32.5 C
Phnom Penh

ប្រព័ន្ធ​បោះ​ឆ្នោត​ផ្តល់​​ផល​ប្រយោជន៍​ដល់​​គណបក្ស​ដែល​​​មាន​​​សំឡេង​​​គាំទ្រ​​​​​​ច្រើន​​​ជាងគេ​​​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នៅ​ពេល​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ផ្សព្វ​ផ្សាយ​លទ្ធផល​បឋម​នៃការ​បោះឆ្នោត​ជាតិ​នៅ​តាម​ទំព័រ​​​ហ្វេសប៊ុក​ របស់​លោក​កាល​ពីយប់​ថ្ងៃអាទិត្យ​ តួលេខ​នោះ​បង្ហាញ​ថា  អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាបាន​​​​ធ្លាក់​ចុះ​១៧,៧ភាគរយ  ​ពី​ចំនួន​​​៩០​អាសនៈ​មក​នៅ​ត្រឹមតែ​​​​៦៨​អាសនៈនៅ​ក្នុង​រដ្ឋ​សភា​ ដែល​មាន​១២៣​អាសនៈ​។

ទោះ​ជាយ៉ាង​ណា​  លទ្ធផល​លម្អិត​ថែម​ទៀត​​ដែល​ចេញ​នៅ​យប់​ជ្រៅ​ថ្ងៃ​អាទិត្យ​ដែរ​នោះ​បង្ហាញ​ពី​ចំនួន​ខុស​គ្នា​បន្តិច​បន្តួច​ដោយ​សំឡេង​ឆ្នោ​ត​របស់​គណបក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ពី ៥៨,១​​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​ទាំង​អស់​មក​នៅ​ត្រឹម​ ៤៩,២ភាគរយ​វិញ​ គឺធ្លាក់​ចុះ​ ៨,៩ភាគ​រយ​ទៀត​។

ភាព​ខុស​គ្នា​រវាង​តួលេខ​ទាំង​ពីរនេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​អាសនៈ​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​ និង​បង្ហាញ​ពី​រូប​មន្ត​សម្រាប់​គណនា​អាសនៈ​របស់​គណបក្ស​នយោបាយ​។ រូបមន្ត​ ជេសហ្វើសុន​(Jefferson)​ ដែល​គេ​បានយក​មក​ប្រើ​​ស្ងាត់​ៗ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ និង​ត្រូវ​បាន​ផ្សព្វ​​​ផ្សាយ​​​​តែ​បន្ទាប់​ពីការ​បោះ​ឆ្នោត​នៅ​ឆ្នាំនោះ ផ្តល់​​គុណ​សម្បត្តិ​​ដល់​គណបក្ស​ដែល​ទទួល​បាន​សំឡេងឆ្នោត​​ច្រើន​ជាងគេ​នៅ​ក្នុង​មណ្ឌល​​​​ណាមួយ។

ចំនួន​អាសនៈ​នៅ​តាម​មណ្ឌល​ណាមួយ​នោះ​ត្រូវ​ចែក​នឹង​ចំនួន​អ្នក​បោះ​​ឆ្នោត​​។ ប៉ុន្តែ សន្លឹក​ឆ្នោត​ដែល​នៅ​សល់​ពី​អាសនៈ​ចុង​ក្រោយ​នឹង​បាន​ទៅ​លើ​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​​ច្រើន​ជាង​គេ​បំផុត។ មុន​ឆ្នាំ​១៩៩៨​អង្គការ​សហ​​​ប្រជា​​​ជាតិ​បាន​ស្នើ​ឲ្យ​ប្រើ​រូបមន្តមួយ​​ ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ដើម្បីធ្វើ​ឲ្យ​​មណ្ឌល​មួយ​មាន​​គណបក្ស​​​ចម្រុះ​​​ទៅ​វិញ​។

លោក ធន សារាយ ប្រធាន​ក្រុម​ប្រឹក្សា​នាយក​នៃ​គណៈកម្មា​ធិការ​ដើម្បី​ការ​​បោះ​ឆ្នោត​ដោយ​សេរី​  និង​យុត្តិ​ធម៌​​នៅ​កម្ពុជា (ខុម​ហ្វ្រែល​) ​បាន​មាន​ប្រសាសន៍​បន្ទាប់​ពីកា​រ​​​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​ថា  តាម​រូប​មន្ត​ដែល​គេយក​មក​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៩៣​ រូប​មន្ត​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​លើស ​ពី​អាសនៈ​ដែល​ខ្លួន​ទទួល​បាន​ចំនួន​ប្រាំមួយថែម​​ទៀត​។ លោក​បាន​មាន​ប្រសាសន៍​កាល​ពីខែ​សីហា​ ឆ្នាំ​១៩៩៨​ថា “ គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លាតណាស់។​ ពួក​គេ​ដឹងថា គណបក្ស​ប្រឆាំង​បែក​បាក់​គ្នា​ ហើយ​ខ្លួន​គេ​គឺជា​គណ​​​បក្ស​​ធំ​ជាង​គេ​ និង​ត្រូវ​ប្រើ​ប្រាស់​រូប​មន្ត​នេះ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ពួក​គេ​”។ ដូច្នេះ​ហើយ​រូប​មន្ត​​នេះនៅតែប្រើ​​ក្នុង​រយៈ​​ពេល​មួយ​ទសវត្សរ៍​ក្រោយ​មក​។

​ក្នុង​ឆ្នាំ​២០០៣ ​គណបក្ស​ប្រជាជន​កម្ពុជា​​ទទួល​បាន​សំឡេង​គាំទ្រ​៤៧,៣​ភាគ​រយ​ ប៉ុន្តែ ទទួល​បាន​៧៣​អាសនៈ​ គឺ​ស្មើ​នឹង​៥៩​ភាគ​រយ​នៃ​អាសនៈ​រដ្ឋសភា​ទាំង​១២៣​។ នៅឆ្នាំ​២០០៨​ គណបក្ស​ សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​បាន​ទទួល​សំឡេង​គាំទ្រ​រួម​គ្នា​ចំនួន​២៨​,៥​ភាគ​រយ​ ប៉ុន្តែ ទទួល​បាន​តែ​២៩​អាសនៈ​ប៉ុណ្ណោះ​  គឺ​ស្មើ​នឹង​២៣,៦​ភាគ​រយ​នៃ​អាសនៈ​ទាំង​១២៣​​។

​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​ទទួល​បាន​អាសនៈ​សល់​ពី​គណបក្ស​ប្រឆាំង​ និង​ពីគណ​បក្ស​តូ​ចៗ​ផ្សេងទៀត​នៅ​ឆ្នាំ​នោះ​​បាន​ទទួល​៧៣,២​ភាគ​រយ​អាសនៈ​ដែល​​​មាន​​​សំឡេង​ឆ្នោត​គាំទ្រ​​៥៨,១​ភាគ​រយ​ប៉ុណ្ណោះ​​​​។ ទោះ​ជាយ៉ាងណា កាល​ពីថ្ងៃអាទិត្យ​ បើ​គិត​ពី​លទ្ធផល​ដែល​លោក ខៀវ កាញារីទ្ធ​ និង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​បាន​ចេញ​កាល​ពីយប់​ថ្ងៃអាទិត្យ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សំឡេង​ឆ្នោត​៤៤,២​ភាគរយ​ និង​អាច​ទទួល​បាន​៤៤,៧​ភាគ​រយ​នៃអាសនៈ​ទាំង​អស់​។

លោក គល់​ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ខុមហ្វ្រែល​ បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា  គណបក្ស​ប្រឆាំង​បាន​ទទួល​អាសនៈ​ច្រើន ​ពីព្រោះ​គណបក្ស​នេះ បាន​ដឹង​នៅ​ពេល​ចុង​ក្រោ​យ​ពី​គុណ​សម្បត្តិ​​នៃការ​ឈរ​ឈ្មោះ​ជាគណបក្ស​តែ​មួយ​។ លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍ថា “ កា​រផ្លាស់ប្តូរ​រូប​មន្ត  [ក្នុង​ឆ្នាំ​១៩៩៨​] គឺ​ជា​រឿង​នយោបាយ​ និង​មាន​បំណង​ជួយ​ដល់​គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​។វា​ធ្វើ​ឲ្យ​ងាយ​ស្រួល​ដល់​អ្នក​ឈ្នះ​ក្នុង​ការ​ដឹកនាំ​ប្រទេស​” ។ “ អ៊ុនតាក់​ បាន​ប្រើ​រូប​មន្ត​មួយ​ធ្វើ​ឲ្យ​គណ​បក្ស​ជាច្រើន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​គណបក្ស​ឈ្នះ​ឆ្នោត​ក្នុង​ការ​ដឹក​នាំប្រទេស​”។

លោក  គល់ បញ្ញា​ បាន​បន្ថែម​ថា ដោ​យ​សារ​ការ​ផ្លាស់​ប្តូរ​រូប​មន្ត​នៅ​ឆ្នាំ១៩៩៨​​ គណបក្ស​ណាមួយ​​​ធំ​​ បើ​​ប្រៀបធៀប​នឹង​គូ​ប្រជែង​របស់​ខ្លួន​​ ​គណបក្ស​នោះអាច​ទទួល​បាន​អាសនៈ​កាន់​តែ​ច្រើនថែម​​ទៀត​​។ “ ការរួម​បញ្ចូល​គ្នា​រវាង​ គណបក្ស​ សម​ រង្ស៊ី និង​គណបក្សសិទ្ធិមនុស្ស​ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ធ្លាក់​ចុះ​។ ប្រសិន​បើ គណបក្ស​ទាំង​ពីរនេះ​នៅ​តែ​បែក​បាក់គ្នានោះ គណបក្ស​ទាំង​ពីរ​នេះ​មិន​ទទួល​បាន​លទ្ធផល​បែប​នេះទេ​”។

លោក​ សុន​ ឆ័យ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា  ខណៈ​ពេល​​​ដែល​គណបក្ស​របស់​លោក​នៅ​តែមាន​គម្រោង​​តវ៉ា​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ កម្លាំង​រួប​រួម​គ្នា​របស់​គណបក្ស​ប្រឆាំង​បាន​ជួយ​ឲ្យ​គណបក្ស​នេះ​ទទួល​បាន​អាសនៈ​ដែល​ខ្លួន​បាន​បាត់​បង់​ពីមុន​។ លោក​បាន​មាន​ប្រសាសន៍ថា “ គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ប្រហែល​ជា​អាច​ទទួល​ផល​ប្រយោជន៍ពី​រូប​មន្ត​នេះ​ ពីព្រោះ​យើង​បាន​ឈ្នះ​​នៅ​តាម​បណ្តា​​​ខេត្ត​ធំ​ៗ​ជាច្រើន​។ ប៉ុន្តែ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ ពួក​គេ​ក៏អាច​ប្រើ​ប្រាស់​រូប​មន្តនេះ​ដើម្បី​ទទួល​បាន​អាសនៈ​​​​បន្ថែម​ទៀត​​ដែរ”។ លោក​ សុន​ ឆ័យ​ បាន​បន្ថែម​ថា គួរតែប្តូរ​​​ទៅ​ប្រើ​រូប​មន្ត​របស់​អង្គការ​សហប្រជាជាតិ​វិញ​។ វាឆ្លុះ​បញ្ចាំង​ពី​សំឡេង​​​​ឆ្នោត​ដែល​ប្រជា​ជនគាំទ្រ​​​នៅ​ពេល​ដែល​ពួក​គាត់​ទៅ​បោះ​ឆ្នោត​។ គួរតែបែង​ចែក​អាសនៈ​តាម​រូប​មន្ត​​នោះវិញ​”៕

(រាយការណ៍​បន្ថែមដោយ​ មិុច ដារ៉ា)
ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស