32.5 C
Phnom Penh

គណបក្ស​​​ប្រឆាំង​​​ដើរ​​​ចេញ​​​ពី​​​បន្ទប់​​​ផ្ទៀង​​​ផ្ទាត់​​​ពាក្យបណ្តឹង​​​របស់ ​​​គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​ដើរ​​​ចេញពី​​​បន្ទប់​​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធ​​​ផល​​​បណ្តោះ​​​អាសន្ននៃ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​ ​​​គ.ជ.ប. កាលពី​​​ម្សិល​​​មិញ​​​ដោយ​​​បាន​​​អះ​​​អាង​​​ថា ស្ថាប័ន​​​នេះ​​​បានធ្វើ​​​ការ​​​ស៊ើប​​​​​​អង្កេត​​​ដោយ​​​មិន​​​សម​​​ស្រប​​​ និង​​​ដោយ​​​គ្មាន​​​វត្តមាន​​​របស់​​​ថ្នាក់​​​ដឹក​​​នាំ​​​ខ្លួន។

គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ឯករាជ្យ​​​ និង​​​មាន​​​តម្លាភាព​​​ពី​​​អ្វី​​​ដែល​​​ខ្លួន​​​អះ​​​អាង​​​ថា ជា​​​​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ទ្រង់​​​ទ្រាយ​​​ធំ​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែកក្កដា​​​នោះ បាន​​​បញ្ជាក់​​​ថា ខ្លួន​​​មិន​​​ទទួល​​​ស្គាល់​​​ដំណើរ​​​ការ​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ដែល​​​កំពុង​​​ធ្វើ​​​ឡើង​​​ដោយ គ.ជ.ប. ឡើយ​​​។

អំឡុង​​​ពេលនៃ​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធ​​​ផល​​​មក​​​ពី​​​មណ្ឌល​​​ក្រចេះ លោក គួយ ប៊ុនរឿន ​​​តំណាង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ប្រកាស​​​ស្ទើ​​​រតែ​​​ភ្លាមៗ​​​ថា ការ​​​ផ្ទៀង​​​ផ្ទាត់​​​នេះគឺ​​​ជា​​​ឆាក​​​ល្ខោន​​​ហើយ​​​បាន​​​ចោទ​​​ប្រធាននាយក​​​ដ្ឋាន​​​ប្រតិបតិ្ត​​​ការ​​​បោះ​​​​​​ឆ្នោត​​​​​​របស់ ​​​គ.ជ.ប. គឺ​​​លោក ហ៊ឺរ៉ុង ថា បាន​​​ប្រើ​​​ទម្រង់​​​មិន​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​​​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធ​​​ផល។

លោក គួយ ប៊ុនរឿន បានចោទ​​​សួរ​​​ថា “តើ​​​​​​អស់​​​លោក​​​​​​កំពុង​​​ផ្ទៀង​​​ផ្ទាត់​​​អី?”​​​ ដោយ​​​លោក​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​បង្ហាញច្បាប់់​​​ដើម​​​នៃ​​​ទម្រង់​​​​​​១១០២ ដែល​​​ត្រូវ​​​បាន​​​បំពេញ​​​នៅ​​​ឯការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​នីមួយៗ​​​នៅ​​​ពេល​​​រាប់​​​សន្លឹក​​​ឆ្នោត មុនពេល​​​ត្រូវ​​​បាន​​​ដាក់​​​បញ្ចូល​​​ទៅ​​​​​​ក្នុង​​​កញ្ចប់​​​សុវត្ថិភាព “ក”​​​។

លោក  ប៊ុនរឿន បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថាមន្ត្រី​​​​ គ.ជ​​​.​​​ប.​​​ បាន​​​ប្រើ​​​ទម្រង់​​​១១០២​​​ដែល​​​មិន​​​ស្ថិត​​​​​​ នៅ​​​ក្នុង​​​កញ្ចប់​​​សុវត្ថិភាព​​​មក​​​ផ្ទៀងផ្ទាត់​​​​​​បណ្តឹង​​​មក​​​ពី​​​​​​មណ្ឌល​​​ខេត្ត​​​ក្រចេះ​​​។ លោក ប៊ុនរឿន បាន​​​ថ្លែង​​​ថា “គេមិនត្រូវ​​​​​​​​​​​​យក​​​ទម្រង់​​​១១០២​​​​​​​​​មក​​​ពី​​​កន្លែង​​​​​​ណា​​​​​​ផ្សេង​​​ទេ គឺ​​​ត្រូវ​​​តែ​​​យក​​​មក​​​​​​ពី​​​ក្នុង​​​កញ្ចប់​​​សុវត្ថិភាព ក​​​”។

គួរ​​​បញ្ជាក់​​​ថា មុន​​​ពេល​​​ដាក់​​​ចូលក្នុង​​​កញ្ចប់​​​សុវត្ថិ​​​ភាព​​​ “ក” ទម្រង់​​​១១០២​​​ត្រូវ​​​បាន​​​ចម្លង​​​ចូល​​​ទម្រង់ដែល​​​គេ​​​ហៅ​​​ថា ទម្រង់​​​១១០៤​​​ពោល​​​គឺ​​​១១០២​​​ជា​​​ទម្រង់​​​ដើម​​​ រីឯ​​​១១០៤​​​​​​វិញ​​​គឺ​​​ជា​​​ទម្រង់​​​ដែល​​​គណបក្ស​​​នយោបាយ​​​ចម្លង​​​ចេញ​​​ពី​​​ទម្រង់​​​១១០២​​​នេះឯង​​​​​​​​​។ ប៉ុន្តែ គណ​​​បក្ស​​​ប្រឆាំង​​​អះ​​​អាង​​​ថា ទម្រង់​​​១១០៤​​​មិន​​​​​​អាច​​​ទុក​​​ចិត្ត​​​បាន​​​ឡើយ​​​​​លើក​​​លែង​​​តែ​​​គេ​​​យក​​​វា​​​ទៅ​​​ផ្ទៀង​​​ផ្ទាត់​​​ជាមួយ​​​នឹង​​​ច្បាប់​​​ដើម គឺ​​​ទម្រង់​​​១១០២​​​ក្នុង​​​កញ្ចប់​​​សុវត្ថិភាព​​​ “ក”។

ខណៈ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ និង​​​ គ.ជ.ប. បាន​​​អះ​​​អាង​​​ស្រប​​​គ្នា​​​ថា គណ​​​បក្ស​​​ប្រជាជន​​​បាន​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត ដោយ​​​ទទួល​​​បាន​​​៦៨​​​អាសនៈ​​​ទល់​​​នឹង​​​៥៥​​​អាសនៈ​​​នោះ គណ​​​បក្ស​​​​​​សង្គ្រោះជាតិ​​​​​​ បាន​​​អះ​​​អាង​​​ថា ការ​​​រាប់​​​ទម្រង់​​​១១០៤​​​ដោយ​​​ខ្លួន​​​ឯង​​​ផ្ទាល់​​​បង្ហាញថា ខ្លួន​​​ទើប​​​ជា​​​អ្នក​​​ទទួល​​​បាន​​​ជ័យជម្នះ​​​ដោយ​​​ទទួល​​​បាន​​​៦៣​​​អាសនៈ​​​។

លោក​​​ ប៊ុនរឿន បាន​​​ថ្លែង​​​​​​ថា “គេ​​​ត្រូវ​​​តែ​​​បើ​​ក​​​កញ្ចប់​​​សុវត្ថិ​​​ភាព “ក”  ហើយបង្ហាញ​​​ឲ្យ​​​សា​​​ធារណជន​​​បាន​​​ឃើញ​​​” ដោយ​​​លោក​​​បាន​​​សំដៅ​​​លើ​​​ទម្រង់​​​១១០២ដើម។

មុន​​​ពេល​​​ដើរ​​​ចេញ​​​ពី​​​បន្ទប់​​​ផ្ទៀង​​​ផ្ទាត់​​​នេះ​​​លោក គួយ ប៊ុនរឿន បាន​​​ឲ្យ​​​ដឹង​​​ថា សមាជិក​​​គណៈ​​​កម្មា​​​ធិការ​​​របស់ ​​​គ.ជ​​​.​​​ប. ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​​​​ប្រធាន​​​ គ.ជ​​​.​​​ប. គឺ​​​លោក អ៊ឹម​​​ សួស្តី គួរ​​​តែ​​​មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​ឱកាស​​​បែប​​​នេះ​​​។​ លោក​​​បាន​​​សំដៅ​​​លើ​​​មាត្រា​​​១៦​​​ ត្រង់​​​ចំណុច​​​២៥​​​នៃ​​​ច្បាប់​​​ស្តីអំពី​​​​​​ការ​​​ជ្រើស​​​តាំង​​​តំណា​​ង​​​រាស្ត្រ ដែល​​​ចែង​​​ថា គ.ជ.ប.​​​ ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​​ការ​​​ពិនិត្យ​​​សម្រេច​​​លើ​​​បណ្តឹង​​​ទាំង​​​អស់​​​​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ តាម​​​រយៈ​​​​​​ការ​​​​​​​​​បើក​​​សវ​នា​ការ​​​ជា​​​សាធារណៈ​​​ លើក​​​​​​​​​លែង​​​តែ​​​បណ្តឹង​​​ដែល​​​​ស្ថិត​​​នៅ​​​ក្រោម​​​យុត្តា​​​ធិ​​​ការ​​​​​​​​​របស់​​​តុលាការ​​​ប៉ុណ្ណោះ​​​។​​​

ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធ​​​ផល​​​​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​ ​​​គ.ជ​​​.​​​ប. កាល​​​ពី​​​ម្សិល​​​មិញ​​​នេះគឺ​​​មាន​​​​​​​​​ការ​​​ពិនិត្យ​​​បណ្តឹង​​​មក​​​ពី​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ចំនួន​​​១៣ នៅ​​​ក្នុង​​​ស្រុក​​​ចំនួ​​ន​​​ពីរ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ។ ថ្ងៃ​​​នេះ គ.ជ​​​.​​​ប. នឹង​​​ដោះ​​​ស្រាយ​​​បណ្តឹង​​​មកពី​​​មណ្ឌល​​​សៀម​​​រាប និង​​​កណ្តាល​​​។​​​

លោក ហ៊ឹ រ៉ុង ​​​មាន​​​ប្រសាសន៍ថា “យើង​​​​​​នឹង​​​ផ្ទៀង​​​ផ្ទាត់​​​ទម្រង់​​​១១០៤​​​ជាមួយ​​​ទម្រង់​​​១១០២​​​” ដោយ​​​លោក​​​បាន​​​ពន្យល់​​​ថា ទម្រង់​​​​​​១១០២ ដែល​​​កំពុង​​​ត្រូវ​​​បាន​​​ប្រើ​​​សម្រាប់​​​​​​ផ្ទៀង​​​ផ្ទាត់​​​នេះ​​​គឺ​​​ត្រូវ​​​បាន​​​ប្រមូល​​​មក​​​ពី​​​គណៈ​​​កម្មការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្នាក់​​​ខេត្ត​​​ ដែល​​​ក៏​​​យក​​​ទម្រង់​​​១១០២​​​មកពី​​​ការិយា​​​ល័យ​​​បោះ​​​ឆ្នោតនីមួយៗ​​​ដែរ តែ​​​​​​ទម្រង់​​​នេះ​​​មិន​​​មែន​​​ជា​​​ទម្រង់​​​នៅ​​​ក្នុង​​​កញ្ចប់​​​សុវត្ថិ​​​ភាព “ក” ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​បាន​​​​ប្រមូល​​​ទម្រង់​​​ទាំង​​​នេះ​​​ពី​​​គណៈ​​​កម្មការ​​​​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ថ្នាក់​​​ខេត្ត​​​ ហើយ​​​វា​​​ជា​​​ទម្រង់​​​ដើម​​​ដែលត្រូវ​​​បាន​​​ប្រថាប់​​​ត្រា​​​យ៉ាង​​​ត្រឹម​​​ត្រូវ​​​”។

លោក រ៉ុង ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា បក្ស​​​​ប្រជា​​​ជន និង​​​គណ​​​បក្ស​​​ហ្វ៊ុនស៊ិនប៉ិច ​​​ដែល​​​​មិន​​​បាន​​​ទទួល​​​សូម្បី​​​តែ​​​មួយ​​​អាសនៈ​​​នោះ​​​  បាន​​​យល់​​​ស្រប​​​នឹង​​​ដំណើរ​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​នេះ​​​។ ប៉ុន្តែ ទាំង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ បាន​​​លើក​​​ឡើង​​​​​​ថា ការ​​​មិន​​​ប្រើ​​​ទម្រង់​​​នៅក្នុង​​​កញ្ចប់​​​សុវត្ថិ​​​ភាព​​​នេះ មានន័យថា ទម្រង់​​​ដែល​​​កំពុង​​​ត្រូវ​​​បាន​​​យក​​​​​​​​​​​​មកពិនិត្យ​​​បណ្តឹង​​​នេះ​​​ គឺ​​​អាច​​​ត្រូវ​​​បាន​​​គេ​​​បន្លំបាន​​​​​​។

លោកស្រី គង់ រ៉ាវីន មក​​​ពី​​​គណៈ​​​កម្មា​​​ធិការ​​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិ​​​ធម៌​​​នៅ​​​កម្ពុជា (ខុមហ្វ្រែល) បាន​​​លើក​​​ឡើងថា គួរ​​​មាន​​​ការ​​​ប្រើ​​​តែ​​​ទម្រង់​​​១១០២ ក្នុង​​​កញ្ចប់​​​សុវត្ថិ​​​ភាព ​​​“ក” ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា “តាម​​​បទ​​​ប្បញ្ញត្តិ ប្រសិន​​​បើ​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ណាមួយ​​​ ទម្រង់​​​១១០២​​​​​​ក្នុង​​​កញ្ចប់​​​សុវត្ថិភាព​​​ “ ក” គឺ​​​អាច​​​បើក​​​បាន​​​។ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​វា​​​អាច​​​ខុស​​​គ្នា​​​”។

បន្ទាប់​​​ពី​​​ការ​​​ពិនិត្យ​​​បណ្តឹង​​​នេះ​​​បាន​​​បញ្ចប់​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ  ដោយ​​​បាន​​​លើក​​​ឡើង​​​ថា ដំណើរ​​​ការ​​​របស់​ ​​​គ.ជ​​​.​​​ប. គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ នឹង​​​មិន​​​ទទួល​​​យក​​​យន្ត​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​​​​ដែល​​​ប្រើ​​​ទម្រង់​​​១១០៤​​​ និង​​​១១០២ មិន​​​នៅ​​​ក្នុង​​​កញ្ចប់​​​សុវត្ថិ​​​ភាព​​​ “ក” នេះជា​​​ដាច់​​​ខាត​​​។ គ.ជ.ប.ត្រូវ​​​​​​ធ្វើ​​​ការ​​​សម្រេច​​​​​​បើក​​​សវនាការ​​​ជាសាធារណៈ​​​​​​លើ​​​​​​ពាក្យ​​​បណ្តឹង​​​​​​និង​​​ការ​​​ប្តឹង​​​ជំទាស់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​​​​លើក​​​លែង​​​តែ​​​បណ្តឹង​​​ទាំង​​​នេះស្ថិត​​​នៅ​​​​​​​​​​​​​​​ក្រោម​​​​​​យុត្តាធិការ​​​របស់​​​តុលាការ​​​​ប៉ុណ្ណោះ”។

លោក ទេព នីថា អគ្គលេខាធិការ​​​គ.ជ​​​.​​​ប. បាន​​​អះ​​​អាង​​​ថា លោក គួយ ប៊ុនរឿន យល់​​​ខុស​​​ហើយ ពេល​​​និយាយ​​​ថា គ.ជ​​​.​​​ប. ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “នេះ​​​គឺ​​​ជា​​​ទស្សន​​​របស់​​​គាត់​​​។ គ.ជ​​​.​​​ប.​​​ បាន​​​អនុវត្ត​​​តាម​​​នីតិវិធី​​​ច្បាប់​​​យ៉ាង​​​ត្រឹម​​​ត្រូវ​​​”។

លោក ទេព នីថា បាន​​​បញ្ជាក់​​​សា​​​ជា​​​ថ្មី​​​ថា ដំណើរ​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​គឺ​​​មិន​​​តម្រូវ​​​ឲ្យ​​​មាន​​​សវនាការ​​​ជា សាធារ ណៈ ឡើយ។ លោក​​​បាន​​​ថ្លែង​​​ថា “គ.ជ​​​.​​​ប.​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ហើយ​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​បុគ្គលិក​​​ថ្នាក់​​​ក្រោម​​​ផ្ទៀង​​​ផ្ទាត់”៕

(រាយការណ៍​​​បន្ថែម​​​ដោយ Simon Lewis)
ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស