26 C
Phnom Penh

ចិន​ផ្ដល់​ឥណទាន​ចំនួន​១២១​លាន​ដុល្លារ​សម្រាប់​គម្រោង​ស្រោច​ស្រព និង​គម្រោង​ត​បណ្ដាញ​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គាត​ ឈន់​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ចិន​​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ទទួល​បាន​​ឥណទាន​អនុគ្រោះ​មួយ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​១២១​លាន​ដុល្លារ​ ដើម្បី​ផ្ដល់​ហិរញ្ញប្ប​ទាន​សម្រាប់​គម្រោង​ស្រោច​ស្រព​ និង​គម្រោង​ត​បណ្ដាញ​អគ្គិសនី​។

យោង​តាម​សេចក្ដី​រាយការ​ណ៍​របស់​កាសែត​ AKP បាន​ឲ្យ​ដឹងថា នៅ​ក្នុង​កា​រ​សន្យា​ចុង​ក្រោយ​អំពី​ការ​ផ្ដល់​ថវិកា​​ពី​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា​មួយ​នេះ​ ប្រទេស​ចិន​ នឹង​ផ្ដល់ហិរញ្ញ​ប្បទាន​​ដល់​គម្រោង​​តបណ្ដាញ​បញ្ជូន​ថាម​ពល​​អគ្គិ​សនី​មួយ​ ដែល​​តភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​។

កាសែត​ AKP បាន​រាយការណ៍​ថា ប្រាក់​កម្ចី​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​យល់​ព្រម​ជា​ផ្លូវ​ការ​​ជា​មួយ​លោក​ ពូ ចៀន​គួ (Bu Jianguo) ឯក​អគ្គរដ្ឋទូត​ថ្មី​របស់​​ចិន​ កាលពី​ថ្ងៃ​សុក្រ​ ហើយ​ក៏​នឹង​ត្រូវ​​ផ្ដល់ហិរញ្ញប្បទាន​សម្រាប់​ប្រព័ន្ធ​ស្រោច​ស្រព​អាចាង​ នៅ​ខេត្ត​កំពង់​ឆ្នាំង​ផង​ដែរ​ ប៉ុន្តែ​កាសែត​នេះ​មិនបាន​បញ្ជាក់​​ថា តើ​ថវិកា​​សម្រាប់​គម្រោង​នីមួយៗ​មាន​ចំនួន​ប៉ុន្មាន​នោះទេ​។

លោក​ ងី តាយី រដ្ឋលេខាធិការ​​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​បាន​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​​ស្ដី​ពី​ឥណទាន​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ​។ លោក​បាន​មាន​ប្រសាសន៍​ ដោយ​បង្វែ​រ​សំនួរ​ទៅ​កាន់​សេចក្ដី​​រាយការណ៍​ផ្លូវ​ការ​នេះ​ថា “ នេះ​គឺ​ជា​លទ្ធផល​​​នៃ​ការ​ចរចា​គ្នា​យ៉ាង​យូរ​ជាមួយ​ភាគី​ចិន​”។

លោក​ ជៀង អំ អភិបាល​ខេត្ត​ស្វាយ​រៀង​​បាន​ស្វាគមន៍​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា រូប​លោក​មិន​មាន​ព័ត៌មាន​លម្អិត​​ស្ដី​ពី​គម្រោង​តភ្ជាប់​បណ្ដាញ​បញ្ជូន​ចរន្ត​​អគ្គិសនី​នេះ​ទេ​​។ លោក​មាន​ប្រសាសន៍​ថា “យើង​សូម​ស្វាគមន៍​យ៉ាង​ជ្រាវជ្រៅ​ចំពោះ​ព័ត៌មាន​ល្អ​នេះ​ ពីព្រោះ​យើង​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​កាន់​តែ​ច្រើន​នៅ​ក្នុង​ខេត្ត​របស់​យើង​”។​

ឥណទាន​នេះ​ត្រូវ​បាន​ព្រម​ព្រៀង​​រយៈ​ពេល​ពីរ​សប្ដាហ៍​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ហើយ​គឺ​ជា​ថវិកា​ចុះ​ក្រោយ​គេ​មួយ​ ដែល​ប្រទេស​ចិន​​ផ្ដល់​ឲ្យ​​កម្ពុជា​​ខ្ចី​​អំឡុង​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​ចាត់​ទុក​​ខ្លួន​លោក​​ថា ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និត​​របស់​មហា​អំណាច​ថ្មី​ថ្មោង​មួយ​នេះ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ទើប​តែ​ខែ​នេះ​ទេ​ ដែល​លោក​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា ការ​គំរាម​កំហែង​ដែល​ថា សហរដ្ឋ​អាមេរិក​​អាច​នឹង​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា​នោះ​ អាច​នឹង​ត្រូវ​​មិន​អើ​ពើ​ ពីព្រោះ​ប្រទេស​ចិន​អាច​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​​លើ​កា​រ​ជួយ​ឧបត្ថម្ភ​ពី​បរទេស​ ដែល​កម្ពុជា​ខ្វះ​។

ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា ឥណ​ទាន​ ជំនួយ ព្រម​ទាំង​ការ​ជួយ​ឧបត្ថម្ភ​ខាង​ផ្នែក​យោធា​​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រណប​ចិន​។ គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោ​តប៉ុណ្ណោះ​ ប្រទេស​ចិន​​បាន​ផ្ដល់​កំា​ភ្លើង​ខ្លី​ចំនួន​១.០០០​ដើម​ និង​គ្រាប់​ចំនួន​៥០.០០០​គ្រាប់​ឲ្យ​នគរបាល​ជាតិ​កម្ពុជា។ ប្រទេស​​កម្ពុជា​ទទួល​បាន​​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ក្នុង​ចំណោ​ម​ឧទ្ធម្ភាគចក្រ​យោធា​ធុន​ Z-9 ជាង​​១០​គ្រឿង​ពី​ប្រទេស​ចិន​​នាពេល​ថ្មីៗ​នេះ​៕

ប្រែសម្រួលដោយ​ ហួង កុកទៀន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស