39.4 C
Phnom Penh

កោះ​ពេជ្រ មាន​ការ​អភិវឌ្ឍ​ច្រើន ប៉ុន្តែព័ត៌មាន​​​លម្អិត​​​ស្តី​​​ពី​​​គម្រោង​​​អភិវឌ្ឍន៍​​​​​​នេះ​​​ត្រូវ​​​បាន​​​លាក់​​​បាំង​​​ជិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជី​វកម្ម​កំពុង​​មាន​ការ​រីក​ចម្រើន​​នៅ លើ​កោះពេជ្រ។​ចាប់​តាំង​ពី​ការ​អភិវឌ្ឍ​​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០០៦​ និងដែល​​ប្រ​ជាពល​រដ្ឋ​ប្រ​មាណ​៣០០គ្រួសារ​ត្រូវ​បានបណ្តេញ​​ចេញ​ពី​កោះពេជ្រ  ដែល​ជា​កោះ​​ចម្ការ​នា​ពេល​​​​នោះមក​​​  បាន​ប្រែ​ក្លាយបន្តិច​ម្តងៗ​ជា​និមិត្ត​សញ្ញា​នៃ​​ពាណិជ្ជ​កម្ម​ទំនើប​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ។

បច្ចុប្បន្ន កោះ​ពេជ្រ  មាន​បុរី​វីរជន ​​និង​ទី លាន​វាយ​កូន​ហ្គុលហ្វ៍​  Elite Gold Club និង​ស្ថានីយ​ពន្លត់​អគ្គិភ័យ​មួយគួរ​ជា​ទី​មោទន​​ ហើយ​មិន​យូរ​ប៉ុន្មាន​នឹង​ធ្វើឲ្យ​​រមណីយដ្ឋាន​មាត់​ទឹកបែប​អឺរ៉ុប ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​ពេញ​ទៅ​ដោយ​កន្លែង​ទទួល​ទាន​អាហារ​ ប្រណីតៗ អគារ​លំ​នៅ​ដ្ឋាន​រួម​ (ខុនដូ) នា​មាត់​ទន្លេ​ និង​សួន​កម្សាន្ត។

ក្រុម​ហ៊ុន​អភិវឌ្ឍ​កោះ​ពេជ្រ ដែល​មាន​ឈ្មោះ​ថា Overseas Cambodia Investment Corp. ក៏​កំពុង​ពង្រីកទំហំ​​កោះ​នេះ​៥០០ម៉ែត្រ​ចូល​ទៅក្នុង​​ចំណុច​ប្រសព្វ​នៃ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់​ផង​ដែរ​ ដើម្បីបង្កើត​ទី​ធ្លា​សម្រាប់​សង់​អគារខ្ពស់​កប់​ពពក​​មួយ​កម្ពស់​៥៥៥​ម៉ែត្រ​ ដែល​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​បំផុត​ទី​២ក្នុង​ពិភព​លោក​ បន្ទាប់ពី​អគារ​ បឺច ខាលីហ្វា (Burj Khalifa) ក្នុង​ក្រុង​ឌូបៃ ប្រទេស​អារ៉ាប៊ី សាអូឌីត ប្រសិន​បើ​ត្រូវ​សាងសង់​មែន​នោះ​។

ប៉ុន្តែ​​ព័ត៌មាន​​លម្អិត​​​​ស្តី​​​ពី​​​គម្រោង​​​អភិវឌ្ឍ​ន៍​​​​​នេះ​​​ត្រូវ​​​បាន​​​លាក់​​​បាំង​​​ជិត​។ កាល​ពីថ្ងៃ​​ច័ន្ទ បុគ្គលិក​ផ្នែក​សាងសង់​ទទួល​​បន្ទុក​​ពង្រីក​ទំហំ​កោះ​នេះ​​មាន​ឆន្ទៈ​​ខ្ពស់​ចង់​​និយាយ​អំពី​ការ​អភិ​​​វឌ្ឍនេះ ដោយ​លើក​ឡើង​ថា  ការ​លុប​ទន្លេ​​​​​ បាន​ប្រព្រឹត្តទៅ​យ៉ាងរលូន​រួច​ទៅ​ហើយ​។ អ្នក​គ្រប់គ្រង​ការដ្ឋាន​លើក​ឡើង​​ថា “ ដី​ប្រហែល​ប្រាំ​ហិកតាត្រូវ​បាន​ចាក់​ចូល​ក្នុង​ទឹក​ទន្លេ​ជុំ​វិញ​កោះ​នេះ”។ អ្នក​គ្រប់​គ្រង​រូប​នេះ​​អះអាង​ថា តំបន់​ជិត​ស្ពាន​ខាង​ជើង​នៃកោះ​​​ពេជ្រ​ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​សាង​សង់​អគារ ឌីយ៉ាម៉ង់ ថៅវើ (Diamond Tower) កម្ពស់​៥៥៥​ម៉ែត្រ​។

តែ​ទោះជា​យ៉ាង​ណា​ លោក ទូច​ សំណាង​ អ្នក​គ្រប់គ្រង​គម្រោង​នៅ​កោះ​ពេជ្រ​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា  លោក​ដឹង​ព័ត៌មាន​លម្អិត​តិច​តួច​ប៉ុណ្ណោះ​ អំពី​ការ​ពង្រីក​ទំហំ​ដី និង​​ផែនការ​សាង​សង់​អគារ​ខ្ពស់​កប់​​​ពពក​ថ្មី​នេះ​។ មុននឹង​​ផ្ដាច់​ទូរស័ព្ទ​ពេល​ផ្តល់បទ​សម្ភាស​​​ដល់​អ្នក​យក​ព័ត៌មាន លោក  ទូច​​​ សំណាង មាន​ប្រសាសន៍​​​​​ថា “ ខ្ញុំ​ដឹង​មិន​ច្បាស់​ទេ​ចំពោះ​រឿង​​​​នេះ​ លោក​​​​គួរ​តែ​សួរ​អ្នក​បច្ចេក​​​ទេស​​​ទៅ”។​​​

លោក ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ ​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​ការ​​ពង្រីក​ទំហំ​កោះ​នេះ​ទេ ដោយ​មាន​ប្រសាសន៍​​​​ថា ពេល​នេះ​មិន​មែន​ជា​ពេល​ត្រូវ​​និយាយ​ពី​កោះ​នេះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ សូម​រង់​ចាំ​រហូត​​ដល់​ក្រោយ​ការ​​បោះឆ្នោត សិន​ ពេល​​​​នោះ​ទើប​ខ្ញុំ​អាច​និយាយ​​បាន​ច្បាស់​អំពី​បញ្ហា​នេះ”។

លោក ម៉ុក ម៉ារ៉េត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​បាន​ធ្វើ​ចប់សព្វ​គ្រប់​​ហើយ​ នៅ​ពេលដែល​​​​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ ត្រូវ​បាន​អនុម័ត្រ​លើ​ក​ដំបូង​ក្នុង​ឆ្នាំ​២០០៦ ប៉ុន្តែ​ថា  ផល​ប៉ះ​ពាល់មក​លើ​​បរិវេណ​​​​ជុំ​វិញ​កោះ​នេះគ្រាន់​​​តែ​​​​ជា​ការ​ព្រួយ​បារម្ភ​តូច​តាច​ប៉ុណ្ណោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​បាន​​ផ្ដោត​ជា​សំខាន់​លើ​ការ​បាក់​ច្រាំង​​ [ការ​គ្រប់​គ្រង] រំហូរ​ទឹក​ និង​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​កាក​សំណល់​។​​​ជីវចម្រុះ​ និង​ការ​បម្លាស់​ទី​របស់​ត្រី​មិន​មែន​ជា​បញ្ហា​រសើប​ទេ​ [នៅ​ក្នុង​តំបន់​នេះ​]”។ លោក​មាន​ប្រសាសន៍​ទៀត​ថា លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចេញ​របាយ​ការណ៍​សិក្សា​ពីអំ​កោះពេជ្រ​ទេ​។

លោក​ ម៉ុក ម៉ារ៉េត ​​​បាន​មាន​ប្រសា​សន៍​បន្ថែម​​​ទៀត​ថា មិន​ទាន់​មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​​​ពាល់​ផ្នែក​បរិស្ថាន​លើ​ការ​ពង្រីក​ទំហំ​កោះ​ពេជ្រ ​ថ្មី​ៗបំផុត​នេះ​ចូល​ទៅ​ក្នុង​ចំណុច​ប្រសព្វ​នៃ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់​ទេ​ ប៉ុន្តែ ​ថា រហូត​​​​មក​ទល់​ពេល​នេះ​ គេនៅ​​​​មិន​​​ទាន់​​​​សង្កេត​​​​ឃើញ​មាន​​​ផល​ប៉ះពាល់​អវិជ្ជ​​​មាន​ណា​មួយ​​​ឡើយ​។

លោក​ Ian Baird សាស្ត្រាចារ្យ​ជំនួយ​នៅ​សាកលវិទ្យាល័យ​ University of Wisconsin-Madison និង​ជា​អ្នក​ជំនាញ​ខាង​ជលផល​ទន្លេ​មេគង្គ​ បាន​មាន​ប្រសាសន៍​ថា តំបន់​ជុំ​វិញ​​​​កោះ​ពេជ្រ​ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​បរិមាណ​ត្រី​។ លោក​​បាន​មាន​ប្រសាសន៍​ថា  “ នេះ​គឺ​   ជា​​​​ទីតាំង​ដ៏​សំខាន់​សម្រាប់​ការ​បម្លាស់​​ទី​របស់​​​​ត្រី​។ ត្រី​ធ្វើ​បម្លាស់​ទី​ជា​ដំបូង​នៅ​ចន្លោះ​​​​បឹង​ទន្លេ​សាប និង​ទន្លេ​មេគង្គ ហើយ​បន្ទាប់​មក​វា​ត្រឡប់​ទៅ​បឹង​ទន្លេ​សាប​វិញ​ [ដើម្បី​ពង​]។ គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​ចំពោះ​ការ​ប្រែ​ប្រួល​​ណាមួយ ដែលជះ​​​ផល​​​​​​​ប៉ះពាល់​តំបន់​នេះ​”។

លោក សុន ឆ័យ សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា  តំណាង​រាស្ត្រ​មក​ពី​គណបក្ស​របស់​លោក​​​​បាន​ស្នើ​សុំ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​រដ្ឋាភិ​​​បាល​ផ្ដល់​ឯកសារ​ស្ដី​ពី​ការ​ពង្រីក​ទំហំ​កោះ​ពេជ្រ និងគម្រោង​សង់​អគារ​ខ្ពស់​កប់ពពក​នេះ​​​​ ប៉ុន្តែ​ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​ទេ​។

លោក​ សុន ឆ័យបាន​​​មាន​ប្រសាសន៍​ថា “ យើង​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​រដ្ឋា​ភិបាល​​​​ក្នុង​នាម​ជា​សមាជិក​សភា​​ ដើម្បី​សម្ដែង​ការ​ព្រួយ​បារម្ភ​របស់​យើង​ចំពោះ​ការ​ពង្រីក​ទំហំ​កោះ​ពេជ្រ  [ប៉ុន្តែ​] ​​​រហូត​មក​ទល់​​​​ពេល​នេះ​ យើង​​​​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ទេ​ ហើយ​ក៏​មិន​ទាន់​ទទួល​បាន​ប្លង់ ឬ​ឯក​​​សារ​ផ្លូវ​ការ​ណា​មួយ​ដែរ​។ប្រសិន​បើ​មាន​ការ​​​​វិនិយោគ វានឹង​​ស្រេចលើ​ក្រសួង​បរិស្ថាន​​​​ជា​អ្នក​សិក្សា​អំពី​គម្រោង​នេះ​ ហើយ​ខ្ញុំ​គិតថា​  [ប្រសិន​បើ​ពួក​គេបាន​ធ្វើ​ដូច្នេះ​មែន​​] មុខ​ជា​គ្មាន​ការ​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​​​គម្រោង​នេះ​ទេ”​។

លោក សាយម៉ុន ស្ព្រីងហ្គើ (Simon Springer) ​​​សាស្ត្រាចារ្យ​រង​ផ្នែក​ភូមិសាស្ត្រ​នៅ​សាកល​​​វិទ្យា​ល័យ​ University of Victoria របស់​​កាណាដា ដែល​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍលើ​កោះ​ពេជ្រ​ ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ភាព​អាថ៌កំបាំង​ជំុវិញ​កោះ​​​ពេជ្រ គឺ​ជា​ស្ដង់ដារ​សម្រាប់​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា“ វា​ជា​និមិត្ត​រូប​វប្បធម៌​នៃ​ភាព​ស្ងាត់ស្ងៀម​ដែល​មាន​​ជុំ​វិញ​​​​គម្រោង​បែបនេះ​។ ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​ ​ប្រហែល​ជា​នៅ​តែ​​ត្រូវ​លេង​ល្បែង​​​​​តម្លាភាពនៅឡើយ​ ប៉ុន្តែ​ ពេល​នេះ​មាន​ឱកាស​ច្រើន​ណាស់​សម្រាប់​ការ​វិនិយោគ​ងាយៗ​នៅ​ទី​នេះ​។ ប្រទេស​កម្ពុជា​ មិន​ត្រូវ​លេង​ល្បែង​​នោះ​ទេ​ វា​គ្មាន​បញ្ហាឡើយ​​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ថ្មីៗ​មក​ពី​ប្រទេស​ចិន​ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​”។ លោក​សាយម៉ុន ស្ព្រីងហ្គើ​​​ បាន​មាន​ប្រសាសន៍​សំដៅ​ដល់​អគារ​ Diamond Tower ថា “ សំណួរ​ពិត​ប្រាកដ​គឺ​ថា​ តើពួក​គេ​សាង​​​សង់​វា​ដើម្បី​អ្វី និង​មូល​​​ហេតុ​អ្វី​បាន​ជា​ពួក​គេ​គ្មានឆន្ទៈ​នឹង​​​និយាយ​អំពី​វា​?”៕

(រាយការណ៍​បន្ថែម​ដោយ​ Dene-Hern Chen)
ប្រែ​សម្រួល​ដោយ តែម សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស