ការចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិជុំវិញការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតបានជាប់គាំង បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប.) ចេញផ្សាយលទ្ធផលបឋមផ្លូវការនៃការបោះឆ្នោត ដែលគាំទ្រការអះអាងពីជ័យជម្នះរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោត។

អំឡុងកិច្ចចរចាជុំដំបូងនៅវិមានរដ្ឋសភា កាលពីថ្ងៃសុក្រ តំណាងគណបក្សទាំងពីរបានព្រមព្រៀងគ្នាថា អង្គការសហប្រជាជាតិអាចឃ្លាំមើលការសើុបអង្កេតពីអ្វីដែលគណបក្សសង្គ្រោះជាតិអះអាងថា ជាការក្លែងបន្លំក្នុងបញ្ជីឈ្មោះបោះឆ្នោតជាទូទៅ និងការលួចបន្លំសន្លឹកឆ្នោតភ្លាមៗដោយគណបក្សប្រជាជនកាន់អំណាច និងគ.ជ.ប.។
ប៉ុន្តែ ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីសមាសភាពគណៈកម្មាធិការមួយដែលត្រូវធ្វើការស៊ើបអង្កេតពិតប្រាកដនិងដែលត្រូវដើរតួនាទីសម្របសម្រួលរវាងគណបក្សទាំងពីរ ដើម្បីបំបែកភាពទាល់ច្រកផ្នែកនយោបាយបច្ចុប្បន្នទេ។ អ្នកដឹកនាំការចរចាមកពីគណបក្សទាំងពីរបានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកំពុងរង់ចាំឲ្យភាគីម្ខាងទៀតបោះជំហានបន្ទាប់ ហើយមិនប្រាកដថា តើការចរចារវាងគណបក្សទាំងពីរនឹងបន្តនៅពេលណាឡើយ។
លោក សុន ឆ័យ ជាប្រធានក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា គ.ជ.ប. ហ៊ានធ្វើការសម្រេចចិត្ត [ចេញផ្សាយលទ្ធផលនៃការបោះឆ្នោត] ដោយមិនបានពិគ្រោះជាមួយនឹងគណបក្សប្រជាជនកម្ពុជាទេ។ ប្រសិនបើដូច្នោះមែន វាប្រាកដណាស់ថា គណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន លែងបង្ហាញជំហរនៅចំពោះមុខសាធារណជនថា ខ្លួនមានឆន្ទៈក្នុងការចូលរួមស៊ើបអង្កេតហើយ”។
លោក សុន ឆ័យ លើកឡើងថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាអំឡុងការចរចាកាលពីថ្ងៃសុក្រថា ខ្លួននឹងទុក គ.ជ.ប. ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា នៅក្រៅសង្វៀន ហើយក៏បានវិលត្រឡប់ទៅគណបក្សរៀងៗខ្លួនវិញ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំបក្សរបស់ខ្លួនអំពីលក្ខខណ្ឌ ដែលភាគីនីមួយៗចង់ដាក់មុនពេលបង្កើតគណៈកម្មាធិការស៊ើបអង្កេត មុនពេលមានការចរចាបន្តទៀត។
លោកមានប្រសាសន៍ថា “ យើងសង្ឃឹមថា វាជារឿងពិត ពេលគណបក្សប្រជាជននិយាយថា ខ្លួនចាំបាច់ត្រូវពិភាក្សាជាមួយថ្នាក់ដឹកនាំបក្ស រួចហើយវិលមកកាន់តុចរចាវិញជាមួយនឹងឈ្មោះស្ថាប័ន ឬអ្នកជំនាញដែលត្រូវតែងតាំងក្នុងជួរគណៈកម្មាធិការស៊ើបអង្កេត។ យើងកំពុងរង់ចាំឲ្យពួកគេធ្វើដូច្នេះសិន។ យើងកំពុងរង់ចាំឲ្យគណបក្សប្រជាជនរក្សាពាក្យសន្យារបស់ខ្លួន ហើយវិលមកចរចាជាមួយយើងវិញ”។
ក៏ប៉ុន្តែ លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងជាតំណាងគណបក្សនេះក្នុងការចរចានេះ បានលើកឡើងថា គណបក្សរបស់លោកបានបញ្ជូនបញ្ជីឈ្មោះបេក្ខជនដែលសុទ្ធតែជាសមាជិកគណបក្សកាន់អំណាច ទៅ គ.ជ.ប. រួចហើយ ហើយកំពុងរង់ចាំឲ្យគណបក្សសង្គ្រោះជាតិបញ្ជូនបញ្ជីឈ្មោះរបស់ខ្លួនដែរ។
លោក ជាម យៀប បានមានប្រសាសន៍ថា “ យើងកំពុងរង់ចាំឲ្យ គ.ជ.ប. ហៅយើងទៅជួបគ្នា” ដោយលោកបានបដិសេធការអះអាងរបស់លោក សុន ឆ័យ ដែលថា គណបក្សប្រជាជនកម្ពុជា បានយល់ព្រមចូលរួមក្នុងការស៊ើបអង្កេតក្រៅក្របខ័ណ្ឌរបស់ គ.ជ.ប.។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនដែលបានព្រមព្រៀងជាមួយគាត់ [លោក ឆ័យ] ថា នឹងដក គ.ជ.ប. ចេញពីគណៈកម្មាធិការនេះទេ។ ខ្ញុំមានការខ្វែងគំនិតពីរចំណុច [ជាមួយគាត់] គឺថា តើត្រូវអនុញ្ញាតឲ្យអង្គការសហប្រជាជាតិធ្វើជាប្រធានគណៈកម្មាធិការនេះឬអត់ [និងថា តើត្រូវទុក គ.ជ.ប. ក្រៅសង្វៀន ឬយ៉ាងណា]។ ខ្ញុំមិនទុកចិត្តអង្គការសហប្រជាជាតិ ហើយលោក សុន ឆ័យ និយាយថា គាត់មិនទុកចិត្ត គ.ជ.ប.” ដោយលោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានបំពេញនូវកាត្វកិច្ចរបស់ខ្លួនតាមរយៈការបញ្ជូនបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការស៊ើបអង្កេតទៅគ.ជ.ប. ហើយ។
លោកបានថ្លែងថា “ ខ្ញុំគ្មានភារកិច្ចអីត្រូវបញ្ជូនបញ្ជីឈ្មោះឲ្យគណបក្សសង្គ្រោះជាតិទេ។ យើងបានព្រមព្រៀងគ្នាយក គ.ជ.ប. ធ្វើជាប្រធាន។ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សឈ្នះឆ្នោត។ យើងមិនមែនជាបរិវារគណបក្សសង្គ្រោះជាតិឡើយ។ យើងគោរពតែ គ.ជ.ប. ប៉ុណ្ណោះ”។
ជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់លោក ជាម យៀប លោក សុន ឆ័យ បានលើកឡើងថា លោក ជាម យៀប បាន “កែប្រែសាច់រឿងទាំងស្រុង” ពាក់ព័ន្ធនឹងអ្វីដែលបានព្រមព្រៀងគ្នាអំឡុងពេលចរចា កាលពីថ្ងៃសុក្រ។ លោកមានប្រសាសន៍ថា “ វាផ្ទុយគ្នាទាំងស្រុងពីអ្វីដែលគាត់ខ្លួនឯងបានសន្យា។ នៅចុងបញ្ចប់នៃកិច្ចសន្ទនារបស់យើង យើងបានសម្រេចថា គ.ជ.ប. មិនអាចចូលរួមនៅក្នុងការស៊ើបអង្កេតអំពីការប្រព្រឹត្តខុសរបស់ខ្លួនទេ ចាំបាច់ត្រូវមានការបង្កើតគណៈកម្មាធិការដែលឯករាជ្យជាងនេះ”។
ប្រសិនបើពួកគេប្តូរចិត្ត ពួកគេត្រូវប្រាប់យើងឲ្យបានដឹង កុំឲ្យយើងរង់ចាំ។ តើឲ្យយើងទុកចិត្តពួកគេក្នុងការចរចាបន្តទៀតយ៉ាងម៉េច បើពួកគេបានកែប្រែសាច់រឿងទាំងស្រុងដោយមិនបានប្រាប់យើងផងនោះ?”។ លោក ជាម យៀប លើកឡើងថា លោក សុន ឆ័យ និងគណបក្សសង្គ្រោះជាតិកំពុងតែវិលទៅរក “ វប្បធម៌របស់អ្នកចាញ់ ដែលមិនដែលទទួលស្គាល់អ្វីទាំងអស់។ ពួកគេតែងតែតវ៉ា ហើយទាមទារនេះ ទាមទារនោះ នៅពេលគណបក្សរបស់ខ្លួនចាញ់”។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានឲ្យដឹងកាលពីម្សិលមិញថា គ.ជ.ប. បានអញ្ជើញភាគីទាំងពីរទៅពិភាក្សាគ្នាហើយ តែគណបក្សសង្គ្រោះជាតិ “ មិនបានបង្ហាញខ្លួន” ជាហេតុធ្វើឲ្យមានការចរចាដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រនៅវិមានរដ្ឋសភា ដោយគ្មានការចូលរួមពី គ.ជ.ប.។
លោកមានប្រសាសន៍ថា “ ដំបូង គ.ជ.ប. បានធ្វើការអញ្ជើញនិងប្រកាសហៅភាគីទាំងអស់ឲ្យចូលរួមក្នុងកិច្ចចរចាស្តីពីការបង្កើតគណៈកម្មាធិការរួមមួយ។ ជាលទ្ធផល គ.ជ.ប. គណបក្សប្រជាជនកម្ពុជាបានផ្ញើបញ្ជីឈ្មោះបេក្ខជន ខណៈគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យមានការបង្កើតស្ថាប័នឯករាជ្យមួយផ្សេងទៀត ដើម្បីជួយបង្កើតគណៈកម្មាធិការដែលគ្មានវត្តមានរបស់ គ.ជ.ប.”។
ភ្លាមៗ បន្ទាប់ពី គ.ជ.ប. បានប្រកាសលទ្ធផលបឋមកាលពីព្រឹកម្សិលមិញនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសតាមទូរទស្សន៍ជាតិកម្ពុជាអំពីការទទួលយកលទ្ធផលនេះពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលលទ្ធផលនេះគឺស្របតាមអំណះអំណាងរបស់គណបក្សប្រជាជនដែលថា ខ្លួនបានទទួល៦៨អាសនៈក្នុងចំណោមអាសនៈសភាទាំង១២៣។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា “ ដូចយើងបានឃើញលទ្ធផលដែលទើបត្រូវបានប្រកាសដោយ គ.ជ.ប. រួចហើយ វាមិនខុសគ្នាពីតួលេខដែលយើងបានទទួលពីមន្ត្រីរបស់យើងទេ” ដោយលោកបានអះអាងថា មន្ត្រីនៅក្នុងមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បានចាត់ទុកការបោះឆ្នោតជាតិនេះថា មានលក្ខណៈសេរី និងយុត្តិធម៌រួចទៅហើយ។ តំណាងគណបក្សសង្គ្រោះជាតិតាមការិយាល័យបោះឆ្នោតនីមួយៗសុទ្ធតែបានចុះហត្ថលេខាយល់ស្របថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយនៅក្នុងចំណោមពួកគេ គ្មានអ្នកណាមួយបានបដិសេធឡើយ។សន្លឹកឆ្នោតត្រូវបានរាប់នៅនឹងមុខតំណាងគណបក្ស តើពួកគេនិយាយថា វាមិនពិតយ៉ាងម៉េច”។
លោក ខៀវ កាញារីទ្ធ ក៏បានរិះគន់ការគំរាមធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិជាជម្រើសចុងក្រោយ ប្រសិនបើគណបក្សប្រជាជននិង គ.ជ.ប. បដិសេធមិនធ្វើកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតការបោះឆ្នោត ដែលលោក សម រង្ស៊ី អះអាងថា គណបក្សសង្គ្រោះជាតិរបស់ខ្លួនបានទទួលជ័យជម្នះដោយទទួលបាន៦៣អាសនៈទល់នឹង៦០អាសនៈរបស់បក្សប្រជាជន។ លោកបានមានប្រសាសន៍ថា “ គ្រប់ៗគ្នាបានព្រមព្រៀងចូលរួមក្នុងកិច្ចពិភាក្សាជំុវិញតុចរចាហើយ តើហេតុអីបានជាគាត់ចង់ធ្វើបាតុកម្មទៀត”។
ទោះជាយ៉ាងណា អំឡុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ខណៈគណបក្សរបស់ខ្លួនបានច្រានចោលលទ្ធផលបឋមរបស់គ.ជ.ប.នោះ គណបក្សនេះនៅតែប្តេជ្ញាស្វែងរកដំណោះស្រាយនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានមានប្រសាសន៍ថា “ គណបក្សសង្គ្រោះជាតិនឹងបន្តជំរុញគណបក្សទាំងពីរឲ្យរៀបចំកិច្ចពិភាក្សាពីការបង្កើតគណៈកម្មាធិការបច្ចេកទេសដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ”។ លោកបានបន្តថា “ [តាមរយៈការ] ប្រកាសនេះ គ.ជ.ប. ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការបះបោរ ឬការធ្វើបាតុកម្មណាមួយដែលបង្កឲ្យមានចលាចលនយោបាយ”។
សេចក្តីសម្រេចរបស់គ.ជ.ប. ក្នុងការចេញផ្សាយលទ្ធផលនៃការបោះឆ្នោត អំឡុងពេលមានការចរចារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ក៏បានរងការរិះគន់ជាខ្លាំងពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល និងអង្គការសង្គមស៊ីវិល តាមសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ។
សេចក្តីថ្លែងការណ៍រួមនេះមានខ្លឹមសារថា “ ការសម្រេចចិត្តនេះគឺមិនបានគិតដល់ការវិវឌ្ឍក្នុងការចរចារវាងគណបក្សទាំងពីរទេ។ ឥរិយាបថនេះគឺមិនអាចជួយអ្វីបានក្រៅពីបង្កើនភាពតានតឹងដែលកំពុងកើតមានស្រាប់ក្នុងចំណោមអ្នកបោះឆ្នោតដែលបានបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួនឡើយ។ អំឡុងពេលដ៏តានតឹងបែបនេះ ការប្រកាសនេះគឺប្រាកដជានឹងបង្កឲ្យមានប្រតិកម្ម និងអាចធ្វើឲ្យប្រទេសជាតិបាត់បង់ស្ថិរភាព”។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានលើកឡើងកាលពីថ្ងៃម្សិលមិញថា គ.ជ.ប. គ្រាន់តែបានធ្វើតាមកាលវិភាគចេញផ្សាយលទ្ធផលនៃការបោះឆ្នោតស្របតាមច្បាប់បោះឆ្នោតប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ គ.ជ.ប. ទទួលខុសត្រូវតែចំពោះមុខច្បាប់បោះឆ្នោតរបស់កម្ពុជាប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនពេញចិត្តនឹងលទ្ធផលនេះទេ ពួកគេអាចដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបាន”។ លោក ទេព នីថា ធ្លាប់បញ្ជាក់ថា ប្រសិនបើ មានការដាក់ពាក្យបណ្តឹងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលក៏ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា និងចេញសេចក្តីសម្រេចអំពីលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ