ការងារសាងសង់របងថ្មីធ្វើពីដែក បានចាប់ផ្តើមនៅក្រៅអគាររដ្ឋសភា ប៉ុន្តែ អ្នកនាំពាក្យស្ថាប័ននីតិបញ្ញត្តិនេះ បានអះអាងកាលពីម្សិលមិញថា របងថ្មីនេះគឺមិនមែនដើម្បីពង្រឹងសន្តិសុខក្នុងករណីគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មនោះទេ។

រថពាសដែក របាំងលួសបន្លា និងការបង្កើនវត្តមានកម្លាំងនគរបាល បានបង្កើតបរិយាកាសមួយដែលមើលទៅឃើញថា មានការពង្រឹងសន្តិសុខខ្លាំងក្នុងរាជធានីភ្នំពេញក្រោយថ្ងៃបោះឆ្នោត។ មន្ត្រីរដ្ឋាភិបាលបានអះអាងថា ការដាក់ពង្រាយកងទ័ព និងរថពាសដែក ជាវិធានការចាំបាច់មួយដើម្បីធានាស្ថិរភាពក្នុងប្រទេសនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន ហើយបានលើកឡើងថា ខ្លួននឹងបង្ខំចិត្តធ្វើមហាបាតុកម្ម ប្រសិនបើភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតមិនបានឆ្លងកាត់ការស៊ើបអង្កេតដែលគួរឲ្យជឿជាក់នោះ។
ប៉ុន្តែ លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានបដិសេធកាលពីថ្ងៃម្សិលមិញថា របងថ្មីនេះគ្មានអ្វីពាក់ព័ន្ធនឹងវិធានការសន្តិសុខទេ ផ្ទុយទៅវិញ គឺសម្រាប់ការពារមិនឲ្យមានការបត់ជើងតូចពាសវាលពាសកាលនៅទីនោះប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “របងនេះគឺសម្រាប់ការពារកុំឲ្យមានអ្នកនោមដាក់របងរបស់យើង និងដើម្បីកុំឲ្យមានអ្នកចតរថយន្តលើចិញ្ចើមផ្លូវនៅខាងក្រៅ” ដោយបន្ថែមថា របងនេះមិនពាក់ព័ន្ធនឹងការបោះឆ្នោតឡើយ។ លោកបានបន្តថា “ យើងធ្វើការងារជួសជុលនៅរដ្ឋសភារៀងរាល់ប្រាំឆ្នាំម្តង។ យើងចង់បង្កើតបរិយាកាសល្អបំផុតសម្រាប់សមាជិកសភាគ្រប់ៗរូប មិនមែនតែសមាជិកសភាគណបក្សប្រជាជនទេ”។
នៅខាងក្រៅរដ្ឋសភាកាលពីម្សិលមិញ បង្គោលដែកកម្ពស់២ម៉ែត្រ ត្រូវបានចាក់បេតុងលើចិញ្ចើមផ្លូវនៅចន្លោះផ្លូវថ្នល់ និងរបងបេតុងចាស់នៅជុំវិញរដ្ឋសភា។
ខណៈបដិសេធថា របងថ្មីនេះមិនជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសនោះ លោក ឈាង វុន បានបញ្ជាក់ថា របងបច្ចុប្បន្ន ដែលមើលទៅពុំឃើញមានសញ្ញាណាមួយបង្ហាញពីការខូចខាតនេះ ឧស្សាហ៍ត្រូវបាតុករបំពានណាស់”។ លោកបន្តថា “ ក្រុមអ្នកតវ៉ាប្រើម៉ៃក្រូហ្វូន ហើយពួកគេស៊កវាតាមរបង វារំខានការងាររបស់យើង”។
ខណៈគណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួននឹងអំពាវនាវឲ្យមានការធ្វើមហាបាតុកម្មតែក្នុងករណីខ្លួនពុំមានជម្រើសណាផ្សេងនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ការពង្រឹងសន្តិសុខនេះ គឺដើម្បីបញ្ចៀសចលាចលសង្គមក្រោយការបោះឆ្នោត ដែលគណបក្សធំៗទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួន និងដែលគណបក្សប្រឆាំងអះអាងថា ត្រូវបានញាំញីដោយការលួចបន្លំសន្លឹកឆ្នោត។
កាលពីយប់ថ្ងៃច័ន្ទ ក្បួនរថយន្តយោធាតូចមួយដែលមានបំពាក់កាំភ្លើងយន្តត្រូវបានគេឃើញបើកល្បាតតាមមហាវិថីព្រះនរោត្តមក្បែរក្រសួងមហាផ្ទៃ៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ