38.8 C
Phnom Penh

រដ្ឋាភិបាល​បដិសេធចំពោះការ​អះអាង​ថា​​ នគរបាល​និង​យោធា​បំភិត​បំភ័យដល់​​​​អ្នក​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ រដ្ឋាភិ​បាល​បាន​បដិ​សេធ​​​ការ​ចោ​ទ​ប្រកាន់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការ​ណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Right Watch) កាលពី​ថ្ងៃ​ច័ន្ទ​ដែល​បាន​ចោទ​ប្រកាន់​នគរ​បាល​និង​យោធា​ជាន់​ខ្ពស់​ថា បាន​ធ្វើ​ការ​បំភិត​បំភ័យ​ដល់​បរិយា​កាស​សម្រាប់​អ្នក​បោះ​ឆ្នោត​ដោយ​ធ្វើ​យុទ្ធនាការ​ឃោស​នា​ឲ្យ​គណបក្ស​ប្រជា​ជន​​កំពុង​កាន់​អំណាច។

សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បានបញ្ចេញ​ឈ្មោះ​លោក ប៉ុល សារឿន អគ្គ​មេបញ្ជា​ការ​កង​យោធ​ពល​ខេមរភូមិន្ទ និង​លោក ហ៊ីង​ ប៊ុន​ហៀង អគ្គ​មេ​​​បញ្ជាការ​រង​ លោក​​​  គន់  គីម នាយសេនាធិ ការ​​ ចម្រុះ និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​​​លោក​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​យុទ្ធនា​​ការ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​​កាល​ពី​ឧសភា និង​ខែ​មិថុនា។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសា​សន៍​ថា មិន​មាន​អ្វី​ទាស់​ខុសចំពោះ​ឥរិយា​បថ​របស់​ពួកគេ​ទេ ពីព្រោះ​មន្ត្រី​​ទាំង​នេះ​មិន​តំណាង​ឲ្យ​ស្ថាប័ន​រដ្ឋ​ទេ ពេល​​ពួកគេ​បាន​ធ្វើ​យុទ្ធ​នាការ​ និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​ស៊ីវិល​នោះ។ លោក ផៃ​ ស៊ីផាន បាន​មាន​ប្រសា​សន៍ថា  “ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល ហើយ​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា។

​វា​​លម្អៀង​ណាស់​ ហើយ​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ពួក​យើង​គឺ​មិន​ត្រឹម​ត្រូវ​ឡើយ​។ អ្នក​គួរ​យល់​ថា ពួកគេ​មិន​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ធ្វើ​យុទ្ធនាការ​ឡើយ។ ពួកគេ​ចូល​រួម​ក្នុង​​​សិទ្ធិ​ជា​លក្ខណៈ​​ផ្ទាល់​ខ្លួន​ ដោយ​សុំ​ច្បាប់​ឈប់សម្រាក​ពី​ការ​ងារ…។ ពួកគេ​មិន​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ និង​ប្រើប្រាស់​ឋានៈ​ដើម្បី​កៀង​គរ​រក​សំឡេង​ឆ្នោត​ពី​ប្រជា​ពល​រដ្ឋ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា“ ពួកគេ​គឺ​ជា​អ្នក​ដែល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង​នឹង​របប​ ប៉ុល ពត ហើយ​ពួកគេ​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ ប៉ុល​​ពត”។

មាត្រា​១៥នៃ​ច្បាប់​ស្តី​ពី គណបក្ស​ន​យោ​បាយ​ចែង​ថា “ ព្រះ​សង្ឃ មន្ត្រី​តុលាការ​ ទា​ហាន​​កង​យោធពល​ខេមរ​ភូមិន្ទនិង​នគរបាល​ជាតិ​អាច​ចូលរួម​ជា​សមាជិក​គណបក្ស​នយោបាយ​បាន ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​​គាំទ្រ​ ឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ”។
លោក​ឧត្តម​​សេនីយ៍​ត្រី  ខេង   ទីតូ  អ្នក​នាំ​ពាក្យ​​​​​​កង​រាជ​អាវុធហត្ថ​បានថ្លែង​​​​ថា  ច្បាប់​​​មិន​បាន​ហាម​ឃាត់​មន្ត្រី​បែប​នេះ​មិន​ឲ្យ​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​របស់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​សម្រាក​ពី​ការ​ងារ​ឡើយ។

លោក​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ បាន​មាន​​​ប្រសាសន៍​ថា “ ពួកគេ​មាន​សិទ្ធិ​គាំទ្រ​គណ​​​បក្ស​មួយ​ ប៉ុន្តែ​ពួកគេ​មិន​អាច​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​យុទ្ធ​នា​​ការ​ ឬ​គាំទ្រ​គណបក្ស​ឡើយ​។ មន្ត្រី​រដ្ឋា​ភិ​បាល​​អាច​ធ្វើ​យុទ្ធនាការ​បាន​នៅ​ពេល​ដែល​ពួក​គេ​ឈប់​សម្រាក​ពី​ការងារ​”។

លោក ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក​បាន​  “ បញ្ជាក់​ពី​បញ្ហា​នេះ​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ថា មន្ត្រី​គ្រប់​រូប​អាច​ធ្វើ​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​បាន​នៅ​ពេល​ដែល​ពួក​គេ​ឈប់សម្រាក​ពី​ការងារ​”។

ប៉ុន្តែ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ត្រូវ​មាន​ភាព​ច្បាស់​លាស់​ចំពោះ​ការ​​បក​ស្រាយច្បាប់​​។ លោក​​មាន​ប្រសាសន៍​ថា “ ច្បាប់​​ស្តី​ពី​គណ​​បក្ស​នយោបាយ​​ហាម​ឃាត់​យ៉ាង​ច្បាស់​​មិន​ឲ្យ​ពួក​គេ​​ធ្វើ​សកម្ម​ភាព​នយោបាយ​ ​គាំទ្រ​គណ​បក្ស​​ណា​មួយ​ ឬ​គណបក្ស​ផ្សេង​ទៀត​ឡើយ​”។

លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “ ពួក​គេ​មាន​សិទ្ធិ​ធ្វើ​ជា​សមា​ជិក​គណបក្ស​ ឬ​ពួក​គេ​អាច​គ្រាំទ្រគណបក្ស​បាន​ ប៉ុន្តែ​ពួក​គេ​មិន​អាច​ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​ឡើយ​។ មន្ត្រី​យោធា​មាន​កាតព្វកិច្ច​ការពារ​សន្ដិ​សុខ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​។ តើ​ពួក​គេ​​អាច​​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន និង​ការពារ​សន្ដិ​សុខ​ជូន​ប្រជាពលរដ្ឋ​ដូច​ម្តេច​បាន​ [បើ​ពួក​គេ​រវល់​ធ្វើ​យុទ្ធនាការ​នោះ​]?”៕

ប្រែ​សម្រួល​ដោយ​ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស