39.4 C
Phnom Penh

គណបក្ស​ហ៊្វុនស៊ុនប៉ិច​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតលើ​​ការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ញឹក​ ប៊ុន​ឆៃ អគ្គលេខាធិការ​​គណ​បក្ស​​ហ៊្វុនស៊ិនប៉ិច​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណ​បក្ស​លោក​​បាន​សម្រេច​ចិត្ត​ផ្ញើ​លិខិតមួយ​ច្បាប់​​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. នៅ​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ស្នើ​ឲ្យ​មាន​​ការ​ស៊ើប​អង្កេត​​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោ​ត។​

លោក​ ញឹក​ ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ បាន​បើក​កិច្ច​ប្រជុំ​មួយ​ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ ចេញ​ដោយ​គ.ជ.ប. កាល​ពី​ម្សិ​ល​មិញ​ ដែល​បានបង្ហាញ​ជា​ថ្មី​ម្ដង​ទៀត​ថា គណបក្ស​រាជានិយម​មួយ​នេះ​មិន​ទទួល​​បាន​​សូម្បី​តែ​មួយ​អាសនៈ​​នៅ​ក្នុង​រដ្ឋ​សភា​​​ជា​លើក​ដំបូង​ចាប់​តាំ​ងពី​គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត​​កាលពី​ឆ្នាំ​១៩៩៣​មក​។

លោក​ ញឹក​ ប៊ុនឆៃ​ បាន​ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​គិត​ថា ប្រសិន​បើ​គ.ជ.ប. ស៊ើ​ប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នឹង​ទទួល​បាន​អាសនៈ​មួយ​ចំនួន​”។ ទោះ​ជា​យ៉ាង​ណា​  លោក​បាន​បន្ថែម​ថា ប្រសិន​​បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​បាន​អាសនៈ​ណា​មួយ​ បន្ទាប់​ពី​ការ​ស៊ើប​​អង្កេត​ លោក​​នឹង​ចាក​ចេញ​ពី​ឆាក​នយោ​បាយ​ ហើយ​បន្ត​មុខ​តំណែង​​ជា​យោធា​បន្ត​ទៀត​។

លោក​បានថ្លែង​ថា “ប្រសិន​បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​បាន​អាសនៈ​ណាមួយ​នោះ​ ខ្ញុំ​នៅតែ​មាន​មុខ​តំណែង​​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​កង​យោធពល​ខេម​រភូមិន្ទ​ជានាយ​​ឧត្តម​​សេនីយ៍​ផ្កាយ​បួន​ ហេតុដូច្នេះ​ហើយ​​​ខ្ញុំ​នឹង​ចូល​​ទៅ​កាន់​មុខ​តំណែង​នោះ​ដោយ​ស្វ័យ​ប្រវត្តិ​”។

លោក​​ ញឹក​ ប៊ុនឆៃ​ ជា​ដំបូង​បាន​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលជា​ដៃ​គូ​រដ្ឋាភិ​បាល​​​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​ដល់​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​មាន​បញ្ហា​ស្រដៀង​នេះ​​ជុំវិញ​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​ឲ្យ​​គណបក្ស​នេះ​បែក​បាក់​គ្នា​​ បន្ទាប់ពី​​ទទួល​បាន​ពីរ​អាសនៈ​​ក្នុង​​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៨។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ចុះហត្ថលេខា​លើ​សេចក្ដី​​ថ្លែង​ការណ៍​រួម​មួយ​​ជាមួយ​គណបក្ស​ប្រឆាំង​ ដោយ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ និង​គ.ជ.ប. បាន​ “ រៀបចំលទ្ធផល​ទុក​ជាមុន​” នៃ​ការ​បោះ​ឆ្នោត​ ដើម្បី​​ជួយ​ឲ្យ​គណបក្ស​​កាន់​អំណាច​ទទួល​ជ័យ​ជម្នះ។

ការ​ចេញ​សេចក្ដីថ្លែង​ការ​ណ៍​រួម​នេះ​ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​​កម្ពុជា​កំពុង​កាន់​អំណាច​លើ​ក​ឡើង​ថា ខ្លួន​នឹង​​បង្កើត​​រដ្ឋាភិ​បាល​ចម្រុះ​តែ​ជាមួយ​គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច​ ដែល​​ដឹកនាំ​ដោយ​លោ​ក​ ញឹក​ ប៊ុនឆៃ​ ​ប៉ុណ្ណោះ​​ មិន​មែន​​ជា​មួយគណបក្សហ៊្វុនស៊ិន​ប៉ិច​ ដែល​ដឹកនាំ​ដោយ​លោក​ កែវ ពុទ្ធរស្មី ដែល​កាល​ពី​ពេល​​នោះជា​ប្រធាន​គណបក្ស​នេះ​ឡើយ​។

លោក​ កែវ ពុទ្ធរស្មី ព្រះរាជសុនិសា​​របស់​សម្ដេច​ឪ​ បាន​ដក​ថយ​ជា​បណ្ដោះ​​អាសន្ន ដើម្បី​​បើក​ផ្លូវ​ឲ្យ​លោក​ ញឹក ប៊ុនឆៃ ដឹកនាំ​គណ​បក្ស​​ ដែល​ទទួល​បាន​ពីរ​​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ ព្រះ​អង្គម្ចាស់​​ស៊ី សុវត្ថិធម្មិកោ ​សមាជិក​ស្ថាបនិកបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​បាន​ចុះ​ចូល​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ដើម​ឆ្នាំ​នេះ​ និង​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​សម្រាប់​គណបក្ស​នេះ​នៅ​មណ្ឌល​​ខេត្ត​ព្រះ​សីហនុ បាន​មាន​បន្ទូល​​​កាលពី​ម្សិល​មិញ​ថា ការ​បែក​បាក់​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​អាច​​នឹង​​រស់​ឡើ​ង​វិញ​នៅ​ពេល​ខ្លួន​កាត​់​សមាជិក​ដែល​​ជិត​ស្និទ្ធ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជាចោល​​ ហើយ​វិល​ត្រឡប់​ទៅ​រក​គណ​បក្ស​រាជា​និយម​ដូច​កាល​ពី​មុន​វិញ​។​

ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​​ដោយ​សំដៅ​​​ទៅ​លើ​កា​ររួប​រួម​គ្នា​​របស់​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ ដែល​មាន​ចលានា​​តស៊ូ​​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ថា “ខ្ញុំ​ជឿ​ជាក់​ថា នៅ​មាន​​មនុស្ស​​ជា​ច្រើន​នៅ​ក្នុង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ អ្នក​ទាំង​នោះ​ សុទ្ធ​តែ​ជា​​អ្នក​ប្រយុទ្ធ​ជួរ​មុខ​ ដែល​ធ្លាប់​តែ​ប្រយុទ្ធ​ដើម្បី​ឯក​រាជ្យ​ អព្យាក្រឹត​ភាព​ និង​ប្រជា​ធិបតេយ្យ​​រួម​ទាំង​​ព្រះ​អង្គម្ចាស់​ក្សត្រី​ អរុណរស្មី [បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​] ដែល​មាន​ស្មារតី​បែប​នេះ​ដែរ​នោះ”។

ព្រះ​អង្គ​ម្ចាស់​បាន​មាន​បន្ទូល​បន្ថែម​ថា “សម្រាប់​ពួក​គេ​ [ការងារ​ដែល​ត្រូវ​ធ្វើ​នោះ​ គឺ] ត្រូវ​ពង្រឹង​កម្លាំង​​ និង​ទំនុក​ចិត្ត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ឡើង​វិញ​”។ ព្រះអង្គម្ចាស់​ សិរីរ័ត្ន​ ដែល​​​ជា​សមាជិក​ស្ថាបនិក​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​​ដែរ​នោះ​បាន​មាន​បន្ទូល​ថា គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​ប្រហែល​ជា​​​ពិចារណា​​ពី​ការ​ធ្វើ​ជា​ដៃ​គូ​ជាមួយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ បន្ទាប់ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​ត្រូវ​បាន​បញ្ជាក់​ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​​មាន​ទុទិដ្ឋិនិយ​ម​អំពី​ឱកាស​របស់​គណបក្ស​​នេះ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯងក្លាយ​​ជា​គណ​បក្ស​​ឯករាជ្យ​ឡើង​វិញ​។

ព្រះ​អង្គម្ចាស់​មាន​បន្ទូល​កាល​ពី​ម្សិល​មិញ​ថា “យើង​ត្រូវ​តែ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធ​ភាព​។ យើង​នៅ​មាន​ពេល​ប្រាំ​ឆ្នាំ​ទៀត​ ដើម្បី​​ពង្រឹង​ និង​អភិវឌ្ឍ​គណ​បក្ស​​​របស់​យើង​​ឲ្យ​ក្លាយ​ជា​គណបក្ស​ឯក​រាជ្យ​មួយ​ពិត​ប្រាកដ​”។ ប៉ុន្តែ​ព្រះ​អង្គម្ចាស់​បាន​មាន​បន្ទូល​ថា ការងារ​នេះ​ប្រហែល​ជា​លំបាក​ ព្រោះ​សមា​ជិក​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ ដែល​បាន​ចាក​ចេញ​ពី​គណបក្ស​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​មាន​ទំនាក់​ទំនង​​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ​បាន​ជួយ​ដណ្ដើម​​តំណែង​​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៅ​ឲ្យ​គណ​បក្ស​កាន់​អំណាច​។

ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​ដោយ​សំដៅ​​ទៅ​លើ​ប្រធាន​ និង​អនុប្រធាន​របស់​គណបក្ស​សង្គ្រោះជាតិ​ថា “អ្នក​ទាំង​នេះ​ដូច​ជា​លោក​ កឹម សុខា​ ដែល​​ជា​មនុស្ស​ល្អ​ និង​លោក​ សម រង្ស៊ី ដែល​ក៏​ជា​មនុស្ស​ល្អ​ដែរ​នោះ​សុទ្ធ​តែ​មើល​ឃើញ​ពី​គ្រោះ​ថ្នាក់​ ប្រសិន​បើ​យើង​​បន្ត​ធ្វើ​តាម​អ្វីៗ​ដែល​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​”។

លោក​ កឹម សុខា ធ្លាប់​ធ្វើ​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​ ចន្លោះ​ពី​ឆ្នាំ​១៩៩៩ដល់​​ឆ្នាំ​២០០២ រីឯលោក សម រង្ស៊ី ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​អាណត្តិ​ដំបូង​ចន្លោះពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៤។

ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​ថា អ្នក​ទាំង​ពីរ​នាក់​នេះ​ឆ្លាត​ណាស់​ ពួក​គាត់​បាន​ចាក​ចេញ​ពី​គណបក្ស​មុន​ពេល​គណបក្ស​រលាយ​​។ អ្នក​ខ្លះ​​ក្នុង​ចំណោម​ពួក​យើ​ងមិន​បាន​មើល​ឃើញ​ចំណុច​នេះ​ទេ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស