កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានបេ្តជ្ញាយកតំបន់បឹងកក់ដែលមានបញ្ហាច្រើននៅក្នុងរាជធានីភ្នំពេញទៅឲ្យអ្នកភូមិវិញ ហើយយកអ្នកដែលបានចាក់ដីលុបបឹងដាក់ពន្ធនាគារប្រសិនបើ ទីបំផុតគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងទទួលបានជោគជ័យក្នុងការតវ៉ានឹងលទ្ធផលក្រៅ ផ្លូវការនៃការបោះឆ្នោតកាលពីខែមុន។

នៅតំបន់បឹងកក់គេឃើញមានអ្នកភូមិប្រហែល៣.០០០គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំបន្ទាប់ពីសាលារាជធានីបានផ្តល់កិច្ចសន្យាជួលដីនេះទៅឲ្យលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០០៧។
ចាប់តាំងពីពេលនោះមក តំបន់នេះបានក្លាយជាអំពើហិង្សាដោយមានការតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីដីរយៈពេលជាច្រើនឆ្នាំនៅក្នុងរាជធានី ហើយក៏បានបណ្តាលឲ្យធនាគារពិភពលោកផ្អាកផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាលជុំវិញការប្រព្រឹត្តមិនត្រឹមត្រូវមកលើអ្នកភូមិក្នុងតំបន់នោះផងដែរ។
លោក សម រង្ស៊ី ដែលបានយកសិទ្ធិកាន់កាប់ដីធ្លីជាចំណុចស្នូលនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក និងកំពុងតវ៉ានឹងការអះអាងរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចថា បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដានោះបានធ្វើដំណើរទៅកាន់តំបន់បឹងកក់រយៈពេលខ្លីកាលពីម្សិលមិញ ដែលរួមដំណើរដោយអ្នកភូមិដែលមានក្តីរំភើបរីករាយជាង២០០នាក់កាន់គ្រវីរូបសញ្ញាគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី បាននិយាយទៅកាន់ក្រុមមនុស្សនៅខាងក្រៅផ្ទះរបស់អ្នកស្រី ទេព វន្នី សកម្មជនឈានមុខគេនៅតំបន់នេះថា “ អ្នកដែលបានចាក់ដីលុបបឹងនេះ គឺជាឧក្រិដ្ឋជន ហើយពួកគេត្រូវជាប់ពន្ធនាគារ ពីព្រោះយើងត្រូវរក្សាទុកបឹងនេះដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ហើយបឹងនេះក៏ជាកន្លែងសម្រាប់តំបន់ទេសចរណ៍ផងដែរ”។
លោក សម រង្ស៊ី បានអះអាងផងដែរថា ទាំងលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា ដែលក្រុមហ៊ុនអចលនទ្រព្យរបស់លោកបានចាក់ដីលុបបឹងនេះ និងលោក កែប ជុតិមា អតីតអភិបាលរាជធានីដែលទទួលខុសត្រូវលើការបណ្តេញចេញនោះនៅពេលដែលលោកទទួលបន្ទុកជាអភិបាលរាជធានីភ្នំពេញនោះ គួរទទួលខុសត្រូវចំពោះមុខច្បាប់ពីទង្វើរបស់ខ្លួន។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ លោក កែប ជុតិមា បានឃុបឃិតជាមួយលោក ឡៅ ម៉េងឃិន ប្រធានក្រុមហ៊ុន ស៊ូកាគូ អីុន ដែលបានចាក់ដីលុបបឹងនេះ ហើយយកដីនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះពួកគេត្រូវតែទទួលខុសត្រូវចំពោះការចាក់ដីលុបបឹងនេះ។
លោក សម រង្ស៊ី ក៏បានទាមទារឲ្យដោះលែងអ្នកស្រី យោ៉ម បុប្ផា សកម្មជនប្រឆាំងការបណ្តេញចេញនៅបឹងកក់ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទញុះញង់អ្នកគាំទ្ររបស់ខ្លួនដែលគេជឿថា ជាហេតុផលនយោបាយដើម្បីបញ្ឈប់ការតវ៉ារបស់អ្នកស្រី។ លោក សម រង្ស៊ី បានមានប្រសាសន៍ទៅកាន់ក្រុមមនុស្ស ដែលស្រែកហ៊ោអបអរដោយការទះដៃថា “ យើងមិនជឿថា ការអភិវឌ្ឍបច្ចុប្បន្ននេះត្រឹមត្រូវទេ ពីព្រោះយើងឃើញថា ការអភិវឌ្ឍនេះរឹបអូសយកដីពីប្រជាពលរដ្ឋ និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់។ ការអភិវឌ្ឍពិតប្រាកដធ្វើឲ្យមានការរីកចម្រើនសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស”។ លោកបានមានប្រសាសន៍ថា “ យើងមិនធ្វើដូចរដ្ឋាភិបាលមុន ដែលនឹងចុះចេញនៅពេលឆាប់ៗនេះទេ ពីព្រោះប្រជាពលរដ្ឋបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីចាស់ហើយ”។
លោក កែប ជុតិមា ដែលបានលាលែងតំណែងជាអភិបាលរាជធានី កាលពីដើមឆ្នាំនេះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលភ្នំពេញ បានបដិសេធថា លោកមិនមានកំហុសព្រហ្មទណ្ឌទេនៅពេលត្រូវបានទាក់ទងសុំការអត្ថាធិប្បាយកាលពីម្សិលមិញ។
លោក កែប ជុតិមា បានមានប្រសាសន៍ថា “ លោក សម រង្ស៊ី មិនទាន់ក្លាយជានាយករដ្ឋមន្ត្រីនៅឡើយទេ ប៉ុន្តែ គាត់គំរាមចាប់ខ្លួនមនុស្សដាក់ពន្ធនាគារទៅហើយ។ ដូច្នេះតើគាត់សមជាមេដឹកនាំនយោបាយទេ? ហើយគាត់អាចធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តលើគាត់ទេ?។លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ឡើយ”។ លោក កែប ជុតិមា បានទទួលស្គាល់ថា គ្មានការអភិវឌ្ឍណាធ្វើឡើងដោយគ្មានកំហុសនោះទេ ប៉ុន្តែ បានបដិសេធមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅតំបន់បឹងកក់ឡើយ ពីព្រោះលោកគ្រាន់តែធ្វើតាមសេចក្តីបង្គាប់មិនច្បាស់លាស់របស់រដ្ឋាភិបាលប៉ុណ្ណោះ។ លោកបានបន្ថែមថា “ ខ្ញុំគ្រាន់តែចង់រស់នៅក្នុងភាពស្ងប់ស្ងាត់ប៉ុណ្ណោះ ពីព្រោះខ្ញុំបានចូលនិវត្តហើយ”។
លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា និងតំណាងក្រុមហ៊ុនរបស់លោកមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ អំឡុងការតវ៉ារបស់ខ្លួន សកម្មជននៅក្នុងតំបន់បឹងកក់ជារឿយៗធ្វើជាគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយកាន់រូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ហើយសុំឲ្យជួយពួកគាត់។
ប៉ុន្តែ អ្នកស្រី ទេព វន្នី ដែលជាសកម្មជននៃការតវ៉ានោះបាននិយាយថា ពួកគាត់ភាគច្រើនបានបាត់បង់ជំនឿលើគណបក្សកំពុងកាន់អំណាច។ អ្នកស្រី ទេព វន្នី បាននិយាយក្រោយពីដំណើររបស់លោក សម រង្ស៊ី មកកាន់កន្លែងនេះថា “ យើងបាត់បង់ជំនឿលើគណបក្សប្រជាជន ដោយសារពួកគេបានបណ្តេញប្រជាពលរដ្ឋចេញ ដោយសារតែលោក កែប ជុតិមា និងលោក ឡៅ ម៉េងឃិន ហើយពួកគេតែងតែប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងអ្នកតវ៉ា”។
អ្នកស្រីបាននិយាយថា “ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីនៅអាណត្តិទី៥នេះ នឹងជាឯកឧត្តម សម រង្ស៊ី ហើយខ្ញុំសង្ឃឹមថា លោកនឹងមិនធ្វើឲ្យប្រជាពលរដ្ឋខកចិត្តឡើយ ហើយប្រទេសកម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ”។
ទោះជាយ៉ាងណា លោក សម រង្ស៊ី មិនមានឥទ្ធិពលលើមនុស្សគ្រប់គ្នាឡើយ។ អ្នកស្រី ហេង មុំ អតីតសម្ពន្ធមិត្តរបស់អ្នកស្រី ទេព វន្នី បាននិយាយថា អ្នកស្រីមិនបានចូលរួមជាមួយដំណើរមកកាន់តំបន់នេះរបស់ប្រធានគណបក្សប្រឆាំងឡើយ ពីព្រោះអ្នកស្រី និងអ្នកភូមិ១៥គ្រួសារទៀតបានព្រមព្រៀងជាមួយមន្ត្រីសាលារាជធានីនៅមុនការបោះឆ្នោតដែលនៅក្នុងនោះពួកគាត់ទាំងអស់គ្នានឹងទទួលបានប័ណ្ណកម្មសិទ្ធិចំពោះផ្ទះសំបែងរបស់ខ្លួនដែលរងការគំរាមកំហែងជាថ្នូរនឹងការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
អ្នកស្រីនិយាយថា “ សាលារាជធានីបានសន្យាផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់អ្នកភូមិតែ១៦គ្រួសារប៉ុណ្ណោះ ពីព្រោះពួកគាត់បានសន្យាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។ អ្នកស្រី ហេង មុំ បាននិយាយថា ខ្ញុំបានទទួលទូរស័ព្ទពីលោក កើត ឆែ ប្រធានរដ្ឋបាលសាលារាជធានីភ្លាមៗបន្ទាប់ពីការសន្យាបោះឆ្នោតដោយសន្យាចំពោះគ្រួសារទាំងនេះថា ប័ណ្ណកម្មសិទ្ធិនឹងផ្តល់ឲ្យនៅពេលឆាប់ៗពេលដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការ ដែលរំពឹងថា នឹងប្រកាសនៅពេលណាមួយក្នុងខែកញ្ញា។គេមិនអាចទាក់ទងលោក កើត ឆែ ដើម្បីសុំការអត្ថាធិប្បាយទាក់ទងនឹងការបោះឆ្នោតជាថ្នូរនឹងការព្រមព្រៀងផ្តល់ប័ណ្ណកម្មសិទ្ធិដីនោះទេ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ អង្គការសិទ្ធិលំនៅដ្ឋានបានលើកឡើងថា រដ្ឋាភិបាលបានរំលោភច្បាប់ភូមិបាលនៅក្នុងតំបន់បឹងកក់ដោយបដិសេធមិនផ្តល់ឱកាសក្នុងការដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដីរបស់អ្នកភូមិរាប់ពាន់គ្រួសារដែលធ្លាប់រស់នៅក្នុងតំបន់នោះឡើយ៕
ប្រែសម្រួលដោយ សោម សារុន