29.6 C
Phnom Penh

​​គ.ជ.ប.៖ អំពើ​ហិង្សា​អំឡុង​យុទ្ធនាការ​ឃោសនា​​​ថយ​ចុះ​ខណៈ​ការ​ចូល​រួម​ពី​យុវជន​​​កើន​ឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ហៅកាត់​ថា គ.ជ.ប. កាលពី​ថ្ងៃ​សុក្រ​​បាន​លើក​​​​​ឡើង​​​ថា  យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​​​មានរយៈ​ពេល​​៣០ថ្ងៃក្នុង​ឆ្នាំ​នេះ​បាប​​ប្រ​ព្រឹត្ត​​ទៅ​ដោយ​រលូន​​ ដោ​យ​អំពើ​ហិង្សា​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ និង​គ្មាន​អ្នក​​​នយោបាយ​ណាម្នាក់​ត្រូវ​បាន​សម្លាប់​ឡើយ​។

លោក ទេព នីថា អគ្គលេខា​ធិការ​គ.ជ.ប. បាន​លើក​ឡើង​អំឡុង​សន្នីសិទ​កាសែត​មួយ​នៅ​ទី​ស្នាក់​ការ​របស់​ គ.ជ.ប​.ក៏បាន​កត់​សម្គាល់​ដែរ​ថា ​ការ​កើន​ឡើង​នៃការ​ចូល​រួម​របស់​យុវ​ជន​នៅក្នុង​យុទ្ធ​នាការ​ឃោសនា​​បោះ​ឆ្នោត​​​​នេះ​​ជាសញ្ញា​​វិជ្ជ​មាន​មួយ ប៉ុន្តែ​បាន​រក​ឃើញ​ថា យុវជនភាគ​​ច្រើន​បាន​ចូល​រួម​គឺ​គ្រាន់​តែ​ជា​ការ​កម្សាន្ត​​​​ប៉ុណ្ណោះ​។

លោកបាន​ថ្លែង​ថា “ នៅ​ក្នុង​ឆ្នាំ​នេះ​យើង​បាន​ឃើញ​ថា មាន​យុវជន​ចូល​រួម​យ៉ាង​ច្រើន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ហើយ​វា​គឺ​ជា​រឿង​ល្អ​ ដែល​យុវជន​ផ្ដោត​អារម្មណ៍​លើ​​​នយោបាយ​​”។ ប៉ុន្តែ​លោក​​បន្ថែម​ថា យុវជន​ដែល​​ចូល​រួម​យុទ្ធនាការ​ឃោសនា​មួយ​ចំនួន​​មិន​ទាន់​គ្រប់​អាយុ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ ហើយ​មាន​អ្នក​ខ្លះ​មិន​បាន​ទៅ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ​។

លោក​អះអាង​ថា “ ការ​ចូល​រួម​របស់​ពួក​គេ​គឺ​គ្រាន់​តែ​ដើម្បី​ការ​​សប្បាយ​ប៉ុណ្ណោះ​”។​លោក​បាន​ពន្យល់​ថា អ្នក​ខ្លះ​បាន​ពាក់​មួក​គណ​បក្ស​មួយ​នៅ​ពេល​ព្រឹក​ ហើយ​បន្ទាប់​មក​ចូល​រួម​ឃោសនា​ឲ្យ​គណបក្ស​មួយ​ផ្សេង​ទៀត​នៅ​ពេល​រសៀល​​។​ លោក​បន្ថែម​ទៀត​ គ.ជ.ប. គ្មាន​តួលេខ​អ្នក​​​របួសដែល​កើត​ចេញ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​ចូល​រួម​ឃោសនា​​ក្នុង​រយៈ​ពេល​៣០​​​កន្លង​មក​នេះ​ ពិត​ប្រាកដ​ឡើយ​។

លោក​បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​២០០៨ មាន​របាយការណ៍​ថា មាន​អំពើ​ឃាត​កម្ម​ចំនួន​១១​ករណី​ ពាក់​ព័ន្ធ​នឹង​​​​ការ​បោះ​ឆ្នោត​ ដែល​កើត​ឡើង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​គ្មាន​អំពើ​ឃាត​កម្ម​ណា​មួយ​កើត​ឡើង​ឡើយ​។ លោក​​បន្ថែម​ថា គ.ជ.ប.​ ក៏បាន​លើកឡើង​ដែរ​ថា មាន​ការ​ប៉ុន​ប៉ង​​​ធ្វើ​ឃាត​ចំនួន​៨​ករណី​ និងការ​បំភិត​បំភ័​ចំនួន​១៣​ករណី ​បាន​កើត​ឡើង​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​​​​កាលពី​ឆ្នាំ​២០០៨ ​ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​មួយ​ករណី​ និង​ការ​បំភិត​បំភ័យ​១៥​ករណី​​។ ​

លោក ទេព នីថា បាន​ថ្លែង​ថា “ អ្វី​ដែល​បាន​កើត​ឡើង​ច្រើន​នោះ​គឺ​ការ​បំផ្លិច​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​។លោក​បាន​បន្ថែម​ថា មាន​ការ​បំផ្លិច​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ចំនួន​៧៨​ករណី​ត្រូវ​បាន​រាយការណ៍​ បើ​​ធៀប​​​​ទៅ​នឹង​ឆ្នាំ​២០០៨​ ដែល​មាន​តែ​១៣​ស្លាក​សញ្ញា​ប៉ុណ្ណោះ​។

​​យោង​តាម​លោក​ ទេព នីថា បាន​ឲ្យ​ដឹង​ថា សន្លឹក​ឆ្នោត​ជាង​១២​លាន​សន្លឹក​ត្រូវ​បាន​បោះពុម្ព​សម្រាប់​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​បោះ​ឆ្នោត​​ចំនួន​១៩​.០០៩​នៅ​ទូទាំង​ប្រទេស​​​សម្រាប់​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​​ចំនួន​៩,៦​លាន​នាក់​។លោក​​បន្ថែម​ថា ​មណ្ឌល​​​​បោះ​ឆ្នោត​នីមួយ​ៗ​ទទួល​បាន​សន្លឹក​ឆ្នោត​បន្ថែម​ចំនួន​៧៤​សន្លឹក​ ដែល​ត្រៀម​សម្រាប់​អ្នក​បោះ​ឆ្នោត​ណា​ដែល​ជ្រើស​រើស​គណ​បក្ស​​​​​របស់​ខ្លួន​ខុស​នៅ​លើ​សន្លឹក​ឆ្នោត​ដំបូង​នោះ​។

លោក​​ថ្លែង​ថា អំឡុង​យុទ្ធនាការ​ឃោស​នា​​​បោះ​ឆ្នោត​មាន​បណ្ដឹង​សរុប​៣២២​ត្រូវ​បាន​ប្ដឹង​ទៅកាន់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ត​ ថ្នាក់​ឃុំ និង​គ.ជ.ប. ពីបទ​អំពើ​ហិង្សា​ ការ​បង្ក​របួស​ស្នាម ការ​បំភិត​បំភ័យ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ ការ​រំខាន និង​ការ​បំផ្លិច​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​​។ ហើយ​ក្នុង​ចំណោម​បណ្ដឹង​ភាគ​ច្រើន​ គឹ​​ជា​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ហាវ៉ាណ ស៊ីវិ​ល័យ បាន​អំពាវ​នាវ​ឲ្យ​មាន​​ការ​រក្សា​សណ្ដាប​ធ្នាប់​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ។ លោកថ្លែង​ថា គ.ជ.ប​. ក៏​សូម​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​​ទៅ​ចូល​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទាំង​​​អស់​គ្នា​ ហើយ​សូម​អំពាវ​នាវ​ឲ្យ​អ្នក​​បោះ​ឆ្នោត​ចៀស​វាង​ការ​ពិសា​ស្រា​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​៕

ប្រែសម្រួល​ដោយ ស៊ាស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស