32.5 C
Phnom Penh

អតីត​ក្រឡា​បញ្ជី​​សាលា​ដំបូង​រាជ​ធានី​ម្នាក់​​ស្នើ​សុំ​តុលា​ការ​កំពូល​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ តុលាការ​កំពូល​បាន​បើក​​​​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​​​​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​អតីត​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​​ម្នាក់  ​ដែល​ត្រូវ​បាន​​​តុលាការ​នេះ​ផ្តន្ទា​ទោស​ពី​បទ​រំលោភ​សេចក្តី​​ទុក​​ចិត្ត​ដោយ​សារ​បាន​ទទួល​ប្រាក់​​ចំនួន​២៥០.០០០​​ដុល្លារ​ពី​អ្នក​ជំនួញ​ម្នាក់​ពាក់​ព័ន្ធ​រឿងក្តី​មួយ​។

លោក គ្រួច បូរ័ត្ន អាយុ​៤០​ឆ្នាំ​​ត្រូវ​សា​លា​​​ដំបូង​រាជធានី​ភ្នំ​ពេញ​សម្រេច​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ​​កន្លះ​កាល​ពី​ខែ​ឧ​សភា​ បន្ទាប់​ពី​​​តុលាការ​រក​ឃើញ​ថា​​ លោក​​បាន​ទទួល​ប្រាក់​ពី​បុរស​ម្នាក់​ឈ្មោះ​ សួន លី។

លោក បូរ័ត្ន ដែល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ត្រូវ​បាន​​​សាលា​ដំបូង​រាជ​ធានី​​ភ្នំ​ពេញ​​​ច្រាន​ចោល​​កាល​ពី​ខែ​តុលា​  ហើយ​​សាលា​​​​​​​ឧទ្ធរណ៍​​ក៏បាន​ច្រាន​ចោល​បណ្ដឹង​នេះ​កាល​ពី​ខែ​ធ្នូ​ផង​ដែរ​នោះ កាល​ពី​ម្សិល​មិញ​បាន​​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​​ដោះ​លែង​រូប​លោក​​ដោយ​សារ​ជា​បទ​ល្មើស​​មជ្ឈិម ហើយ​លោកនិយាយ​ថា​ លោកមាន​បំ​ណង​​សង​ប្រាក់​​​​ចំនួន​ពាក់​កណ្ដាល​ទៅ​ឲ្យ​​លោក លី​ វិញ​។

លោក បាន អះ​អាង​ថា​ លោក  កែ សាខន អតីត​អនុ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ដែល​លោក​បាន​និយាយ​ថា ​បាន​ប្រគល់​​ប្រាក់​របស់​លោក​ សួន លី​ ចំនួន​២៥០.០០០​ដុល្លារ​ឲ្យ​ទៅ​លោក​នោះ​ គួរ​តែ​សង​ប្រាក់​ចំនួន​ពាក់​​កណ្ដាល​​​​ទៀត​​​។

លោក គ្រួច  បូរ័ត្ន  ដែល​បាន​ប្តឹង​ទាស់​នឹង​សាល​ក្រម​នេះ​​​​បាន​ប្រាប់​តុលាការ កាល​ពី​ម្សិល​មិញ​ថា​​ “ ខ្ញុំ​បាន​ផ្តល់​ប្រាក់​របស់​ខ្ញុំ​​​ចំនួន​​​៧៥.០០០​​​​ដុល្លារ​​ឲ្យ​​ទៅ​​តុលា​ការ​រួច​ហើយ​ ហើយ​ខ្ញុំ​នឹង​ផ្តល់​​ទឹក​ប្រាក់​ចំនួន​៥០.០០០​ថែម​ទៀត​ ដើម្បី​​​​ឲ្យ​តុលាការ​ដោះ​លែង​រូប​ខ្ញុំ​ពី​ពន្ធនាគារ​”។

លោក ពុទ្ធ ធាវី មេធាវី​របស់​លោក បូរ័ត្ន បាន​មាន​ប្រសាសន៍​ថា​ កូន​ក្តី​របស់​លោក បាន​ទទួល​ប្រាក់​តែ​៧៥.០០០​​ប៉ុណ្ណោះ ​លើក​ដំបូង​ ហើយ​ថា​  លោក បូរ័ត្ន គ្រាន់​តែ​ធ្វើ​តាម​​បញ្ជារ​របស់​លោក​​​ សាខន  ​​តែ​ប៉ុណ្ណោះ ដែល​លោក  សាខន​  មិន​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​​​​ទេ ហើយបច្ចុ​ប្បន្ន​នេះលោក​ធ្វើ​ជា​អនុ​ប្រធាន​​​​​​​​​​សាលា​ដំបូង​​ខេត្ត​តា​កែវ​ទៀត​ផង។ លោក ធាវី បន្ត​ថា​ “ ប្រ​សិន​បើ​ [លោក​ បូរ័ត្ន] ជាប់​ពន្ធនាគារ​មែន​នោះ​​​ពួកគេ​ត្រូវ​​តែ​ដាក់​ពន្ធនាគារ​ទាំង​ពីរ​នាក់​ ទើប​​​ស្មើ​គ្នា​”។ តុលាការ​កំពូលនឹង​​ប្រ​កាស​សាល​ក្រម​ក្នុង​​រឿង​ក្តី​នេះ ​នៅថ្ងៃ​ទី​២៤ ​ខែ​កក្កដា​ ខាង​មុខ​នេះ​៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស