38.8 C
Phnom Penh

លោក​​​ សម រង្ស៊ី ស្នើ​​​​​​សុំ​​​ការ​​​អនុញ្ញាតពី​​​លោក​​​ ហេង​​​ សំរិន ​​​​​​ដើម្បី​​​ឈរ​​​ឈ្មោះ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញលោក​​​ សម រង្ស៊ី មេ​​​ដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​​​បាន​​​​​​បង្ហាញ​​​បំណង​​​ចុង​​​ក្រោយ​​​ ចង់​​​ឈរ​​​ឈ្មោះ​​​​​​ជា​​​បេក្ខជន​​​តំណាង​​​​រាស្ត្រ​​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នា​​​ថ្ងៃ​​​អាទិត្យ​​​ នេះ​​​ ដោយ​​​ស្នើ​​​ឲ្យ​​​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​​​​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​​​​ធ្វើ​​​ជា​​​សមាជិក​​​សភា​​​ឡើង​​​វិញ​​​។

ការ​​​ស្នើ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ បន្ទាប់​​​ពី​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​​​​ការ​​​បោះឆ្នោត​​ហៅ​​​កាត់​​​ថា គ.ជ.ប. ​​​​​​ បាន​​​ច្រាន​ចោល​​​សំណើ​​​របស់​​​លោក​​​ សម រង្ស៊ី កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដែល​​​​​​ស្នើ​​​សុំ​​​ឈរ​​​ឈ្មោះ​​​ក្នុង​​​ឋានៈ​​​ជា​​​ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​។ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​​​​ចំការ​​​បោះ​ឆ្នោត​​​បាន​​​លើក​​​ឡើង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​នឹង​​​​​​ដល់​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ហើយ ​ហេតុ​​​ដូច្នេះ​​​វា​​​យឺត​​​ពេល​​​ហើយ​​​នៅ​​​ក្នុង​​​ការ​​​កែប្រែ​​​បញ្ជី​​​បេក្ខជន​​​ឈរ​​​ឈ្មោះ​​​ជា​​​​​​តំណាង​​​រាស្ត្រ​​​ ដើម្បី​​​បញ្ចូល​​​រូប​​​លោក​​​។

ឈ្មោះ​​​របស់​​​ លោក​​​ សម រង្ស៊ី ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​បញ្ជី​​​បេក្ខជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​កាលពី​​​ឆ្នាំ​​​មុន​​​ ក៏​​​ដូច​​​ជា​​​ពី​​​​​​បញ្ជី​​​ឈ្មោះ​​​បោះ​ឆ្នោត​​​ដែរ​​​ ដោយ​​​ផ្អែ​​​កលើ​​​មូល​ហេតុ​​​​ថា លោក​​​ជា​​​ទណ្ឌិត​​​​​​។ ប៉ុន្តែ​​​​​​បន្ទាប់​​​ពី​​​​មាន​​​ការ​​​ព្រះ​​​រាជ​​​​ទាន​​​​​​​​​លើក​​​លែង​​​ទោស​​​​​​ចំពោះ​​​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​លោ​​​ក​​​ហៅ​​​ថា ជា​​​រឿង​​​​​នយោ​​​បាយ​​​នោះ​​​ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​វិល​​​ត្រឡប់​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ដោយ​​​មាន​​​ការ​​​ទទួល​​​យ៉ាង​​​អធិកអធម​​បំផុត​​​​​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​។

លោ​​​ក សម រង្ស៊ី​​​ ​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ច្បាប់​​​​ផ្ញើ​​​ទៅ​​​លោក​​​ ហេង​​​ សំរិន​​​ ថា “ខ្ញុំ​​​មាន​​កិត្តិ​​​​យស​​​​​​​​​​​​​​សូមជម្រាប​​​​​​ជូន​​​សម្ដេច [ហេង​​​ សំរិន​​​]​មេត្តា​​​ជ្រាប​​​ថា យោង​​​តាម​​​មាត្រា​​​១៥ នៃ​​​ច្បាប់​​​​​​​ស្ដី​​​ពី​​លក្ខន្តិកៈតំណាង​​​​​​​​​​​រាស្ត្រ​ចែង​​​ថា តំ​​​ណាង​រាស្ត្រ​​​ណាមួយ​​​ជាទណ្ឌិត​​​​​​ ហើយត្រូវបាន​​​ព្រះ​រាជ​​​​​ទាន​​​លើក​​​លែង​​​ទោស​​​ តំណាង​​​រាស្រ្ត​​​រូប​នោះ​​​នឹង​​បានទទួល​​​​​​សុពលភាព​​​អភ័យ​ឯក​សិទ្ធ​​​​​​​ិ​និង​​​បុព្វសិទ្ធិ​​​ឡើងវិញជា​​​តំណាង​​​រាស្ត្រ​​​”។​​​

លោក​​​ ឈាង​​​ វុន សមាជិក​​​សភា​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ថា រដ្ឋ​​​សភា​​​ទទួល​​​បាន​​​លិខិត​​​​​​របស់​​​លោក​​​សម រង្ស៊ី ហើយ​​​ខណៈ​​​លោក​​​​​​ គាំ កុសល​​​ ប្រធាន​​​ខុទ្ទ​កាល័យ​​​របស់​​​លោក​​​ ហេង​​​ សំរិន​​​ បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​លិខិត​​​នេះ​​​។

លោក​​​  យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​របស់​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា លិខិត​​​នេះ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ផ្ទាល់​​​ទៅ​​​​​​ដល់​​​មន្ត្រី​​​របស់​​​​​​លោក​​​ ហេង​​​ សំរិន​​​ ហើយ​​​។ ​​​លោក​​​  យឹម សុវណ្ណ បាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​រង់ចាំ​​​ការ​​​ឆ្លើយ​​​តប​​​”។

រដ្ឋាភិបាល​​​កំពុង​​​ស្ថិត​​​ក្រោម​​​សម្ពាធ​​​​​​ពី​​​សាធា​​រណ​​​ជន​​​ ឲ្យ​​​អនុញ្ញាត​​​លោក​​​  សម ​រង្ស៊ី ​ចូល​​​រួម​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោតជាតិ​​​​​​ហើយ​​​​​​បើ​​​គ្មាន​​​​​​ការ​​​ចូល​​​រួម​​​របស់​​​លោក​​​ទេ​​​ ការ​​​បោះ​​​ឆ្នោត​​​​​​លំបាក​​​នឹង​​​អះអាង​​​ថា ​​​ជា​​​ការ​​​បោះ​​ឆ្នោត​​​​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​ណាស់​​​។

លោក សៀន ម៉ាក​​​ខិន​​តូស​​ (Sean McIntosh) ​​អ្នក​​​នាំពាក្យ​​​​​​ស្ថាន​​​ទូត​​​​​​​​​​​​សហរដ្ឋ​​​អាមេរិក​​​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អ៊ីម៉េល​មួយ​​​ថា “យើង​​​ជឿ​​​​​​ជាក់​​​ថា លោក​​​ សម រង្ស៊ី នឹង​​​​​​ត្រូវ​​​បាន​​​គេ​អនុ​ញ្ញាត​​​​ឲ្យ​​​ចូល​​​រួម​​​​​​ពេញ​​​ទំហឹង​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​”។ តែទោះ​​​ជា​​​យ៉ាង​​​ណា​​​  លោក​​​ សុក ​សំអឿន​​​ ​​​នាយក​​​ប្រតិបត្តិ​​​​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការពារ​​​សិទ្ធិ​​​កម្ពុជា​​ ​ជា​​​អង្គការ​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​បាន​​​លើក​​​ឡើង​​​ថា លិខិត​​​របស់​​​លោក​​​ សម រង្ស៊ី ផ្ញើ​​​ទៅ​​​លោក​​​ ហេង​​​ សំរិន ​​​ទំនង​​​​ជា​​​​​​មាន​​​ឥទ្ធិពល​​​តិច​​​តួច​​​ប៉ុណ្ណោះ។

លោក សុក​​​ សំអឿន បាន​​​ថ្លែង​​​ថា “គណៈ​​​កម្មាធិការជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​បាន​​​បដិ​​​សេធ​​​សំណើរបស់​​​លោក​​​ ពីព្រោះ​​​លោក​​​​​​បាន​​​មក​​​ចុះ​​​ឈ្មោះ​​​​​​ជា​​​បេក្ខជន​​​​​​​តំណាង​​​រាស្ត្រ​​​យឺត​​​ពេល​​​ពេក​​​​​។ ​គ្មាន​​​​​​​​​នរណា​​​ម្នាក់​​​អាច​​​ចុះ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​​​​តំណាង​​​រាស្ត្រ​​​ពីរ​​​​​​បី​​​ថ្ងៃ​​​មុន​​​​ការ​​​​​​បោះ​ឆ្នោត​​​ជាតិ​​​បាន​​​ឡើយ​​​”។

អាសនៈក្នុង​​​រដ្ឋ​​​សភា​​​​​​របស់​​​លោក​​​ សម ​​​រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​ទំនេរ​​​នៅ​​​ឡើយ​​​ បន្ទាប់​​​ពី​​​លោក​​​បាន​​​ចាក​​​ចេញ​​​ពី​​​​​​ប្រទេស​​​ ដើម្បី​​​គេច​​​វេះ​​​ពី​​​ការ​​ផ្ដន្ទា​​​ទោស​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​។ចាប់​​​តាំ​​​ង​​​ពី​​​ពេល​​​នោះ​​​មក​​​គណបក្ស​​​ សម រង្ស៊ី  បាន​​​រួម​​​បញ្ចូល​​​គ្នា​​​​​​ជា​​​មួយ ​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ ដើម្បី​​​បង្កើត​​​ជា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ជា​​​ចំណាត់​​​ការ​​​មួយ​​​​​​ធ្វើ​​​ឲ្យ​​​គណៈ​​​កម្មាធិ​​​ការ​​​អចិន្ត្រៃយ៍​​​របស់​​​រដ្ឋ​​​សភា​​​ដក​​​តំណាងរាស្ត្រ​​​​​​ចំនួន​​​២៧​​​រូប​​​របស់​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ពី​​​អាសនៈ​​​រដ្ឋ​​​សភា​​​របស់​​​ខ្លួន​​​កាលពី​​​ដើម​​​ឆ្នាំ​​​នេះ​​​។

លោក​​​ សុក ​​​សំអឿន ​​​មាន​​​ប្រសាសន៍​​​ថា​​​​​ជា​​​លទ្ធផល​​​​​​​​​នៃ​​​ការ​​​រួម​​​បញ្ចូ​​​ល​​​គ្នា​​​​​​ គ្មាន​​​សមា​ជិ​​​ក​​​ណាម្នាក់​​​របស់​​​គណបក្ស​​​ប្រឆាំង មាន​​​តំណែង​​​​​​ជា​​​សមាជិក​​​សភាឡើយ​​​​​​។ ហេតុ​​​ដូច្នេះ​​​ហើយ​​​សម្រាប់​​​លោ​​​ក​​​ សម រង្ស៊ី ប្រសិន​​​បើ​​​ចង់​​​ទទួល​​​បាន​​​តំណែង​​​របស់​​​ខ្លួន​​​មក​​​វិញ​​​ គឺ​​​លោក​​​​​​ត្រូវ​​​តែ​​​​​​លាលែង​​​ពី​​​តំណែង​​​​​​ជា​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ ហើយ​​​ចូល​​​រួម​​​សាជាថ្មី​​​ឡើង​​​វិញ​​​ជាមួយ​​​គណបក្ស​​​ សម ​រង្ស៊ី របស់​លោក​​​ ដែល​​​មាន​​​តែ​​​ឈ្មោះនោះ​​​។

លោក​​​​​​បាន​ថ្លែង​​​ថា “ ប្រសិន​​​បើ​​​លោក​​​លា​​​លែង​​​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិវាមិន​អីទេ​​​​។ ប៉ុន្តែ​​​ហេតុអ្វី​​​បាន​​​ជា​​​​​​លោក​​​ចង់​​​ធ្វើ​​​ដូច្នេះ​​​? វា​​​នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​ នឹង​​​​​​ដល់​​​ថ្ងៃ​​​បោះឆ្នោត​​​ហើយ​​​ ហេតុ​​​ដូច្នេះ​​​គ្មាន​​​អ្វី​​​អាច​​​កែប្រែ​​​បាន​​​ទៀត​​​ទេ​​​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស