹ​ង​​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​ ទោះ​ជា​យើង​ដឹង​ថា មាន​បញ្ហា​ខ្លះ​ៗ​ក្នុង​​​សង្គម​​​ក៏​ដោយ”។

ទោះ​ជា​គណបក្សប្រឆាំង​បាន​សន្យា​ផ្លាស់​ប្ដូរ​គោលនយោបាយ​សម្បទាន​ដីសេដ្ឋ​កិច្ច​ ដែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ភាគ​តិច​ជាច្រើន​​បាត់​បង់​ដីដូន​តា​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតនគិរី​ក៏ដោយ​ ក៏លោក​នៅ​តែ​គ្មាន​ជំនឿ​លើ​ការ​សន្យា​នេះ​ដែរ​​​។ លោកបាន​និយាយ​ខណៈ​កំពុងតែ​ឈរ​ក្រោម​ម្លប់​តូប​លក់​គ្រឿង​ទេស​សម្រាប់​ប្រើ​​​​​​​​​​ប្រាស​​​់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​​​ថ្ងៃ​តាម​​​តំបន់​ជន​បទ ដូចជា​ បារី សាំង​ អង្ករ ភេសជ្ជ និងស្រាបៀ​​​ថា “ យើង​មាន​ផ្លូវ​ថ្នល់​ហើយ​គ្មាន​សង្គ្រាម​ទេ​”។

លោក​ ហ្វិន បាន​បន្ត​ថា ប្រសិន​បើ​គ្មាន​ផ្លូវ​ដីក្រហម​សម្រាប់​ធ្វើ​ដំណើរ​មក​កាន​់​តំបន់​រស់​នៅ​របស់​លោក​ទេ​នោះ ដីធ្លី​ទាំង​​​ឡាយ​​​ រាប់​ទាំង​ដី​​រាប់​ហិកតា​ដែល​លោក​បា​ន​បាត់​បង់​ដោយ​សារ​ការចាប់​យក​ទៅ​ធ្វើជា​ចម្ការ​កៅស៊ូ ផង​​​ ប្រាកដ​ជា​គ្មាន​ប្រយោជន៍​អ្វីឡើយ​។

ជាមួយ​នឹង​កូន​ប្រាំពីរ​នាក់​ក្នុ​ងបន្ទុក​នៅ​ភូមិ អិន្ទ លោក ហ្វិន​ និយាយ​​ថា សន្លឹក​ឆ្នោត​របស់​លោក​ក៏​​​សម្រាប់​មែក​ធាង​ដ៏សំខាន់​មួយ​ទៀត​របស់​គណបក្ស​កំពុង​កាន់​អំណាច​ផង​ដែរ​ នោះគឺ​កាកបាទ​ក្រហម​កម្ពុជា​។ លោក​បាន​និយាយ​ថា “ នៅពេល​យើង​ត្រូវ​ការ​អាហារ​ ដូចជា​ពេល​ដែល​មានគ្រោះ​​​​ទឹក​ជំនន់​ជា​ដើម​ កាកបាទ​ក្រហម​តែ​ង​តែ​ចុះ​ម​ក​ជួ​យ​ពួកយើង​។ គណបក្ស​ប្រជាជន​ និង​កាក​បាទ​ក្រហម​គឺ​តែ​មួយ​ ព្រោះ​ពួកគេ​ជា​ប្ដី​និង​ប្រពន្ធ​” ដោយ​លោក​បាន​សំដៅ​លើ​ភរិយា​របស់​លោក ហ៊ុន សែន គឺ​លោកស្រី​ ប៊ុន រ៉ានី និង​តួនាទី​របស់​លោកស្រី​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​។

ទោះ​បីជា​គណបក្ស​ប្រជា​ជន​មិន​បាន​ជួយ​ការពារ​​​​ដី​របស់​លោក​​​ ហើយ​លោក​និងប្រជា​ជន​ដទៃទៀត​ក្នុង​ភូមិនេះ​​បាន​ធ្វើ​ការ​តវ៉ាដល់​ទៅ​ជាង​១០​ដង​ក៏ដោយ ក៏រូប​លោកនៅ​​​តែ​​​បាន​បន្ទោស​ទាំង​ស្រុង​​លើ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ ដែល​ជាផ្នែក​នៃ​ក្រុម​ហ៊ុន ​ហ៊ុងអាញ់ យ៉ាឡៃ មិន​មែន​រដ្ឋា​ភិបាល​ដែល​ជាអ្នក​ផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ប្រែ​ក្លាយ​វា​​​​ទៅ​ជា​ចម្ការ​កសិឧស្សាហកម្ម​ដ៏ធំមួយទេ។

លោក​បាន​និយាយ​ថា “ ដំណាំទាំង​អស់​គឺ​ជា​របស់​ [​ក្រុម​ហ៊ុន​] ​វៀតណាម​ ហើយ​យើង​គ្រាន់​តែ​ជា​កម្មករ​ប៉ុណ្ណោះ” ដោយ​លោក​បាន​ពន្យល់​ថា ទោះ​បីជា​មាន​ការ​ងារ​ធម្មតា​នៅ​ចម្ការ​ទាំង​នោះ​ក៏ពិត​មែ​ន​ ប៉ុន្តែការ​ងារ​ទាំង​នោះ​មាន​ប្រាក់​ឈ្នួល​ទាប ហើយ​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​ណាស់​។ ប្រជា​ជន​រស់​នៅ​ក្នុង​ភូមិ​ អិន្ទ បាន​កំណត់​ជោគ​វាសនា​របស់​ខ្លួន​រួច​ទៅ​ហើយ​ ដោយ​លោក​​និយាយ​ថា “យើង​សុខ​ចិត្តបណ្ដោយទៅ​​​​​តាម​ដំណើរ​។ យើង​គ្មាន​ជម្រើស​​​​ទេ​។ យើ​ងមិន​អាចយក​ឈ្នះ​ពួកគេ​បាន​ឡើយ​”។

ផ្លូវ​ថ្នល់​ដែល​ជា​ចំណុច​ឆ្លង​កាត់​​ក្បែរ​ភូមិ​របស់​លោក​ ហ្វិន ធ្លាប់​ជា​ផ្លូវ​ដ៏សែ​ន​រលាក់​ឆ្ពោះ​ទៅ​ឧទ្យានជាតិ​វីរៈជ័យ​។ ប្រសិន​បើយើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​មួយ​ដែល​សព្វ​ថ្ងៃ​ជា​ផ្លូវ​ដីក្រហម​រលោង​ស្រិល​នោះ​​​ យើង​នឹង​បាន​ទៅ​ដល់​ដីសម្បទាន​ឯកជន​ជា​ច្រើន​ ដែល​ជា​​​​កន្លែង​​​ចត​​​​រថយន្ត​ធុន​ធ្ងន់​​សម្រាប់​ដឹក​ឈើ​ និង​គ្រឿង​ចក្រ​នៅ​ពីក្រោយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​​​​ធ្វើ​​ពី​ឫស្សី​​ ​​​ដោយ​មាន​បិទស្លាក​ព្រមាន​មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​។

ប្រសិន​បើ​អ្នក​សួរ​លោក ហ្វិន អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ឧទ្យាជាតិ​វីរៈជ័យ​ គាត់​ប្រាកដ​ជា​​និយាយ​ថា បច្ចុប្បន្ន​នេះ​គ្មាន​នរណាទៅ​ទី​នោះ​ទេ។លោក​បាននិយាយ​ថា “ ក្រុម​ហ៊ុន​បាន​បិទ​ផ្លូវ​នោះហើយ”។

លោក នង ដារិទ្ធ អភិបាល​ស្រុក​អណ្ដូង​មាស​​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្ប​ទាន​​ ដូច​ជា​ក្រុម​ហ៊ុន ទ្រី ភាព នីហរ័ណ​អា​ហរ័ណ និង​ក្រុម​ហ៊ុន ​អាន ​ម៉ាឌី គ្រុប ជា​​​ដើម​​​បាន​កសាង​​​​​​ផ្លូវ​​​​ដល់​ឧទ្យាន​ ដែល​ប្រជា​ជន​ក្នុង​មូល​ដ្ឋាន​ហៅ​ថា  កន្ទុយ​នាគ​នេះ។

លោក ដារិទ្ធ ​មាន​ប្រសាសន៍​ថា “ ក្រុម​ហ៊ុន​ទាំង​នោះបាន​វិនិយោគ​​ក្នុង​តំបន់​នេះ​​​ ហើយ​បើ​គ្មាន​ការ​អនុញ្ញាត​ពី​ពួកគេ​ទេ យើង​មិន​អាច​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នោះឡើយ” ដោយ​បន្ថែម​ថា ប្រជា​ជន​ក្នុង​មូល​ដ្ឋាន​នៅ​តែ​អាច​ចេញ​ចូល​ក្នុង​ភូមិ​របស់​ខ្លួន​បាន​ធម្មតា​ទេ។ ប៉ុន្តែ​សូម្បី​តែ​សម្រាប់​រុក្ខារក្ស​ក្នុង​ឧទ្យាន​នេះ​ ការ​ចេញ​ចូល​តាម​ផ្លូវ​នេះ ​គឺ​មិន​ងាយ​ស្រួល​ដូច​ការ​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​វៀតណាម​ រួច​បត់​ចូល​ក្នុង​តំបន់​កន្ទុយ​នាគ​​​​  ប្រទេស​កម្ពុជា​វិញឡើយ។

​ក្នុង​ឆ្នាំ​២០០៤ តំបន់​ត្រីកោណ​អភិវឌ្ឍ​ន៍​​កម្ពុជា ឡាវ វៀត​ណាម ត្រូវ​បាន​​រដ្ឋាភិបា​ល​ទាំង​បី​បង្កើត​ឡើង​ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​ទាញ​​​យក​​​​សក្ដានុពល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​តាម​បណ្ដោយ​ព្រំដែន​ដែល​មាន​ភ្នំខ្ពស់ៗ របស់​​​ខ្លួន​​​និង​ដើម្បី​ធ្វើ​សមា​ហរណកម្ម​​ជន​ជាតិ​​​ភាគ​តិច​ទៅ​ក្នុង​សេដ្ឋកិច្ច​ និង​វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ ។

ក្នុង​រយៈ​ពេ​ល​ជិត​មួយ​ទសវត្សរ៍​​ចាប់​តាំង​ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បង្កើត​តំបន់​ត្រីកោណនេះ​​​មក​ ខេត្ត​រតនគិរី បាន​ប្រែក្លាយ​ពីខេត្ត​ដែល​ស្ងាត់​ជ្រងំ​ និង​ពិបាក​ធ្វើ​​ដំណើរ​​ទៅដល់​ ទៅជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​​អភិវឌ្ឍន៍​លឿន​បំផុត​ក្នុង​ប្រទេស​នេះ​ ដោយ​សារ​វិនិយោគិន​ខ្មែរ​ និង​បរទេស​បាន​នាំ​គ្នា​ពពាក់​ពពូន​ចូល​មក​ទិញ​ដី​ដើម្បី​ដាំ​កៅ​ស៊ូ​​ ដំឡូងមី ម្រេច និ​ងស្វាយ​ចន្ទី។ មួយ​ផ្នែក​ធំ​នៃ​ព្រៃ​សម្បូរ​ជីវៈចម្រុះ​ក្នុង​ខេត្ត​នេះ ដែល​ជន​​​​ជាតិ​ភាគ​តិច​​​ធ្លាប់​បាន​​ធ្វើកសិកម្ម​ពនេចរ​នោះ​ ឥឡូវនេះ​បាន​បាត់​បង់​អស់​ហើយ​។

ព្រៃ​ទាំ​ងនេះត្រូវ​បាន​ជំនួ​សដោយ​ដើម​កៅស៊ូជាជួរ​ៗ និង​ដំណាំ​លក់​យក​ប្រាក់​ចំណេញ​​ផ្សេងៗ​ទៀត​​ ដែល​លាត​សន្ធឹង​គ្រប់​ច្រក​ចេញ​ពីក្រុង ​បានលុង​ ដែល​ជា​កន្លែង​ក្រុម​ហ៊ុន​គ្រឿង​យន្ត​កសិ​កម្ម​យក្ស​ ចន ដៀ (John Deere) ​របស់​សហរដ្ឋអាមេរិក ​បើក​កន្លែង​លក់​ផលិត​ផល​នៅ​ជាយក្រុង​នេះ​ជាប់​ឃ្លាំង​ចែក​ចាយយ៉ាង​​​​ទំនើប​​របស់​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​។ ហាង​ខារ៉ាអូខេ សណ្ឋាគារ និង​ក្លឹប​រាត្រី​ធំៗលំដាប់​ខ្ពស់​ក៏មានទីតាំង​ស្ថិត​នៅ​តាមបណ្ដោយ​ផ្លូវ​លេខ​៧៨​តែ​​មួយ​នេះ​ដែរ​ ដែល​នេះ​ជា​ភ័ស្តុ​តាង​បញ្ជាក់​ថា ឈ្មួ​ញ​មួយ​ចំនួន​កំពុង​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ចម្ការ​កៅស៊ូ​ទាំង​នោះ។

លោក រម៉ាំ ធ្វែល អាយុ​៥៤​ឆ្នាំ​ ជាសមា​ជិក​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ មិន​បាន​ទទួល​ផល​ប្រយោជន៍​​ពី​តំបន់​ “ ត្រីកោណ​កៅស៊ូ” ដែល​កំពុង​លេចធ្លោ​នេ​ះទេ ទោះបី​ជា​ដី​រាប់​រយ​ហិកតា ​ដែលធ្លាប់​ជា​កម្មសិទ្ធិ​របស់​ភូមិ​លោក​ ឥឡូវ​នេះ​កំពុងតែ​ផ្ដល់​ផល​ជា​​​ជ័រ​​​កៅស៊ូ​​​​ក្រាស់​ដ៏​មាន​តម្លៃ​ក៏ដោយ។ លោកនិង​ប្រជា​ជន​រាប់​សិប​នាក់​ផ្សេង​ទៀត​នៅ​ភូមិ​ កង​យុ ក្នុង​ស្រុក​អូរយ៉ាដាវ​ បាន​តស៊ូ​តាម​ផ្លូវ​ច្បាប់​អស់​រយៈ​ពេល​ប្រាំបួន​ឆ្នា​ំ​ មក​​​ហើយ​​​ដើម្បី​ទទួល​បានមក​​​វិញ​​​នូវ​​​​ដី​៤៥០​ហិកតា ដែល​ខ្លួន​​​និយាយ​ថា ត្រូវ​បាន​ចាប់​យក​​​​ដោយ​ប្អូន​ស្រី​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​​​។

មេធាវីរបស់​ពួកគេ​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដោយ​សង្ឃឹម​ថា នឹង​អាច​ទទួល​បាន​យុត្តិ​ធម៌​ដែល​មិន​ទំនង​ថាអាច​ទៅ​រួច​ ខណៈ​កម្មករ​ចម្ការ​កៅស៊ូរបស់​លោកស្រី គាត កុលណី ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក គាត ឈន់ ​បាន​ប្រឹង​ប្រែ​ង​យ៉ាង​ខ្លាំង​ដូច​គ្នា​ក្នុង​ការ​ដាំ​កៅស៊ូ​នៅ​លើ​ដីរាប់​រយ​ហិកតា​ ដែល​អ្នក​ភូមិ​ចារ៉ាយ​ អះអាង​ថា ត្រូវ​ក្រុម​អ្នកស្រី​ប្លន់​យក​​​ពី​ខ្លួន​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សួរ​លោក ធ្វែល ថា តើ​គាត់​នឹង​បោះឆ្នោត​ឲ្យ​អ្នកណា​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ខាង​មុខ​នោះ​​​ គាត់​នឹង​ផ្ដល់​ចម្លើយ​មិន​ខុស​ពី​​លោក ហ្វិន នៅស្រុក​អណ្ដូង​មាស​​ប៉ុន្មានទេ។

លោក ធ្វែល ដែល​​បោះ​ឆ្នោត​ឲ្យ​លោក​ ហ៊ុន សែន ក្នុង​ការ​បោះ​ឆ្នោត​ក្រោម​ការ​រៀប​​​​​​ចំ​របស់​អ៊ុនតាក់ ក្នុង​​​ឆ្នាំ​១៩៩៣ បាន​និយាយ​បន្ទាប់ពី​បាន​គិត​អស់​មួយ​សន្ទុះ​ថា “ ខ្ញុំ​មិន​​ទាន់​ប្រាកដ​ថា នឹង​បោះឆ្នោត​ឲ្យ​អ្នក​ណា​ទេ។ ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ចិត្ត​ឡើយ”។ សម្រាប់​លោក ធ្វែល  ​ការ​បោះឆ្នោត​ជ្រើស​​រើស​រដ្ឋាភិបាល​ថ្មី​និ​ង​ទុក្ខវេទនា​របស់​ប្រជា​ជន​​​​ក្នុង​ភូមិ​របស់​លោក​ គឺ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ចម្ការ​កៅស៊ូនៅ​ជាប់​ភូមិ​ផង​របង​ជាមួយ​ទេ ថ្វី​​​បើ​​​​ជា​វា​​ជាកម្មសិទ្ធិ​របស់​ប្អូន​ស្រី​ទេស​រដ្ឋមន្ត្រី​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏​ដោយចុះ​​​។ លោក ធ្វែល​ និយាយ​ថា ​ការ​ជ្រើស​រើស​​​​រដ្ឋាភិបាល​គឺ​ជា​រឿង​ធំ​ ដោយ​បាន​ពន្យល់​ថា ​ការ​ផ្លាស់​ប្ដូរ​ គឺមិន​ប្រាកដ​ថា ជា​រឿង​ល្អទេ។

លោក​ រម៉ាំ ណេត អាយុ​៤២​ឆ្នាំ​ជាអ្នក​ជិត​​ខាង​របស់​លោក​ ធ្វែល ដែល​បាន​បាត់​បង់​ដី​​ដោយ​សារ​ចម្ការ​កៅស៊ូ​របស់​លោកស្រី​ គាត កុលណី​ ដែរ​នោះ បាន​និយាយ​ថា “ ហេតុ​អ្វី​​យើង​ត្រូវ​បោះ​ឆ្នោត​ឲ្យ​អ្នក​ផ្សេង​? ហ៊ុន សែន បាន​​កសាង​ផ្លូវ​ និង​សាង​សង់​សាលា​រៀន​។ តើ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ប្រយោជន៍​អ្វី​”។

លោក ណេត ដែល​​​ជា​​​តំណាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​​​​ ភូមិ​​​នេះ​​​​​​ បាន​​​និយាយ​​​អំពី​​​ការ​​​បាត់​​​បង់​​​ដី​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​ តិច ​​​​​​រាប់ទាំង​​​ដី​​​របស់​​​លោក​​​ផ្ទាល់​​​​​​ និងការ​​​​​​តស៊ូ​​​​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​រយៈ​​​ពេល​​​ប្រាំពី​​​រ​ ​​ឆ្នាំ​​​រវាង​​​ភូមិ​​​របស់​​​លោក​​​ និង​​​លោក​​​ស្រី គាត កុលណី ក្នុង​​​ខេត្ត​​​​​​​​​រតនគិរី​​​ថា“ បញ្ហា​​​នេះ​​​ត្រូវ​​​ទុក​​​ឲ្យ​​​ តុលាការ​​​ជា​​​​​​អ្នក​​​ដោះ​​​ស្រាយ​​​​​​​​​​​​។ ប្រសិន​​​បើ​​​យើង​​​​​រួប​​​រួម​​​គ្នា​​​​ [ ជាមួយ​​​រដ្ឋាភិបាល​​​] យើង​​​នឹង​​​ទទួល​​​​​​បាន​​​ដំណោះ​​​​​​ស្រាយ” ដោយ​​​លោក​​​បាន​​​ពន្យល់​​ ​ថា ជម្រើស​​​ត្រឹម​​​ត្រូវ​​​បំផុត​​​គួរ​​​តែ​​​ជា​​​ការ​​​រក្សា​​​ជម្លោះ​​​ ដី​​​ធ្លី​​​ឲ្យ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក ​​​បាន​​​និយាយ​​​ថា “ នៅ​​​ទី​​​នេះ​​​យើង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ ទាំង​​​នៅ​​​ថ្នាក់​​​ភូមិ​​​ ថ្នាក់​​​ឃុំ ថ្នាក់​​​ស្រុក​​​ និង​​​ថ្នាក់​​​ខេត្ត​​​” ដោយ​​​បាន​​​​​​បន្ថែម​​​ថា ភូមិ​​​របស់​​​លោក​​​ជា​​​អ្នក​​​បង្ក​​​បញ្ហា​​​ដោយ​​​ខ្លួន​​​ឯង​​​ទេ​​​។ ​​​ លោក ណេត ប្រហែល​​​ជា​​​និយាយ​​​ត្រូវ​​​ ប្រសិន​​​បើ​​​ពុំ​​​មាន​​​ការ​​​បែង​​​ចែក​​​រវាង​​​រដ្ឋាភិបាល​​​ គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​​​​ និង​​​តុលាការ​​​។

​​​លោក​​​ ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ ប្រចាំ​​​ខេត្ត​​​រតនគិរី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​យល់​​​ឃើញ​​​របស់​​​​​​ចាស់​​​ទុំ​​​​​​ដើរ​​​តួនាទី​​​សំខាន់​​​ណាស់ ​​​ក្នុង​​​វប្បធម៌​​​កុល​​​សម្ព័ន្ធ​​​នៅ​​​តាម​​​តំបន់​​​ភ្នំ​​​ ហើយ​​​បើ​​​ទោះ​​​ជា​​​មា​​​ន​​​ករណី​​​​​​ចាប់​​​យក​​​​​​ដី​​​ធ្លី​​​ជា​​ ​ច្រើន​​​​​​​​​ពី​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ ក៏ដោយ ក៏​​​​​​ប្រជា​​​ជន​​​​​​នៅ​​​ក្នុង​​​ភូមិ​​​ កង​​​យុ និង​​​តំបន់​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​តែ​​​មាន​​​ភក្ដី​​​ភាព​​​ចំពោះ​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ដដែល​​​។

ក្នុង​​​ទសវត្សរ៍​​​ ឆ្នាំ​​​១៩៨០ គឺ​​​ក្រោយ​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​ខ្មែរ​​​ក្រហម​​​ សមាជិក​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​មួយ​​​ចំនួន​​​​​​​​​បាន​​​ឡើង​​​កាន់​​​ តំណែង​​​ជាន់​​​ខ្ពស់​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​​ក្រោម​​​របប​​​សាធារណ​​ ​រដ្ឋ​​​ប្រជា​​​មានិត​​​កម្ពុជា​​​ ហើយ​​​ភាគ​​​ច្រើន​​​នៃ​​​មុខ​​​តំណែ​​ង​​​ជាន់​​​ខ្ពស់​​​ថ្នាក់​​​ខេត្ត​​ ​ ជា​​​ធម្មតា​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​កាន់​​​កាប់​​​​​​របស់​​​ជន​​​ ជាតិ​​​ភាគ​​​តិច​​​ដែល​​​ជា​​​សមាជិក​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

ភក្ដី ​​​ភាព​​​ក្នុង​​​ជួរ​​​កុលសម្ព័ន្ធ​​​​​​បាន​​​រាល​​​ដាល​​​ដល់​​​ក្នុង​​​ ជួរ​​​គណបក្ស​​​ ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជា​​​ កន្លង​​​មក​​​​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ខ្លាំង​​​ណាស់​​​ក្នុង​​​ ខេត្ត​​​រតនគិរី​​​​​​​​​ ហើយ​​​បច្ចុប្បន្ន​​​នេះ​​​ក៏​​​នៅ​​​តែ​​​ទទួល​​​បាន​​​ការ​​​គាំ​​​ទ្រ​​​ ខ្លាំង​​​ដដែល​​​​​​ ទោះ​​​បី​​​ជា​​​មា​​​ន​​​បញ្ហា​​​ដី​​​ធ្លី​​​ខ្លាំង​​​ប៉ុណ្ណា​​​ក៏ដោយ​​​ ។ លោក​​​ ធី ដែល​​​មាន​​​ភរិយា​​​ជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ចារ៉ាយ​​​នោះ បាន​​​និយាយ​​​ថា “ អភិបាល​​​​​​​​​ ស្នង​​​ការ​​​ អភិបាល​​​ស្រុក​​​​​​ គឺ​​​សុទ្ធ​​​តែ​​​ជា​​​អ្នក​​​ភូមិ​​​កុល​​​សម្ព័ន្ធ​​​​​​ ដូច្នេះ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​ធ្វើ​​​ គឺ​​​ជួយ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក”។

លោក ប៊ូ ឡាំ ​​​បេក្ខជន​​​គណ​​​បក្ស​​​​​​ប្រជា​​​​​​ជន​​​កម្ពុជា​​​​​ ដែល​​​ឈរ​​​ឈ្មោះ​​​​ដណ្ដើម​​​​​​អាសនៈ​​​សភា​​​​​​​​​​​​​​​​​ដែល​​​មាន​​​ តែ​​​មួយ​​​​​សម្រាប់​​​​​​ខេត្ត​​​មណ្ឌល​​​គិរី​​​នោះ​​​​​​​​​ ក៏​​​មាន​​​ភាព​​​ទាក់​​​ទាញ​​​ខ្លាំង​​​ក្នុង​​​ចំណោម​​​​​​ជន​​​ជាតិ​​​ ភាគ​​​តិច​​​ដែរ​​​។ លោក ឡាំ គ​​ឺ​​​ជា​​​ប្អូន​​​ប្រុស​​​របស់​​​​​​​​​​​​សមាជិក​​​ជើង​​​ចាស​​់​​​ដ៏​​ ​ល្បី​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ជា​​​​​​មេដឹក​​​នាំ​​​ជន​​​ជាតិ​​​ភាគតិច​​​ទំពួន​​​​​​​​​ គឺ​​​លោក​​​​​​​​​​​​ ប៊ូ ថង ដែល​​​បាន​​​​​​រៀប​​​ចំ​​​​​​ការ​​​បះបោរ​​​​​​ប្រឆាំង​​​របប​​​ខ្មែរ​​​ ក្រហម​​​ និង​​​ដែល​​​បាន​​​នាំ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​រាប់​​​ពាន់​​​នាក់​​​ទៅ​ ​​កាន់​​​កន្លែង​​​មាន​​​សុវត្ថិ​​​ភាព​​​កាត់​​​ព្រំដែន​​​​​​​​​ជាប់​​​ ប្រទេស​​​វៀត​​​ណាម​​​​​​​​​ ដោយ​​​បាន​​​​​​ជួយ​​​ឲ្យ​​​​​​ពួ​​​ក​​​គេ​​​រួច​​​ផុត​​​ពី​​​ការ​​​កាប់​ ​​សម្លាប់​​​ដែល​​​បាន​​​កើត​​​មាន​​​នៅ​​​ពាស​​​ពេញ​​​ផ្ទៃ​​​ប្រទេស​​​។

លោក ប៊ូ ថង ដែល​​​ជា​​​​​​អតីតតំណាង​​​រាស្ត្រ​​​​​​មណ្ឌល ​​​រតនគិរី​​​ និងបច្ចុប្បន្ន​​​​​​​​​ជា​​​សមាជិក​​​​​​ព្រឹទ្ធ​​​សភា​​​​ គឺ​​​ជា​​​មនុស្ស​​​ជាទី​​​គោរព​​​របស់​​​ជន​​​ជាត​​​ិ​​​ភាគ​​​តិច​​​ជា​​​ យូរ​​​មក​​​ហើយ​​​។ លោក ឡាំ​​​ បាន​​​ថ្លែង​​​ក្នុង​​​កិច្ច​​​សម្ភាស​​​​​​​​តាម​​​ទូរស័ព្ទ​​​​​​កាល​​​ពី ​​​ថ្ងៃ​​​អាទិត្យ​​​ថា “ គ្មាន​​​​​ក្រុមហ៊ុន​​​ណា​​​មួយ​​​បាន​​​ទន្ទ្រាន ​​​ចូល​​​កសិដ្ឋាន​​​របស់​​​អ្នក​​​ភូមិ​​​ទេ​​​ ហើយ​​​សម្ដេច​​​ ហ៊ុន សែន នឹង​​​មិន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ណាមួយ​​​ចាប់​​​យក​​​ដី​​​ របស់​​​ប្រជា​​​ជន​​​ឡើយ​​​។ ប្រជាជន​​​របស់​​​យើង​​​នៅ​​​ទីនេះ​​​មិន​​​ខ្វល់​​​អំពី​​​គណបក្ស​​​ ប្រឆាំង​​​ឡើយ”។

ក៏​​​ប៉ុន្តែ លោក ឆាយ ធី បាន​​​​​​ឲ្យ​​​ដឹង​​​ថា ការ​​​គាំទ្រ​​​របស់​​​ប្រជា​​​ជន​​​ក្នុង​​​ខេត្ត​​​នេះ​​​ ប្រហែល​​​​​​ជា​​​កំពុង​​​ផ្លាស់​​​ប្ដូរ​​​ហើយ​​​​​​ ដោយ​​​លោក​​​បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ថា គណបក្ស​​​ប្រឆាំង​​​ទទួល​​​បាន​​​លទ្ធផល​​​ល្អ​​​ជា​​​​​​ង​​​គណបក្ស​​​ ប្រជា​​​ជន​​​កម្ពុជា​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​​ ​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ជា​​​ពិសេស​​​គឺ​​​នៅ​​​ក្នុង​​​តំបន់​​​មួយ​​​ចំនួន​​​ដែល​​​ទំនាស់​​​ដី​​ ​ធ្លី​​​បាន​​​ផ្ទុះ​​​ឡើង​​​។ ហើយ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ក៏​​​មិន​​​សូវ​​​មាន​​​មុខ​​​តំណែង​​​​​​​​ ​​​​​​​ជាន់​​​ខ្ពស់​​​ថ្នាក់​​​ខេត្ត​​​ដូច​​​មុន​​​ទៀត​​​ដែរ​​​ ដោយ​​​បច្ចុប្បន្ន​​​នេះ​​​​​​ខេត្ត​​​រតនគិរី​​​មាន​​​លោក​​​ ប៉ាវ ហមផាន ដែល​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ ជា​​​អភិបាល​​​ខេត្ត​​​។

ភូមិ​​​ឡាំ ​​​នៅ​​​ក្នុង​​​ស្រុក​​​អូយ៉ាដាវ​​​​​​គឺ​​​ជា​​​តំបន់​​​មួយ​​​ដែល​​​កេរ​ ​​តំណែល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ចាក់​​​ឫស​​​នៅ​​​ ក្នុង​​​ចំណោម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​រួច​​​ទៅ​​​ហើយ​​​។ អម​​​ជុំ​​​វិញ​​​​​​ទៅ​​​ដោយ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​​​​ដែល​​​ ត្រូវ​​​បាន​​​ផ្ដល់​​​ឲ្យ​​​ក្រុមហ៊ុន​​​ក្នុង​​​ស្រុក​​​ និង​​​ក្រុមហ៊ុន​​​វៀតណាម​​​ ជន​​​ជាតិ​​​ភាគ​​​តិច​​​ចារ៉ាយ​​​នៅ​​​ទី​​​នេះ​​​​​​បាន​​​និយាយ​​​ថា មន្ត្រី​​​រដ្ឋាភិបាលមិន​​​ដែល​​​មក​​​អើត​​​មើល​​​ពួក​​​គេ​​​ឡើយ​​​​​​ គឺ​​​មាន​​​តែ​​​ពេល​​​មន្ត្រី​​​ទាំង​​​នោះ​​​មក​​​ព្រមាន​​​​​​ពួក​​​គេ​​ ​មិន​​​ឲ្យ​​​​​​​​​​​តវ៉ា​​​ប្រឆាំង​​​ម្ចាស់​​​​​​ចម្ការ​​​កៅស៊ូ​​​ ប៉ុណ្ណោះ​​​។

លោក​​​ សេវ វិញ ​​​ដែល​​​អង្គុយនៅ​​​​​​ក្នុង​​​ចំណោម​​​​​​​​​​​​អ្នក​​​រស់​​​នៅ​​​​​​ ក្នុង​​​ភូមិ​​​ឡាំ​​​​​​ ដែល​​​ម្នាក់​​​ៗ​​​​​​សុទ្ធ​​​តែ​​​មាន​​​ចិត្ត​​​អន្ទះ​​​សារ​​​ចង់​​​រៀប ​​​រាប់​​​ប្រាប់​​​អំពី​​​រឿង​​​អយុត្តិធម៌​​​ជុំ​​​វិញ​​​ការ​​​បាត់​​​ បង់​​​ដី​​​​​​របស់​​​ខ្លួន​​​នោះ​​​ បាន​​​និយាយ​​​ថា “ ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​មេដឹក​​​នាំ​​​បច្ចុប្បន្ន​​ ​​​​បន្ត​​​កាន់​​​អំណាច​​​ទេ។ ខ្ញុំ​​​​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ”។ ខណៈ​​​ការ​​​ឈូស​​​ឆាយ​​​ព្រៃ​​​ដើម្បី​​​យ​​​ក​​​ដី​​​​​​ដាំ​​​ចម្ការ​​​ កៅស៊ូ​​​​​​​​​ជុំ​​​វិញ​​​ភូមិ​​​ឡាំ​​​​​​​​​ត្រូវ​​​​​​បាន​​​បង្អង់​​​ នោះ​​​ ពួក​​​គេ​​​ជឿ​​​ថា វា​​​គ្រាន់​​​តែ​​​ជា​​​មធ្យោ​​​បាយ​​​​បញ្ឈប់​​​​​​ការ​​​រិះ​​​គន់​​​ពី​ ​​គោល​​​នយោបាយ​​​សម្ប​​​ទាន​​​ដី​​​របស់​​​រដ្ឋាភិបាល​​​​​​​​​ មុន​​​ការ​​​បោះ​​​ឆ្នោត​​​ប៉ុណ្ណោះ​​​​​។​

ពួក​​​គេ​​បាន​​​និយាយ​​​ ថា នៅ​​​ពេល​​​ដែល​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ថ្ងៃ​​​ទី​​​ ខែ​​​២៨​​​កក្កដា​​​ចប់​​​រួច​​​រាល់​​​ អ្វីៗ​​​​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​​​ នឹង​​​វិល​​​ទៅ​​​រក​​​ភាព​​​​​​ដើម​​​វិញ​​​​​​ ហើយ​​​នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​សម្រេច​​​ ចិត្ត​​​ថា នឹង​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណ​បក្ស​​​ប្រឆាំង​​​។ លោក វិញ ​​​ដែល​​​សារភាព​​​ថា ខ្លួន​​​មិន​​​អាច​​​បក​​​ស្រាយ​​​និយម​​​ន័យ​​​​​​នៃ​​​ពាក្យ​​​ប្រជា​​​ ធិប​​​តេយ្យ​​​​​​នោះ​​​ បាន​​​និយាយ​​​ថា “ យើង​​​ចង់​​​ឃើញ​​​លទ្ធិ​​​ប្រជា​​​​​​ធិបតេយ្យ​​​ពិត​​ ​ប្រាកដ” ប៉ុន្តែ​​​ លោក​​​​​​អាច​​​ពន្យល់​​​បាន​​​ថា តើ​​​អ្វី​​​ដែល​​​​​មិន​​​មែន​​​ជា​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ​​​។

លោក ​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អ្នក​​​បាន​​​ថា ប្រជា​​​ធិបតេយ្យ​​​គឺ​​​ជា​​​អ្វី​​​ទេ​​​ ប៉ុន្តែ​​​យើង​​​ដឹង​​​ថា លទ្ធិ​​​កុម្មុយនីស្ដ​​​គឺ​​​ជា​​​អ្វី​​​។ ដូច្នេះ​​​ការ​​​ផ្លាស់​​​ប្ដូរ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​យើង​​​ចង់​​​បាន​ ​​។ យើង​​​ដឹង​​​ថា ពួក​​​កុម្មុយនីស្ដ​​​ធ្វើ​​​ការ​​​យ៉ាង​​​ម៉េច​​​ ហើយ​​​។ ឥឡូវ​​​យើង​​​ចង់​​​ឃើញ​​​​​​អ្នក​​​​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​ធ្វើ​​​ ការ​​​ម្ដង​​​ ដើម្បី​​​ឲ្យ​​​បាន​​​ដឹង​​​ថា តើ​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​យ៉ាង​​​ម៉េច”។

លោក វិញ បាន​​​និយាយ​​​ថា គោល​​​នយោ​​​បាយ​​​រដ្ឋាភិបាល​​​ស្ដី​​​ពី​​​ការ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ ​​​មាន​​​ការ​​​ដាំ​​​កៅស៊ូ​​​ជា​​​មធ្យោបាយ​​​ក្នុង​ការ​​​អភិវឌ្ឍ​ និង​​​​​​បង្កើត​​​ការ​​​ងារ​​​​​​ទ្រង់​​​ទ្រាយ​​​​​​ធំ​​​នៅ​​​តាម​​​ តំបន់​​​ជ​​​ន​​​បទ​​​ គឺ​​​នៅ​​​មាន​​​ភាព​​​ខ្វះ​​​ចន្លោះ​​​ច្រើន​​​។

រំឭក ​​​ឡើង​​​វិញ​​​ពី​​​​ទុក្ខ​​​វេទនា​​​របស់​​​​​​សាច់​​​ញាតិ​​​ខ្លួន​​​ដែល ​​​រស់​​​នៅ​​​ក្បែរ​​​ព្រំដែន​​​​​​វៀតណាម​​​​​​​​​​​​ដែល​​​ជា​​​កន្លែង​​ ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ចារ៉ាយ​​​បាត់​​​បង់​​​ដី​​​ធ្លី​​​របស​​់​​​ ខ្លួន​​​កាល​​​ពី​​​ប៉ុន្មាន​​​ទសវត្សរ៍​​​មុន​​​​​​ ដោយ​​​សារ​​​ចម្ការ​​​កៅស៊ូ​​​នោះ​​​ លោក​​​​​​និយាយ​​​ថា ការ​​​ធ្វើ​​​ជា​​​កម្មករ​​​ស៊ី​​​ប្រាក់​​​ឈ្នួល​​​នៅ​​​លើ​​​ចម្ការ​​​ កៅស៊ូ​​​​​​ គឺ​​​មិន​​​មែន​​​ជា​​​មធ្យោបាយ​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​ជីវភាព​​​រស់ ​​​នៅ​​​ប្រសើ​​រ​​​ឡើង​​​ទេ​​​។

លោក​​​​​និយាយ​​​ថា “ វៀតណាម​​​ពោរ​ ​​ពេញ​​​ទៅ​​​ដោយ​​​ចម្ការ​​​កៅស៊ូ ប៉ុន្តែ​​​ពួក​​​គេ​​​អភិវឌ្ឍ​​​ដើម្បី​​​តែ​​​ផល​​​ប្រយោជន៍​​​ខ្លួន​​​ឯង​ ​​ [ ម្ចាស់​​​ចម្ការ​​​កៅស៊ូ​​​] ប៉ុណ្ណោះ​​​ មិន​​​មែន​​​ដើម្បី​​​យើង​​​ទេ”។ លោក​​​បាន​​​បន្ថែម​​​ថា​​​ ខ្លួន​​​បាន​​​ក្រើន​​​រំឭក​​​សហ​​​គមន៍​​​ជ​​ន​​​ជាតិ​​​​​​ភាគ​​​តិច​​​ មួយ​​​ចំនួន​​​ដូច​​​ជា​​​ សហគមន៍​​​របស់​​​លោក​​​ រម៉ាំ ហ្វិន នៅ​​​ស្រុក​​​អណ្ដូង​​​មាសពី​​​អ្វី​​​ដែល​​​នឹង​​​កើត​​​ឡើង​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ព្រម​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​​​​។

លោក ​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​បាន​​​ស្ដី​​​បន្ទោស​​​ពួក​​​គេ​​​ថា ពួក​​​ឯង​​​គួរ​​​តែ​​​​​​នាំ​​​គ្នា​​​ចេញ​​​មុខ​​​និយាយ​​​ប្រឆាំង​​​ភាព​ ​​អយុត្តិធម៌​​​​​​។ ប្រសិន​​​បើ​​​ពួក​​​ឯង​​​នៅ​​​តែ​​​រក្សា​​ភាព​​​ស្ងាត់​​​ស្ងៀម​​​​​​ ដូច្នេះ​​​ទៀត​​​ ពួក​​​ឯង​​​​​​ប្រាកដ​​​ជា​​​នឹង​​​គ្មាន​​​អ្វី​​​នៅ​​​​​​​​​សល់​​​​​​ ទាំង​​​អស់​​​។ ពួក​​​ឯង​​​នឹង​​​ធ្វើ​​​ជា​​​កម្មករ​​​​​​របស់​​​គេ​​​លើ​​​ដី​​​របស់​​​ ខ្លួន​​​ឯង​​​អស់​​​មួយ​​​ជីវិត”។​​​​​
លោក​​​ រម៉ា ស្វាត​​​ ជា​​​​​អ្នក​​​ជិត​​​ខាង​​​ក្នុង​​​វ័យ​​​​​​៤៧​​​ឆ្នាំ​​​ មាន​​​យោបល់​​​ផ្ទាល់​​​ខ្លួន​​​​​​សម្រាប់​​​សហ​​​គមន៍​​​​​ជន​​​ជាតិ​​​ ភាគ​​​តិច​​​ដែល​​​បាន​​​​​​លក់​​​ដី​​​របស់​​​ខ្លួន​​​ដើម្បី​​​ទទួល​​​បាន ​​​ការ​​​ងារ​​​នៅ​​​លើ​​​ចម្ការ​​​កៅស៊ូ​​​។ លោក​​​បាន​​​និយាយ​​​ថា “ ពួក​​​គេ​​​មិន​​​យល់​​​ពី​​​អនាគត​​​ទេ​​​ ហើយ​​​នឹង​​​គ្មាន​​​អ្វី​​​នៅ​​​សេស​​​សល់​​​សម្រាប់​​​ចៅៗ​​​របស់​​​ខ្លួន ​​​ឡើយ​​​ ពេល​​​ពួកគេ​​​បាត់​​​បង់​​​ដី​​​​​​ធ្លី​​​អស់​​​​​​”។

នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ច្បាប​​​់​​​ស្ដីអំពី​​​តំបន់​​​ត្រី​​​​​ កោណ​​​អភិវឌ្ឍ​​​ន៍​​​កម្ពុជា​​​​​​ដែល​​​ត្រូវ​​​បាន​​​សរសេរ​​​កាលពីឆ្នាំ ​​​មុន​​​​​​ដោយវិទ្យា​​​ស្ថាន​​​​​​ Institute of Developing Economies-Japanese External Trade Organization  សារ​​​ព្រមាន​​​មួយ​​​ត្រូវ​​​បានគេ​​​រាប់​​​បញ្ចូល។

ដោយ​​​​​​មាន​​​ខ្លឹមសារ​​​ថា “ ទោះ​​​បីជា​​​ការ​​​អភិវឌ្ឍ​​​តំបន់​​​ត្រីកោណ​​​អភិវឌ្ឍន៍​​​កម្ពុជា​​​ ត្រូវ​​​បានរំពឹង​​​ថា នឹង​​​នាំមកនូវ​​​​​​ផល​​​ប្រយោ​​​ជន៍​​​​​​សម្រាប់​​​ប្រជា​​​ជន​ក្នុង​​​ ខេត្ត​​​​​ ដូច​​​ជា​​​​​​ការ​​​កើន​​​ឡើង​​​នូវ​​​វិនិយោគ​​​ទុន​​​​​​ ពាណិជ្ជកម្ម​​​ និងឱកាស​​​ទទួល​​​បានប្រាក់​​​ចំណូល​​​ច្រើន​​​ជាង​​​មុន​​​ក៏ពិត​​​មែន​​​ ប៉ុន្តែ​​​វា​​​ក៏​​​មាន​​​ផល​​​ប៉ះពាល់​​​ដល់​​​ប្រជា​​​ជន​​​នៅ​​​ ក្នុងបណ្ដា​​​ខេត្ត​​​ដែល​​​ស្ថិតនៅ​​​ក្នុង​​​តំបន់​​​​​ត្រីកោណ​​​អភិវឌ្ឍ ​​​ន៍​​​កម្ពុជា​​​នេះ​​​ដែរ​​​។

ផល​​​ប៉ះពាល់​​​នោះ​​​មាន​​​ដូច​​​ជា​​​ ការ​​​ផ្លាស់​​​ប្ដូរ​​​ទីលំ​​​នៅ​​​របស់​​​សហគមន៍​​​ក្នុង​​​មូល​​​ដ្ឋាន​​ ​ ការ​​​រាល​​​ដាល​​​នៃ​​​ជំងឺ​​​ឆ្លង​​​ផ្សេង​​​ៗ​​​ ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ការ​​​ធ្វើ​​​អាជីវកម្ម​​​ខុស​​​ច្បាប់​​​ និង​​​ការ​​​​​​ឡើង​​​ថ្លៃ​​​ដី​​​ធ្លី​​​។ ការ​​​អភិវឌ្ឍ​​​នេះ​​​ក៏​​​នឹង​​​បង្ក​​​ផល​​​ប៉ះពាល់​​​បរិស្ថាន​​​​​​ផង​ ​​ដែរ​​​ ក្នុង​​​នោះ​​​មាន​​​ដូចជា​​​​​​​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​​ ដើម្បី​​​ទាញ​​​យកធន​​​ធាន​​​ធម្មជាតិ
នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​នោះ​​​ និង​​​ការ​​​សឹក​​​រិច​​​រិល​​​នៃ​​​បរិស្ថាន​​​​​​បណ្ដាល​​​មក​​​ពី​​​ បញ្ហា​​​កាក​​​សំណល់​​​ និង​​​ការ​​​បំពុល។ល។​​​និង។​​​ល។”

លោក​​​ រ៉េត រែន​​​ អាយុ​​​៣៨​​​ឆ្នាំ​​​​​​​​​​​បាន​​​ផ្លាស់​​​ប្ដូរ​​​ទីលំនៅ​​​ពី​​​ខេត្ត​​ ​កំពង់ចាម​​​មក​​​ស្រុកអូរ​​​ជុំ ខេត្ត​​​រតនគិរី​​​​​ក្នុង​​​ឆ្នាំ២០០៨​​​ ដើម្បី​​​ធ្វើ​​​ការ​​​នៅ​​​ចម្ការ​​​កៅស៊ូ​​​ដែល​​​បាន​​​កើន​​​ឡើង​​​យ៉ាង ​​​ច្រើន​​​ក្រោម​​​ស្លាក​​​អភិវឌ្ឍ​​​ន៍​​​សេដ្ឋកិច្ច​​​។ បន្ទាប់​​​ពី​​​បានចំណាយ​​​ពេលប្រាំឆ្នាំ​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី​​ ​ លោក រែន និងអ្នក​​​ជិត​​​ខាង​​​របស់​​​លោក​​​​​​ទទួល​​​បានប្រាក់​​​ចំណូលត្រឹម​​​តែ ​​​មួយ​​​គ្រប់​​​ប៉ុណ្ណោះ​​​។

អង្គុយ​​​នៅ​​​ខាង​​​ក្រៅ​​​បន្ទប់​​​ធ្វើ​​​ពី​​​ឥដ្ឋ​​​ទំហំ​​​៤គុណនឹង ​​​៥​​​ម៉ែត្រ​​​ដែល​​​​​​ជា​​​កន្លែង​​​លោករស់​​​នៅ​​​ជា​មួយ​​​ភរិយា បង​​​ប្អូន​​​ប្រុស​​​ និង​​​កូន​​​ប្រុស​​​វ័យ​​​ជំទង់​​​​​​របស់​​​ខ្លួន​​​ដែល​​​​​​​​​សុទ្ធ​​​ តែ​​​​​​មាន​​​មុខ​​​របរ​​​ជា​​​អ្នក​​​ត្រង​​​ជ័រ​​​កៅស៊ូ​​​នោះ​​​ លោក រែន កំពុង​​​រៀប​​​ចំ​​​ខ្លួន​​​ទៅ​​​ធ្វើ​​​ការ​​​តាម​​​វេណរបស់​​​លោក​​​​​​ ដែល​​​ចាប់​​​ផ្ដើមនៅ​​​ម៉ោង​​​២​​​​​​​​​រំលង​​​អធ្រាត្រ​​​ និង​​​បញ្ចប់​​​នៅម៉ោង​​​១០​​​ព្រឹក​​​ ដែល​​​ជា​​​ពេល​​​​​​មាន​​​ថ្ងៃ​​​ក្ដៅ​​​ពេកមិន​​​អាច​​​ធ្វើ​​​ការ​​​បាន​ ​​។

ការ​​​ត្រង​​​ជ័រ​​​កៅស៊ូ​​​​​​គឺ​​​ជាការ​​​ងារ​​​ដែល​​​ត្រូវ​​​ប្រើ​​ ​កម្លាំង​​​ពលកម្ម​​​ច្រើន​​​ ប៉ុន្តែ​​​លោក រែន​​​ និយាយ​​​ថា ខ្លួន​​​ស៊ាំ​​​នឹង​​​ការ​​​ធ្វើ​​​ការ​​​រយៈ​​​ពេល​​​ប្រាំពីរ​​​ថ្ងៃ​​​ ក្នុង​​​មួយ​​​សប្ដាហ៍​​​ដោយ​​​គ្មាន​​​ពេល​​​ឈប់​​​សម្រាក​​​ទៅហើយ​​​។  លោក​​​ក៏​​​ស៊ាំ​​​នឹង​​​សត្វ​​​ពស់​​​ដែលវា​​រ​​​ចូល​​​ក្នុង​​​ចម្ការ​​​ កៅស៊ូ​​​ដែរ​​​​​​​​​ ហើយ​​​លោក​​​កំពុង​​​ព្យាយាម​​​បង្ការ​​​ជំងឺ​​​គ្រុន​​​​​ចាញ់​​​​​​ដែល​​​ កំពុង​​​រាត​​​ត្បាត​​​ក្នុង​​​តំបន់​​​នោះ​​​ផង​​​ដែរ​​​។

​​​លោក​​​បាននិយាយ​​​ថា ប្រាក់​​​ឈ្នួល​​​១៦០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ខែ​​​គឺ​​​បានត្រឹម​​​ តែ​​​មួយ​​​គ្រប់​​​ប៉ុណ្ណោះ​​​​​​ ដោយ​​​ពន្យល់​​​ថា លោក​​​ត្រូវ​​​ចំណាយ​​​ច្រើន​​​បំផុត​​​លើ​​​ថ្លៃ​​​អាហារ​​​ដែល​​​លោក​​​ ត្រូវ​​​តែ​​​ទិញ​​​ទាំង​​​ស្រុង​​​ ព្រោះ​​​លោក​​​គ្មាន​​​​​​ដី​​​​​​​​​សម្រាប់​​​ដាំ​​​ដុះ​​​​​​សូម្បី​​​តែ ​​​​​​បន្លែ​​​បង្កា​​​រតិច​​​តួច​​​។

​​​លោក​​​បាន​​​និយាយ​​​ថា “វា​​​ប្រសើរ​​​ជាង​​​ប្រសិន​​​បើ​​​យើង​​​​​មាន​​​ដី​​​ខ្លួនឯង​​​។ បើ​​​មាន​​​ដី​​​យើង​​​​​​ប្រាកដ​​​ជា​​​អាច​​​ពឹង​​​ផ្អែក​​​លើ​​​ខ្លួន​​​ ឯង​​​ ពុំ ចាំ​​​បាច់​​​ពឹង​​​លើ​​​អ្នក​​​ដទៃ​​​ទេ”។ កង្វះដី​​​ធ្លី​​​គឺ​​​ជា​​​មូលហេតុ​​​ដែល​​​​​​បាន​​​ជំរុញ​​​ឲ្យ​​​លោក​​​ ផ្លាស់​​​ទី​​​លំនៅ​​​ពី​​​ខេត្ត​​​កំពង់​​​ចាមមក​​​ខេត្ត​​​រតនគិរី​​​ ហើយ​​​ឥឡូវ​​​នេះ​​​ ក្ដី​​​ស្រមៃរបស់​​​លោក​​​ រែន​​​ គឺ​​​ការ​​​មាន​​​ដី​​​ធ្លីនៅថ្ងៃ​​​ណាមួយ​​​ដើម្បីឲ្យ​​​លោក​​​​​​មាន​​​ លទ្ធភាព​​​ដាំដុះ​​​ដំណាំ​​​​​​ សាងសង់​​​ផ្ទះ​​​ និង​​​មានអ្វី​​​សម្រាប់​​​ចែកកូនចៅ​​​នៅ​​​ពេល​​​លោក​​​ចែកឋាន​​​ទៅ​​​។

​​​លោក យៀក រិន អាយុ​​​៥២​​​ឆ្នាំ​​​ ដែល​​​ជា​​​អ្នក​​​​​​ជិត​​​ខាង​​​របស់​​​លោក រែន បាន​​​និយាយ​​​នៅប្លុក​​​​​​ផ្ទះ​​​ស្នាក់​​​នៅដែល​​​ផ្ដល់​​​ដោយ​​​ចម្ការ​ ​​កៅ​​​ស៊ូ​​​ថា ការ​​​ងារ​​​ត្រង​​​ជ័រ​​​កៅស៊ូ​​​​​​គឺ​​​សម្រាប់​​​តែ​​​អ្នក​​​ទាំង​​​ ឡាយ​​​ណា​​​ដែល​​​គ្មានដី​​​​​​ និង​​​ “ គ្មាន​​​ជម្រើស​​​”​​​ ក្នុង​​​ឆាក​​​ជីវិត​​​​​​ប៉ុណ្ណោះ​​​។ លោក​​​បាននិយាយ​​​អំពី​​​ការ​​​ត្រ​​​ង​​​ជ័រ​​​កៅស៊ូ​​​ថា “ វា​​​មិន​​​ដូច​​​ជា​​​ទាសករ​​​ទេ ប៉ុន្តែ​​​ប្រសិនបើ​​​យើង​​​​​​មិនធ្វើ​​​ការ​​​ទេ​​​​​​ គឺ​​​ប្រាកដ​​​ជា​​​គ្មានអ្វីចិញ្ចឹម​​​ក្រពះ​​​ឡើយ​​​”។

លោក សៀង ហៀង ជា​​​មេ​​​ក្រុម​​​នៅ​​​ក្នុង​​​​​​ចម្ការ​​​កៅស៊ូ​​​មួយ​​​កន្លែង​​​​​​បាន ​​​លើកឡើង​​​​ថា កៅស៊ូនិង​​​ចម្ការ​​​កៅស៊ូ​​​​​​​​​​​​​​​​​​​​​ផ្ដល់​​​ប្រយោជន៍​​​​​​​​​ ដល់​​​ម្ចាស់​​​របស់​​​វា​​​​​​ច្រើន​​​ណាស់​​​ ប៉ុន្តែ​​​​​​​​​ត្រង់​​​ថា តើ​​​​​​វា​​​ផ្ដល់​​​ប្រយោជន៍​​​ដល់ខេត្តរតនគិរីឬអត់​​​នោះ​​​​​​គឺ​​​ជា​​ ​រឿង​​​មួយ​​​ផ្សេង​​​។

លោក ហៀង ដែល​​​បាន​​​មក​​​រស់​​​នៅ​​​ទី​​​នេះ​​​​​​អស់​​​រយៈ​​​ពេល១០​​​ឆ្នាំមកហើយ ​​​នោះ​​​ បាន​​​ឃើញ​​​ការ​​​​​​ផ្លាស់​​​ប្ដូរ​​​ច្រើន​​​ណាស់​​​នៅក្នុង​​​ខេត្ត​​​ នេះ​​​។ ​​​ឥឡូវ​​​​​​ឃើញ​​​មាន​​​រថយន្ត​​​ ទោចក្រ​​​យាន​​​យន្ត​​​ និង​​​ផ្ទះ​​​ធំ​​​ទ្រនំ​​​ខ្ពស់​​​។ លោកនិយាយ​​​ថា “ ខេត្ត​​​នេះ​​​មាន​​​អ្នក​​​មាន​​​ច្រើន​​​​​​ ក៏​​​ប៉ុន្តែពុំ​​​​​​មាន​​​ការ​​​អភិវឌ្ឍ​​​​​​ច្រើន​​​ទេ​​​​​​​​​​​​​​​” ដោយ​​​​​​លោក​​​បាន​​​ចង្អុល​​​ទៅ​​​ផ្លូវ​​​​​​ដីក្រហម​​​​​​មួយ​​​ខ្សែជា​ ​​ឧទាហរណ៍​​​។ លោក​​​បញ្ជាក់​​​ថា “ ទ្រព្យ​​​ធន​​​នៅ​​​ខេត្ត​​​នេះ​​​គឺ​​​មាន​​​តែ​​​ក្នុង​​​ចំណោមបុគ្គល​​​ ប៉ុណ្ណោះ​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស