28.5 C
Phnom Penh

ក្រឡា​​​បញ្ជី​​​ដែល​​​ជាប់​​​ពិរុទ្ធភាព​​​ពីបទ​​​យក​​​ប្រាក់​​​តម្កល់​​​២៥​​​ម៉ឺន​​​ដុល្លារ​​​អះអាង​​​ពី​​​ភាព​​​ស្អាតស្អំ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​គ្រប់​​​គ្រង​​​មិន​​​ល្អ​​​​​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​របស់​​​កម្ពុជា​​​​​​ ស្ដែង​​​ឲ្យ​​​ឃើញ​​​ថា ជា​​​រឿង​​​មាន​​​ប្រយោជន៍​​​សម្រាប់​​​​​​អតី​​​ត​​​ក្រឡា​​​បញ្ជី​​​​​​ ក្រូច បូរ័ត្ន​​​ នៅពេល​​​គាត់​​​សម្រេច​​​ចិត្ត​​​​​​​​​ “ ខ្ចី”  ប្រាក់​​​តម្កល់​​​របស់​​​ចុង​​​ចោទ​​​ម្នាក់នៅ​​​​​​ក្នុង​​​រឿង​​​ក្ដី​​​រដ្ឋ​​​ប្បវេណី​​​មួយ​​​​​​។

ប៉ុន្តែ ពេល​​​ផែន​​​ការ​​​របស់​​​គាត់​​​មិន​​​ដំណើរ​​​ការ​​​ដូច​​​ការ​​​គ្រោង​​​ទុក​​​​​​​​​​​​ កង្វះ​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ប្រាក់​​​ដែល​​​​​​គាត់​​​​​បាន​​“ខ្ចី​​​” នោះ​​​​​​​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​គាត់​​​ទទួល​​​ទោស​​​ធ្ងន់​​​ជាង​​​អ្វី​​​ដែល​​​គាត់​​​ជឿ​​​​​​ថា ខ្លួន​​​សម​​​នឹង​​​ទទួល​​​ទៅ​​​ទៀត​​​។ នៅ​​​កន្លែង​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នក​​​ទោសនៅ​​​​​​​​​ក្នុង​​​ពន្ធនាគារ​​​ព្រៃស​​​ ដែលមាន​​​​​​​​​ចម្ងាយ​​​ប្រហែល​​​១៥​​​គីឡូម៉ែត្រ​​​ពី​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ លោក​​​ ក្រូច បូរ័ត្ន មើល​​​ទៅ​​​ដូច​​​ជា​​​មិនបាន​​​រងទុក្ខ​​​អ្វី​​​​​​ទេ​​​បន្ទាប់​​​ពី​​​បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​អស់​​​រយៈ​​​ពេល​​​ប្រាំបួន​​​ខែ​​​។ មើល​​​ទៅ​​​គាត់​​​ដូច​​​ជា​​​​​​បាន​​​ទទួល​​​អាហារ​​​បរិបូណ៍​​​និង​​​មាន​​​​​​សុខភាព​​​ល្អ​​​​​​ក្នុង​​ឯក​​​សណ្ឋាន​​​អ្នក​​​ទោស​​​​​​ពណ៌​​​ខៀវ​​​ដែល​​​ទើប​​​ត្រូវ​​​បាន​​​បោក​​​ស្ងួត​​​​​​ហើយ​​​ថ្មីៗ​​​​​​​​​។ សក់​​​ខ្មៅ​​​ខ្លី​​​របស់​​​គាត់​​​ដែល​​​ទើប​​​នឹង​​​មាន​​​ស្កូវ​​​​​​មួយៗ​​​នោះ​​​ ត្រូវ​​​បាន​​​​​​កាត់​​​តម្រឹម​​​យ៉ាង​​​ស្អាត​​​។ ចំណែក​​​នាឡិកា​​​ដៃ​​​មាស​​​ដ៏ធំ​​​របស់​​​គាត់​​​​​​​​​វិញ​​​បាន​​​បញ្ចេញ​​​ពន្លឺ​​​យ៉ាង​​​ភ្លឺ​​​ចិញ្ចាច​​​​​​។

លោក បូរ័ត្ន មើល​​​ទៅ​​​មាន​​​ទំនុក​​​ចិត្ត​​​​​​លើ​​​ខ្លួន​​​ឯង​​​ និង​​​មាន​​​​​​អារម្មណ៍​​​ល្អ​​​ ពេល​​​គាត់​​​និយាយ​​​លេង​​​សើច​​​ជាមួយ​​​នឹង​​​ឆ្មាំ​​​ពន្ធនាគា​​រ​​​ មុន​​​ពេល​​​អង្គុយ​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ទោស​​​ផ្សេងៗ​​​ទៀត​​​​​​ដែល​​​កំពុង​​​ជួប​​​​​​អ្នក​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​​​​ជា​​​សមាជិក​​​គ្រួសារ​​​​​​។ អតីត​​​ក្រឡា​​​បញ្ជី​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​វ័យ​​​៤០​​​ឆ្នាំ​​​រូប​​​នេះ​​​កំពុង​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​កន្លះ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ពិរុទ្ធ​​​ភាព​​​ពី​​​​​​បទទ​​​ទួល​​​យក​​​ប្រាក់​​​តម្កល់​​​ចំនួន​​​២៥​​​ម៉ឺន​​​ដុល្លារ​​​ពី​​​ពាណិជ្ជករ​​​ឈ្មោះ​​​ សួន លី ដែល​​​ជា​​​ចុង​​​ចោទ​​​ក្នុង​​​រឿង​​​ក្ដី​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ពាណិជ្ជ​​​កម្ម​​​មួយ​​​។

លោក បូរ័ត្ន បាន​​​អះអាង​​​ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​នៅ​​​ពន្ធ​​​នាគារ​​​ព្រៃ​​​ស​​​ថា ខ្លួន​​​គ្រាន់​​​តែ​​​បាន​​​ “ ខ្ចី” ប្រាក់​​​ចំនួន​​​៧៥.០០០​​​ដុល្លារ​​​ក្នុង​​​ចំណោម​​​ប្រាក់​​​​​​តម្កល់​​​២៥​​​ម៉ឺន​​​ដុល្លារ​​​នោះ​​​​​​តែ​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​និយាយ​​​ថា ប្រាក់​​​សេស​​​​​​​​​សល់​​​ទាំង​​​១៧៥.០០០​​​​​​ដុល្លារ​​​ទៀត​​​​​​នៅ​​​ស្ថិត​​​ក្នុង​​​ដៃ​​​​​​របស់​​​ចៅ​​​ក្រម​​​ កែ សាខន ដែល​​​ពេល​​​នោះមាន​​​តួនាទី​​​​​​ជា​​​​​​អនុ​​​ប្រធាន​​​តុលាការ​​​​​​។ ចៅក្រម​​ សាខន បាន​​​បដិសេធ​​​ដាច់​​​អហង្កា​​​រ​ថា ​​​ខ្លួន​​​មិន​​​បាន​​​ទទួល​​​ប្រាក់​​​ដែល​​​​​​​​​បាន​​​បាត់​​​នោះ​​​ទេ​​​។

លោក​​​ បូរ័ត្ន ចោទ​​​ប្រកាន់​​​ថា ខ្លួន​​​ និង​​​ចៅ​​​ក្រម​​​ សាខន បាន​​​ព្រម​​​ព្រៀងយក​​​​​​ប្រាក់​​​ទាំង​​​នេះ​​​​​​ចែក​​​គ្នា​​​​​​​​​​​​ ដោយ​​​លោក​​​ បូរ័ត្ន យក​​​៧៥.០០០​​​ដុល្លារ​​​ ហើយ​​​ចៅក្រម​​​ សាខន យក​​​១៧៥.០០០​​​ដុល្លារ ។ លោក បូរ័ត្ន បដិសេធ​​​ថា ប្រាក់​​​នេះគឺ​​​​​​​​​មិន​​​មែន​​​​​​​​​ត្រូវ​​​បាន​​​​​​ផ្ដល់​​​ក្នុង​​​បំណង​​​​​​សូក​​​ប៉ាន់ដើម្បី​​​ឈ្នះ​​​ក្ដីទេ​​​។

យោង​​​តាម​​​ភាគី​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ​​​​​​​​​ប្រាក់​​​ទាំង​​​២៥​​​ម៉ឺន​​​ដុល្លារនេះ​​​គឺ​​​ជា​​​ប្រាក់​​​តម្កល់​​​ និង​​​ទុក​​​សម្រាប់​​​​​​ដោះ​​​ស្រាយ​​​​​​រឿង​​​ក្ដី​​​រំលោភ​​​កិច្ច​​​សន្យា​​​រវាង​​​លោក សួន លី និង​​​ពាណិជ្ជករ​​​ម្នាក់​​​ទៀត​​​។ មូលហេតុ​​​ដែល​​​ប្រាក់ដ៏​​​​​​ច្រើន​​​បែប​​​នេះ​​​​​​ត្រូវគេ​​​​​​ផ្ដល់​​​ឲ្យ​​​ចៅ​​​ក្រម​​​ និង​​​ក្រឡា​​​បញ្ជី​​​ មិន​​​មែន​​​មេធាវី​​​ដែល​​​ពាក់​​​ព័ន្ធ​​​​​​​​​ក្នុង​​​រឿង​​​ក្ដី​​​​​​នេះ​​​ គឺ​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​ពន្យល់​​​​​​ឲ្យ​​​បាន​​​សម​​​ស្រប​​​សោះ​​​ឡើយ​​​។

លោក បូរ័ត្ន​​​ ក៏​​​បាន​​​បញ្ជាក់​​​​​​ផង​​​ដែរ​​​ថា ពុំ​​​មាន​​​កំណត់​​​ត្រា​​​អំពី​​​ការ​​​តម្កល់​​​ ឬ​​​ការ​​​ដក​​​ប្រាក់​​​​​​ពី​​​ធនា​​​គារ​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ប្រាក់​​​ទាំង​​​២៥​​​ម៉ឺន​​​ដុល្លារ​​​នេះ​​​ទេ​​​ ហើយ​​​ក៏​​​គ្មាន​​​កំណត់​​​ត្រា​​​អំពី​​​គណនី​​​របស់​​​សាលា​​​ដំបូង​​​នេះ​​​​​​ផ្ទាល់​​​​​​​​​នៅ​ធនា​​​គារ​​​ជាតិ​​​ដែរ​​​ ព្រោះ​​​ប្រាក់​​​នេះ​​​ត្រូវ​​​បាន​​​ទុក​​​ជា​​​រឿង​​​ “ សម្ងាត់”។ ចំណុច​​​នេះ​​​ធ្វើ​​​ឲ្យ​​​រឿង​​​ចៅ​​​ក្រម​​​ ក្រឡា​​​​​​បញ្ជី​​​ និង​​​ប្រាក់​​​ទាំង​​​២៥​​​ម៉ឺន​​​ដុល្លារ​​​នេះ​​​កាន់​​​តែ​​​មាន​​​ភាព​​​ស្មុគ​​​ស្មាញ​​​ឡើង។

លោក បូរ័ត្ន បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​​​សម្រេច​​​​​​ចិត្ត​​​​​​ប្រគល់​​​ចំណែក​​​ទឹក​​​ប្រាក់​​​៧៥.០០០​​​ដុល្លារ​​​របស់​​​ខ្លួន​​​ទៅ​​​ឲ្យ​​​មិត្ត​​​ភក្ដិ​​​ម្នាក់​​​ដើម្បី​​​យក​​​ការ​​​ប្រាក់​​​ ប៉ុន្តែ​​​បាន​​​បញ្ជាក់​​​ថា ខ្លួន​​​មិន​​​ដឹង​​​ថា តើ​​​ចៅ​​​ក្រម​​​រូប​​​នោះ​​​យក​​​ចំណែក​​​ទឹក​​​ប្រាក់​​​ទាំង​​​១៧៥.០០​​​ដុល្លារ​​​របស់​​​ខ្លួន​​​ឯង​​​​​​ទៅ​​​ធ្វើ​​​អ្វី​​​ទេ​​​។

លោក បូរ័ត្ន ​​​បាន​​​និយាយនៅ​​​ពន្ធនាគារ​​​ដែល​​​​​​ហាម​​​អ្នក​​​យក​​​ព័ត៌មាន​​​មិន​​​ឲ្យ​​​កត់​​​ត្រា​​​ ឬថត​​​សំឡេង​​​ពេល​​​​​​ធ្វើ​​​បទ​​​សម្ភាស​​​នេះ​​​ថា “ ខ្ញុំ​​​បាន​​​ឲ្យ​​​មិត្ត​​​ភក្ដិ​​​ម្នាក់​​​ខ្ចី​​​ប្រាក់​​​៧៥.០០០​​​ដុល្លារ​​​នេះ​​​ដើម្បី​​​យក​​​ការ​​​ប្រាក់​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ចៅ​​​ក្រម​​ សាខន យក​​​លុយ​​​ទាំង​​​១៧៥.០០០​​​ដុល្លារ​​​ទៀត​​​ទៅ​​​ធ្វើ​​​អ្វី​​​ទេ​​​។

លោក​​​ បូរ័ត្ន បាន​​​បញ្ជាក់​​​ថា បញ្ហា​​​ចាប​​​់​​​ផ្ដើម​​​កើត​​​មាន​​​​​​ នៅ​ពេល​​​ពាណិជ្ជករ​​​ទាំង​​​នោះ​​​បាន​​​ដោះ​​​​​​​​ស្រាយ​​​វិវាទ​​​របស់​​​ខ្លួន​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​លោក សួន លី បាន​​​ទារ​​​ប្រាក់​​​នេះ​​​វិញ​​​។ លោក បូរ័ត្ន ដែល​​​ពេល​​​នោះ​​​ស្ថិត​​​នៅក្នុង​​​សហ​​​រដ្ឋ​​​អាមេរិក​​​នោះ​​ បាន​​​និយាយ​​​ថា ខ្លួន​​​ស្ទាក់​​​​​​ស្ទើរ​​​មិន​​​ចង់​​​វិល​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ទេ​​​​​​ ដោយ​​​សារ​​​បារម្ភ​​​ខ្លាច​​​​​​មាន​​​ការ​​​​​​​​​ចាប់​​​ខ្លួន​​​​​​។ ប៉ុន្តែ លោក បូរ័ត្ន អះអាង​​​ថា ខ្លួន​​​បាន​​​​​​ទូរស័ព្ទ​​ទៅ​​​ព្រះ​​​រាជ​​​អាជ្ញាពាក់​​​ព័ន្ធនៅ​​​​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ​​​​​ ដែល​​​តាម​​​ចោទថា បាន​​​ធានា​​​ថា​​​ លោក​​​នឹងពុំ​​​មាន​​​​​​បញ្ហា​​​អ្វី​​​ទាំង​​​អស់​​​ ប្រសិន​​​បើ​​​ព្រម​​​ប្រគល់ប្រាក់​​​ឲ្យ​​​គេ​​​វិញ​​​​​​។ ប៉ុន្តែ​​​ ចុង​​​បញ្ចប់​​​គឺមិន​​​មែន​​​ដូច្នេះ​​​ទេ​​​។

ទោះ​​​ជា​​​បាន​​​ប្រគល់​​​ប្រាក់​​​ទាំង​​​៧៥.០០០​​​ដុល្លារ​​​ឲ្យ​​​គេ​​​វិញ​​​ បន្ទាប់​​​ពីបាន​​​វិល​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​ក៏ដោយ​​​ ក៏​​​លោក​​​ បូរ័ត្ន នៅ​​​តែ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ហាង​​​ខារ៉ាអូខេ​​​មួយ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​កាល​​​ពី​​​ខែតុលា​​​ ហើយ​​​​​​ក៏​​​បាន​​​ជាប់​​​ក្នុង​​​មន្ទីរ​​​ឃុំ​​​ឃាំង​​​​​​ចាប់​​​តាំង​​​ពី ពេល​​​នោះ​​​មក​​​។

កាល​​​ពី​​​ខែ​​​ឧសភា លោក​​​ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​តាម​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​លើ​​​សេចក្ដី​​​ទុក​​​ចិត្ត​​​ និង​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​កន្លះ​​​។ ប៉ុន្តែ មេធាវី​​​របស់​​​លោក​​​ គឺ​​​លោក ពុធ ធាវី បាន​​​ឲ្យ​​​ដឹង​​​តាម​​​ទូរស័ព្ទ​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​ថា ខ្លួន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ឧទ្ធរណ៍​​​ជំទាស់​​​នឹង​​​សាល​​​ក្រម​​​នេះ​​​ហើយ​​​ ប៉ុន្តែ​​​កាល​​​បរិច្ឆេទ​​​បើក​​​សវនាការ​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​កំណត់​​​នៅ​​​ឡើយ​​​ទេ​​​។

លោក ធាវី ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ចៅក្រម​​​ សាខន ​​​គួរ​​​តែ​​​មាន​​​ចំណែក​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​រឿង​​​ក្ដីនេះ​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​ជឿ​​​ថា ចៅក្រម​​​រូប​​​នោះ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ប្រាក់​​​ទាំង​​​អស់​​​​​​ ព្រោះ​​​គាត់​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​នឹង​​​ក្រឡា​​​បញ្ជី​​​ ដូច្នេះ​​ម្នាក់​​​ៗត្រូវតែ​​​​​​សង​​​គេ​​​វិញ​​​ពាក់​​​កណ្ដាល​​​ម្នាក់​​​។ ខ្ញុំ​​​មាន​​​ឯកសារ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បញ្ជាក់​​​ថា អ្នក​​​ទាំង​​​ពីរ​​​ពិត​​​ជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​ទទួល​​​យក​​​ប្រាក់​​​ទាំង​​​អស់​​​នោះ​​​មែន​​​”។

ខណៈ​​​ចៅក្រម​​​ សាខន សារភាព​​​ថា ខ្លួន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​លោក បូរ័ត្ន យក​​​ប្រាក់​​​២៥​​​ម៉ឺន​​​ដុល្លារ​​​ពី​​​ចុង​​​ចោទ​​​ឈ្មោះ សួន លី នោះ​​​ ការ​​​រៀ​​​ប​​​រាប់​​​របស់​​​ចៅក្រម​​​គឺ​​​ខុស​​​គ្នា​​​ពី​​​ការ​​​រៀប​​​រាប់​​​របស់​​​ក្រឡាបញ្ជី​​​រូប​​​នេះ​​​។  អំឡុង​​​សវនាការ​​​ជំនុំជម្រះ​​​ទោស​​​លោក បូរ័ត្ន កាល​​​ពី​​​ខែ​​​មេសា​​​ ចៅ​​​ក្រម សាខន ដែល​​​បច្ចុប្បន្ន​​​នេះ​​​ជា​​​អនុប្រធាន​​​តុលាការ​​​ខេត្ត​​​តាកែវ​​​នោះ​​​ បាន​​​ប្រាប់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា ខ្លួន​​​មិន​​​ដែល​​​បាន​​​ប៉ះពាល់​​​ប្រាក់​​​ទាំង​​​នោះ​​​ទេ​​​។

ចៅក្រម សាខន បាន​​​អះអាង​​​នៅ​​​ពេល​​​នោះ​​​ថា “ ខ្ញុំ​​​បាន​​​ប្រាប់​​​គាត់​​​ [លោក បូរ័ត្ន] ឲ្យ​​​តម្កល់​​​ប្រាក់​​​នោះ​​​ក្នុង​​​គណនី​​​ធនាគារ​​​របស់​​​តុលាការ​​​ ប៉ុន្តែ​​​គាត់​​​មិន​​​បាន​​​ធ្វើ​​​តាម​​​ទេ​​​ ហើយ​​​ក្រោយ​​​មក​​​ថែម​​​ទាំង​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ទៀត​​​។ ខ្ញុំ​​​មិន​​​ដែល​​​បាន​​​ទទួល​​​ប្រាក់​​​នោះ​​​ទេ​​​”។

ចៅក្រម សាខន បាន​​​អះអាង​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​ថា លោក បូរ័ត្ន បាន​​​សារភាព​​​ក្នុង​​​តុលាការ​​​ថា បាន​​​យក​​​ប្រាក់​​​ទាំង​​​នោះ​​​ហើយ​​​ ដូច្នេះ​វា​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​លោក​​​ទៀត​​​ទេ​​​។ ចៅក្រម​​​ សាខន បាន​​​ថ្លែង​​​ថា “ លុយ​​​នោះ​​​គឺ​​​នៅ​​​ក្នុង​​​ដៃ​​​របស់​​​គាត់​​​ ពី​​​ព្រោះ​​​គាត់​​​បាន​​​សារភាព​​​​​​ប្រាប់​​​ព្រះ​​​រាជ​​​អាជ្ញា​​​ហើយ​​​”។

លោក​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា តើ​​​ខ្លួន​​​មាន​​​កំណត់​​​ត្រា​​​ណាមួយ​​​អំពី​​​ការ​​​តម្កល់​​​ប្រាក់​​​ ឬ​​​ការ​​​ដក​​​ប្រាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រាក់​​​ទាំង​​​២៥​​​ម៉ឺន​​​ដុល្លារ​​​នោះ​​​ទេ​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​មិន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​ [លោក បូរ័ត្ន] ដក​​​ប្រាក់​​​ពី​​​គណនីធនាគារ​​​​​​របស់​​​តុលាការ​​​ទេ​​​ ហើយ​​​ចម្លើយ​​​របស់​​​គាត់​​​គឺ​​​ដើម្បី​​​ដោះ​​​បន្ទុក​​​តែ​​​ប៉ុណ្ណោះ​​​។

លោក សួន លី ដែល​​​ជា​​​មនុស្ស​​​សំខាន់​​​បំផុត​​​ក្នុង​​​រឿង​​​ក្ដី​​​នេះ​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។ មេធាវី​​​របស់​​​លោក គឺ​​​លោក ឆុង អ៊ាវ ហេង បាន​​​ឲ្យ​​​ដឹង​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​មិន​​​ចង់​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​រឿង​​​នេះ​​​ទេ​​​ និង​​​ថា លោក​​​គឺ​​​ជា​​​អ្នក​​​ដែល​​​បាន​​​ប្រគល់​​​ប្រាក់​​​នេះ​​​បន្ត​​​ទៅ​​​ក្រឡា​​​បញ្ជី​​​ និ​​​ង​​​ចៅ​​​ក្រម​​​រូប​​​នោះ​​​។ លោកបាន​​​​​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​បាន​​​​​​យក​​​ប្រាក់​​​២៥​​​ម៉ឺន​​​ដុល្លារ​​​ពី​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​ ហើយ​​​បាន​​​ប្រគល់​​​វា​​​ទៅ​​​ឲ្យ​​​តុលាការ​​​ ប៉ុន្តែ​​​ប្រសិន​​​បើ​​​តុលាការ​​​មិន​​​ប្រគល់​​​ប្រាក់​​​នេះ​​​ទៅ​​​ឲ្យ​​​ដើម​​​ចោទ​​​ទេ​​​នោះ វា​​​គឺ​​​ជា​​​រឿង​​​របស់​​​តុលាការ​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស