38.8 C
Phnom Penh

អ្នក​គាំទ្រ​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណបក្ស​សង្គ្រោះជាតិ​អំពី​ការ​បាត់​​ឈ្មោះ​ពី​បញ្ជី​ឈ្មោះបោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឈរនៅ​ពីមុខ​អ្នក​គាំទ្រ​ប្រហែល​១.០០០​​​នាក់​នៅទី​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​នៅ​ក្នុង​រាជធានីភ្នំពេញ​កាល​ពីម្សិល​មិញ  លោក​  សម  រង្ស៊ី  មេដឹកនាំគណបក្ស​ប្រឆាំង​បាន​បន្ត​អះអាង​ពីជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពីថ្ងៃអាទិត្យ​ ហើយ​បាន​ទទួល​យក​ពាក្យ​បណ្តឹង​រាប់​រយ​ពី​អ្នក​បោះ​ឆ្នោត​ដែល​មាន​ការ​ខក​ចិត្ត​ ដែល​បាន​និយាយ​ថា ពួក​គាត់​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ​នៅ ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។

ឈរអម​ដោយ​លោក កឹ​ម សុខា អនុ​ប្រធាន​​​​គណបក្ស​សង្គ្រោះ​ជាតិ​  និ​ងលោក ​ស្រី  មូរ​ សុខ​ហួរ​  បេក្ខ​ជន​តំណាង​រាស្ត្រ លោក​ សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា គណបក្ស​របស់​លោក​បាន​បញ្ចប់អំណាច​​​​​នយោ​​​បាយ​​​រយៈ​ពេល​២៨ឆ្នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ សម រង្ស៊ី  បាន​មាន​ប្រសាសន៍ថា “ជ័យ​ជម្នះ​នេះ​ជារឿង​អស្ចារ្យ​ និង​ជា​ប្រវត្តិ​សាស្ត្រ។ ពួក​គេ​ [គណបក្ស​ប្រជាជន​កម្ពុជា​ ] លួច​​សន្លឹក​ឆ្នោត​របស់​យើង​ ហើយ​យើង​នៅ​តែ​ឈ្នះ​ការ​បោះ​ឆ្នោត​។ យើង​នឹង​មិន​អនុ​ញ្ញាត​​ឲ្យ​ពួ​កគេ​លួច​ជ័យ​ជម្នះ​របស់​យើង​ឡើយ​​”។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​​ថា លោក​មាន​ភ័ស្តុតាង​នៅ​​​តាម​ការិ​យាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ “ យ៉ាង​ហោច​ណាស់​ចំនួន​​​៦៣​អាសនៈ” នៅ​ក្នុង​សភា​ ហើយ​លោ​ក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា តួលេខ​នេះ​អាច​ “ កើន​ឡើង​” ។ ទន្ទឹម​នឹង​នេះ​ដែរ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក៏បាន​អះអាង​ពីជ័យ​ជម្នះ​ផង​ដែរ​ ហើយ​គណបក្ស​របស់​លោក​បាន​ឲ្យ​ដឹង​ថា លោក​នឹង​នៅ​តែ​ជានាយក​រដ្ឋ​មន្ត្រី​ដដែល​។

លោក​ សម រង្ស៊ី ​បាន​បន្ថែម​ថា កា​រធ្វើ​សវនកម្ម​កាល​ពីខែមេសា ដោយ​គណៈកម្មា​ធិការដើម្បីការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម​ហ្វ្រែល​) ដែល​បាន​លើក​ឡើង​ថា អ្នក​បោះឆ្នោត​១,២៥​លាន​នាក់​អាច​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​ ពីព្រោះ​ឈ្មោះ​របស់​ពួក​គាត់​បាន​បាត់​ពីបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ គួប​ផ្សំ​នឹង​ការ​សង្ស័យ​ពី​ទឹក​ខ្មៅ​​ ដែល​គេប្រើនៅ​ការិយា ល័យ​បោះ​​ឆ្នោត​ បាន​បង្ហាញ​ពី​ជ័យ​ជម្នះ​យ៉ាង​ច្បាស់​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​។

កាល​ពីម្សិល​មិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ទីស្នាក់​ការ​កណ្តាល​របស់​ខ្លួន​ទទួល​ស្វាគមន៍​អ្នកគាំទ្រ​ដែល​ត្រូវ​បាន​ច្រាន​​ចោល​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ ដើម្បីទទួល​​​យក​​​ពាក​្យ​បណ្តឹង​របស់​ពួក​គាត់។ នៅ​ម៉ោង​ ២ និង​៣០​នាទី​រសៀល គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា គណបក្ស​​កត់​ត្រា​បាន​ជាង​១.០០០ករណី។

លោក​ សម រង្ស៊ី  បាន​មាន​ប្រសាសន៍ថា  “ យើង​បាន​ចាប់​ផ្តើម​ប្រមូល​សាក្សី និង​ភ័ស្តុ​តាង​ពាក់​ព័ន្ធ​នឹង​ភាព មិន​ប្រក្រតី​ទាំង​អស់​ ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​”។ លោក​បាន​អះអាង​ថា “ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រកាស​ថា ពួក​គេ​បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​ទទួល​បាន​សំឡេង​លើស​យើង​ ២០០.០០០សំឡេង​។ នៅ​ពេល​យើង​បន្ថែម​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​បោះឆ្នោត​ វានឹង​បង្ហាញ​កាន់​តែ​ច្បាស់​ថា គណបក្ស​សង្គ្រោះជាតិ​ជា​អ្នក​ឈ្នះ​”។

លោក​ សុន ណា​រ៉េត អាយុ​​៣៣ឆ្នាំ​ជា​ពាណិ​ជ្ជករ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​បោះឆ្នោត​៤​លើក​មក​ហើយ​បាន​និយាយ​​ថា លោក​​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​បោះ​ឆ្នោត​កាល​ពីថ្ងៃអាទិត្យ​។ លោក​បាន​និយាយ​ថា “ ថ្ងៃ ខែ​ ឆ្នាំ​កំណើត ​​រ​បស់​ខ្ញុំ​ត្រូវ​​បាន​ប្តូរ​។ ពួក​គេ​បាន​ប្តូរ​ថ្ងៃ និង​ខែ​ត្រឡប់​​គ្នា​ ហើយ​គេ​បាន​ប្រាប់​ខ្ញុំថា នេះ​​មាន​ន័យ​ថា ខ្ញុំ​មិន​អាចបោះ​ឆ្នោត​បាន​ទេ។ ខ្ញុំ​មិន​ដែល​មាន​បញ្ហា​ដូច្នេះ​ពីមុន​មក​ទេ​”។

លោក​ ហៃ មីនា អាយុ​៣០​ជា​និស្សិត​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្រាប់​ថា ឈ្មោះ​របស់​គាត់​ត្រូវ​​គេ​បោះ​រួច​ហើយ​ នៅ​ពេល​ដែល​គាត់​បាន​​​​​​​ទៅ បោះ​ឆ្នោតនោះ​​​​ បាន​ជំរុញ​ឲ្យ​ប្រជា​ពល​​​​​រដ្ឋ​ខ្មែរ​ក្រោក​ឈរឡើងដើម្បី​​រក​យុត្តិ​ធម៌។ លោក​បាន​និយាយថា “ សូម​កុំខ្លាច។ អំណាច​បញ្ញវន្ត គឺ​ខ្លាំ​ងជាង​អំណាច​អ្នក​មាន​  ឬ​អំណាច​កាំភ្លើង​ទៅ​​​ទៀត​​​។ យើង​ត្រូវ​តែ​​​ក្រោក​ឈរ​ឡើង​រហូត​ដល់​យើង​ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​យុត្តិធម៌”។

គិត​មក​ដល់​ថ្ងៃនេះ លោកស្រី មូរ សុខ​ហួរ​ បាន​មាន​ប្រសាសន៍ថា  គណបក្ស​សង្គ្រោះ​​​ ជាតិ​នឹង​ដាក់​ការិយាល័យ​​នៅ​ក្នុង​ខេត្ត​នីមួយៗ​ទូទាំង​ប្រទេស​សម្រាប់​អ្នក​ដែល​ត្រូវ​បាន  ​បដិសេធ​​​​​មិន​ឲ្យ​បោះ​ឆ្នោត​ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​។ លោក​ស្រី​ មូរ សុខ​ហួរ​ បាន​មាន​ប្រសាសន៍​ថា “ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ពួកគេ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត​ អ្នក​ឈ្នះ​បានចេញ​មក​ប្រកាស​អំពី​ជ័យ​ជម្នះ​របស់​ខ្លួន​ ហើយ​បន្ទាប់​មក​បន្ទន់​​​គោល​​​ជំហរ​​​​ខ្លួន​ជា​មួយ​​គូ​ប្រជែង​ ដើម្បី​ឲ្យ​មាន​ភាព​ជិតស្និទ្ធ។​​​​​យើង​​​​បាន​ព្រមាន​ [ លោក​ ​​​ ហ៊ុន​  សែន​]  រួច​ហើយ​​ថា លោក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​តាម​​​រយៈ​​​ការ​​​ផ្លាស់​​ប្តូរ​ដែល​ប្រជាពល​រដ្ឋ​ចង់​បាន​ជាយូរ​មក​ហើយ​”។

លោក​ស្រី មូរ សុខ​ហួរ​ បាន​មាន​ប្រសាសន៍​ថា មុខ​មាត់​របស​់គណបក្ស​ប្រជា​ជន​កម្ពុជា​ មាន​លោក​ ហ៊ុន​ សែន លោក​ ជា សីុម​ ប្រធាន​​ព្រឹទ្ធសភា​ និង​លោក ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​ ចាំបាច់​ត្រូវ​តែ​ដើរ​​​​ចេញ​ដើម្បីការ​ពារ​គណបក្ស​របស់​ខ្លួន​។ “ យ៉ាង​ហោច​ណាស់​ពួក​គេ​ ត្រូវ​​​តែកែ​​​ទម្រង់​​​​​​គណ​​​បក្ស​របស់​ខ្លួន​​។ សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវមាន​សេចក្តី​ក្លាហានក្នុង​ការ​ប្រឈម​​​មុខ​ជាមួយ​មេដឹក​នាំរបស់​ខ្លួន​។​ប្រសិន​​បើ​ លោក​ សម រង្ស៊ី ត្រូវ​បាត់​បង់​អាសនៈ​​​​​​​ទាំង​២៥​ តើ​អ្នក​គិត​ថា យើង​នឹង​អនុ​ញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី បន្ត​​​នៅ​ទៀត​ទេ? មិន​អាច​ទេ លោកនឹង​លាលែង​ភ្លាម”។

លោក​ស្រី មូរ សុខហួរ បាន​សួរ​ថា “ ពេល​​​​វេលា​របស់​ពួក​គេ​ចប់​ហើយ​។ មុខ​មាត់​អ្នក​​​ទាំង​បី​ មុខ​មាត់​ដ៏ច្បាស់​ក្រឡែតរបស់​​​អ្នក​​​​​​​ទាំងបី​​​នៅ​ទូទាំង​​​​ប្រទេស​រយៈពេល​ជិត​៣០​ឆ្នាំមក​ហើយ​​។ តើ​មិន​ទាន់​​ដល់​​​ពេល​ដែល​មុខ​មាត់​របស់​​​ពួក​គេ​ត្រូវ​បាត់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ទេ​ឬ?”។

លោក​ សុរិយា ស៊ូបេឌី អ្នក​ធ្វើ​របាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ កាល​ពីម្សិលមិញ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ឲ្យ​មាន​ការ​សើុបអង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពីភាព​មិន​ប្រក្រតី អំឡុង​ការ​បោះឆ្នោត​​នេះ​។

សេចក្តីថ្លែងការណ៍នេះ​បាន​លើកឡើ​ង​ថា “ ពាក់​ព័ន្ធ​នឹងការ​ចោទ​ប្រកាន់​ជាច្រើន​ពី​ភាព​មិន​ប្រក្រតី លោក​ ស៊ូបេឌី បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​​​សម​ស្រប​ទាំង​អស់​​សើុប​​​អង្កេត​ឲ្យ​បាន​ម៉ត់​ចត់​ និង​មិន​លម្អៀង​ ហើយ​​បាន​ជំរុញ​​ឲ្យគណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ទទួល​ខុស​ត្រូវ​ចំពោះ​សន្លឹក​ឆ្នោត​ដែល​មិន​បាន​​ប្រើ​ប្រាស់​ឲ្យ​បាន​ម៉ត់​ចត់​”៕

ប្រែ​​​សម្រួល​​​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស