38.8 C
Phnom Penh

លោក ប៉ែន សុវណ្ណ ប្រជែង​ជាមួយ​លោក ហ៊ុន ម៉ានី ស្វែង​រក​អាសនៈ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុងច្បារមន,ខេត្ត​កំពង់​ស្ពឺ-លោក  ហ៊ុន ម៉ានី ជា​កូន​ប្រុស​ពៅរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​ទាន់​នឹង​​​កើត​ផង​​ទេ​ នៅ​​ក្នុង​ឆ្នាំ​១៩៨១ ​នៅពេល​ លោក ប៉ែន សុវណ្ណ ដែ​ល​កាលនោះ​ជា​នាយ​ក​រដ្ឋ​មន្ត្រី​ត្រូវ​បាន​សម្ពន្ធ​មិត្ត​វៀត​ណាមរបស់​ខ្លួន ទម្លាក់​ចេញ​ពីតំណែង ​​​ហើយ​និរទេស​ទៅ​កាន់​ទី​​​ក្រុង​ហា​​​ណូយ​។

ជា​ងមួយ​ទសវត្សរ៍​ក្រោយ​មក លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ក្នុង​រដ្ឋ​ធានី​​​​នៃប្រទេស​វៀតណាម ដោយ​បន្ទោស​លោ​ក​​ ​​​ហ៊ុន សែន​ ថា ជា​អ្នក​​រារាំង​លោក​មិន​ឲ្យ​ចូល​រួម​​​​នយោបាយ​និង​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​។ ទោះ​ជាយ៉ាង​ណា​ កាលពីម្សិល​មិញ​ ខណៈ​​​ពេល​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ស្ពឺ​ចេញ​ទៅ​បោះ​ឆ្នោត​នោះ ឆាក​​​ជីវិត​​​របស់​លោក​ទាំង​​​ពីរ​ ដែល​តំណាង​ឲ្យ​រយៈពេល​ខុស​គ្នា​ច្រើន​នៃ​​​​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេ​ស​នេះស័ក្ដិសម​​​​ខ្លាំង​ណាស់​​ ខណៈ​ពេល​លោក ហ៊ុន ម៉ានី និង​​​លោក ប៉ែន សុវណ្ណ​ ប្រជែង​គ្នា​ក្នុង​នាម​​​ជា​បេក្ខជន​ឈរ​នៅ​លេខ​រៀង​ទី១​​តំណាង​ឲ្យ​គណបក្ស​រៀងៗ​ខ្លួន​​នៅ​ក្នុង​ខេត្ត​នេះ។

បន្ទាប់​ពី​ទៅ​​​ដល់​សាលាគរុកោសល្យ​​នៅ​ក្រុង​ច្បារមន​ ក្នុង​ខេត្ត​កំពង់​ស្ពឺនៅ​ម៉ោ​ង​៦និង​៤៥​នាទី​ព្រឹក​ថ្ងៃម្សិល​មិញ​ លោក​ ហ៊ុន ម៉ានី ត្រូវ​គេ​ផ្តល់​បង្កាន់ដៃ​លេខ​រៀង ​​ដើម្បី​ចូល​បោះឆ្នោត ដែល​បង្កាន់​ដៃ​នេះ ​មាន​សរសេរ​លេខ​ពណ៌​ខ្មៅ​ធំមួយ​​បញ្ជាក់​ថា លោក​ស្ថិត​​​នៅ​លេខ​រៀង​ទី​៧​។ ដោយ​រក្សា​​​សំឡេង​​​​ឆ្នោត​​​​របស់​​​លោក​​​ជា​​​សម្ងាត់​​​​ លោក ​ហ៊ុន ម៉ានី បាន​​​​ចូល​តម្រង់​ជួរ ហើយ​​អ្នក​នៅ​ក្បែរ​លោក​ហាក់​​​​ដូច​ជា​មិន​ចាប់​​​​អារម្មណ៍​ទេ​ មុន​ពេល​លោក​ចូល​ទៅ​បោះ​ឆ្នោត​។

បន្ទាប់​ពី​បោះ​ឆ្នោត​រួច​ លោក ហ៊ុន ម៉ានី បាន​បដិសេធ​​មិន​និយាយ​អំពី​​ការ​បោះ​ឆ្នោត​ដែល​លោក​ស្ទើរ​តែ​ជឿ​ជាក់ថា ឈ្នះ​នេះទេ​​​។ មុន​ពេល​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​​អត្ថាធិប្បាយ​អំពី​ការគាប់​ជួន ​បន្ទាប់​ពី​​ទទួល​បាន​បង្កាន់ដៃ​លេខរៀង​តម្រង់​ជួរ​បោះ​ឆ្នោត​​​​​ដែ​ល​ជា​លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​លើ​សន្លឹក​ឆ្នោតនោះ លោក​​​​បាន​មាន​​​​ប្រសាសន៍​ថា “ខ្ញុំ​មិន​ធ្វើ​ការ​ជាមួយ​ខេមបូឌា ដេលី ទេ”។

លោកបាន​​ថ្លែង​​សំដៅ​ដល់​ថ្ងៃ​ដែ​ល​​គណ​​​បក្ស​របស់​ឪពុក​លោក​អប​អរ​ជ័យ​ជម្នះ​លើ​របប​ខ្មែរ​ក្រហម​​​​ថា “ខ្ញុំ​មាន​សំណា​ង​​​នៅ​​ថ្ងៃ​​​នេះ។​លេខ​៧គឺ​ជា​លេខ​​ថ្ងៃ​៧​មករា” ​​​។ ខណៈពេល​លោក​ ហ៊ុន ម៉ានី ​ចាប់​ផ្តើ​ម​ធ្វើ​ដំណើរ​ត្រឡប់​មក​ក្រុង​ភ្នំ​ពេញ​វិញ​កាល​ពី​ម្សិល​មិញ​ គឺ​កន្លះ​ម៉ោង ​បន្ទាប់​ពី​លោក​បោះ​ឆ្នោត​រួច​ អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​នៅ​ក្រុង​ច្បារមន​ បាន​សម្តែ​ង​ការ​គាំទ្រ​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​​លោក​និង​គណបក្ស​ប្រជា​ជន​កម្ពុជា​។

សត្យាវុធ សេរីវឌ្ឍានា  អាយុ​៣១​ឆ្នាំ​​ដែល​បោះ​ឆ្នោត​ភ្លាមៗ​ បន្ទាប់ពី​លោក ហ៊ុន ម៉ានី នោះ​បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​ណាស់​ ដែល​បាន​ឃើញ​គាត់​​មក​បំពេញ​កាតព្វ​​​កិច្ច​​ក្នុង​នាម​ជា​ពល​រដ្ឋ​ខ្មែរធម្មតា​ម្នាក់​”។

​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​និង​ស្ថិតិ​​ ជា​បេក្ខជន​តំណាង​រាស្ត្រមក​ពី​គណ​​​បក្ស​ប្រជា​ជន​កម្ពុជាប្រចាំ​ខេត្ត​កំពង់​ស្ពឺ ​​បាន​មាន​ប្រសាសន៍​ បន្ទាប់ពី​លោក​បាន​ដាក់​សន្លឹក​ឆ្នោត​ចូល​ទៅ​ក្នុង​ហិប​ឆ្នោត​ថា  កូន​ប្រុស​របស់​​លោក​នាយក​រដ្ឋមន្ត្រី​រូបនេះ​ នឹង​ជួយ​បញ្ចូល​យុវ​ជន​វ័យ​ក្មេង​ទៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល។

លោក ឆាយ ថន បាន​មាន​ប្រសាសន៍​ថា “គាត់​ក្លាហាន​ មាន​សមត្ថភាព​និង​សុខ​ភាព​ល្អ ដូច្នេះ គាត់​ស័ក្តិ​សម​នឹង​ឈ្នះ​ [អាសនៈ​របស់​គាត់​]”។​ដោយ​បញ្ជាក់​ពី​គោល​ដៅ​របស់​លោកក្នុង​ការ​ទទួល​បាន​សំឡេង​ពី​៨០​ទៅ​៩០​ភាគរយ​នៃ​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ ​លោកបាន​បន្ថែម​ថា “ ខ្ញុំ​សង្ឃឹម​ថា គណ​​​បក្ស​ប្រជា​ជន​ នឹង​ឈ្នះ​អាសនៈ​ច្រើន​”។

ចំណែក​ឯ​នៅ​វត្តមួយ​ស្ថិតនៅ​ចម្ងាយ​​ប្រហែល​១០​គីឡូម៉ែត្រ​ពីទីនេះ វា​ជា​សំ​ណាង​​​​លើក​ទី​៣​សម្រាប់​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ត្រី​និង​ជា​បេក្ខ​ជន​​តំណាង​រាស្ត្រ​លេខ​រៀង​ទី​១​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ខេត្ត​កំពង់​​​ស្ពឺ​ ដែល​កន្លង​មក​​ធ្លាប់​ឈរ​ឈ្មោះ​​ជា​តំណាង​រាស្រ្ត​សម្រាប់​គណ​បក្ស​ទ្រ​ទ្រង់​ជាតិ​របស់​លោក​ ដែល​បាន​រលាយ​បាត់​ទៅ​ហើយ​និង​​​សម្រាប់​​គណ​បក្ស​សិទ្ធិ​មនុស្ស​។

លោក ប៉ែន សុវណ្ណ បាន​អះអាង​កា​ល​ពី​ដើ​ម​ខែ​នេះ​ថា ក្នុង​នាម​ជា​បេក្ខជន​តំណាង​រាស្ត្រលេខរៀង​ទី​១​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ខេត្ត​កំពង់​ស្ពឺ​ លោកជឿ​ជាក់​​​ថា នៅ​ទី​បំផុត​លោក​នឹង​ជាប់​ឆ្នោត​ជា​តំណាង​​​​រាស្ត្រ​​ ហើយ​លោ​ក​បានបញ្ជាក់ឡើង​វិញ​កាល​ពី​ម្សិលមិញ។ បន្ទាប់ពី​បោះ​ឆ្នោត​រួច​កាលពី​ម្សិល​មិញ​ លោក ប៉ែន សុវណ្ណ​  មាន​ប្រសាសន៍​ថា  “ខ្ញុំ​គិតថា  គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ ​យ៉ាង​ហោច​​​​ណា​ស់​ក៏​បី​កៅអី​ដែរ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ប៉ុន្តែ​​​​ប្រជា​ពល​រដ្ឋ​និយាយ​ថា  ​យើង​ប្រហែ​ល​​​​ជា​ឈ្នះ​បួន​កៅ​អី។​ប្រសិន​បើ​ការ​បោះ​ឆ្នោត​​​​នេះ​ ប្រព្រឹត្តិ​​​ទៅ​​​ដោយ​​​យុត្តិធម៌​នោះ ខ្ញុំជឿ​ជាក់មួយ​រយ​​​ភាគ​​​​​​រយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​”។

ដោយ​ប្រើ​ពាក្យបែប​ប្រមាថ​ចំពោះ​ជន​ជាតិវៀតណាម​ លោក​បាន​បន្ថែម​ថា “ប៉ុន្តែ​ខ្ញុំខ្លាច​យួន​ចូល​មក​ស្រុក​ខ្មែរ។​មាន​ច្រក​ជា​ច្រើន​ដែល​អាច​ឆ្លងពី​​វៀតណាម​មក​ខេត្ត​តាកែវ​ក្បែរផ្ទះ​របស់​ខ្ញុំ​។​ពួកគេ​មក​ទីនេះ​ដើម្បី​បោះ​ឆ្នោត​”។ លោកបាន​បន្ថែម​ថា “ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អង្គុយ​នៅ​ក្នុង​សភា​ជាមួយ​លោក​ ហ៊ុន​ សែន ក្នុង​ពេល​ឆាប់​ៗ​នេះ​”។

នៅ​ខាង​ក្រៅ​វត្ត អ្នក​ស្រី ហន ភា អាយុ​​​៤៣​​​​ឆ្នាំបាន​និយាយថា អ្នក​ស្រី​បាន​បោះ​ឆ្នោត​​​​ឲ្យ​គណបក្ស​ប្រឆាំង​កាល​ពីបោះ​ឆ្នោត​ឃុំ​សង្កាត់​​ឆ្នាំ​មុន​  ប៉ុន្តែ​អ្នក​ស្រី​បានប្តូរ​​ការ​គាំ​ទ្រ​វិញ បន្ទាប់ពី​​គណបក្ស សម រង្ស៊ី​​ ​មិន​បានធ្វើ​តាម​ការ​​សន្យា​របស់​ខ្លួន។ អ្នកស្រី​បាន​និយាយថា “​ខ្ញុំ​ចង់​ឲ្យ​គណ​បក្ស​សម រង្ស៊ី ទាមទារឲ្យមន្ត្រី​​រដ្ឋាភិបាល​កសាង​ផ្លូវ​និង​អភិវឌ្ឍ​​នៅ​ទីនេះ ប៉ុន្តែ​ពួកគេ​មិន​អាច​បំពេញ​តាម​អ្វី​ដែល​ខ្លួន​​​​បាន​សន្យា​។​​​ដូច្នេះនៅ​អាណត្តិ​នេះ ខ្ញុំ​បាន​ប្តូរ​ទៅ​បោះ​ឆ្នោត​​​​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​វិញ​។​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​តែ​សន្យា​ខ្យល់​”៕

ប្រែសម្រួលដោយ អ៊ូច សូនី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស