រយៈពេលបីថ្ងៃក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ប្រជាជនដែលបានបោះឆ្នោតរួចហើយ នៅមានទឹកថ្នាំពណ៌ស្វាយជាប់ម្រាមដៃនៅឡើយទេ។ ទឹកថ្នាំលាងមិនជ្រះនេះ ត្រូវបានប្រើដើម្បីធានាថា ពលរដ្ឋមិនអាចបោះឆ្នោតបានលើសពីមួយដង។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានឲ្យដឹងថា បើទោះបីជាខុមហ្វ្រែលបានព្រមានកាលពីថ្ងៃសុក្រថា ទឹកថ្នាំនេះ គឺអាចលាងជ្រះបានយ៉ាងងាយស្រួលក៏ដោយ ក៏នៅតែពុំឃើញមានពាក្យបណ្ដឹងអំពីករណីមានអ្នកព្យាយាមបោះឆ្នោតលើកទី២ទេ។
លោកបានមានប្រសាសន៍ថា “ រឿងមានឈ្មោះបោះឆ្នោតពីរដង យើងមិនទាន់បានទទួលពាក្យបណ្ដឹងទេ ប៉ុន្តែ យើងនៅតែមានការព្រួយបារម្ភ ដោយលោកបានបន្ថែមថា ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានបដិសេធមិនអនុញ្ញាតឲ្យក្រុមសង្កេតការណ៍ឯករាជ្យពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតក្រោយការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានានោះ ការរកឃើញ “ អ្នកបោះឆ្នោតពីរដង” គឺស្ទើរតែមិនអាចទៅរួចទេ។
លោក គល់ បញ្ញា បានបន្តថា “ ការស្វែងរកឈ្មោះអ្នកបោះឆ្នោតពីរដង គឺមិនងាយស្រួលទេ ព្រោះពួកគេ [ គ.ជ.ប.] មិនព្រមផ្ដល់បញ្ជីឈ្មោះអ្នកបោះឆ្នោតតាមការិយាល័យបោះឆ្នោតនានាទេ។ នេះហើយគឺជាមូលហេតុដែលធ្វើឲ្យយើងព្រួយបារម្ភ”។
នៅព្រឹកតែមួយដែលអង្គការខុមហ្វ្រែលបានរៀបចំសន្និសីទកាសែតដើម្បីព្រមានអំពីទឹកថ្នាំជ្រលក់ម្រាមដៃគ្មានគុណភាព គណបក្សសង្គ្រោះជាតិបានបើកសន្និសីទកាសែតមួយដែរ ដោយអះអាងថា អ្នកបោះឆ្នោតរាប់សែននាក់មានឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតច្រើនកន្លែងផ្សេងគ្នា។
ការអះអាងដូច្នេះធ្វើឲ្យការមានឈ្មោះ បោះឆ្នោតពីរដង ស្ថិតក្នុងចំណោមក្ដីកង្វល់ដែលគេឧស្សាហ៍លើកឡើងបំផុតពាក់ព័ន្ធនឹងការលួចបន្លំសន្លឹកឆ្នោត។ គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះ ដោយបានអំពាវនាវឲ្យមានការបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតអំពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។
ទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍របស់ខុមហ្វ្រែលនៅតំបន់ភាគឦសាន្ត បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងទឹកថ្នាំនេះបង្ហាញថា វាពិតជាលប់មិនជ្រះមែន។ ក្នុងខេត្តរតនគិរី ក្រចេះ និងមណ្ឌលគិរី ការព្យាយាមលាងជម្រះទឹកថ្នាំនេះដោយប្រើសារធាតុដែលអាចរកបានភ្លាមៗ គឺមិនបានជោគជ័យឡើយ នេះបើយោងទៅតាមលោកស្រី ដេវីន ម៉រ៉ូ (Devin Morrow) ដែលធ្វើការជាមួយអង្គការខុមហ្វ្រែល ក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោត។
លោក គល់ បញ្ញា បានបញ្ជាក់ថា ការធ្វើសន្និសីទកាសែត និងបង្ហោះរូបភាពវីដេអូពីការលប់ទឹកថ្នាំជ្រះនោះ គឺធ្វើឡើងក្នុងបំណងជូនដំណឹងសាធារណជននិងគ.ជ.ប. ពីលទ្ធភាពនៃការលួចបន្លំសន្លឹកឆ្នោតប៉ុណ្ណោះ។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានឲ្យដឹងថា លោកបានដឹងថា មានក្រុមអ្នកបោះឆ្នោតវ័យក្មេងដែលបានឈរនៅក្រៅការិយាល័យបោះឆ្នោត ដើម្បីបង្ហាញឲ្យប្រជាជនឃើញថា ទឹកថ្នាំនេះអាចលាងជ្រះ ប៉ុន្តែបានបន្ថែមថា ការអះអាងរបស់ខុមហ្វ្រែលអំពីទឹកថ្នាំលាងមិនជ្រះនេះ ជាការព្យាយាមទាក់ទាញចំណាប់អារម្មណ៍សាធារណជន ជាជាងការបង្ហាញពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ លោកបានថ្លែងថា “ គ.ជ.ប. សូមច្រានចោលរបាយការណ៍របស់ខុមហ្វ្រែល។ នេះគ្រាន់តែជារឿងខុមហ្វ្រែលចង់ទទួលបានការចាប់អារម្មណ៍តាមរយៈការអះអាងថា ទឹកថ្នាំនេះអាចលាងជ្រះដោយប្រើសារធាតុគីមីប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ