កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថា នឹងមាន“ បញ្ហា” ប្រសិនបើលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនវិលទៅតុចរចា ដើម្បីស្វែងរកដំណោះស្រាយចំពោះការជាប់គាំងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងជុំវិញភាពមិនប្រក្រតី អំឡុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដាទេនោះ។

លោក ស ខេង បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោកបានជួបជាមួយឯកអគ្គរដ្ឋទូតបារំាង និងអាល្លឺម៉ង់ ជាលក្ខណៈឯកជន និងដាច់ដោយឡែកពីគ្នាកាលពីម្សិលមិញនិងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានលើកឡើងកាលពីថ្ងៃអាទិត្យថា គម្រោងឲ្យមានគណៈកម្មាធិការមួយ ដែលមានគណបក្សចម្រុះចូលរួម ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោត ត្រូវបានបោះបង់ចោល។
គណបក្សសង្គ្រោះជាតិ ដែលអះអាងថា ខ្លួនក៏ជាអ្នកទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតដែរនោះ កំពុងទាមទារឲ្យអង្គការសហប្រជាជាតិចូលរួមពាក់ព័ន្ធនៅក្នុងគណៈកម្មាធិការណាមួយ ដើម្បីស៊ើបអង្កេតលើអ្វីដែលខ្លួនលើកឡើងថា ជាភាពមិនប្រក្រតីដែលកើតមានគ្រប់ទីកន្លែងនៅក្នុងថ្ងៃបោះឆ្នោត ជាលក្ខខណ្ឌមួយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធមិនព្រមធ្វើតាម។
កាលពីម្សិលមិញ លោក ស ខេង បានគាំទ្រសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបានមានប្រសាសន៍នៅក្រសួងមហាផ្ទៃ ដោយមានមន្ត្រីអមសងខាងថា “ខ្ញុំបានចរចាជាមួយលោក សម រង្ស៊ី តាមទូរស័ព្ទ ហើយបានប្រាប់គាត់ថា ប្រសិនបើយើងច្រានចោលយន្តការ ដែលមានប្រាប់របស់គ.ជ.ប. ហើយព្យាយាមស្វែងរកយន្តការមួយផ្សេងទៀតនោះ នឹងមានបញ្ហាកាន់តែច្រើន”។
លោកបានមានប្រសាសន៍ទៀតថា “គ្មានលក្ខខណ្ឌចាំបាច់ ដែលតម្រូវឲ្យអ្នកនេះ ឬអ្នកនោះចូលរួមឡើយ”។ លោក ស ខេង មិនបានមានប្រសាសន៍លម្អិតថា “ បញ្ហា” ដែលលោកសំដៅនោះជាអ្វីទេ ប៉ុន្តែមានប្រសាសន៍ទៀតថា ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាអាចនឹងរងផលប៉ះពាល់ ដោយសារស្ថានភាពជាប់គាំងនាពេលបច្ចុប្បន្ន។
លោក ស ខេង ក៏បានមានប្រសាសន៍ដែរថា គណបក្សសង្គ្រោះជាតិចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើឲ្យបាត់បង់សន្ដិភាព ហើយមានប្រសាសន៍ថា បាតុកម្មណាមួយត្រូវធ្វើឲ្យប្រាកដថា “ ប្រជាពលរដ្ឋអាចរស់នៅក្នុងសុខសន្ដិភាព គម្រោងវិនិយោគនានា និងការអភិវឌ្ឍសង្គម នឹងនៅតែដំណើរការជាធម្មតា”។ លោកបានមានប្រសាសន៍ថា ជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតទាំងពីរបានផ្ដោតជាសំខាន់លើ “ ភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងសន្ដិសុខសង្គម បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន”។
នៅក្នុងអ៊ីម៉េលដាច់ដោយឡែកពីគ្នា លោក វ៉ូលហ្គាំង ម៉ូស័រ (Wolfgang Moser) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និង លោក នីកូឡាស ប៊ូឌង់ (Nicolas Baudouin) លេខាទី១ នៃស្ថានទូតបារំាង បានលើកឡើងថា ពួកលោកមិនអាចធ្វើអត្ថាធិប្បាយអំពីខ្លឹមសារនៃជំនួបរបស់ខ្លួនជាមួយរដ្ឋមន្ត្រីរូបនេះបានទេ។
នេះមិនមែនជាលើកទី១ទេ ដែលមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចបាននិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពនៃអស្ថិរភាពនៅក្រោយថ្ងៃចេញលទ្ធផលបោះឆ្នោត។ នៅមុនការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានម្ដងហើយម្ដងទៀតអំពីការវិលទៅរកសង្គ្រាមស៊ីវិល ឬយុគសម័យមួយ ដែលស្រដៀងគ្នាទៅនឹងរបបខ្មែរក្រហម ប្រសិនបើគណបក្សរបស់លោក ដែលបានកាន់អំណាចជាយូរមកហើយនោះ ចាញ់ឆ្នោត។ បន្ទាប់ពីគណបក្សរបស់លោកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ជាដំបូងលោក ហ៊ុន សែន ទំនងជាមានឥរិយាបថសម្រុះសម្រួល ប៉ុន្តែកាលពីថ្ងៃសុក្រ លោក បានព្រមានជាថ្មីម្ដងទៀតថា នឹងមានភាពចលាចលខ្លាំងក្នុងសង្គមនៅក្នុងរាជធានីភ្នំពេញ ប្រសិនបើគណបក្សប្រឆាំងធ្វើបាតុកម្មជាសាធារណៈ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សរបស់លោកគ្មានបំណងបង្កអស្ថិរភាពទេ ហើយបានអះអាងថា ការគោរពច្បាប់គឺសំខាន់ជាងអ្វីៗទាំងអស់ចំពោះគណបក្សលោក។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ទៀតថា “ អ្វីដែលយើងបានធ្វើ គឺគោរពច្បាប់។ យើងគ្មានអ្វីដែលល្មើសច្បាប់ទេ។ អ្នកណាដែលចង់បង្កើតរបបខ្មែរក្រហមជាថ្មី គឺជាឧក្រិដ្ឋជន។ ពាក្យដែលបំភិតបំភ័យប្រជាពលរដ្ឋគួរតែចៀសវាង”។ លោកបានមានប្រសាសន៍ថា “ទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យចុះ គាត់ [លោក ស ខេង] មិនគួរនិយាយអំពីរឿងនោះទេ គាត់ជាអ្នកទទួលខុសត្រូវចំពោះសន្ដិសុខ ហើយគាត់មានមធ្យោបាយនឹងធ្វើវាដោយសន្ដិវិធី…។ លោកគ្រប់គ្រងក្រសួងមហាផ្ទៃ ដូច្នេះលោកជាអ្នកទទួលខុសត្រូវចំពោះអ្វីៗដែលកើតឡើងអំឡុងពេលបាតុកម្ម”។
លោក យឹម សុវណ្ណ បានមានប្រសាសន៍បន្ថែមទៀតថា ទោះជាយ៉ាងណា បាតុកម្មគឺជាជម្រើសចុងក្រោយសម្រាប់គណបក្សសង្គ្រោះជាតិ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនពាក់ព័ន្ធនឹងក្ដីបារម្ភចំពោះបញ្ហាសន្ដិសុខកាលពីម្សិលមិញ ដោយអំពាវនាវឲ្យសាធារណជនកុំស្ដាប់អង្គការក្រៅរដ្ឋាភិបាល ឬប្រព័ន្ធផ្សព្វផ្សាយ រហូតទាល់តែចេញលទ្ធផលបោះឆ្នោតជាផ្លូវការ។
សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “ ការផ្សព្វផ្សាយព័ត៌មានមិនពិតអាចធ្វើឲ្យសាធារណជនភាន់ច្រឡំ ដែលនឹងធ្វើឲ្យខូចបរិស្ថាន និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខ”។ គណបក្សប្រជាជនកម្ពុជាជាអ្នកប្រកាសលទ្ធផលបោះឆ្នោតមុនគេ ដោយអះអាងថា ខ្លួនទទួលជ័យជម្នះក្នុងការបោះឆ្នោត ដោយទទួលបានសំឡេងគាំទ្រ៦៨អាសនៈ រីឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ នៅម៉ោង៧ និង៤០នាទី យប់ថ្ងៃបោះឆ្នោត៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ តែម សុខុម